(អត្ថបទ និងរូបភាពបន្ថែម​ដោយ​លោក ម៉ែន ណាត ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា) /​ Updated, 28-12-2019

​រឿងរ៉ាវ «​កោះត្រល់ (មានផ្ទៃ ៥៧៤ គ.ម.ក្រឡា)»​ ដែល​មាន​ទីតាំង​​នៅ​ជិត​បង្កើយ ចម្ងាយ ១៥ គីឡូម៉ែត្រ ពី​ខេត្ដ​កំពត​ របស់​ខ្មែរ ហើយវមានចម្ងាយ ៤៥ គីឡូម៉ែត្រ ពីតំបន់ហាទៀង ពីកម្ពុជាក្រោម (វៀត​ណាម)​ ប៉ុន្តែបែរជា​ធ្លាក់​ទៅ​​​ក្នុង​ដៃរ​បស់​​​វៀត​ណាម ​កាន់កាប់ ​និងគ្រប់គ្រង​ មក​ទល់​សព្វ​ថ្ងៃនេះ។​

រឿងកកោះត្រល់នេះ គឺជា​ប្រធានបទ​ក្ដៅគគុក ​ក្នុង​ការ​វែកញែក​ដ៏​ចម្រូងចម្រាស​ រវាង​ថ្នាក់ដឹកនាំ​ប្រទេស​ជំនាន់​មុន ​(​អង្គ​សម្ដេចឪ​ នរោត្ដម​ សីហ​នុ​)​ និង ​ថ្នាក់ដឹកនាំ​ប្រទេស​បច្ចុប្បន្ន​ (​រដ្ឋាភិបាលលោក​ ហ៊ុន​ សែន​)​។

តើ​ កោះ​ត្រល់ ​របស់​ខ្មែរ ​បាន​​បាត់បង់​នៅ​​ពេល​​ណា​? អ្វី​ទៅ​ជា​ការ​ពិត​?​

ព្រះករុណា​ព្រះបាទ​សម្ដេច​ នរោត្ដម​ សីហ​នុ​ អតីត​ព្រះ​មហា​វីរក្សត្​រ​នៃ ​ព្រះរាជា​ណា​ចក្រ​​​កម្ពុជា​ ទ្រង់​ធ្លាប់​​បាន​​ចេញ​​រាជ​សារ ​ចុះ​ថ្ងៃ​ទី​​១៦ ​ខែ​តុលា ​ឆ្នាំ​២០០៤ ពី​ទី​ក្រុង​ប៉េ​កាំ​ង ​ប្រទេស​ចិន​ ថា «​នរោត្ដម​ សីហ​នុ​ មិន​ដែល​ទទួល​ស្គាល់​ថា​ ស្របច្បាប់​ និង​សម​ហេតុ​សម​ផល​ អំពី​កម្ពុជា​ក្រោម​ ​កោះត្រល់​ បាន​ទៅ​ បារាំង​ ឬវៀតណាម ​នោះ​ទេ»

លោក ជូ​ អេ​ន​ឡាយ​ អតីត​នាយក​រដ្ឋមន្ដ្រី​ចិន​ និង ​លោក ចេ​ន​ យី​ អតីត​សេនាប្រមុខ​ចិន​ ដែល​ជា​វីរបុរស​ចំណាស់​ ជាមួយ​លោក​ប្រធាន​ ម៉ៅ​ សេ​ទុង​ ធ្លាប់​បាន​មាន​ប្រសាសន៍​ទូល​ថ្វាយ ​អង្គ​សម្ដេចឪ នរោត្តម សីហនុ​ នា​អំឡុង​ឆ្នាំ​​​១៩៥៥​ ថា​ «​ច្បាស់​ណាស់​ កោះត្រល់​​ជា​​របស់​ខ្មែរ​ ដ្បិត​ជាប់​នឹង​ទឹកដី​​ខ្មែរ ​មិន​ជាប់​ជាមួយ​ទឹកដី​វៀត​ណាម​​​ទេ»

