ក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា បានបង្ហាញពីក្តីព្រួយបារម្ភរបស់ខ្លួន តាមរយៈលិខិតមួយ ស្តីអំពីគ្រោះមហន្តរាយទឹកជំនន់ ដែលនឹងអាចមានឡើង ដោយសារតែការចាក់ដីលុបបឹងបួរ ស្ទឹង អូរ និងការសង់សំណង់នានា បិទផ្លូវទឹក។ នេះបើតាមលិខិតរបស់ក្រសួងនេះ ចុះថ្ងៃទី ០៨ ខែឧសភា ឆ្នាំ ២០២០ ដែលចុះហត្ថលេខាដោយរដ្ឋមន្រ្តី លោក លឹម គានហោ ក្នុងបំណងជំរុញឲ្យអភិបាលរាជធានីភ្នំពេញ និងអភិបាលខេត្តទាំងអស់ នៅទូទាំងប្រទេស ជួយទប់ស្កាត់ការរំលោភចាក់លុបដីចំណីមាត់ច្រាំងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ អាងទឹក និងបឹងបួរ។
មានសំណួរជាច្រើនពីអ្នកសិក្សាស្រាវជ្រាវ និងក្រុមសកម្មជនបរិស្ថាន បានលើកឡើងថា ក្រសួងធនធានទឹក ពុំគួរបង្ហាញសេចក្តីព្រួយបារម្ភណាមួយ ដូចការលើកឡើងរបស់ពលរដ្ឋធម្មតាទេ។ ក្រសួងនេះ និងក្រសួងពាក់ព័ន្ធ គប្បីត្រូវដាក់ចេញនូវបទបញ្ជា និងវិធានការច្បាស់លាស់ ដើម្បីហាមប្រាម ទប់ស្កាត់រាល់សកម្មភាព ចាក់ដីលុបបឹង ស្ទឹង ទន្លេ បឹងបួរ និងសមុទ្រនានា បើទោះជាសកម្មភាពដោយស្របច្បាប់ ឬមិនស្របច្បាប់ក៏ដោយ។
ក្រសួងធនធានទឹក និងស្ថាប័នរដ្ឋាភិបាល ត្រូវពិនិត្យឡើងវិញនូវឯកសារ ឬការផ្តល់អាជ្ញាប័ណ្ណខុសប្រក្រតី ដែលបង្កផលប៉ះពាល់នានា ដល់ការបម្រែបម្រួលអាកាសធាតុ និងបរិស្ថានផង។
កាលពីចុងខែធ្នូ ឆ្នាំ២០១៩ របាយការណ៍ពីសមាគមធាងត្នោត បានបង្ហាញថា បឹងចំនួន ២៦ នៅរាជធានីភ្នំពេញ ត្រូវបានចាក់ដីលុប ដោយក្នុងនោះ បឹង ១៦ ត្រូវបានលុបទាំងស្រុង និងបឹង ១០ ទៀត ត្រូវបានលុប នៅផ្នែកខ្លះ។
ផ្ទៃបឹងតាមោក ឬបឹងកប់ស្រូវ ចំនួន ៣៤ ហិកតា ក្នុងចំណោមទំហំសរុបជាង ៣០០០ ហិកតា (៣ ២៣៩,៧ ហិកតា) ត្រូវបានរដ្ឋាភិបាល អនុញ្ញាតដោះដូរទៅឲ្យក្រុមហ៊ុនឯកជន ដើម្បីដាក់ដីលុបបំពេញ។ នេះបើតាមលិខិតរបស់គណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី ២៧ ខែមេសា ផ្ញើជូនទៅរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច រដ្ឋមន្រ្តីក្រសួងដែនដី រដ្ឋមន្រ្តីធនធានទឹក និងអភិបាលរាជធានីភ្នំពេញ ដោយមានចំណារឯកភាពពីនាយករដ្ឋមន្រ្តី ហ៊ុន សែន ផង។
នៅខេត្តព្រះសីហនុ ក៏ជាប់ឈ្មោះក្នុងបញ្ជីបង្កហានីភ័យ ជុំវិញការចាក់ដីលុបបឹងធម្មជាតិមួយចំនួន ជាពិសេសគឺ «បឹងព្រែកទប់» ជាបឹងធំជាងគេក្នុងខេត្តនេះ និងការចាក់ដីលុបដៃសមុទ្រផង ដើម្បីសាងសង់លំនៅឋាន និងអាគារពាណិជ្ជកម្មផ្សេងៗកន្លងមក។
លោក ឯម ភាព នាយករដ្ឋបាលខេត្តព្រះសីហនុ ត្រូវបានវិទ្យុវីអាមេរិក អូអេ (VOA) ដកស្រង់សំដីថា «សាលាខេត្ត បានទទួលលិខិតរបស់រដ្ឋមន្រ្តីក្រសួងធនធានទឹក ប៉ុន្តែចំពោះវិធានការនោះ គឺអាស្រ័យលើការសម្រេចចិត្តរបស់អភិបាលខេត្ត»។ លោក បញ្ជាក់ថា «ខ្ញុំអត់ទាន់ដឹង។ អាហ្នឹងគឺទាល់តែឯកសារ ចូលដល់អភិបាលខេត្តសិន ព្រោះលិខិតនេះ គ្រាន់តែបានទទួល យើងបញ្ជូនទៅអភិបាលខេត្ត»។
លោក សឿង សារ៉ន នាយកប្រតិបត្តិនៃអង្គការសមាគមធាងត្នោត ដែលធ្លាប់ចេញផ្សាយរបាយការណ៍នៃការលុបបឹង នៅភ្នំពេញ បានថ្លែងប្រាប់វិទ្យុ VOA ដែរថា «រដ្ឋាភិបាល ទំនងជាដឹងការកើនឡើង នៃសកម្មភាពចាក់ដីលុបទីតាំង ដែលអាចស្តុកទឹកភ្លៀង ឬផ្លូវទឹកនានា ដើម្បីបញ្ចៀសការជន់់លិច ទើបមានលិខិតពីក្រសួងធនធានទឹកបែបនេះ»។
សមាគមធាងត្នោត បានរំលឹកក្នុងរបាយការណ៍របស់ខ្លួនថា មូលហេតុនៃការលុបបឹងបួរនោះគឺ «បណ្ដាលមកពីការសាងសង់បុរី តំបន់លំនៅឋាន និងទីក្រុងរណប» នៅជុំវិញរាជធានីភ្នំពេញ។ របាយការណ៍ដដែល បានសរសេរថា បឹងទំពុន១ បឹងទំពុន២ និងបឹងជើងឯក ត្រូវបានលុបដោយផ្នែកខ្លះ និងកំពុងលុបផងដែរ។ ចំណែកបឹងតាមោក ឬបឹងកប់ស្រូវ ក៏ត្រូវបានចាក់ដីលុបខ្លះៗដែរ ហើយមិនមានផែនការច្បាស់លាស់នោះទេ៕
អត្ថបទដោយលោក ម៉ែន ណាត /១៣ ឧសភា ២០២០
.