អត្ថបទ៖ ឌឹ ខេមបូឌា ដេលី (The Cambodia Daily) / 01-01-2021

អ្នកឃ្លាំមើលសង្គម ប្រតិកម្មថា ការលើកឡើងពីព្រះមហាក្សត្រ មិន​មែន​ដើម្បី​គ្រាន់​តែ​ប្រមាថ​​ខាត​ទាន លើ​ព្រះអង្គ​នោះ​ទេ តែ​ដើម​ហេតុ គឺ​អ្នក​មាន​អំណាច និង​ស្ថាប័ន​រដ្ឋ​ពាក់​ព័ន្ធ​ មិន​បាន​ឲ្យ​តម្លៃ​ដល់​ព្រះរាជ​សិទ្ធិ និង​អំណាច ព្រមទាំង​ព្រះរាជ​តួនាទី​របស់​ព្រះ​មហា​ក្សត្រ ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ប៉ុណ្ណោះ។

អ្នកវិភាគ​នយោបាយ​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា ការ​ប្រមាថ​ព្រះ​មហា​ក្សត្រ ជា​ស្តេច​ទីងមោង មិន​ត្រឹម​តែ​ប៉ះពាល់​ធ្ងន់ធ្ងរ ដល់​កិតិ្តយស​របស់​ព្រះ​មហា​ក្សត្រ ដែល​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ​ប៉ុណ្ណោះ​ទេ តែ​ផ្ទុយ​ទៅ​វិញ បែរ​ជា​បង្ហាញ​ពី​ទង្វើ​របស់​ពួក​គេ​ ដែល​កំពុង​រំលោភ​រដ្ឋធម្មនុញ្ញ​កម្ពុជា​យ៉ាង​ធ្ងន់​ធ្ងរ​ទៅ​វិញ។ លោក អះអាង​​ថា មេបក្ស​ប្រឆាំង លោក សម រង្ស៊ី មាន​សិទ្ធិ​គ្រប់​គ្រាន់​ក្នុង​ការ​បញ្ចេញ​មតិ​យោបល់ តែ​សិទ្ធិ​នោះ​ មិន​ត្រូវ​បាន​រំលោភ​លើ​សិទ្ធិ​របស់​អ្នក​ដទៃ​ជា​ដាច់​ខាត ជា​ពិសេស​គឺ​រំលោភ​លើ​​ព្រះ​មហា​ក្សត្រ​តែ​ម្តង។

បណ្ឌិត ឡៅ ម៉ុងហៃ អះអាង​ថា ចរិត​នយោបាយ​របស់​លោក សម រង្ស៊ី ក៏​មិន​សូវ​ខុស​ប្លែក​គ្នា​ពី​អ្នក​នយោបាយ ដែល​គាត់​កំពុង​​តែ​​ប្រកួត​ប្រជែង​សព្វថ្ងៃ​នេះ​ប៉ុន្មាន​នោះ​ដែរ។ លោក​បន្ត​ថា ក្នុង​នាម​ជា​អ្នក​នយោបាយ ត្រូវ​គោរព​ក្រមសីលធម៌​របស់​ខ្លួន​​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​ជានិច្ច ហើយ​ត្រូវ​រក្សា​គុណធម៌ សម្រាប់​ខ្លួន​​ផង និង​សង្គម​ជាតិ​ផង។ ធ្វើ​ដូច្នេះ ទើប​សង្គម​​ដែល​ពួក​គេ​ដឹកនាំ​​ជា​សង្គម​ ដែល​ពោរ​ពេញ​ដោយ​គុណធម៌ ហើយ​ក៏​នឹង​ក្លាយ​​ជា​សង្គម​ ដែល​មាន​ភាព​យុត្តិធម៌ ថែម​ទៀត​ផង។ ការ​រិះគន់​នេះ​ធ្វើ​ឡើង បន្ទាប់​ពី​អតីត​មេ​បក្ស​ប្រឆាំង លោក សម រង្ស៊ី បាន​និយាយ​ប៉ះពាល់​ដល់​កិតិ្តយស​អង្គព្រះមហា​ក្សត្រ​យ៉ាង​ធ្ងន់​ធ្ងរ ថា​ជា​ស្តេច​ទីងមោង និង​ជា​ស្តេច​អាយ៉ង​របស់​លោក ហ៊ុន សែន ហើយ​បាន​ជុំរុញ​ឲ្យ​ព្រះអង្គ​ចាក​ចេញ​ពី​រាជបល្ល័ង្គ​ ថែម​ទៀត​ផង។