​រីឯ​​លោក​ ហ៊ុន​ សែន​ ប្រមុខ​​រដ្ឋាភិបាល​កម្ពុជា​ ជា​មេដឹកនាំ​យោធា​និយម​​នៅ​​ពេល​​​​បច្ចុប្បន្ន​​នេះ​ ​បាន​​អះអាង​ថា​ «កោះ​​ត្រល់​ បាន​បាត់បង់​​ពី​ខ្មែរ​ ក្លាយ​ជា​របស់​វៀត​ណាម ​តាំង​ពី​យូរយា​រ ជំនាន់​អ្នកដឹកនាំ​ប្រទេស​មុនៗ​ មក​ម្ល៉េះ​» (?)។​​ កាល​ពី​ថ្ងៃ​ទី ៩ សីហា ២០១២ លោក បាន​និយាយ​ម្នាក់​ឯង ក្នុង​រដ្ឋសភា ជាង ៥ ម៉ោង អំពី​រឿង​រ៉ាវ​ព្រំដែន​​​​ខ្មែរ កោះត្រល់ និង​ប្រជុំកោះ នៅ​ដែន​សមុទ្រ​ខ្មែរ ដោយ​លោក បាន​សង្កត់​ធ្ងន់ៗ​ថា «កោះ​ត្រល់ ត្រូវ​បាន​អគ្គទេសាភិបាលបារាំង ឈ្មោះ ប្រេវីយេ (Jules Brévié) ប្រគល់​ឲ្យ​ដែន​កូសាំងស៊ីន (កម្ពុជាក្រោម) តាមលិខិត ចុះថ្ងៃទី ៣១ មករា ១៩៣៩ មកម្ល៉េះ»។ (មាន​លិខិត​​លោក ប្រេវីយេ (Brévié) សូម​ទាញ​យក ជាអង់គ្លេស – English និង បារាំង – French ហើយ​​និង​​បក​ប្រែ​​ក្រៅ​ផ្លូវការ​​ជា ភាសាខ្មែរ – Khmer)។

លោក ហ៊ុន សែន បន្ថែមថា កោះត្រល់ វាទៅជាមួយកម្ពុជាក្រោម ដែល​ត្រូវ​បាន​បារាំង ផ្ទេរ​សិទ្ធិ​ដែន​កូសាំងស៊ីន (កម្ពុជាក្រោម) ទៅ​ឲ្យវៀតណាម ជា​អ្នក​គ្រប់គ្រង នៅ​​ឆ្នាំ​១៩៤៩ (២៧ កញ្ញា ១៩៤៩)។

ដូច្នេះយើងសិក្សាខ្លឹមសារលិខិត លោក ប្រេវីយេ (Brévié, ឬឈ្មោះ​ពេញ Jules Brévié) ជា​​អាណា​ព្យាបាល​​​របស់​បារាំង ប្រចាំ​​​​នៅ​​​​ឥណ្ឌូចិន ថ្ងៃទី ៣១ មករា ១៩៣៩ ត្រូវបានប្រែជាភាសាខ្មែរ បានបញ្ជាក់យ៉ាងដូច្នេះថា «កោះ​ត្រល់ ត្រូវ​ដាក់ឲ្យ​​ខាង​កូសាំងស៊ីន គ្រប់គ្រប់គ្រង​ខាងផ្នែក​រដ្ឋបាល និង​ប៉ូលីស​ ប៉ុណ្ណោះ»។ ប៉ុន្តែ​កោះ​នេះ នៅ​តែ​ជា​កម្មសិទ្ធិ​​របស់​ខ្មែរ។ លោក ប្រេវីយេ សរសេរថា «ខ្ញុំ​សូម​ជម្រាប​លោក {អភិបាល​តំបន់​​កូសាំងស៊ីន}ថា ខ្ញុំ​ទើប​នឹង​​បាន​​ពិនិត្យ​មើល​​សារ​​ជា​ថ្មី ម្តង​ទៀត នៅ​លើ​ចំណោម​​រឿង​ចង្កោម​​កោះ ដែល​​នៅ​ក្នុង​​​ឈូង​សមុទ្រ សៀម ដែល​មាន​​ការទាស់ទែង​គ្នា រវាង​ប្រទេស​​កម្ពុជា និង កូសាំងស៊ីន។ ស្ថានភាពនៃ ចង្កោម​កោះ​នេះ ដែល​មានរាយ នៅតាម​បណ្តោយ ឆ្នេរសមុទ្រខ្មែរ ហើយ​ដែល​​មានខ្លះ ស្ថិត​​នៅ​សែនជិត​​ឆ្នេរសមុទ្រ របស់ខ្មែរ ដែល​ដី​ល្បាប់ ដែល​កំពុងដុះ និង​ចេះតែបន្តដុះនេះ នឹងភ្ជាប់​កោះទំាងនេះ ទៅនឹង​ឆ្នេរសមុទ្រ របស់​ប្រទេស​កម្ពុជា ក្នុង រយៈពេល​ដ៏ខ្លីខាង​មុខ។ តាម​ការសមហេតុសមផល និង តាមរបៀប​ភោគម្ពសាស្រ្ត ជាការចាំបាច់ ត្រូវ​តែ​ដាក់​កោះ​ទំាង​នេះ ឲ្យនៅក្រោម​ការគ្រប់គ្រង នៃរាជការ​របស់​​ប្រទេស​កម្ពុជា»

