The Cambodia Daily
09th-4-2022
អាជ្ញាធរខេត្តក្រចេះ អះអាងថា ស្ពានមិត្តភាពក្រចេះ-ប៊ិញយឿង នឹងបង្កលក្ខណៈងាយស្រួលក្នុងការតភ្ជាប់ផ្លូវគមនាគមន៍ ដឹកជញ្ជូនទំនិញ និងការធ្វើដំណើររបស់ប្រជាជនរវាងខេត្តក្រចេះ ជាមួយច្រកព្រំដែនអន្តរជាតិកម្ពុជា-ឡាវ និងកម្ពុជា-វៀតណាម។ ប៉ុន្តែអ្នកឃ្លាំមើលបញ្ហាព្រំដែនរិះគន់ថា ស្ពាននោះជាមធ្យោបាយបង្ហូរជនអន្តោប្រវេសន៍វៀតណាមខុសច្បាប់ចូលទឹកដីកម្ពុជាតែប៉ុណ្ណោះ។
អភិបាលខេត្តក្រចេះ លោក វ៉ា ថន កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ បានលើកឡើងក្នុងពិធីសម្ពោធស្ពានបេតុងមិត្តភាពក្រចេះ-ប៊ិញយឿង ឬស្ពានអណ្ដែងដូន ស្ថិតនៅព្រំប្រទល់ខេត្តក្រចេះ និងខេត្តប៊ិញយឿង ជាមួយអនុប្រធានគណៈកម្មាធិការខេត្តប៊ិញយឿង ប្រទេសវៀតណាម លោក ង្វៀន វ៉ាន់យ៉ាញ់ ថាស្ពាននេះបង្ហាញឱ្យឃើញពីទំនាក់ទំនងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-វៀតណាម កាន់តែមានភាពល្អប្រសើរទៅថ្ងៃមុខ។ ស្ពាននេះមានប្រវែងជិត ៤០ម៉ែត្រ ស្ថិតនៅលើផ្លូវខេត្តលេខ៣៧៧ នៃខេត្តក្រចេះ។
លោក វ៉ា ថន អះអាងថា ទំនាក់ទំនងខាងវិស័យសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ ខេត្តក្រចេះជាមួយភាគីវៀតណាម តែងបង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋនៅតាមតំបន់ព្រំដែន និងដល់អាជីវករ ពាណិជ្ជករ ដែលត្រូវឆ្លងកាត់ក្នុងការទិញ លក់ទំនិញ ការសួរសុខទុក្ខញាតិមិត្ត និងការចេញចូលដើម្បីព្យាបាលជំងឺ ជាដើម។
អភិបាលខេត្តរូបនេះបញ្ជាក់ថា ទំនាក់ទំនងមិត្តភាពជាប្រពៃណីលើកិច្ចសហប្រតិបត្តិការ ស្ថិតស្ថេរយូរអង្វែង មិត្តភាពជិតស្និទ្ធរវាងខេត្តប៊ិញយឿង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងខេត្តក្រចេះ នៃព្រះរាជាណាចក្រកម្ពុជា គឺជាការសហប្រតិបត្តិការជួយឧបត្ថម្ភគ្នាទៅវិញទៅមក ក្នុងការអភិវឌ្ឍរួមរបស់អាជ្ញាធរនៃប្រទេសទាំងពីរទៅថ្ងៃអនាគត។
ការអះអាងនេះ ធ្វើឡើងក្នុងពិធីសម្ពោធស្ពានបេតុង ស្ថិតនៅព្រំប្រទល់រវាងខេត្តក្រចេះ និងខេត្តប៊ិញយឿង ប្រទេសវៀតណាម ដើម្បីជួយសម្រួលដល់ការធ្វើគមនាគមន៍របស់ប្រជាជននៃប្រទេសទាំងពីរ។
ខេត្តក្រចេះ គឺជាខេត្តមួយស្ថិតក្នុងចំណោមខេត្តបីផ្សេងទៀត គឺខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងខេត្តស្ទឹងត្រែង ដែលត្រូវបានរដ្ឋាភិបាលកម្ពុជាដាក់បញ្ចូលទៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (Development Triangle Area) ឬតំបន់កន្ទុយនាគដែលបានព្រមព្រៀងគ្នាបង្កើតឡើងកាលពីឆ្នាំ១៩៩៩ ដោយរដ្ឋាភិបាលកម្ពុជា ឡាវ និងវៀតណាម។
