RFA Khmer / ដោយ មួង ណារ៉េត
22-4-2022

អាណាព្យាបាល​សិស្ស​ថា អភិបាល​ខេត្ត​កំពត​ លោក ម៉ៅ ធនិន កំពុង​ចង់​លាង​ខួរក្បាល​ក្មេង​ជំនាន់​ក្រោយ ឲ្យ​លុង​ជឿ​រឿង​ប្រវត្តិសាស្ត្រ​ទឹកដី និង​នយោបាយ​បែប​ប្រជាភិថុតិ ដើម្បី​កេង​ចំណេញ​នយោបាយ ដោយ​យក​សាលា​រដ្ឋ​ធ្វើជា​ឧបករណ៍​ឃោសនា។

អាណាព្យាបាល​សិស្ស​នៅ​ខេត្ត​កំពត ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ព្រោះ​​ព្រួយ​បារម្ភ​​អំពី​​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​អាជ្ញាធរ ប្រាប់​វិទ្យុ​អាស៊ីសេរី កាលពី​ថ្ងៃទី​២១ ខែ​មេសា ថា​ពួកគាត់​មិន​គាំទ្រ​ចំពោះ​ការ​យក​រូប​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅ​ដាក់​តាំង​តាម​សាលា​រដ្ឋ​នៅក្នុង​ខេត្ត​នេះ​នោះ​ទេ ព្រោះ​សាលា​សាធារណៈ​ទាំងនោះ មាន​ព្រះ​ឆាយាល័ក្ខណ៍​របស់​ព្រះមហាក្សត្រ និង​សម្តេច​ម៉ែ​រួច​ទៅ​ហើយ។

ពួកគាត់​ចាត់ទុក​ការ​ដាក់​តាំង​រូប​ព្រះមហាក្សត្រ និង​សម្តេច​ម៉ែ​តាម​សាលា​រដ្ឋ​ក្នុង​ខេត្ត​នេះ និង​នៅ​ខេត្ត​ដទៃ​ទៀត គឺជា​ការ​សមរម្យ និង​គ្រប់គ្រាន់​ណាស់​ទៅ​ហើយ ព្រោះ​ព្រះអង្គ​ទាំងពីរ​នេះ គឺជា​និមិត្តរូប​នៃ​កម្ពុជា ដូច​មាន​ចែង​ក្នុង​បាវចនា ដែល​ដាក់​ថា ជាតិ សាសនា ព្រះមហាក្សត្រ

ពួកគាត់​បន្ថែម​ថា ចេតនា​ណាមួយ ដែល​ចង់​យក​រូប​បុគ្គល​ផ្សេង ទៅ​ដាក់​តាំង​នៅ​តាម​អគារ​សាធារណៈ​នេះ គឺ​គ្មានអ្វី​ក្រៅពី​ការ​ចង់​កេង​ចំណេញ​នយោបាយ និង​លាង​ខួរក្បាល​ក្មេង​ជំនាន់​ក្រោយ​តែ​ប៉ុណ្ណោះ៖ «គាត់​មានគំនិត​បំណង​មួយ​ធ្វើ​ដើម្បី​ឲ្យ​ទាក់ទាញ​ដល់​សិស្សានុសិស្ស​មួយចំនួន ដែល​ចូល​ដល់​វ័យ​គ្រប់​អាយុ​ការ ឬ​មិនទាន់​គ្រប់​អាយុ​ក្តី ដើម្បី​ឲ្យ​ឪពុក​ម្តាយ​អ៊ីចឹង​ទៅ យល់​ថា គាត់​មាន​គុណ​បំណាច់​ធំធេង»

ប្រតិកម្ម​នេះ ធ្វើ​ឡើង​ជា​កើយ​ឆ្លើយតប​ទៅ​នឹង​សារ​របស់​អភិបាល​ខេត្ត​កំពត​ លោក ម៉ៅ ធនិន ដែល​ជា​ក្មួយ​ប្រសារ​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ពី​ចុង​ខែ​មីនា បញ្ជា​ឲ្យ​នាយក​សាលា​ទាំង​បឋម និង​មត្តេយ្យ ទិញ​រូបលោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដាក់​តាម​អគារ​សាលារៀន ដោយ​លោក​អះអាង​ថា ដើម្បី​ណែនាំ​ប្រាប់​កូនសិស្ស​ឲ្យ​បានដឹង​អំពី​រឿង​រំដោះ​ទឹកដី៖ «ទៅវិញ​ទិញ​រូប​សម្ដេច​យើង​សម្ដេច​តេជោ រ៉ាយរ៉ាប់​ប្រាប់​ថា ណែ​ទឹកដី​យើង ពី​មុន​មក​វា​ស្មើ​សូន្យ ក្រោម​សូន្យ យើង​បាន​ក្រោយ​រំដោះ​ឆ្នាំ​១៩៧៩ តែបើ​ប្អូន​មិនបាន​កើតមុន​ថ្ងៃ​៧៩ ទេ កើត​ក្រោយ​ឆ្នាំ​៧៩ លោក​យាយ​លោក​តា​ប្រាប់​មក​ថា​អ៊ីចឹង​។ ពីមុន​មក​អត់​មាន​ទេ ឥឡូវ​ហ្នឹង យើង​មាន​អ៊ីចឹង ដោយសារ អ្នក​ហ្នឹង ដោយសារ សម្ដេច​សំខាន់​ណាស់​!»