លោក ប្រេវីយេ បញ្ជាក់​ក្នុង​លិខិតបន្ថែមថា «កោះ​​ទំាងឡាយ ដែល​ស្ថិត​​នៅ​​​ខាង​​ត្បូង ខ្សែ​បន្ទាត់​​នេះ (សូមមើល​ ផែនទី) សរុប​ទំាង កោះហ្វូកុក​ (កោះត្រល់) ទំាង​​មូល ត្រូវ​នៅ​​ក្រោម​​​ការគ្រប់គ្រង​​របស់ កូសាំងស៊ីន តទៅ​ទៀត។ ត្រូវដឹងថា ខ្សែបន្ទាត់​ខណ្ឌ​សីមា ដែល​​​​បាន​​កំណត់នេះ ហ៊ុំ​ព័ទ្ធ​កោះហ្វូកុក តាម​ភាគ​​ខាង​ជើង ដោយ​​​​នៅចម្ងាយ ៣ គីឡូ​​ម៉ែត្រ ពី​ចំណុច​​​​នានា ដែល​​​​​នៅ​​​ខាង​ជើង​​បំផុត នៃ​កោះ​នេះ។ ក៏ប៉ុន្តែ នេះ​គ្រាន់​តែ​ជា​​ការ​គ្រប់​គ្រង​​ផ្នែក​រដ្ឋបាល និង​​ ប៉ូលីស ប៉ុណ្ណោះ។ ចំណែក​​​​បញ្ហា​​​អនិស្សរភាព (ក្រោម​ចំណុះ) (De pendanco) នៃ​ដែនដី នៃ​កោះ​ទំាង​នេះ នៅទុក​ដោយឡែក​ដដែល»

នៅឆ្នាំ ១៩៨៥ លោក ហ៊ុន ​សែន​ កាល​​នោះ​​មាន​ងារ​ជា​​«សម​មិត្ដ​» នៅ​ឡើយ​ បាន​​​ឡើង​​​កាន់កាប់​​មុខ​តំណែង ​ជា​នាយក​​​រដ្ឋមន្ដ្រីនៃ ​រដ្ឋាភិបាល​​សា​ធារ​ណ​រដ្ឋ​ប្រជាមានិត​កម្ពុ​ជា ដែល​ជារដ្ឋាភិបាល ស្ថិតក្រោមការត្រួតត្រា របស់​វៀតណាម។ នៅ​ឆ្នាំ​១៩៨៥ នោះ យើង​ឃើញ​មាន​​ការ​បោះពុម្ព​សៀវ​ភៅ​សិក្សា​ សម្រាប់​សិស្សានុសិស្ស​ ថ្នាក់​ទី​៧​ មុខ​វិជ្ជា ភូមិ​វិទ្យា​ នា​សម័យ​​នោះ​ បាន​បែង​ចែក​អំពី​​សណ្ឋាន​​ដី ​និង ភោគទ្រព្យ​រ៉ែ ក្នុង​ដែន​សមុទ្រ​ខ្មែរ​ ដែល​​ក្នុង​​នោះ​ ក៏​បាន​បញ្ជាក់​អំពី ​ក្រុម​​កោះ​របស់​ខ្មែរ ​ថា​ «កោះ​ ដែល​នៅ​ឯនាយ​ ស្ទើរកោះ​វាល​រេញ​ មាន ​បី​ ក្រុម​ គឺ៖ ក្រុម​​ទី​១-​ នៅ​ពីមុខ​កំពង់​ផែ​កំពង់​សោម​ មាន​កោះពស់​,​ ក្រុម​ទី​២- ​នៅ​មុខ​រាម​ មាន​កោះ​តា​កៀវ​ កោះ​ឫស្សី​ កោះ​ត្រែះ​ កោះ​ចន្លុះ​ និង​កោះ​ស្រមោច​,​ ក្រុម​ទី​៣- ​បន្ដ​ទៅ ​កោះត្រល់​ មាន​កោះ​ថ្មី​ និង​កោះសេះ នៅ​ក្នុង​លំហ​ឈូង​សមុទ្រ​​កម្ពុជា​ មាន​កោះតាង​ កោះ​អាគ្នេយ៍​ កោះព្រីង​ កោះ​វៀ​ និង​ កោះ​វ៉ៃ​»។​

