The Cambodia Daily
14-2-2023
មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន អះអាងថា ការព្រមព្រៀងគ្នាឱ្យអ្នកជំនាញបារាំង មកជួយគូរចម្លងផែនទី របស់កម្ពុជាឡើងវិញ ដោយសារតែផែនទីបោន ខ្នាត ១លើ ១០០ពាន់ (១/៥០.០០០) មានលក្ខណៈតូច ដូច្នេះកម្ពុជាពង្រីកផែនទីនោះឱ្យទៅជាផែនទីបោនខ្នាត ១លើ ៥០ពាន់ ដើម្បីឱ្យមានលក្ខណៈកាន់តែងាយស្រួលក្នុងការប្រើប្រាស់។
មេដឹកនាំខ្មែរដែលវៀតណាមលើកបន្តុប លោក ហ៊ុន សែន លើកឡើងក្នុងកិច្ចពិភាក្សាជាមួយនាយករដ្ឋមន្ត្រីឡាវ ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសឡាវ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ នេះថា រដ្ឋាភិបាលបានខិតខំខ្លាំងណាស់ មិនឱ្យទឹកដីកម្ពុជាបាត់បង់សូម្បីមួយមិល្លីម៉ែត្រ ទៅបរទេស ចាប់តាំងពីកម្ពុជាត្រូវបានរំដោះ កាលពីឆ្នាំ១៩៧៩ មក ដែលគិតមកទល់នឹងពេលនេះមានរយៈពេលជាង ៤០ឆ្នាំហើយ។
មេដឹកនាំខ្មែរដែលវៀតណាមលើកបន្តុបរូបនេះ លើកឡើងថា លោកនឹងចុះហត្ថលេខាលើសន្ធិសញ្ញាកំណត់ព្រំដែន រវាងកម្ពុជា-ឡាវ ក្រោយឆ្លងកាត់ការពិភាក្សារាប់រយដងរបស់ គណៈកម្មាធិការព្រំដែន ដោយយោងទៅតាមផែនទី ដែលកម្ពុជា-ឡាវ បានឯកភាពគ្នា។
លោក ហ៊ុន សែន បន្ថែមថា ផែនទីទាំងនេះ គឺជាឯកសារដែលភាគីទាំងសងខាង ទទួលស្គាល់ទៅវិញទៅមក និងជាផែនទីដែលតម្កល់ទុកនៅ អង្គការសហប្រជាជាតិ ព្រោះវាជាភស្តុតាង ដែលបានបន្សល់ដោយអាណានិគមបារាំង ដែលធ្លាប់គ្រប់គ្រងប្រទេសកម្ពុជា កាលពីមុន ដោយផ្អែកទៅលើច្បាប់អន្តរជាតិ និងច្បាប់ប្រទេសនីមួយៗ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បញ្ជាក់ថា កម្ពុជាបានសហការបោះបង្គោលព្រំដែន ជាមួយប្រទេសឡាវ បានចំនួន ៨៦% ក្នុងនោះភាគីទាំងពីរ ក៏បានបោះបង្គោលព្រំដែនចំនួន ១២១ បង្គោលដែរ ហើយនៅពេលនេះ ក៏បានឯកភាពគ្នា ក្នុងការពង្រីកបង្គោលឱ្យកាន់តែធំរឹងមាំ ដោយបោះបន្ថែមទៀតនៅក្នុងចន្លោះបង្គោលទាំង ១២១ នេះ ឱ្យបានកាន់តែច្រើន ខណៈចំណុចដែលនៅសល់ ១៤% ទៀត ភាគីទាំងពីរ នឹងដោះស្រាយឱ្យបានកាន់តែឆាប់។
ការចុះហត្ថលេខាលើ សន្ធិសញ្ញាកំណត់ព្រំដែន ដោយប្រើផែនទីបោន ខ្នាត ១លើ ៥០ពាន់ (១/៥០.០០០) នេះ ត្រូវគេមើលឃើញថា រដ្ឋាភិបាលកម្ពុជា កំពុងប្រើប្រាស់ផែនទីខុសពីរដ្ឋធម្មនុញ្ញរបស់ខ្លួន ដែលបានចែង ដែលនឹងនាំឱ្យបាត់បង់ទឹកដី ទៅប្រទេសជិតខាង។
នៅថ្ងៃទី១៣ ខែកុម្ភៈ នេះ មេដឹកនាំខ្មែរ លោក ហ៊ុន សែន កំពុងធ្វើទស្សនកិច្ចក្នុងប្រទេសឡាវ ដើម្បីចុះហត្ថលេខាលើឯកសារសំខាន់ចំនួនពីរជាមួយនាយករដ្ឋមន្ត្រីឡាវ រួមមាន៖
