វិទ្យុអាស៊ីសេរី RFA /ដោយ យ៉ង ចាន់តារា
0-9-2023
អ្នកឃ្លាំមើលថា ការណ៍ដែលលោក ហ៊ុន ម៉ាណែត ខំអួតអាងប្រាប់កម្មករ អំពីការចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសឥណ្ឌូណេស៊ីនោះ គ្រាន់តែជាការស្វែងរកមុខមាត់ និងកិត្តិយសខ្លួនឯង ប៉ុន្តែលោក មិនបានដោះស្រាយបញ្ហា ឬនាំយកលទ្ធផលជាដុំកំភួន សម្រាប់ប្រជាជាតិនោះឡើយ។ អ្នកឃ្លាំមើលថា លោក ហ៊ុន ម៉ាណែត គួរតែស្ដារប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឡើងវិញ ទើបកម្ពុជាទទួលបានផលប្រយោជន៍សេដ្ឋកិច្ចពីសហគមន៍អន្តរជាតិពិតប្រាកដ។
បន្ទាប់ពីវិលត្រឡប់ពីការចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសឥណ្ឌូណេស៊ី លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអួតអាងប្រាប់ពលរដ្ឋថា លោកទទួលបានជោគជ័យក្នុងបេសសកម្មមួយនេះ ប៉ុន្តែអ្នកឃ្លាំមើលស្ថានការណ៍កម្ពុជា ចាត់ទុកថា នេះជាជោគជ័យសម្រាប់ខ្លួនលោក មិនមែនសម្រាប់ប្រទេសកម្ពុជានោះឡើយ។
នៅក្នុងឱកាសចុះជួបកម្មករ នៅខេត្តកំពង់ស្ពឺ នៅថ្ងៃទី០៩ កញ្ញា លោក ហ៊ុន ម៉ាណែត ថ្លែងថា ការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ជាមួយប្រទេសក្នុងតំបន់ និងប្រទេសមហាអំណាច នៅលើពិភពលោក មិនមែនទៅដើម្បីសម្ញែងនោះទេ តែជាបេសកកម្មដើម្បីប្រយោជន៍ជាតិ។ លោកចាត់ទុកការងារធំបី ដែលលោកថា ធ្វើដើម្បីជាតិ រួមមាន ការចូលរួមក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល និងជានាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា ការជួបប្រជុំទ្វេភាគី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត និងការងារសេដ្ឋកិច្ច ដើម្បីជំរុញការធ្វើពាណិជ្ជកម្ម និងការទាក់ទាញវិនិយោគមកកម្ពុជា ដោយក្នុងនោះ មានការជំរុញការនាំចេញអង្ករ ទៅប្រទេសឥណ្ឌូណេស៊ី កិច្ចសហប្រតិបត្តិការវិស័យកសិកម្ម និងសហគ្រាសធន់តូច និងមធ្យមជាមួយហ្វីលីពីន (Philippines) និងជំរុញឲ្យប្រទេសកូរ៉េខាងត្បូង ទទួលយកពលករខ្មែរ កាន់តែច្រើន។
លោក ហ៊ុន ម៉ាណែត៖ «វិស័យសម្រាប់កសិផលចិន ជប៉ុន កូរ៉េ ក្រៅពីហ្វីលីពីន ហើយហ្វីលីពីន នេះ ឥឡូវដូចជាកំពុងចរចារឿងអង្ករ ២០ម៉ឺនតោន ហើយយើងចង់បង្កើនទៅដល់ ៥០ម៉ឺនតោន ហើយផលិតផលផ្សេងៗទៀត ស៊ីងហ្គាពួរ គាត់ចាប់អារម្មណ៍រឿងបន្លែយើង សាច់គោ សាច់ជ្រូក សាច់មាន់ យើងអាចបើកទីផ្សារហ្នឹងទៀត ទាក់ម៉ូយ។ ការងារខ្ញុំធ្វើបី ក្នុងពេលជាមួយគ្នា»។
