The Cambodia Daily
20-9-2023

អ្នក​ផ្តល់​ប្រឹក្សា​ផ្នែក​អភិវឌ្ឍន៍​​ផ្នត់​គំនិត និង​ការ​ស្រាវជ្រាវ​លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ ​ថ្ងៃទី​២០ កញ្ញា នេះ​ថា ប្រសិនបើ​ក្រសួង​កសិកម្ម​​ ផ្សព្វផ្សាយ​ការ​នាំចេញ​បង្កង​ប៉ាក​នេះ​ក្នុង​ន័យ​ថា ទទួល​បាន​ជោគជ័យ ​ក្នុង​ការ​ពិសោធ​នាំចេញ​វារី​រស់ នោះ​គឺជា​ខ្លឹមសារ​សមរម្យ​ជាង ព្រោះ​ថា​ បង្កង​ប៉ាក​ជាង ៤០​គីឡូ​ក្រាម កុំ​ថា​ឡើយ​នាំចេញ​ទៅ​ចិន សូម្បី​លក់​នៅ​ក្នុង​ប្រទេស​ខ្លួនឯង​ ក៏​លក់​បាន​ដែរ មិន​ចាំបាច់​នាំ​ទៅ​ដល់​ចិន​នោះ​ទេ។

លោក សេក សុជាតិ លើកឡើង​ថា រាល់​ការ​នាំចេញ​គឺ​តែង​រំពឹង​ផល​ចំណេញ ដូច្នេះ​បើ​កម្ពុជា​ មាន​មោទនភាព​នឹង​ទទួល​បាន​ផល​ចំណេញ​របស់​ខ្លួន​ ចំពោះ​ការ​នាំ​បង្កង​ប៉ាក​ជាង ៤០​គីឡូក្រាម​នេះ កម្ពុជា​ក៏​គួរតែ​ចេះ​ស្តាយ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប និង​ប្រព័ន្ធ​អនុគ្រោះ GSP របស់​អាមេរិក ដែល​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ ១០០ ​​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ ​ដែល​កំពុង​ប្រឈមមុខ​នឹង​ការ​បាត់បង់​ទាំងស្រុង​ នៅ​ពេល​ខាងមុខ​នេះ។

អ្នក​ផ្តល់​ប្រឹក្សា​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត​រូប​នេះ​ បញ្ជាក់​ថា ការ​នាំ​បង្កង​ចេញ​ត្រឹមតែ​ជាង ៤០​គីឡូក្រាម ក្រសួង​កសិកម្ម​ ហាក់​សម្ដែង​នូវ​មោទនភាព​យ៉ាង​ខ្លាំង ប៉ុន្តែ​ក្រសួង​ក៏​គួរ​មើល​ការ​នាំចូល​ពី​ចិន​ មក​កម្ពុជា​ដែរ​ថា ពួកគេ​ទទួល​បាន​ចំណូល​ប៉ុន្មាន ក្នុង​នោះ​ត្រឹមតែ​រយៈពេល ៧​ខែ​ដើម​ឆ្នាំ​២០២៣ នេះ គេ​អាច​រក​ចំណូល​បាន​ពី​កម្ពុជា​ ដល់​ទៅ ៦ ​ពាន់​លាន​ដុល្លារ​អាមេរិក​ឯណោះ ខណៈ​កម្ពុជា​ខ្លួនឯង​ រក​ចំណូល​បាន​ពី​ការ​នាំចេញ​ទៅ​ចិន បាន​ត្រឹម ៨០០​លាន​ដុល្លារ​អាមេរិក ​នោះ។

កាលពី​ថ្ងៃទី​១៧ ខែ​កញ្ញា ឆ្នាំ​២០២៣ អ្នក​នាំពាក្យ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ អ្នកស្រី អ៊ឹម រចនា បាន​អះអាង​ក្នុង​កម្មវិធី​ផ្សព្វផ្សាយ ​អំពី​សហគ្រាស​ជលផល​គម្រោង CAPFish ថា កម្ពុជា​បាន​នាំ​បង្កង​កណ្តូប ឬ​បង្កង​ប៉ាក​ទាំង​រស់​ចំនួន ៤៥​គីឡូក្រាម​ ទៅ​កាន់​ប្រទេស​ចិន តាម​ជើងហោះហើរ​លើកដំបូង​ ជា​វារី​រស់​កាលពី​ពេល​ថ្មីៗ​នេះ។

អ្នកស្រី អ៊ឹម រចនា អះអាង​ថា ក្រសួង​កសិកម្ម​ កំពុង​ធ្វើការ​ថ្លឹងថ្លែង​ថា តើ​កម្ពុជា​ត្រូវ​នាំ​បង្កង​កណ្តូប ​ចេញ​កម្រិត​ដូចម្តេច​ឱ្យ​រក្សា​បាន​នូវ​តុល្យភាព ដើម្បី​នាំ​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​បន្ត​ទៀត ព្រោះ​ថា​ បង្កង​កណ្តូប​ដែល​រស់​តាម​ធម្មជាតិ​មាន​ចំនួន​តិចតួច​នៅឡើយ ស្រប​ពេល​ដែល​បង្កង​កណ្តូប​នេះ ​កំពុង​មាន​ទីផ្សារ​ល្អ​លើ​ទីផ្សារ​ចិន ដែល​មាន​ន័យ​ថា ទោះ​មាន​ច្រើន​ប៉ុនណា ក៏​ខាង​ទីផ្សារ​ចិន​ទទួល​យក​ដែរ។