កាល​ពីថ្ងៃទី ២៥ ខែ​ធ្នូ ឆ្នាំ​២០២០ នេះ លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​ខ្លួន​ថា ព្រះ​មហា​ក្សត្រ​សព្វថ្ងៃ គ្មាន​អំណាច​ធ្វើ​អ្វី​បាន​ទេ។ លោក​ថា ព្រះអង្គ​គួរ​តែ​យាង​ចុះ​ពី​រាជ​បល្ល័ង្គ​ទៅ ព្រោះ​ថា ព្រះអង្គ​មិន​ត្រូវ​គង់​ជា​មហា​ក្សត្រ​ទីងមោង ដើម្បី​គ្រាន់​តែ​ប្រថាប់​ត្រា​ឲ្យ​លោក ហ៊ុន សែន បំផ្លាញ​ជាតិ និង​ធ្វើ​បាប​រាស្ត្រ​តាម​ចិត្ត ដូច​សព្វថ្ងៃ​នេះ​ទេ។ លោក ថា ព្រះ​មហា​ក្សត្រ​សព្វថ្ងៃ​នេះគ្រាន់​តែ​ជា​ស្តេច ដែល​រង់​ចាំ​ធ្វើ​តាម​តែ​បញ្ជា​លោក ហ៊ុន សែន គ្រប់​យ៉ាង​ប៉ុណ្ណោះ។ លើស​ពី​នេះ ទ្រង់​មិន​ដែល​គិត​គូរ​ពី​រឿង​ប្រទេស​ជាតិ​ណា​ម្តង​ឡើយ។ បន្ថែម​ពី​នេះលោក​ថា ព្រះអង្គ គឺ​សំងំ​យក​សុខ​សម្រាប់​តែ​អង្គ​ឯង ដូចជា​សត្វ​សេក​ក្នុង​ទ្រុង​មាស ដែល​លោក ហ៊ុន សែន យក​ថវិកា​ជាតិ​ទៅ​ចិញ្ចឹម តែ​គ្មាន​បាន​ប្រយោជន៍​អ្វី​សោះ​ឡើយ សម្រាប់​ប្រជា​រាស្ត្រ​ខ្មែរ។

រដ្ឋធម្មនុញ្ញ​នៃ​ព្រះជា​ណាចក្រ​កម្ពុជា ត្រង់​មាត្រា​៧ ចែង​ថា ព្រះមហា​ក្សត្រ​កម្ពុជា ទ្រង់​គ្រង​រាជ​សម្បត្តិ ប៉ុន្តែ​ទ្រង់​មិន​កាន់​អំណាច​ឡើយ ហើយ​ព្រះអង្គ​ទ្រង់​នឹង​គង់​ជា​ព្រះប្រមុខ​រដ្ឋ​ពេញ​មួយ​ជីវិត។ ជាងនេះ​ទៀត ព្រះ​មហា​ក្សត្រ មិន​អាច​នរណា​រំលោភ​បំពាន​បាន​ឡើយ។

ក្រុមបញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ប្រទេស និង​ក្រុម​អ្នក​ឃ្លាំមើល​សង្គម ចោទ​សួរ​ថា តើ​ការ​ទាមទារ​ឱ្យ​ព្រះ​មហា​ក្សត្រ ចុះ​ចេញ​ពី​រាជ​បល្ល័ង្គ របស់​លោក សម រង្ស៊ី ជា​ការ​សម្បទាន​​នយោបាយ​ជូន​លោក ហ៊ុន សែន សម្រាប់​ឆ្នាំ​ថ្មី​២០២១ នេះ ដើម្បី​ទទួល​បាន​ឱកាស​សម្រាប់​ខ្លួន​​ឯង អាច​វិល​ត្រទ្បប់​ចូល​ឆាក​នយោបាយ​កម្ពុជា​វិញ ឬ​យ៉ាង​ណា?

អ្នកវិភាគ​នយោបាយ​សង្គម រិះគន់​ថា អ្នក​នយោបាយ​ដែល​មាន​បំណង​ចូល​រួម​កម្ចាត់​ព្រះ​មហា​ក្សត្រ​ ចេញ​ពី​ព្រះរាជ​បល្ល័ង្គ​ គឺ​ស្មើ​នឹង​ជួយ​ឲ្យ លោក ហ៊ុន សែន អាច​ក្តាប់​អំណាច​បាន​កាន់​តែ​ណែន​មួយ​កម្រឹត​ថែម​ទៀត ប្រៀប​ដូច​ជួយ​រំលាយ​ច្បាប់ ២ ភាគ៣ (២/៣) បង្កើត​ច្បាប់​ ៥០% បូក​១ ដូច្នេះ​ដែរ៕

.

.