ការណ៍​ដែល​អភិបាល​ខេត្ត​បញ្ជា​ឲ្យ​នាយក​សាលា​ដាក់​តាំង​រូបលោក ហ៊ុន សែន ដែល​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នៅ​តាម​សាលា​រដ្ឋ​បែប​នេះ ក៏​រង​ការ​រិះគន់​ពី​មន្ត្រី​អប់រំ​យ៉ាង​ចាស់ដៃ​ដែរ។

ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​អ្នកស្រី អ៊ុក ឆាយ៉ាវី ថា គ្មាន​ច្បាប់​​ឬ​គោលការណ៍​ណាមួយ ដែល​តម្រូវ​ឲ្យ​ធ្វើ​ដូច្នេះ​បាន​នោះ​ឡើយ​។ អ្នកស្រី​ចាត់ទុក​សារ​របស់​លោក ម៉ៅ ធនិន ថា​ជា​ការ​យកមុខ ដើម្បី​ផ្គាប់ចិត្ត​លោក ហ៊ុន សែន បើ​ទោះ​បី​ជា​ទង្វើ​បែបនេះ​មិន​ត្រឹមត្រូវ​តាម​ច្បាប់ និង​ជា​ការ​ប្រមាថ​ដល់​អង្គ​ព្រះមហាក្សត្រ​ក៏​ដោយ​៖ «គាត់​ធ្វើ​យកមុខយកមាត់ ថា​គាត់​ជា​អ្នកដើរ​តាម​អីៗ​អ៊ីចឹង​ទៅ​! បើ​និយាយ​ពី​គោលការណ៍ ព្រះរាជា​ណាចក្រ​កម្ពុជា បាន​ន័យថា​យើង​នៅ​មាន​ស្តេច​។ បើសិនជា​យើង​អត់​ដាក់​រូប​ព្រះមហាក្សត្រ បាន​ន័យថា​ហាក់បីដូចជា​ប្រទេស​យើង​បាត់​ស្តេច​ហើយ មិន​អ៊ីចឹង?»

អ្នកឃ្លាំមើល​សង្គម​ឯណោះ លោក​បែរ​ជា​មិន​ភ្ញាក់​ផ្ញើ​ល​នឹង​សារ​របស់​លោក ម៉ៅ ធនិន ទៅវិញ ព្រោះ​លោក​ថា នោះ​អាច​ជា​ការ​ធ្វើ​តេស្ត​សាកល្បង ដើម្បី​ស្ទង់​មើល​ប្រតិកម្ម ពី​មហាជន​រឿង​យក​រូបលោក ហ៊ុន សែន ទៅ​ដាក់​តាំង​ក្នុង​សាលា​រដ្ឋ​នេះ។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ដែល​បច្ចុប្បន្ន​កំពុងរ​ស់​នៅ​ប្រទេស​ន័រវេ (Norway) ថា លោក ហ៊ុន សែន ចង់​បាន​តំណែង​ធំ​លើស​ស្តេច​នេះ​យូរ​ហើយ៖ «លោក ហ៊ុន សែន គំនិត​របស់​គាត់​ហ្នឹង គាត់​ចង់​ធ្វើ​ស្តេច​ក្នុង​សម័យ​ទំនើប​ហ្នឹង​ផង​! មែនទែន​នោះ​! ហើយ​អាច​បញ្ជា​ស្តេច​បាន​ទៀត​ផង​! ប៉ុន្តែ​លោក ហ៊ុន សែន គ្រាន់តែ​ជា​ធ្វើតេស្ត​សាកល្បង​ពី​មួយ​ជំហាន​ទៅ​មួយ​ជំហាន​នោះ​ទេ»