នៅ​ថ្ងៃ​ទី​ ២៧​ ធ្នូ ​ឆ្នាំ ​១៩៨៥​ សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ ដែល​មាន​សម​មិត្ដ ​ហ៊ុន​ សែន ជា​នាយក​រដ្ឋមន្ដ្រី​ បាន​ចុះ ​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​ ជាមួយ​​​សាធារណ​រដ្ឋ​​សង្គម​​និយម​​វៀតណាម​ ដោយ​មាន​ភ្ជាប់​ផែនទី​ព្រំដែន​ផង ដែល​លោក វ៉ា គឹមហុង ប្រធាន​គណៈ​​កម្មាធិការ​​ព្រំដែន​នៃ​រដ្ឋាភិបាល កាល​​ពី​ថ្ងៃ ២ កក្កដា ២០១៥ បាន​សារភាព​ថា «ផែនទីព្រំដែន ជាមួយវៀតណា បោះពុម្ភ​នៅ​វៀតណាម»។​ ចាប់​តាំង​ពី​មាន សន្ធិសញ្ញា​កំណត់​ព្រំដែន​​រដ្ឋ​ ​ឆ្នាំ​១៩៨៥​ (ព្រំដែន​គោក) រួច​ហើយ​សៀវភៅ​សិក្សា​ ផ្នែក​មុខ​វិជ្ជា «ភូមិ​វិទ្យា​» ក្រោយៗ​​មក​ទៀត ក៏​​លែង​មាន​​​និយាយ​​អំពី​ឈ្មោះ ​កោះ​ត្រល់​ (វៀតណាមហៅកោះ ភូ​កុក​​- Phu Quoc)​ និង ​​ចង្កោម​កោះ​ក្រចកសេះ​ (វៀត​ណាម​ហៅ ថូជូ) ​សម្រាប់​ឱ្យ​កូន​ខ្មែរ​រៀន​សូត្រ​តទៅ​ទៀត​។

ក្រុមអ្នកជំនាញកិច្ចការព្រំដែនខ្មែរ បានចោទប្រកាន់ លោក ហ៊ុន សែន ក្នុង​រឿង​ចុះ​កិច្ច​ព្រមព្រៀង​​ជាមួយ​វៀត​ណាម ហៅ​ថា «កិច្ច​ព្រម​ព្រៀង​តំបន់​ទឹក​ប្រវត្តិសាស្ត្រ» ធ្វើ​ឡើង​នៅ​​ថ្ងៃទី ៧ ខែ​កក្កដា ១៩៨២ ក្នុង​នាម​គាត់ ជា​រដ្ឋមន្ត្រី​​ការបរទេស ដែល​​លើក​បន្តុប​ឡើង​​ដោយ​​វៀតណាម ​កាល​នោះ។ កិច្ចព្រមព្រៀង​នេះ បាន​ដាក់​ដែនទឹក ឬ​ដែន​​សមុទ្រខ្មែរ ដែល​ហ៊ុំព័ទ្ធ «កោះត្រល់» ទាំង​មូលផង (សូម​មើល​ផែនទី)។ កិច្ច​ព្រម​ព្រៀង​ដដែល​​នេះ បាន​​បើក​​ផ្លូវ ឲ្យអ្នក​នេសាទ​វៀតណាម ចូល​មក​ក្នុង​ដែន​សមុទ្រ​ខ្មែរ គឺ​នេសាទ​តាម​អំពើចិត្ត រហូត​មក​ទល់​សព្វថ្ងៃ។

នៅ​ឯកិច្ចពិគ្រោះ​យោបល់​ជាមួយ ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ស៊ាន ប៉េងសែ អ្នក​ជំនាញ​កិច្ចការ​ព្រំដែន​ខ្មែរ នា​ថ្ងៃទី ២២ កុម្ភៈ ២០១៦ បាន​​ស្តី​បន្ទោស ​​លោក ហ៊ុន សែន ថា ​«មិន​ចេះ​​ស្រឡាញ់​​ជាតិ» បាន​​កាត់​កង​​ខ្សែ​បន្ទាត់​​​ព្រំដែន និង​​​ដែន​សមុទ្រ​​មួយ​ភាគ ទៅ​​ឲ្យ​​វៀតណាម។ លោក ប៉េងសែ បញ្ជាក់ថា កោះត្រល់ ត្រូវបាន​វៀត​ណាម ចាប់​ផ្តើម​​កាន់​កាប់ បន្ទាប់​​ពី​មាន​សន្ធិសញ្ញា ឬ ​កិច្ច​ព្រមព្រៀង​​តំបន់​ទឹក​​ប្រវត្តិសាស្រ្ត ឆ្នាំ​១៩៨២ (ថ្ងៃទី ៧ ខែ​កក្កដា ១៩៨២) ធ្វើ​ឡើង​ក្នុង​សម័យ វៀតណាម ត្រួតត្រា​កម្ពុជា។

