អត្ថបទដោយ នគរ /០៦ មិថុនា ២០២០

ទំព័រហ្វេសប៊ុក​របស់​ចលនាមាតាធម្មជាតិ (Mother Nature Cambodia) បាន​ចុះផ្សាយ​ថា «របប​លោក ហ៊ុន សែន បាន​សម្រេចចិត្ត​លក់​កោះកុងក្រៅ ទៅឲ្យឧកញ៉ា លី យ៉ុងផាត់»។ ឧកញ៉ារូបនេះ ធ្លាប់​មាន​កេរ្តិ៍ឈ្មោះ​អាក្រក់ ពាក់ព័ន្ធ​ការ​ច្បាមដីធ្លី​ពលរដ្ឋ​​ធ្វើចំការ​ស្ករអំពៅ និង​រកស៊ី​បូមខ្សាច់​ខុសច្បាប់ នាំ​ចេញ​ទៅលក់​នៅក្រៅប្រទេស នា​ពេល​កន្លង​មក (សូមអានមានលំអិត)។

ការចុះផ្សាយ​របស់ចលនា​មាតាធម្មជាតិ​នេះ កើត​មាន​ឡើង​បន្ទាប់​ពីនាយករដ្ឋមន្រ្តី លោក ហ៊ុន សែន បាន​ចេញ​សេចក្តី​សម្រេច តែង​តាំង​មន្រ្តី ១០ រូប កាល​ពី​​ថ្ងៃទី ០៤ ខែ​មិថុនា ឆ្នាំ​២០២០ ដែល​មាន​រដ្ឋមន្រ្តីបរិស្ថាន លោក សាយ សំអាល់ ជាប្រធាន ដើម្បីដឹ​កនាំ​គណៈកម្មការត្រួតពិនិត្យ​ការអភិវឌ្ឍនៅ «កោះកុងក្រៅ» ខេត្ត​កោះកុង។ នៅក្នុង​សេចក្តីសម្រេចនោះ មាន​បញ្ជាក់ឈ្មោះ​ក្រុមហ៊ុន កោះកុង អេស អ៊ី ហ្ស៊េត (Koh Kong S E Z Co.Ltd) ដែល​គេស្គាល់​ថា ជាក្រុមហ៊ុន​របស់​លោក លី យ៉ុងផាត់ ជា​សមាជិកព្រឹទ្ធសភា និង​ជាមនុស្ស​ជិតស្និទ្ធ​ជាមួយ​ក្រុមគ្រួសារ​លោក ហ៊ុន សែន ផង។

សេចក្តីសម្រេច​របស់លោក ហ៊ុន សែន នេះដែរ បាន​ធ្វើឡើង​បន្ទាប់​ពីក្រុមយុវជន​ជា​សកម្មជន​បរិស្ថាន ​ជាង ២០ នាក់ ធ្វើ​យុទ្ធនាការ​ជិះកង់ ៤ ថ្ងៃ (០២-០៥ មិថុនា ២០២០) ពីខេត្ត​កោះកុង ទៅ​ភ្នំពេញ ដើម្បី​ដាក់​ញត្តិ​ទៅ​លោក ហ៊ុន សែន អំពី «កោះកុងក្រៅ ជាតំបន់​ការពារ​ធម្មជាតិ» បញ្ចៀស​ការ​កាប់​បំផ្លាញ​ដូច​តំបន់​នានា ក្រោម​រូបភាព​ការអភិវឌ្ឍ និង​ការផ្តល់ដីសម្បទាន​សេដ្ឋកិច្ច ពី​រដ្ឋាភិបាល។

យុទ្ធនាការជិះកង់​របស់ក្រុមយុវជន ត្រូវ​បាន​រារាំង​ពី​សំណាក់​អាជ្ញាធរចម្រុះ​របស់​ខេត្ត​កោះកុង និង​ក្រសួង​បរិស្ថាន តាំងពីថ្ងៃចេញដំណើរដំបូង។ លុះថ្ងៃបន្ទាប់ ក្រុមអាជ្ញាធរ បញ្ឈប់​សកម្មភាព​យុទ្ធនាការ​របស់​ក្រុមយុវជន​បរិស្ថាន​តែម្តង។

