បណ្ឌិត កែម ឡី បានបន្សល់នូទស្សនៈជាច្រើន សម្រាប់ដាស់តឿនស្មារតីកូនខ្មែរ ឲ្យខំរៀនសូត្រូ ឲ្យចេះស្រឡាញ់ជាតិ ថែរក្សាធនធានធម្មជាតិ និងចេះការពារបូរណភាពទឹកដីរបស់ខ្លួន។ លោកបណ្ឌិត ធ្វើកិច្ចការនេះជាច្រើនឆ្នាំ មានឈ្មោះបោះសម្លេងលើឆាកជាតិ និងអន្តរជាតិ នៅមុនពេលលោកត្រូវបានគេធ្វើឃាតនៅថ្ងៃទី១០ កក្កដា ឆ្នាំ ២០១៦ ក្នុងទីក្រុងភ្នំពេញ។ ឃាតកម្មលើរូបលោកបណ្ឌិត មិនទាន់អាចរកយុត្តិធម៌ និងរកឃើញឃាតកដៃដល់ ព្រមទាំងអ្នកជាប់ពាក់ព័ន្ធនៅឡើយទេ។ កាលនោះមានមនុស្សប្រមាណ ២ លាននាក់ ចូលរួមពិធីដង្ហែបុណ្យសពរបស់លោក ពីទីក្រុងភ្នំពេញ ទៅកាន់ស្រុកកំណើត ស្រុកត្រាំកក់ ខេត្តតាកែវ។ ភរិយា និងកូនៗរបស់លោកបណ្ឌិត កែម ឡី បានភៀសខ្លួនទៅរស់នៅប្រទេសអូស្ត្រាលី មកទល់សព្វថ្ងៃ។
ទស្សនៈលោកបណ្ឌិតចំពោះទឹកដី និងធនធានធម្មជាតិ
តើការបាត់បង់ទឹកដី និងធនធានកន្លងមក ជាកំហុសអ្នកណា?
ករណីបាត់បង់ទឹកដី ព្រៃឈើ និងធនធានសង្គមពីសម័យមុន វាមិនមែនជាកំហុសរបស់ខ្មែរជំនាន់យើង{សព្វថ្ងៃ}ទេ។ ប៉ុន្តែ ប្រសិនណាយើងបណ្តោយឲ្យបាត់បង់ទឹកដី ព្រៃឈើក្នុងសម័យនេះ នោះវាជាកំហុសរបស់យើងក្នុងជំនាន់នេះ។ យើងក៏ជាអ្នកទទួលខុសត្រូវ សម្រាប់ខ្មែរជំនាន់ក្រោយ ពីព្រោះយើងពុំបានចូលរួមយ៉ាងសកម្ម និងពេញលេញ ក្នុងការការពារ និងថែទាំយ៉ាងហ្មត់ចត់។
លើសពីនេះ ការដែលឲ្យមេដឹកនាំ កាច់ចង្កូតនយោបាយកម្ពុជា និងឲ្យប្រទេស ធ្លាក់ផ្លូវ ហើយនិងបត់បែនតាមចិត្តចង់ វាក៏ជាកំហុសរបស់យើងទាំងអស់គ្នាដែរ ពីព្រោះយើងមិនជួយចូលរួមតម្រង់ការដឹកនាំរបស់ពួកគាត់ជាប្រចាំ និងតាមគ្រប់មធ្យោបាយ។
បរបរ នំបញ្ចុក និងគុយទាវ ក្នុងផ្សារ តែងតែឆ្ងាញ់ជាងតាមហាងធំៗនានា ក៏ដោយសារតែមីងៗ លក់ក្នុងផ្សារ តែងតែផ្តល់យោបល់ និងរិះគន់ស្ថាបនាជាប្រចាំ។ ផ្ទុយទៅវិញ ក្នុងហាងធំៗ ទោះឆ្ងាញ់ និងមិនឆ្ងាញ់ក្តី យើងមិនដែលហ៊ានរិះគន់ទេ និងមិនដឹងរិះគន់នរណា។
មធ្យោបាយតែមួយគត់ គឺចូលរួមយ៉ាងសកម្មទាំងអស់គ្នា គ្រប់ទិដ្ឋភាពសង្គម និងនយោបាយ។
ទស្សនៈលោកបណ្ឌិតចំពោះបូរណភាពទឹកដី
រដ្ឋធម្មនុញ្ញ មាត្រា ២.- «បូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា មិនអាចរំលោភបានដាច់ខាតក្នុងព្រំដែនរបស់ខ្លួនដែលមានកំណត់ ក្នុងផែនទី ខ្នាត ១/១០០.០០០ ធ្វើនៅចន្លោះឆ្នាំ ១៩៣៣-១៩៥៣ ហើយដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ នៅចន្លោះឆ្នាំ ១៩៦៣-១៩៦៩»។
លោកបណ្ឌិត កែមឡី ផ្តល់ទស្សនៈថា «បើករណីមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ មាត្រា២ មែននោះ អ្វីដែលនឹងបាត់បង់គឺ៖
១. បាត់បង់ទាំងស្រុង នូវសិទ្ឋិក្នុងតាវ៉ាទៅថ្ងៃអនាគត {ផ្អែកលើច្បាប់អន្តរជាតិ}។
២. ផ្តល់ភាពស្របច្បាប់ពេញលេញ ដល់ការបោះបង្គោលព្រំដែនកន្លងមក។
៣. កោះត្រល់ និងដែនដីខ្មែរ ដែលបានរំលោភដោយវៀតណាម ត្រូវបាត់ជាស្ថាពរ។