សន្ធិសញ្ញាថ្មីៗ ជាមួយវៀតណាម

នៅ​ថ្ងៃ​ទី​ ១០ ​ខែ​តុលា​ ឆ្នាំ​ ២០០៥​ លោក​ ហ៊ុន​ សែន​ ក្នុង​​​នាម​​ជា​នាយក​រដ្ឋមន្ដ្រី​​កម្ពុជា បាន​​​​ចុះ​ហត្ថលេខា​លើ​​ សន្ធិ​សញ្ញា​​ព្រំដែន​បំពេញ​​បន្ថែម ​ជាមួយ​​សាធារណរដ្ឋ​សង្គម​និយម​វៀត​ណាម​ មាន​​លោក ផា​ន​ វ៉ា​ន់ខា​យ (Phan Van khai)​ ជា​​នាយក​​រដ្ឋមន្ដ្រី​ នៅ​​ប្រទេស​វៀតណាម​តែ​ម្ដង​ ដោយប្រថាប់ត្រា ​ទៅ​លើ​ សន្ធិ​សញ្ញា​កំណត់ព្រំដែន​រដ្ឋ​ ឆ្នាំ​​១៩៨៥​ ក្នុង​ការ​កំណត់ព្រំដែន​គោក {ខុស​ច្បាប់} រវាង​​កម្ពុជា​​​ និង​​វៀតណាម ​ឱ្យ​កាន់តែ​រឹង​មាំ​។​ ទីបំផុត​ សន្ធិ​សញ្ញា​​បំពេញ​​បន្ថែម ​ទៅ​​លើ​សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ​ កម្ពុជា​-​វៀតណាម​ ឆ្នាំ​​១៩៨៥​ នេះ​ បាន​ក្លាយជា​ច្បាប់​ ដែល​ប្រកាស​ឱ្យ​ប្រើ​​ដោយ​ព្រះរាជ​ក្រម ចុះ​ថ្ងៃ​ទី​ ៣០​ ខែវិច្ឆិកា​ ឆ្នាំ​២០០៥​។​ សន្ធិសញ្ញា​ព្រំដែនបំពេញបន្ថែម​នេះ​ ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​ ធានា​អះអាង​ថា​ មិន​ឱ្យ​មានការ​បាត់បង់​បូរណភាព​ទឹកដី​ (​ផ្ទៃ​ដីគោក​)​ ទំហំ​ ១៨១​.០៣៥​ គីឡូម៉ែត្រ​ក្រឡា​ បស់​កម្ពុជា​ឡើយ​។​

មុន​នឹង​ សន្ធិសញ្ញា​បំពេញបន្ថែម​ ឆ្នាំ​​២០០៥ ​ទៅ​លើ​សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ ​រវាង​​កម្ពុជា​​-​​វៀតណាម​ ឆ្នាំ​១៩៨៥​ ចេញ​ជា​រូបរាង​ និង​​ត្រូវ​បាន​ប្រថាប់​ត្រា​ ប្រកប​ដោយ​​ជោគ​ជ័យ​​នោះ​ គឺ​​មាន​​ភាព​​ប្រទាញ​​ប្រ​ទង់​​គ្នា​​ខ្លាំង​​ណាស់​ នៅ​​ក្នុង​​ស្ថាប័ន​​ជាតិ​​ អ្នក​នយោបាយ​​ពី​បក្ស​ប្រឆាំង និង​​ប្រតិកម្ម ​ពី​​អង្គការ​​សង្គម​​ស៊ី​វិល​ផង​។​ ជាក់​ស្ដែង​ សកម្មជន​ព្រំដែន ​៤ ​នាក់​ រួម​មាន​ លោក​ រ៉ុ​ង​ ឈុ​ន​ ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​,​ លោក​ ជា​ មុន្នី​ ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​, ​លោក​ ម៉ែ​ន​ ណាត​ ប្រធាន​ស​មាគម​មន្ដ្រីរាជការ​ឯក​រាជ្យ​កម្ពុជា​ និង ​លោក​ អៀ​ ចាន់​ណា​ អគ្គលេខាធិការ​រង​​ចលនា​និស្សិត​​​ដើម្បី​លទ្ធិ​ប្រជា​ធិ​ប​តេ​យ្យ -​ អ្នកទាំងអស់គ្នា ក្នុង​នាម​ជា ​ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​ ត្រូវ​​បាន​​រាជរ​ដ្ឋា​ភិ​បាល ​ប្ដឹង​​ទៅ​​តុលាការ​ ហើយ​​តុលា​ការ ​ក៏​​បាន​ចេញ​ដីកាចាប់ខ្លួន​ បន្ទាប់​ពី​ អ្នក​ទាំង​ ៤​ ចេញ​សេចក្ដី​ថ្លែង​ការណ៍ ​ចុះ​ថ្ងៃ​ទី​ ១១​ ខែ​ តុលា​ ឆ្នាំ​ ២០០៥​ លើក​ឡើង​​អំពី​បញ្ហា​គ្រោះ​ថ្នាក់​ នៃ​​បូរណភាព​​ទឹកដី​​ខ្មែរ {និង​​បាន​​អំពាវនាវ​ឲ្យ​ពលរដ្ឋខ្មែរ ចូលរួមកាន់ទុក្ខ​ ចំពោះ​ការ​បាត់​បង់​បូរណភាព​​ទឹក​ដី​​ខ្មែរ ទៅ​វៀណាម តាមរយៈ​សន្ធិ​សញ្ញា​ព្រំដែន​បំពេញ​បន្ថែម ថ្មី​នេះ}​។

