អត្ថបទដោយ TCD / សម្រួលអត្ថបទដោយលោក ម៉ែន ណាត / 24-6-2020
ថ្លែងនៅក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន ឌឹខេមបូឌា ឌែលី (The Cambodia Daily) ល្ងាចថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ក្រុមវាគ្មិន បានលើកឡើងស្របគ្នាថា កម្ពុជា មានភស្តុតាងផ្លូវច្បាប់ជាតិ និងអន្តរជាតិ ដើម្បីបញ្ជាក់ថា «កោះត្រល់ និងចង្កោមកោះដទៃទៀត ជារបស់ខ្មែរ»។ ចំណុចបញ្ហា គឺនៅត្រង់ថាលោក ហ៊ុន សែន មិនហ៊ានដឹកនាំរដ្ឋាភិបាលរបស់លោក ទៅតវ៉ាទាមទារពីវៀតណាមតែប៉ុណ្ណោះ។
លោក ទូច វិបុល ប្រធានចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ទើបនឹងចាប់កំណើតលើកទី២ ឡើងវិញ បានថ្លែងថា ក្រុមចលនានិស្សិតរបស់លោក កំពុងធ្វើការទូត ជាមួយមេដឹកនាំប្រទេសផ្សេងៗ ដើម្បីប្រមូលឯកសារផ្លូវច្បាប់ កំណត់ទូត សេចក្តីថ្លែងការណ៍ និងកិច្ចព្រមព្រៀងនានា បានលើកឡើងថា «កោះត្រល់ និងចង្កោមកោះក្រចកចេះ ជាកម្មសិទ្ធរបស់កម្ពុជា»។ លោកបញ្ញាក់ថា បើសង្ឃឹមលើរដ្ឋាភិបាល ទាមទារពីវៀតណាម ហាក់គ្មានពន្លឺទាល់តែសោះ ព្រោះការដឹកនាំរបស់លោក ហ៊ុន សែន ជាង ៣០ ឆ្នាំមកនេះ មានតែកាត់កោះទាំងនេះ ឲ្យទៅវៀតណាមម្តងមួយៗទៅវិញ។
និស្សិតថ្នាក់បណ្ឌិត នៅប្រទេសចិន លោក សេក សុជាតិ បានថ្លែងថា «ដើម្បីឲ្យមានប្រសិទ្ធិភាពក្នុងការតវ៉ា ពីការរំលោភបំពានរបស់វៀតណាម មកលើកម្ពុជា អ្នកនយោបាយ និងឥស្សរជនជាន់ខ្ពស់ ត្រូវរកផ្លូវចរចានយោបាយ ដើម្បីផ្សះផ្សាគ្នា ឈានទៅរកការឯកភាពជាតិ ជាមុនសិន»។ លោកបន្តថា «ការមិនចុះសម្រុងគ្នារ រវាងអ្នកនយោបាយគ្នាឯងនេះហើយ ជាហេតុធ្វើឲ្យអន្តរជាតិពិបាកក្នុងការសម្រេចចិត្ត ជួយផ្តល់យុត្តិធម៌ជូនកម្ពុជា ពីព្រោះរដ្ឋាភិបាល {លោក ហ៊ុន សែន} ឯកភាពថា «កោះត្រល់ ជារបស់វៀតណាម»។ ចំណែកនិស្សិតបញ្ញវន្ត សង្គមស៊ីវិល សមាគម និងបក្សប្រឆាំងអះអាងថា «កោះត្រល់ ជារបស់ខ្មែរ»»។
លោក ទូច វិបុល លើកឡើងថា យុទ្ធនាការចលនានិស្សិតនេះ មានគោលដៅលាតត្រដាងការពិត ប្រាប់ពិភពលោកឲ្យដឹងថា «វៀតណាម ជាជនដៃដល់ ក្នុងការរំលោភលើសន្ធិសញ្ញាអន្តរជាតិ ឈ្លានពានយកកោះត្រល់ និងចង្កោមកោះក្រចកសេះ ដោយបង្ខំឲ្យរដ្ឋាភិបាលខ្មែរ លោក ហ៊ុន សែន ជួយសម្រេចមហិច្ឆិតារបស់ខ្លួន តាមរយៈកិច្ចព្រមព្រៀងដែនទឹកប្រវត្តិសាស្រ្ត ខែកក្កដា ឆ្នាំ១៩៨២»។
ទោះជាយ៉ាងណាក៏ដោយ លោក ហ៊ុន សែន ធ្លាប់អះអាងថា «កោះត្រល់ បានបាត់បង់ពីខ្មែរ ក្លាយជារបស់វៀតណាម តាំងពីជំនាន់អ្នកដឹកនាំមុនៗ មកម្ល៉េះ»។ លោកបន្ថែមថា កោះត្រល់ បានបាត់ទៅជាមួយកម្ពុជាក្រោម ដែលត្រូវបានបារាំង ផ្ទេរសិទ្ធិដែនកូសាំងស៊ីន (កម្ពុជាក្រោម) ទៅឲ្យវៀតណាម ជាអ្នកគ្រប់គ្រង នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ១៩៤៩។
ជានេះទៅទៀត ប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង តែងតែបដិសេធក្នុងការឆ្លើយបំភ្លឺ ជុំវិញការរកឃើញទាំងឡាយណា ដែលថា រដ្ឋាភិបាលបច្ចុប្បន្ន បានធ្វើឲ្យបាត់បង់កោះត្រល់ ទៅវៀតណាម។ លោកបន្តថា «កោះត្រល់ អាចទាមទារមកវិញបាន បើមានរដ្ឋាភិបាលក្រោយណាដឹកនាំ»។