កាលពី​អំឡុង​ខែ​កក្កដា ឆ្នាំ​២០២២ រដ្ឋាភិបាល​កម្ពុជា​បាន​លើក​សំណើ​ទៅ​កាន់​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​នៃ​សាធារណរដ្ឋ​​ប្រជាមានិត​ចិន លោក វ៉ាង យី (Wang Yi) ជំរុញ​ឲ្យ​វិនិយោគិន​ចិន​ ទៅ​បណ្ដាក់​ទុន​នៅ​កម្ពុជា​ក្នុង​វិស័យ​អាទិភាព​មួយ​ចំនួន ដូចជា វិស័យ​ចិញ្ចឹម​សត្វ វារីវប្បកម្ម កៅស៊ូ សម្រាប់​នាំចេញ​ទៅ​ប្រទេស​ចិន។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​អំឡុង​ខែ​ឧសភា ឆ្នាំ​២០២៣ ផលិតផល​ជលផល​ធម្មជាតិ​របស់​កម្ពុជា​ ចំនួន ១១​ប្រភេទ ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​នាំចេញ​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន រួម​មាន កំពឹស​ទឹកសាប ត្រី​ប្រាធំ ត្រី​ប្រាខ្ចៅ ខ្យង​ទឹកសាប អន្ទង់​ទឹកសាប បង្កង​កណ្តូប ឬ​បង្កង​ប៉ាក បង្គា​ខ្លឹង និង​បង្គាស ជាដើម ក្រោម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នានា ​រវាង​កម្ពុជា-ចិន​ នា​ពេល​កន្លងមក។

កាលពី​ថ្ងៃទី​១០ ខែ​សីហា ឆ្នាំ​២០២៣ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​ចេញ​ផ្សាយ​របាយការណ៍​របស់​ខ្លួន​ថា ក្នុង​រយៈពេល ៧​ខែ ឆ្នាំ​២០២៣ នេះ ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​កម្ពុជា​ជាមួយ​ប្រទេស​ដៃគូ​ បាន​ធ្លាក់​ចុះ​ជាង ១៥% (១៥,៦% ) ឬ​គិត​ជា​ទឹកប្រាក់​មាន​ចំនួន​ជាង ៣២​ ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​នោះ​ទំហំ​នាំចេញ​សរុប​របស់​កម្ពុជា​មាន​ចំនួន​ជាង ១៣ ​ពាន់​លាន​ដុល្លារ ថយ​ចុះ ១,៨% រីឯ​ទំហំ​នៃ​ការ​នាំចូល​សរុប​វិញ ​មាន​ទឹកប្រាក់​ជិត ២០​ពាន់​លាន​ដុល្លារ​អាមេរិក ក៏​បាន​ធ្លាក់​ចុះ ២៥,៦% ដែរ។

អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បញ្ជាក់​ថា ទោះបី​ទំហំ​ពាណិជ្ជកម្ម​ ជាមួយ​បណ្តា​ប្រទេស​ដៃគូ​សំខាន់ៗ​មួយ​ចំនួន​ ថយ​ចុះ​មែន ប៉ុន្តែ​ពាណិជ្ជកម្ម​រវាង​កម្ពុជា-ចិន នៅតែ​ជា​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​សំខាន់​ដដែល ត្បិត​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា-ចិន​បន្ត​កើន​ឡើង ១,៨% ឬ​ស្មើ​នឹង​ទឹកប្រាក់​ប្រមាណ​ជាង ៧ ​ពាន់​លាន​ដុល្លារ​អាមេរិក។ ជាក់ស្តែង កម្ពុជា​បាន​នាំ​ទំនិញ​ទៅ​ចិន អាច​រក​ចំណូល​បាន​ជាង ៨០០ ​លាន​ដុល្លារ​អាមេរិក ខណៈ​ចិន​នាំចូល​ទំនិញ​ទៅ​កម្ពុជា​វិញ ​រក​បាន​ចំណូល​ជាង ៦ ពាន់​លាន​ដុល្លារ​អាមេរិក។

កាលពី​ចុង​ឆ្នាំ​២០២០ ចិន​និង​កម្ពុជា គ្រោង​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ ឱ្យ​បាន​ដល់ ១០ ​ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ​២០២៣ នេះ ខណៈ​ឆ្នាំ​២០១៩ កម្ពុជា​បាន​នាំចេញ​ទំនិញ​ទៅ​កាន់​ប្រទេស​ចិន គិត​ជា​ទឹកប្រាក់​មាន​ចំនួន​ជិត ១​ ពាន់​លាន​ដុល្លារ​អាមេរិក ប៉ុន្តែ​ការ​នាំចូល​ពី​ចិន មាន​ទំហំ​ទឹកប្រាក់​ជិត ៧​ ពាន់​លាន​ដុល្លារ​ ឯណោះ។ បញ្ហា​នេះ ត្រូវ​គេ​រិះគន់​ថា ចិន​កំពុង​កេង​ចំណេញ​ក្នុង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ ជាមួយ​នឹង​កម្ពុជា​ សព្វថ្ងៃ​នេះ៕

បណ្ឌិត សេក សុជាតិ
បណ្ឌិត សេក សុជាតិ