​កាលពី​ថ្ងៃ​ទី​ ១៧ ​ខែ មិថុនា​ ឆ្នាំ​​ ២០១៣​ កន្លង​ទៅ​ថ្មីៗ​នេះ​ លោក​ រ៉ុ​ង​ ឈុ​ន​ តំណាង​​​ក្រុមប្រឹក្សា​​​ឃ្លាំ​មើល​​កម្ពុជា​ និង​​​​ជា​ប្រធាន​​សមា​គម​​គ្រូបង្រៀន​​កម្ពុជា​​ឯករាជ្យ​ បាន​​ធ្វើ​​លិខិតផ្លូវការ​​មួយ​​ច្បាប់​ គោរព​​ជូន ​«សម្ដេច​​តេ​ជោ ​សែន» ឱ្យ​ធ្វើ​​ការ​​ពិចារណា​ ចំពោះ​បញ្ហា​ទឹកដី​ និង​កោះ​ (​ជា​ពិសេស​ កោះ​ត្រល់​) ​ដែល​បាន​បាត់បង់​ ទៅ​ប្រទេស​ជិត​ខាង​។ {លោក​ រ៉ុង ឈុន បាន​លើក​សៀវភៅ ភូមិវិទ្យា ថ្នាក់ទី៧ ដែល​បោះពុម្ភ​នៅ​ឆ្នាំ​១៩៨៥ បង្ហាញ​​អ្នក​កាសែត ក្នុង​សន្និសីទ​កាសែត​មួយ​ថា កោះត្រល់ នៅ​តែក​ម្មសិទ្ធ​របស់​ខ្មែរ ពីព្រោះ​​វា​​ស្ថិត​​ក្នុង​​កម្មវិធី​​សិក្សា​​ក្នុង​​សៀវភៅ​​នេះ}

មជ្ឈដ្ឋាន​អ្នក​ច្បាប់​ បាន​លើក​ឡើង​ថា​ ការ​​បោះពុម្ព​​សៀវភៅ​​សិក្សា​ សម្រាប់​​ឱ្យ​​សិស្សា​​នុសិស្ស​ រៀន​សូត្រ​ ជា​ការ​យក​​ចិត្ដ​ទុក​ដាក់​ និង​​ប្រុង​​ប្រយ័ត្ន​​ខ្លាំង​​ណាស់​ ហើយ​សៀវភៅ​សិក្សា​ មុខ​វិជ្ជាភូមិ​វិទ្យា ​ថ្នាក់​ទី​៧ ​បោះពុម្ព​នៅ​ឆ្នាំ ​១៩៨៥​ នៅ​មានឈ្មោះ ​កោះត្រល់​ ជា​កោះ​របស់​ខ្មែរ​ ប៉ុន្តែ​បែរ​ជា​ត្រូវ​បាន​​​លុប​​បំបាត់​ឈ្មោះ​ កោះត្រល់​ និង​ចង្កោម​​កោះ​ក្រចកសេះ នេះ​​​ទៅ​​វិញ​ ពោល​គឺ​នៅ​ពេល​លោក ហ៊ុន សែន ត្រូវ​បាន​វៀតណាម លើក​បន្តុប​ជា​នាយក​​រដ្ឋមន្រ្តីខ្មែរ នៅ​​ឆ្នា​​១៩៨៥។​ នោះ​​មាន​​ន័យ​​ថា​ ឈ្មោះ ​កោះត្រល់​ ទើប​ត្រូវ​​បាន​​លុប​​បំបាត់​​ចោល​ ពី​កម្មសិទ្ធិ​​របស់​​ខ្មែរ ​ចាប់​​តាំង​​ពី​​ថ្ងៃ​ទី ​២៧ ​ខែធ្នូ ​ឆ្នាំ​១៩៨៥​ តរៀង​មក​ តាម​​ស្មារតី​​នៃ ​សន្ធិសញ្ញា​​កំណត់​​ព្រំដែន​​រដ្ឋ ​ឆ្នាំ​​​១៩៨៥ ​រវាង ​កម្ពុជា​-​វៀតណាម​ ក្នុង​​សម័យ​​សម​មិត្ដ​ ហ៊ុន​ សែន​ ធ្វើ​ជា​នាយក​រដ្ឋមន្ដ្រី​នៃ ​សាធារណរដ្ឋ​ប្រជា​មានិត​​កម្ពុជា​។​