៤. អាចបាត់បង់បន្តទៀត ព្រោះនៅឆ្នាំ ១៩៨៥ មិនមានបច្ចេកវិជ្ជាទំនើប ក្នុងការកំណត់ព្រំដែន និងផែនទី មុនយល់ព្រមចុះសន្ឋិសញ្ញាបំពេញបន្ថែម។
៥. អនាគតគណបក្សប្រឆាំង {គណបក្សសង្គ្រោះជាតិ} មានវាសនាអាក្រក់បំផុត ដែលធ្វើឲ្យបាត់បង់តល្យភាពអំណាច ក្នុងសភាជាតិទាំងស្រុង។
ដំណោះស្រាយ
១. សិក្សាស្រាវជ្រាវពីបញ្ហាព្រំដែន ឲ្យបានហ្មត់ចត់។
២. រៀបចំមេធាវីល្បីៗ និងគណៈកម្មការព្រំដែនជាតិចម្រុះ {ឯករាជ្យ}។
៣. ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ នៅទីក្រុងឡេអេ {ប្រទេសហូឡង់ដ៍}។ លទ្ឋផលរំពឹងទុកនៃការប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ គឺទទួលបានភាពយុត្តិធម៌ខ្ពស់ និងផ្តល់ភាពសុខសាន្ត (គ្មានទំនាស់ព្រំដែន) ដល់មនុស្សជំនាន់ក្រោយ។
ជារួមទស្សនៈរបស់បណ្ឌិត កែម ឡី ស្របគ្នាទាំងស្រុងជាមួយក្រុមអ្នកជំនាញព្រំដែនឯករាជ្យ និងក្រុមសកម្មជនព្រំដែន ដែលបានចងក្រងឯកសារព្រំដែន និងចាប់ផ្តើមរៀបចំបណ្តាញក្រុមការងារឡើងវីញ តាំងពីឆ្នាំ ១៩៩៩ មកដល់បច្ចុប្បន្ន។
នៅប្រទេសបារាំង មានគណៈកម្មាធិការព្រំដែនកម្ពុជា ដែលមានលោក ស៊ាន ប៉េងសែ អ្នកជំនាញផែនទីខ្មែរ ដឹកនាំគណៈកម្មាធិការនេះ ពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០១៨ ហើយបន្ទាប់មកលោកបណ្ឌិតច្បាប់ ឌី ការេត ដឹកនាំបន្តរហូតបច្ចុប្បន្ន។
គណៈកម្មាធិការព្រំដែនកម្ពុជានេះ ធ្វើការងារយ៉ាងប្រទាក់ក្រឡាជាមួយ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលសព្វថ្ងៃមានមូលដ្ឋាននៅប្រទេសន័រវេស៍។ ក្រុមប្រឹក្សានេះ បានបង្កើតឡើងតាំងពីថ្ងៃទី ១៦ កញ្ញា ឆ្នាំ២០០២ នៅទីក្រុងភ្នំពេញ ដោយបន្តបេសកកម្មការងាររបស់់ ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ដែលបង្កើតឡើង ថ្ងៃទី ០២ កញ្ញា ១៩៩៨។
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដឹកនាំដោយលោក ម៉ែន ណាត តាំងពីឆ្នាំ២០០៦ មកដល់សព្វថ្ងៃ។ នៅកម្ពុជា មានលោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា ជាតំណាងក្រុមប្រឹក្សានេះ។ ក្រុមប្រឹក្សានេះ ពីឆ្នាំ២០០២ ដល់ឆ្នាំ២០០៥ មានអង្គការសមាគម និងសហជីព ៥ ជាសមាជិក ហើយតម្រូវឲ្យមានលេខាធិការដ្ឋានមួយ សម្រាប់សម្របសម្រួលការងារទូទៅ ដែលកាលនោះមានលោក មែ៉ន ណាត ជាអ្នកសម្របសម្រួល និងជាប្រធានសមាគមមន្រ្តីរាជការកម្ពុជាផង។
ដោយឡែក លោក អ៊ុំ សំអាន អតីតប្រធានចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៤ និងជាតំណាងរាស្ត្របក្សប្រឆាំង ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៨ គឺជាមនុស្សយ៉ាងសំខាន់ ជាសកម្មជនព្រំដែន និងជាអ្នកស្រាជ្រាវផែនទីព្រំដែន សព្វថ្ងៃរស់នៅសហរដ្ឋអាមេរិក បន្ទាប់ពីរដ្ឋាភិបាល លោក ហ៊ុន សែន ចាប់ដាក់ពន្ធនាគារ ក្នុងរឿងព្រំដែននេះ ពីខែមេសា ឆ្នាំ២០១៦ ដល់ខែសីហា ឆ្នាំ២០១៨។
(បញ្ចូលអត្ថបទដោយ CWCI Cambodia)





.