- ការចុះហត្ថលេខាលើផែនការសកម្មភាព សម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង សម្រាប់ឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨
- និងការចុះហត្ថលេខាលើសន្ធិសញ្ញាកំណត់ព្រំដែន រវាងកម្ពុជា-ឡាវ ផងដែរ។
អនុប្រធានវេទិកាពលរដ្ឋ លោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៣ កុម្ភៈ នេះថា ផែនទីយូធីអឹម (UTM) ខ្នាត ១លើ ៥០ពាន់ គឺជាផែនទីដែលគូរដោយយោធាអាមេរិក សម្រាប់ប្រើប្រាស់តែក្នុងសម័យសង្គ្រាមវៀតណាមប៉ុណ្ណោះ ហើយក៏ជាផែនទីមិនស្របនឹងរដ្ឋធម្មនុញ្ញកម្ពុជា និងផ្ទុយពីខ្លឹមសារនៃ កិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ ថែមទៀត។
លោក ម៉ែន ណាត ទាមទារឱ្យមេដឹកនាំខ្មែរ លោក ហ៊ុន សែន អនុវត្តសន្ធិសញ្ញាកំណត់ព្រំដែន ជាមួយប្រទេសជិតខាងដោយប្រើខ្នាតផែនទី ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ក្នុងមាត្រា២ ដែលបានចែងពីខ្នាត ១លើ ១០០ពាន់ ជាផែនទីស្របច្បាប់ ដែលនឹងមិនធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យភាពកម្ពុជា ទៅថ្ងៃក្រោយ។
អនុប្រធានវេទិកាពលរដ្ឋ រូបនេះ បញ្ជាក់ថា ការប្រើប្រាស់ផែនទីរបស់រដ្ឋាភិបាលកម្ពុជា ដែលផ្ទុយពីរដ្ឋធម្មនុញ្ញ និងផ្ទុយពីខ្លឹមសារកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ មិនចំណេញសម្រាប់កម្ពុជានោះទេ គឺមានតែនាំឱ្យកម្ពុជាបាត់បង់ដែនអធិបតេយ្យជាតិខ្លួនប៉ុណ្ណោះ ហើយបើរដ្ឋាភិបាលលោក ហ៊ុន សែន នៅតែបន្តប្រើប្រាស់ផែនទីខុសពីការកំណត់របស់រដ្ឋធម្មនុញ្ញនេះទៀត នោះគឺមានន័យថា រដ្ឋាភិបាលឯកបក្សមួយនេះ កំពុងជួយរកច្រកក្នុងការសម្បទានទឹកដីរបស់ខ្លួន ឱ្យបរទេសជិតខាងបន្ថែមទៀតហើយ។
មាត្រា២ នៃរដ្ឋធម្មនុញ្ញ ចែងថា «បូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា មិនអាចរំលោភបានជាដាច់ខាតក្នុងព្រំដែនរបស់ខ្លួន ដែលមានកំណត់ក្នុងផែនទីខ្នាត ១លើ ១០០ពាន់ ដែលធ្វើនៅចន្លោះឆ្នាំ១៩៣៣ ដល់ឆ្នាំ១៩៥៣ និងត្រូវបានទទួលស្គាល់ជាអន្តរជាតិ នៅចន្លោះឆ្នាំ១៩៦៣ ដល់ឆ្នាំ១៩៦៩»។
ទាក់ទិននឹងបញ្ហានេះ ក្នុងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ដែលរដ្ឋសភានៃ សាធារណរដ្ឋសង្គមនិយមវៀតណាម ទទួលស្គាល់កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០០៥ មាន ៤ចំណុច ក្នុងនោះចំណុចទី៣ បានបញ្ជាក់ថា “ភាគីប្រទេសនីមួយៗត្រូវប្ដូរព្រំដែនលើផែនទីខ្នាត ១/១០០.០០០ មកប្រើផែនទី យូ.ធី.អឹម ខ្នាត ១/៥០.០០០ វិញ រួចផ្ទៀងផ្ទាត់លទ្ធផល និងឯកភាពព្រំដែនលើផែនទីនេះ“៕

.