មកដល់ថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០១៩ ព្រះមហាក្សត្រ នរោត្តម សីហមុនី ឡាយ​ព្រះហស្ថ​លេខា​ជាថ្មី​​ទៅលើ សន្ធិ​សញ្ញា​​​ព្រំដែន​​បំពេញ​បន្ថែម​ថ្មី ជាមួយវៀតណាម ហៅថា «សន្ធិសញ្ញា​បំពេញ​បន្ថែម ២០១៩» ដោយ​​បន្ថែម​ខ្លឹមសារ​​ទៅ​​លើ សន្ធិសញ្ញា​ព្រំដែន​បំពេញប​ន្ថែម ២០០៥ និង សន្ធិសញ្ញា​កំណត់​ព្រំដែន ឆ្នាំ​១៩៨៥ ដែល​​ជា​​សន្ធិ​សញ្ញា​​​ខុស​​​ច្បាប់​​​នោះ។ តាម​ច្បាប់​អន្តរជាតិ គឺ​ថា សន្ធិសញ្ញា ឬកិច្ចព្រមព្រៀង​ទាំង​ឡាយ​ណា ធ្វើ​ឡើង​ក្រោម​ការ​ត្រួតត្រា​របស់​​​រដ្ឋាភិបាល​បរទេស ដែល​ផ្ទុយច្បាប់អន្តរជាតិ។ សន្ធិសញ្ញាថ្មីនេះ ធ្វើឡើងនៅខែ តុលា ២០១៩ ដោយ​​​លោក ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាល​​ខ្មែរ ជាមួយ​លោក ង្វៀន ស៊ុនហ៊្វុក នាយក​រដ្ឋមន្រ្តី​​វៀតណាម ដើម្បី​ទទួល​​ស្គាល់​​លទ្ធផល​​​នៃ​ការបោះបង្គោលព្រំដែន ៨៤% (៣១៥ បង្គោល) ក្នុងចំណោម​បង្គោល សរុប ៣៧៥ បង្គោល តាម​បណ្តាយ​ព្រំដែនគោក ប្រវែង ១២៧៣ គ.ម.។ ​

​ក្រុម​អ្នក​ច្បាប់​ បាន​លើក​ឡើង​ទៀត​ថា​ មាត្រា​២​ និង​មាត្រា​៥៥ ​នៃ​រដ្ឋធម្មនុញ្ញ ​ដែល​ជា​ច្បាប់​កំពូល​ នៃ​ព្រះរាជា​ណាចក្រ​​កម្ពុជា​ បាន​ចែង​រួច​ហើយ​ថា​ «បូរណភាព​ទឹក​ដី​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ មិន​អាច​រំលោភ​បាន​ដាច់​ខាត​ ក្នុង​ព្រំដែន​របស់​ខ្លួន​ ដែល​មាន​កំណត់​ក្នុង​ផែនទី​ ខ្នាត​ ១/១០០ ០០០​ ។ ​…សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​ទាំង​ឡាយ​ណា ​ដែល​មិន​ស្រប​នឹង​ឯក​រាជ្យ​ អធិបតេយ្យ​ បូរណភាព​ទឹក​ដី​ អព្យាក្រឹតភាព​ និង​ឯកភាព​ជាតិ​របស់​ ព្រះរាជា​ណាចក្រ​កម្ពុជា​ ត្រូវ​លុប​ចោល​»។​​ ដូច្នេះ​ សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ ​រវាង​ កម្ពុជា​-​វៀតណាម ​ដែល​បាន​​ប្រើប្រាស់​ ផែនទី​ ខ្នាត​ ១/៥០ ០០០​ ដែល​​ផ្ទុយ​​នឹង​​រដ្ឋធម្មនុញ្ញ​ ត្រូវ​ចាត់ទុកជា​មោឃៈ​​ទាំងស្រុង​ ស្រប​តាម​ស្មារតី មាត្រា​​១៥០ ថ្មី កថាខណ្ឌទី២ នៃរដ្ឋធម្មនុញ្ញ ដែល​បាន​ចែង​ថា «ច្បាប់ និង​សេចក្តី​សម្រេច​ទាំង​ឡាយ នៃ​​ស្ថាប័ន​នានា​របស់​រដ្ឋ ត្រូវ​ស្រប​នឹង​រដ្ឋធម្មនុញ្ញ ជា​ដាច់​ខាត»។

សន្ធិសញ្ញា និង កិច្ចព្រមព្រៀងនានា ជាមួយ​វៀតណាម ដែល​រដ្ឋាភិបាល លោក ហ៊ុន សែន បាន​ទទួល​​ស្គាល់ និង​​បន្តអនុវត្ត​នោះ វាផ្ទុយពី​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ និង រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា ឆ្នាំ​១៩៩៣៕