សារចរាចររបស់លោក ប្រេវីយេ (Brévié) ដែលចុះថ្ងៃទី ៣១ ខែមករា ឆ្នាំ១៩៣៩ បានបញ្ជាក់លំអិតថា «កោះត្រល់ ជារបស់ប្រទេសកម្ពុជា ហើយបារាំង គ្រប់គ្រងកោះត្រល់ តែផ្នែកប៉ូលីស និងរដ្ឋបាលប៉ុណ្ណោះ»។ ព្រះរាជក្រឹត្យរបស់ស្តេចព្រះ នរោត្តម សុរាម្រិត ឆ្នាំ១៩៥៧ បញ្ជាក់ថា «កោះត្រល់ ឬ កោះភូកុក គឺជាឈ្មោះកោះតែមួយ ដែលជាកម្មសិទ្ធិរបស់កម្ពុជា»។ រដ្ឋាភិបាល ក្នុងសម័យលោកសេនាប្រមុខ លន់ នល់ និងរបបក្រហម ក៏នៅតែបញ្ជាក់ថា «កោះត្រល់ គឺជាកម្មសិទ្ធិរបស់កម្ពុជា» ហើយនៅឆ្នាំ ១៩៧៦ កងទ័ពខ្មែរក្រហម បានលើកទ័ពឈរជើង នៅលើកោះត្រល់ បានមួយរយៈទៀតផង។
លុះមកដល់ថ្ងៃទី ១៦ តុលា ២០០៤ អតីតព្រះមហាក្សត្រ សម្តេច នរោត្តម សីហនុ បានចេញព្រះរាជសារ រំលឹកទៅលោក ហ៊ុន សែន ជាប្រមុខរដ្ឋាភិបាលថា «គ្មានសម័យណា គ្មានមេដឹកនាំណា ដែលហ៊ាននិយាយថា កោះត្រល់ ត្រូវបានកាត់ទៅឲ្យវៀតណាមទេ»។
នៅថ្ងៃទី ០៥ ខែតុលា ឆ្នាំ២០១៩ កម្ពុជា ចុះហត្ថលេខាជាផ្លូវការ លើសន្ធិសញ្ញាបំពេញបន្ថែមថ្មីមួយទៀត ទៅលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ ឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥ ជាមួយប្រទេសវៀតណាម។
សៀវភៅព្រំដែនរបស់លោក ស៊ាន ប៉េងសែ បានកត់ត្រាថា សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ ឆ្នាំ១៩៨៥ ជាសន្ធិសញ្ញាខុសច្បាប់។ ហើយកិច្ចព្រមព្រៀងទឹកប្រវត្តិសាស្រ្ត ធ្វើឡើងនៅខែកក្កដា ឆ្នាំ ១៩៨២ ក៏ជាសន្ធិសញ្ញាខុសច្បាប់ដែរ។ សៀវភៅនេះ រៀបរាប់អំពីសន្ធិសញ្ញា និងកិច្ចព្រមព្រៀងនានា នាទសវត្សរ៍ទី៨០ ផ្ទុយនឹងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ ដែលធ្វើឲ្យកម្ពុជា បាត់ព្រំដែនទឹករបស់ខ្លួន ជាង ៣ ម៉ឺនគីឡូម៉ែត្រក្រឡា និងរួមបញ្ចូលទាំង កោះត្រល់ ទំហំ ៥៧៤ គីឡូម៉ែត្រក្រឡា ព្រមនាំឲ្យខ្មែរ បាត់បង់កោះក្រចកសេះ (កោះប៉ូឡូប៉ង់ហ្សង់) ដែលមានទំហំប្រហែល ៦ គីឡូម៉ែត្រក្រឡា និងបាត់ព្រំដែនគោក ប្រហែលពី ៤០០០ ទៅ ៦០០០ គីឡូម៉ែត្រក្រឡាថែមទៀត។
លោក ទូច វិបុល ផ្តល់អនុសាសន៍ថា «បើរដ្ឋាភិបាល ចង់បញ្ជាក់ពីភាពស្អាតស្អំរបស់ខ្លួន ត្រូវតែហ៊ានប្រកាសមោឃភាព នូវសន្ធិសញ្ញាទ្វេភាគីនានា រវាងកម្ពុជា-វៀតណាម ព្រមទាំងចេញសេចក្តីថ្លែងការណ៍ជាសាធារណ ទាមទារឲ្យវៀតណាម ឈប់បន្តការអភិវឌ្ឍ លើកោះត្រល់ជាបន្ទាន់»។
ចំណែកលោក សេក សុជាតិ ឯកភាពថា «ការទាមទារកោះត្រល់ មកវិញ មិនអាចទៅពឹងមិត្តដែកថែបចិន ដោយប្រើកម្លាំងទ័ពជាដាច់ខាត ព្រោះមិនស្របនឹងគោលការណ៍ច្បាប់អន្តរជាតិឡើយ»។
លោក ទូច វិបុល បានអំពាវនាវថា «អ្នកនយោបាយ ត្រូវនាំគ្នាឯកភាព លើបូរភាពទឹកដី ជាប្រយោជន៍ជាតិ និងអធិបតេយ្យភាពជាតិ សូមកុំឯកភាព តែលើប្រយោជន៍យោបាយរបស់ខ្លួន»។ លោកក៏បានអំពាវនាវឲ្យនិស្សិតបញ្ញវន្តគ្រប់និន្នាការ ចូលរួមក្នុងចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ឲ្យបានច្រើនកុះករ និងជួយផ្តល់ឯកសារពាក់ព័ន្ធ ដើម្បីជាជំនួយក្នុងការបំពេញបេសកកម្ម ទាមទារទឹកដី ពីការឈ្លានរបស់វៀតណាម៕
.