ប្រធានក្រុមប្រឹក្សាភិបាលនៃ ចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៧ មេសា ថា ការតភ្ជាប់បណ្ដាញគមនាគមន៍រវាងប្រទេស និងប្រទេសជារឿងល្អសម្រាប់ការទំនាក់ទំនងគ្នាដោយស្មើមុខ ប៉ុន្តែទំនាក់តាមបែបឈ្លានពានរបស់វៀតណាម មកលើកម្ពុជាសព្វថ្ងៃនេះ គ្រាន់តែបង្កលក្ខណៈងាយស្រួលឱ្យវៀតណាម ក្នុងការនាំចេញទំនិញ ហើយជាពិសេសបង្ហូរជនអន្តោប្រវេសន៍វៀតណាមខុសច្បាប់ ចូលទៅកម្ពុជាក្នុងខេត្តទាំង៤ នៃតំបន់ត្រីកោណអភិវឌ្ឍន៍នេះតែប៉ុណ្ណោះ។
លោកបន្ថែមទៀតថា ជាងនេះទៀត តំបន់ត្រីកោណអភិវឌ្ឍន៍នេះ ត្រូវបានវៀតណាមប្រើប្រាស់សាកល្បង ជាតំបន់ឥណ្ឌូចិនទី២ ក្នុងការគ្រប់គ្រងកម្ពុជា តាមរយៈនយោបាយប្រជាសាស្ត្រ សេដ្ឋកិច្ច និងនយោបាយ ជាដើម។ ហើយប្រសិនបើវៀតណាម អនុវត្តផែនការនេះជោគជ័យ វៀតណាមនឹងពង្រីកផែនការនេះទូទាំងប្រទេសកម្ពុជាតែម្តង។
លោក ម៉ែន ណាត ព្រមានថា កម្ពុជា ត្រូវតែដកខ្លួនចេញពីគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍នេះជាដាច់ខាត ព្រោះគម្រោងនេះគ្រាន់តែជាផែនការរបស់វៀតណាម ក្នុងការឈ្លានពានព្រំដែន សេដ្ឋកិច្ច និងនយោបាយប្រជាសាស្ត្រលើកម្ពុជាប៉ុណ្ណោះ។ ដូច្នេះកម្ពុជា មិនទទួលបានផលចំណេញពីគម្រោងនេះទេ គឺមានតែខាតបង់ប៉ុណ្ណោះ។
លោកបន្តថា ខេត្តខ្មែរដែលស្ថិតក្នុងតំបន់ត្រីកោណនេះ ពុំមានការរីកចម្រើនទេ ប៉ុន្តែព្រៃឈើប្រណិតរបស់ខ្មែរនៅខេត្តទាំងនោះ មានតែហិនហោចទៅៗ ដូចជាធនធានរ៉ែ និងព្រៃឈើដែលមានតម្លៃមហាសាលរបស់ខ្មែរ នឹងត្រូវបាត់បង់ជាបន្តបន្ទាប់ នៅពេលដែលជនជាតិវៀតណាម អាចចូលទៅរស់នៅរហូតមានសិទ្ធិកាន់កាប់ស្របច្បាប់ពេញលេញ បន្ទាប់ពីពួកគេបានរស់នៅអស់ជាច្រើនជំនាន់នៅទីនោះ។
ក្រុមអ្នកឃ្លាំមើលសង្គមលើកឡើងថា ប្រសិនបើប្រទេសវៀតណាម គ្រាន់តែបញ្ជូនប្រជាជនរបស់ខ្លួនត្រឹមតែ ១លាននាក់ ចូលមកធ្វើការ និងរកស៊ីក្នុងខេត្តទាំង៤ របស់កម្ពុជា ដែលមានពលរដ្ឋខ្មែរសរុបត្រឹមតែ ៥០ ម៉ឺននាក់នោះ ក៏ជនជាតិវៀតណាមច្រើនជាងពលរដ្ឋខ្មែរ ដល់ទៅពាក់កណ្ដាលទៅហើយ។ ដូច្នេះ ពិតជាគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់កម្ពុជា ខណៈបរទេសឈ្លានពានមួយនេះ នៅតែចិញ្ចឹមមហិច្ឆតារំលោភកាន់កាប់កម្ពុជា ជាប់មិនដាច់រហូតដល់ពេលនេះ៕


.