ឯកសារពិគ្រោះ
– អត្ថបទពីគេហទំព័រ DNT7, 2013
– រដ្ឋធម្ននុញ្ញាកម្ពុជា
– កិច្ចព្រមព្រព្រៀងទីក្រុងប៉ារីស ១៩៩១
– សន្ធិសញ្ញាព្រំដែនគោក ១៩៨៥, ២០០៥, ២០១៩ និង កិច្ចព្រមព្រៀងតំបន់ទឹកប្រវត្តិសាស្ត្រ ១៩៨២
– ឯកសារព្រំដែន របស់លោក ស៊ាន ប៉េងសែ និងឯកសារស្រវជ្រាវមួយចំនួន

ឯកសារភ្ជាប់

  • សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ឆ្នាំ​ ២០១៩ សូម​ទាញ​យក​ខ្លឹមសារ​ទាំង​ស្រុង (ទាញយក / Download)។ អត្ថបទ​នេះ​វិញ គឺ​ព្រះរាជក្រឹត្យ​ព្រះមហាក្សត្រ លើ​សន្ធិសញ្ញា​នេះ (Download)។
  • សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ឆ្នាំ ២០០៥ លើ​សន្ធិសញ្ញា​កំណត់​​ព្រំដែន​​រដ្ឋ ឆ្នាំ​១៩៨៥ (សូម​ទាញ​យក Download)
  • សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ រវាង​កម្ពុជា និង​​វៀតណាម ឆ្នាំ ១៩៨៥ ភ្ជាប់​​ជាមួយ​បញ្ជី​​ស្ថិតិ ផែន​ទី​​​ព្រំដែន ឆ្នាំ ១៩៨៥ (ច្បាប់​ដើម) Download 
  • សន្ធិសញ្ញាកំណត់​ព្រំដែន​រដ្ឋ រវាង​​កម្ពុជា និងវៀតណាម ឆ្នាំ ១៩៨៥ (សូម​​ទាញ​​យក Download)
  • កិច្ចព្រមព្រៀង ស្តី​ពី​លក្ខន្តិកៈ​ព្រំដែន​គោក ថ្ងៃទី ២០ កក្កដា ១៩៨៣ Download
  • កំណត់ហេតុ​​ប្រជុំ ជា​ឯកសារ​​សម្ងាត់ ឆ្នាំ​ ២០០៧ ស្តី​ពី​​​​ការបោះ​បង្គោល​​​ព្រំដែន​ ​កម្ពុជា​​-​​វៀតណាម Download
  • សារាចរណែនាំ ថ្ងៃទី ២៦ កុម្ភៈ ឆ្នាំ១៩៨៦ ​​ដោយ​​លោក ហ៊ុន សែន បាន​ផ្តល់​​សិទ្ធិ និង​ការពារ​ពលរដ្ឋ​​វៀតណាម​​ នៅ​​កម្ពុជា – សូមទាញយក (Download)
  • – លិខិត​លោក ប្រេវីយេ (Brévié) អំពី​កោះត្រល់ ថ្ងៃ ៣១ មករា ១៩៣៩ (សូម​ទាញ​យក ជាអង់គ្លេស – English និង បារាំង – French ហើយ​និង​បក​ប្រែ​ក្រៅ​ផ្លូវការ​ជា ភាសាខ្មែរ – Khmer)
  • កិច្ចព្រមព្រៀងតំបន់ទឹកប្រវត្តិសាស្រ្ត ថ្ងៃ ៧ កក្កដា ១៩៨២ រវាងលោក ហ៊ុន សែន និង​លោក ង្វៀង កូថាច់ (សូម​​ទាញ​យក​ «ច្បាប់ដើម» Download ឬ​ទាញ​​យក​ «ចម្លង»​ Download)
  • – សន្ធិសញ្ញា មិត្តភាព និង​សហប្រតិបត្តិការ កម្ពុជា-វៀតណាម ១៩៧៩ Download
  • – កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ១៩៩១ Download
  • – ច្បាប់​អន្តោប្រវេសន៍ ឆ្នាំ១៩៩៤ Download
  • – ច្បាប់ស្តីពីសញ្ជាតិខ្មែរ ឆ្នាំ១៩៩៦ Download
  • – ព្រះរាជសារសម្តេច នរោត្តម សីហនុ ថ្ងៃ ១៧ កក្កដា ២០០៣ ថា​ជន​ជាតិ​​វៀត​ណាម រាប់​លាន​នាក់ រស់​នៅ​​កម្ពុជា​ (Download)
  • លិខិតលោក ហ៊ុន សែន ទូលថ្វាយ​ព្រះមហាក្សត្រ នរោត្តម សីហនុ ថ្ងៃទី ៣១ កក្កដា ឆ្នាំ ២០០០ (សូម​ទាញ​យក Download)
Koh-Tral-Feed
Koh-Tral-D
11112772_902759513100132_4467690831066398197_n

.