ចលនាមាតាធម្មជាតិ បានបញ្ជាក់ថា «យោងតាមឯកសារ ប្រមុខរដ្ឋាភិបាល បាន​សម្រេច​បែប​​លួចលាក់ អនុញ្ញាត​​ឲ្យ​ក្រុមហ៊ុន កោះកុង អេស អ៊ី ហ្ស៊េត (Koh Kong S E Z Co.Ltd) របស់​ឧកញ៉ា លី យ៉ុងផាត់ អភិវឌ្ឍ​កោះកុងក្រៅ នៅថ្ងៃទី ១៤ ខែមិថុនា ២០១៩ ដែល​ជាកោះធំ​ជាងគេ និង​ស្រស់ស្អាត​ជាងគេ របស់ខ្មែរ​យើង»

ទំព័រចលនាមាតាធម្មជាតិ​ដដែល ​សរសេរថា «ឧកញ៉ា លី យ៉ុងផាត់ ត្រូវ​បាន​សាធារណជនជាតិ និង​អន្តរជាតិ ដឹង​​យ៉ាង​ច្បាស់​ថា ពាក់ព័ន្ធនឹង​រឿង​អាស្រូវ ដូចជា ការរំលោភ​យក​ដីធ្លីពលរដ្ឋ សម្រាប់​ដាំអំពៅ, ការនាំ​ចេញ​ខ្សាច់​ដោយ​ខុសច្បាប់ ទៅក្រៅ​ប្រទេស។ល។ ដោយ​ធ្វើ​ឡើង​ជ្រក​ក្រោម​ស្លាកអភិវឌ្ឍន៍»«ជារឿងមួយ​ ដ៏គួរ​ឲ្យ​អស់សំណើច​បំផុត រយៈពេល ២ ថ្ងៃកន្លង​មកនេះ នៅ​ពេល​ដែលអាជ្ញាធរ​ខេត្ត​កោះកុង រួមទាំង​មន្ត្រីបរិស្ថាន បាន​មមាញឹកបំផុត ក្នុង​ការរារាំង និង​ឃាត់​យុវជនដែល​ជិះកង់ ដាក់ញត្តិ ស្មើសុំ​ឲ្យ​ការពារកោះនេះ ដោយ​ពួកគេ {ពួកមន្ត្រី} នៅ​តែ​និយាយ​ពាក្យដដែលៗ​ថា កោះកុងក្រៅ​ មិនមាន​អ្វី​ត្រូវស​ង្គ្រោះទេ»

ចលនាមាតាធម្មជាតិ បន្ថែមថា «យើងចង់​ដឹងថា តើពួកគេ {ពួកមន្ត្រី} នឹង​និយាយអ្វី​បន្ត​ទៀត?»។ ប្រសិន​បើ​បងប្អូន នៅ​តែបន្តចូលរួមសហការជាមួយពួកយើង យើង​នឹងទទួល​ជោគជ័យ ក្នុង​ការ​ជំរុញ​ឲ្យរដ្ឋាភិបាល ដូចជា៖

១. លុបចោល គម្រោងអភិវឌ្ឍមួយនេះ។
២. បង្កើតច្បាប់ ដើម្បីធានាថាកោះកុងក្រៅនេះ ត្រូវបានការពារ និងរក្សានូវសភាព​ដើម ដើម្បី​ផលប្រយោជន៍​របស់​ខ្មែរ ក្នុង​ជំនាន់នេះ និង​ជំនាន់ក្រោយ៕

Hun Sen Govt resolution in Koh Kong Krav page_1Hun Sen Govt resolution in Koh Kong Krav page_2Koh Kong Krav for sale

Captureøølk

.