អត្ថបទ RFA Khmer / ដោយ ទីន ហ្សាការីយ៉ា
23-9-2022
អ្នកវិភាគនយោបាយ លោក គឹម សុខ បានលើកឡើងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អួតអាងថា កម្ពុជាមានសន្តិភាព ដោយសារតែគោលនយោបាយឈ្នះ-ឈ្នះ នោះជាការប្រមាថអង្គការសហប្រជាជាតិ (UN) ដែលបានជ្រួយជ្រោមជ្រែងឲ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
លោក គឹម សុខ មានប្រសាសន៍ថា កម្ពុជាក្រោមការដឹកនាំរបស់លោក ហ៊ុន សែន ធ្វើឲ្យពលរដ្ឋរងទុក្ខ ភ័យខ្លាច បាត់បង់ឯកភាពជាតិ និងធ្វើឲ្យបរទេសមានឥទ្ធិពលលើកម្ពុជា ដូចជាវៀតណាម និងចិន ជាដើម ដែលរំលោភលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៖ «ការងាររបស់អ៊ុនតាក់ហ្នឹងហើយ ដែលនាំឲ្យមានការសម្របសម្រួល និងជាផ្លូវនាំទៅដល់បង្កើតប្រជាធិបតេយ្យនៅកម្ពុជា។ ប៉ុន្តែក្រុមលោក ហ៊ុន សែន បំផ្លាញចោល ដោយមិនខ្វល់អំពីការគោរព កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និង បង្កើតនូវអ្វីដែលជាស្នាដៃវាលពិឃាតថ្មីមួយ បន្ទាប់ពីសម័យ ប៉ុល ពត គឺពិឃាតវាសនាជាតិខ្មែរ ដោយការប្រើអំពើហិង្សាតាមទំនើងចិត្ត និងមិនគោរពរដ្ឋធម្មនុញ្ញ»។
លោក ហ៊ុន សែន ថ្លែងនៅក្នុងឱកាសទិវាសន្តិភាពអន្តរជាតិ ថ្ងៃទី២១ កញ្ញា អះអាងថា កម្ពុជាទទួលបានសន្តិភាពទាំងស្រុង ចាប់តាំងពីឆ្នាំ១៩៩៨ មក តាមរយៈនយោបាយឈ្នះ-ឈ្នះ របស់លោក ដែលធ្វើឲ្យកម្ពុជា រីកចំរើនគ្រប់វិស័យ។ លោក ហ៊ុន សែន បន្ថែមថា ក្រោមម្លប់សន្តិភាពនេះ លោកបានបញ្ជូនកងកម្លាំងជាង ៨ ពាន់ ៣ រយនាក់ (៨,៣០២ នាក់) ទៅបំពេញបេសកកម្មថែរក្សាសន្តិភាពរបស់ អង្គការសហប្រជាជាតិ ក្នុងប្រទេសចំនួន ៩ ជាដើម។
ទោះបីជាបែបនេះក្ដី អ្នកវិភាគលើកឡើងថា កម្ពុជាសព្វថ្ងៃនេះ មិនទាន់មានសន្តិភាពពិតប្រាកដឡើយ។ លោក គឹម សុខ បញ្ជាក់ថា ដើម្បីឲ្យកម្ពុជា មានសន្តិភាពពិតប្រាកដ លុះត្រាតែ លោក ហ៊ុន សែន អនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឲ្យបានពេញលេញ។
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ភាគីកម្ពុជាសន្យាថា ធានាគោរព និងប្រតិបត្តិតាមគោលការណ៍ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាននៅកម្ពុជា គាំទ្រសិទ្ធិរបស់ពលរដ្ឋកម្ពុជាទាំងអស់ ក្នុងការធ្វើសកម្មភាព ដែលជំរុញ និងការពារសិទ្ធិមនុស្សជាមូលដ្ឋាន ព្រមទាំងចូលរួមគោរព តាមកិច្ចព្រមព្រៀងអន្តរជាតិទាំងឡាយ ពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។ ស្មារតីសំខាន់ជាងគេ នៃកិច្ចព្រមព្រៀងនេះ គឺការបង្រួបបង្រួមជាតិ។ ប៉ុន្តែគោលនយោបាយឈ្នះ-ឈ្នះ របស់លោក ហ៊ុន សែន នេះ ធ្វើឲ្យពលរដ្ឋរងទុក្ខបាត់បង់សិទ្ធិសេរីភាព បំផ្លាញប្រជាធិបតេយ្យ រំលោភសិទ្ធិមនុស្ស និងបែកបាក់ជាតិ៕

.