ចំពោះ​រឿង​ទឹកដី ដែល​លោក ម៉ៅ ធនិន ឲ្យ​គ្រូ​ប្រាប់​សិស្ស​ថាបើ​កុំ​តែ​បាន​លោក ហ៊ុន សែន ប្រទេស​យើង​នឹង​គ្មាន​ទឹកដី​នោះ អ្នកឃ្លាំមើល​បញ្ហា​ព្រំដែន​រូប​នេះ [លោក ម៉ែន ណាត] ​ក៏​ហួសចិត្ត និង​ចាត់ទុកថា​រឿង​នេះ គឺជា​ការ​កុហក​បោកប្រាស់ ឲ្យ​ក្មេង​ជំនាន់​ក្រោយ​យល់​ខុស​អំពី​ប្រវត្តិសាស្ត្រ៖ «និយាយ​អា​រឿង​ទឹកដី​កម្រិត​សូន្យ ហើយ​ឡើង​មក​ល្អ​ប្រសើរ​ដល់​សព្វថ្ងៃ​នេះ អាហ្នឹង​គឺជា​ការ​ពន្លើស​ប្រវត្តិសាស្ត្រ​។ ប្រវត្តិ​សស្ត្រ​អត់​អាច​អ៊ីចឹង​ឯណា​! មិនដឹង​ថា គាត់​យល់​ប្រវត្តិសាស្ត្រ​ខ្មែរ​បាន​កម្រិត​ណា​ទេ ប៉ុន្តែ ក្នុង​ន័យ​នេះ​អ្វីៗ គឺ​គាត់​ចង់​ឲ្យ​គេ​ស្គាល់​តែ ហ៊ុន សែន ម្នាក់ សូម្បីតែ​អតីត​ព្រះមហាក្សត្រ ក៏ត្រូវ​គាត់​ផាត់​ចោល​ដែរ ថា​គ្មាន​បាន​ជួយ​អ្វី​ច្រើនជាង ហ៊ុន សែន ទេ»

ក្រៅពី​បញ្ជា​ឲ្យ​នាយក​សាលា​យក​រូបថត​លោក ហ៊ុន សែន ទៅ​ដាក់​តាំង​តាម​សាលា​រដ្ឋ​នេះ លោក ម៉ៅ ធនិន ថែមទាំង​បង្គាប់​ឲ្យ​គ្រូ​ទាំងអស់​លើក​រូបថត​នោះ រួច​ឧស្សាហ៍​បង្រៀន​ប្រាប់​សិស្ស​ឲ្យ​ដឹងគុណ​លោក ហ៊ុន សែន រឿង​សាងសង់​សាលារៀន​ផង​ដែរ៖ «ថា សម្តេច តេជោ ជា​អ្នក​សាលា​រាប់​ម៉ឺន​ដំបូល​សាលា​ទូទាំង​ប្រទេស​។ យកពាក្យ​បង​ទៅ​គិត​។ នេះ​ហើយ​គឺជា​មនសិការ ដែល​យើង​ចូលរួម​ការ​កសាង​ការពារ​នូវ​សន្តិភាព»

តាំងពី​ក្រោយ​មាន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ ១៩៩១ ប្រទេស​ម្ចាស់​ជំនួយ​គ្រប់ទិសទី ផ្តល់​​ជំនួយឥតសំណង​ដល់​ប្រជាពលរដ្ឋ​ខ្មែរ គិត​ជា​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ ដើម្បី​កសាង​ប្រទេស​។ ជាមួយ​គ្នា​នេះ កម្ពុជា​បាន​ខ្ចី​លុយ​បរទេស​ជិត ១០​ ពាន់​លាន​ដុល្លារ ដើម្បី​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នានា នៅក្នុង​ប្រទេស​ឡើងវិញ ក្នុង​នោះ​ក៏​រួមមាន​ទាំង​សាលារៀន និង​គ្រឹះស្ថាន​អប់រំ​រដ្ឋ​ផង​។ អ្នក​ដែល​ត្រូវ​សងបំណុល​ទាំងនេះ គឺ​ប្រជាពលរដ្ឋ​ទូទៅ​។ ប៉ុន្តែ សាលា​រដ្ឋ​ជាច្រើន ដែល​សាងសង់​ដោយ​ជំនួយ និង​ប្រាក់កម្ចី​ទាំងនោះ បែរ​ជា​ដាក់​ឈ្មោះ​លោក ហ៊ុន សែន និង​មន្ត្រី​គណបក្ស​កាន់អំណាច តែងតែ​ជំរុញ​ឲ្យ​ពលរដ្ឋ​អរគុណ​លោក ហ៊ុន សែន ជាប់​មិន​ដាច់។