លើសពីនេះ លោក ហ៊ុន ម៉ាណែត អះអាងថា ពេលប្រជុំនៅឥណ្ឌូណេស៊ីនោះ លោកមមាញឹកខ្លាំង រហូតដាច់បាយ និងស្រកទម្ងន់អស់មួយគីឡូថែមទៀត។
ផ្ទុយពីការអួតអាងនេះ អ្នកឃ្លាំមើលយល់ថា ប្រសិនបើ លោក ហ៊ុន ម៉ាណែត ចង់ជួយពង្រីកសេដ្ឋកិច្ចជាតិ និងទាក់ទាញអ្នកវិនិយោគមែននោះ លោកមិនបាច់ខំប្រឹងទាក់ទងជាមួយប្រទេសតូចតាច រហូតដាច់បាយដាច់ទឹកនោះទេ ប៉ុន្តែលោកគ្រាន់តែកែទម្រង់ប្រព័ន្ធយុត្តិធម៌ឲ្យបានល្អ ស្តារប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឡើងវិញ នោះកម្ពុជានឹងទទួលបានផលប្រយោជន៍សេដ្ឋកិច្ចធំធេង ពីប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន ដូចជាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ជាដើម។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា នៅប្រទេសន័រវែស (Norway) លោក ម៉ែន ណាត លើកឡើងថា នយោបាយទាក់ម៉ូយរបស់លោក ហ៊ុន ម៉ាណែត គ្មានផលចំណេញដល់កម្ពុជានោះទេ ព្រោះទីផ្សារសំខាន់ៗរបស់កម្ពុជា សម្រាប់នាំចេញទំនិញនោះ គឺសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ខណៈដែលប្រទេសភាគច្រើនក្នុងតំបន់អាស៊ាន ក៏ពឹងផ្អែកលើទីផ្សារប្រទេសលោកសេរី នេះផងដែរ។
លោក ម៉ែន ណាត បន្ថែមថា ការចរចាសុំទីផ្សារនៅតាមប្រទេសក្នុងតំបន់របស់លោក ហ៊ុន ម៉ាណែត នេះ គឺគ្រាន់តែជាការនិយាយឱ្យពលរដ្ឋរំភើបមួយគ្រាប៉ុណ្ណោះ ស្របពេលដែលវិស័យវាយនភណ្ឌនៅកម្ពុជា កំពុងជួបវិបត្តិ កម្មករបាត់បង់ការងារ រីឯផលិតផលកសិកម្មគ្មានទីផ្សារ និងតម្លៃចុះថោក។
លោក ម៉ែន ណាត៖ «អ្វីដែល ហ៊ុន ម៉ាណែត និយាយអួតក្អេងក្អាង បន្ទាប់ពីត្រឡប់មកពីប្រជុំនៅឥណ្ឌូណេស៊ី វិញហ្នឹង គ្មានអ្វីខុសពី ហ៊ុន សែន ធ្លាប់អួតទេ។ គឺថាជោគជ័យមហិមា គឺភាសាបោកសុទ្ធ។ បោកប្រាស់ប្រជាពលរដ្ឋថា ទំនាក់ទំនងការទូតល្អណាស់ ធ្វើឱ្យពិភពលោកគេស្គាល់នាយករដ្ឋមន្ត្រីថ្មី»។
ក្រៅពីនេះ អ្នកឃ្លាំមើលស្ថានការណ៍កម្ពុជាលើកឡើងថា លោក ហ៊ុន ម៉ាណែត បានប្រើប្រាស់កិច្ចប្រជុំអាស៊ាន ដើម្បីស្វែងរកការគាំទ្រ និងការទទួលស្គាល់ភាពស្របច្បាប់ ពីមេដឹកនាំប្រទេសដែលមកចូលរួម ដោយយកការចរចាទីផ្សារសេដ្ឋកិច្ច និងកសិកម្ម មកកុហកពលរដ្ឋ៕