ទីប្រឹក្សា​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន ថា ការ​ចាប់​បង្ខំ​ឲ្យ​ប្រជាពលរដ្ឋ​ដឹង​គុណ​មន្ត្រី​សាធា​រណៈ ដែល​ជា​អ្នក​បម្រើ​រាស្ត្រ ស៊ីប្រាក់ខែ​រាស្ត្រ​បែបនេះ គឺជា​រឿង​មិន​ត្រឹមត្រូវ​ទាល់​តែ​សោះ​។ លោក​បន្ត​ថា នាយករដ្ឋមន្ត្រី ហ៊ុន សែន មាន​ករណីយកិច្ច និង​កាតព្វកិច្ច​ក្នុង​ការ​បម្រើ​រាស្ត្រ ដែល​មិន​ត្រូវ​ចាប់​បង្ខំ​ឲ្យ​រាស្ត្រ​ដឹងគុណ​នោះ​ទេ។

ជាង​នេះ​ទៅ​ទៀត លោក​ថា សាលារៀន​រដ្ឋ​ដែល​កម្ពុជា​ខ្ចីប្រាក់​បរទេស​ក្នុង​នាម​ប្រជាជន​ទាំងមូល ដើម្បី​យក​មក​កសាង គឺ​មិន​គួរ​ដាក់​ឈ្មោះ​បុគ្គល​នោះ​​ដែរ៖ «អ្នក​ដែល​សង​ត្រឡប់​ទៅវិញ​នោះ​មិនមែន​តែ​នាយករដ្ឋមន្ត្រី គាត់​អ្នក​សង​តែ​ម្នាក់​គាត់​ឯណា គឺ​កាតព្វកិច្ច​គ្រូបង្រៀន មន្ត្រីរាជការ ប្រជាពលរដ្ឋ ដែល​ជា​ម្ចាស់បំណុល ដែល​ជា​អ្នក​សង​ត្រឡប់​ទៅវិញ​។ ដូច្នេះ​វា​អត់​ថា មានគុណ​ស្រ័យ​អ្វី​នោះ​ទេ ហើយ​ភារកិច្ច​នាយករដ្ឋមន្ត្រី នៅក្នុង​អាណត្តិ​​លោក​ដឹកនាំ​ត្រូវតែ​កសាង​។ អ្នក​ឡើង​មក​បន្ទាប់មក​ទៀត នឹង​កសាង​បន្តបន្ទាប់​ទៅទៀត»

ជុំវិញ​ការ​បង្គាប់​បញ្ជា​ឲ្យ​នាយក​សាលា​ដាក់​តាំង​រូបលោក ហ៊ុន សែន នៅ​តាម​សាលា​រដ្ឋ​នេះ មន្ត្រី​ក្រសួង​អប់រំ ស្នើ​ឲ្យ​វិទ្យុ​អាស៊ីសេរី​សួរ​ផ្ទាល់​ទៅ​គណៈ​គ្រប់គ្រង​សាលា​រដ្ឋ​នៅ​ខេត្តកំពត។

អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក រស់ សុវាចា ប្រាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃទី​២១ ខែ​មេសា ថា ក្រសួង​បាន​ណែនាំ​អំពី​ការប្រើប្រាស់​រូបភាព នៅ​ក្នុង​ថ្នាក់​រៀន​នេះ​រួច​ហើយ៖ «ក្នុង​ការ​ទទួល​អំណោយ​សប្បុរសធម៌ ក៏​ដូច​រូបភាព​ទាក់ទង​នឹង​សប្បុរសជន​ដែល​មាន​ការ​ពាក់ព័ន្ធ ដូច​នេះ​នៅ​ក្នុង​ការសម្រេចចិត្ត​ប្រើប្រាស់​រូប​នានា គឺជា​ការទទួលខុសត្រូវ​ផ្ទាល់​របស់​គ្រឹះស្ថានសាធារណៈ និង​ឯកជន​នៅ​ទូទាំង​ប្រទេស»

ពេល​ដែល​វិទ្យុ​អាស៊ីសេរី សុំ​បញ្ជាក់​ពី​លោក រស់ សុវាចា ថា តើ​ក្រសួង​មាន​គោលការណ៍​ឲ្យ​ដាក់​តាំង​រូបលោក ហ៊ុន សែន តាម​សាលា​រដ្ឋ​ដែរ ឬ​យ៉ាងណា លោក​មិន​ឆ្លើយ​សំណួរ​នេះ​ទេ។ តែ​យ៉ាងណា បើ​តាម​សម្ដី​របស់​មន្ត្រី​ក្រសួង​អប់រំ​រូប​នេះ គ្មាន​ការ​ណែនាំ​ណាមួយ​របស់​ក្រសួង ដែល​បង្គាប់​ឲ្យ​សាលា​រដ្ឋ ត្រូវតែ​ដាក់​តាំង​រូបលោក ហ៊ុន សែន នោះ​ទេ។

វិទ្យុ​អាស៊ីសេរី មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​មន្ត្រី​អប់រំ​ខេត្ត​កំពត បាន​នៅឡើយ​ទេ​។ ប៉ុន្តែ ប្រធាន​មន្ទីរអប់រំ​យុវជន និង​កីឡា ខេត្ត​កំពត លោក តាក ហាប់ ប្រាប់​សារព័ត៌មាន​ក្នុងស្រុក (VOD) ថា ការណែនាំ​របស់​លោក ម៉ៅ ធនិន នេះ គឺ​មិន​ខុស​នោះ​ទេ។ ប៉ុន្តែ​លោក​ថា ការ​ដាក់​ឬ​មិន​ដាក់​រូប​លោក ហ៊ុន សែន តាម​សាលារៀន​រដ្ឋ គឺ​អាស្រ័យ​លើ​នាយក​សាលា​រដ្ឋ​នីមួយៗ​។ ជាមួយ​គ្នា​នេះ លោក​ថា មក​ដល់​ពេល​នេះ មិន​ទាន់​មាន​ការណែនាំ​ពី​ក្រសួង​អប់រំ ឲ្យ​ដាក់​តាំង​រូបលោក ហ៊ុន សែន នេះ​នៅ​ឡើយ។

ក្រៅពី​រឿង​នេះ អភិបាល​ខេត្ត​កំពត​រូប​នេះ ធ្លាប់​ធ្វើ​រឿង​ភ្ញាក់​ផ្អើល​មួយ​រឿង​ទៀត ដោយ​ធ្លាប់​បញ្ជា​ឱ្យ​ប្រធាន​មន្ទីរ​ព័ត៌មាន តម្រូវ​ឱ្យ​អ្នក​កាសែត​សុំ​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​ជា​មុន​សិន ទើប​អាច​ចុះ​យក​ព័ត៌មាន​ក្នុងភូមិ​សាស្ត្រ​ខេត្ត​នេះ​បាន។ ជំហរ​នេះ​រង​ការរិះគន់​ជុំ​ទិស​ពី​អ្នកសារព័ត៌មាន​ទាំង​ជាតិ និង​អន្តរជាតិ​។ សូម្បីតែ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​លោក ខៀវ កាញារីទ្ធ ក៏​ថា​ការ​លើកឡើង​របស់​លោក ម៉ៅ ធនិន នេះ គឺជា​រឿង​មិន​ត្រឹមត្រូវ​នោះ​ដែរ ព្រោះ​ពលរដ្ឋ​មាន​សិទ្ធិ មិន​បាច់​ជូន​ដំណឹង​អភិបាលខេត្ត​នោះ​ឡើយ។

វិទ្យុ​អាស៊ីសេរី មិន​ទាន់​អាច​សុំ​ការ​ជុំវិញ​រឿង​នេះ ពី​អភិបាល​ខេត្ត​កំពត លោក ម៉ៅ ធនិន បាន​នៅ​ឡើយ​ទេ។

អ្នកឃ្លាំមើល​សង្គម​ថា លោក ម៉ៅ ធនិន ហ៊ាន​ធ្វើ​អ្វី​ស្រេច​តែ​អំពើ​ចិត្ត​បែបនេះ ក៏​ប្រហែល​មក​ពី​អាងខ្នង​លោក ហ៊ុន សែន ដែល​លោក​ជា​ក្មួយ​ប្រសារ​នោះ​ឯង​។ ប៉ុន្តែ​ពួកគាត់​ស្នើ​ឲ្យ​អភិបាលខេត្ត​រូប​នេះ សុំទោស​ជា​សាធារណៈ​ចំពោះ​កំហុសឆ្គង​នេះ។ ពួកគាត់​ថា បើ​មិន​ដូច្នេះ​ទេ ក្រសួង​មហាផ្ទៃ ឬ​ស្ថាប័ន​ពាក់ព័ន្ធ គួរតែ​ចាត់ការ​លោក ម៉ៅ ធនិន តាម​វិន័យ​រដ្ឋបាល ដើម្បី​កុំ​ឲ្យ​មានរឿង​ដូច្នេះ​កើត​មាន​តទៅ​ទៀត ឬ​រដ្ឋាភិបាល​គួរ​មានការ​ស្រាយ​បំភ្លឺ​ណាមួយ​ជុំវិញ​រឿង ដើម្បី​ឲ្យ​អស់​មន្ទិល៕