សម្រង់ឯកសារ​អំពីរឿង ព្រំដែនខ្មែរ និងកោះត្រល់ ជាមួយវៀតណាម

(ដោយលោក ម៉ែន ណាត (Mèn Nath) ប្រធាន​​​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា /ឆ្នាំ​២០១៩)

ជុំវិញរឿងព្រំដែនគោក

– ព្រះរាជសារសម្តេចតា នរោត្តម ស៊ីហនុ ចុះក្នុង BMD ថ្ងៃ ១៨ ធ្នូ ២០០៤ (ឯកសារ​​​ភាសា​​អង់គ្លេស និងបារាំង) ថា​លោក វ៉ា គឹមហុង ប្រើ «ផែនទី​ក្លែងក្លាយ» ដោះ​ស្រាយ​​​បញ្ហា​​ព្រំដែន​ ជាមួយ​វៀតណាម។ លោក វ៉ា គឹមហុង ទេសរដ្ឋមន្រ្តី និង​​​ជា​​ប្រធាន​​​គណៈ​កម្មាធិការ​​ព្រំដែន នៃ​​​រដ្ឋាភិបាល​​​លោក ហ៊ុន សែន។

– លោក វ៉ា គឹមហុង កាលពីថ្ងៃទី ០២ កក្កដា ២០១៥ ទទួល​ស្គាល់​ថា «ផែនទី បោះ​បង្គោល​ព្រំដែន ជាមួយ​​វៀតណាម គឺ​ជា​ផែនទី យូធីអឹម (UTM របស់​ទាហាន​​អាមេរិកាំង ក្នុងសម័យ​​សង្គ្រាម​​វៀតណាម) ខ្នាត ១/៥០.០០០ មាន ៤០ ផ្ទាំង និង ផែនទី​​បោន (Bonne) ១/១០០.០០០ មាន ២៦ ផ្ទាំង ហើយ​​ជា​ផែនទី បោះពុម្ព​​នៅ​ប្រទេស​​វៀតណាម» ជា​ផែនទី​​អម​ភ្ជាប់​នឹង​​​សន្ធិញ្ញា​ព្រំដែន​រដ្ឋ ថ្ងៃទី ២៧ ធ្នូ ១៩៨៥។

– សម្តេចតា នរោត្តម សីហនុ នៅថ្ងៃទី ១៩ កក្កដា ១៩៩៣ សរសេរ​​លិខិត​​​ទៅ​​​សម្តេច​​​ក្រុមព្រះ នរោត្តម រណឫទ្ធិ និង​​លោក ហ៊ុន សែន ឲ្យប្រាប់​​ទៅ​​មេដឹកនាំ​​វៀតណាម ថា​ត្រូវ​​យក​បង្គោល​ព្រំដែន សម័យ​បារាំង ទាំង ១២៤ បង្គោល ទៅ​ដាក់​ត្រង់​​កន្លែង​​ដើមវិញ។ ទ្រង់ រណប្ញទ្ធិ និង​លោក ហ៊ុន សែន កាល​នោះ ជា​​សហនាយក​រដ្ឋមន្រ្តី​នៃ​រដ្ឋាភិបាល​បណ្តោះអាសន្ន ក្រោយ​ការបោះឆ្នោត​ជាតិ ខែ​ឧសភា ១៩៩៣។ អ្នកទាំងពីរ មិន​បាន​ធ្វើតាម​​សម្តេចតា​ទេ។

– សន្ធិសញ្ញា​ ១៩៨៣ ស្ដីពី​គោល​ការណ៍​​​ដើម្បី​​ដោះ​ស្រាយ​​ព្រំដែន និង​ កិច្ច​ព្រម​​ព្រៀង​​​ស្ដីពី​​​លក្ខន្តិកៈ​​​ព្រំដែន ធ្វើ​ឡើង​​​នៅ​ថ្ងៃ​ទី​ ២០ ​កក្កដា ​១៩៨៣ រវាង​​លោក ហ៊ុន សែន រដ្ឋ​មន្ត្រី​​ក្រសួង​​​ការ​បរទេស​​​កម្ពុជា (របប​​ក្រុង​ភ្នំពេញ) ជា​មួយ​​​លោក ង្វៀន កឺ​ថាច់ រដ្ឋ​មន្ត្រី​​​ក្រសួង​​​ការ​បរទេស​​​វៀតណាម។

ព្រះរាជសារសម្តេច នរោត្តម សីហនុ ថ្ងៃ ១៦ មីនា ២០០៥ ចុះ​ផ្សាយ​​ព្រឹត្តប័ត្រ BMD ជាភាសា​​បារាំង​ថា​ «សាធារណរដ្ឋ​​​​សង្គម​និយម​​វៀតណាម បានបង្កើត​​ព្រំដែន​ថ្មី (ចំណេញ​​ទៅគេ) ដោយ​​​​សាង​​សង់ នៅ​​​​ទសវត្ស​​រ៍​ទី ៨០ និង​​ឆ្នាំ​​១៩៩០-២០០០ នូវក្លោងទ្វារ ហើយ​ដោយ ​«ជីកប្រឡាយទឹក ដែលស្ថិត​​នៅ​ក្នុងទឹកដី​ប្រទេស​កម្ពុជា ឆ្ងាយ​ពីព្រំដែន​​យើង កាលពី​​ឆ្នាំ​​​១៩៦៣​-​១៩៦៩» «កម្ពុជាយើង​សព្វថ្ងៃ តំណាងដោយ​ក្រុមឯកឧត្តម វ៉ា គឹមហុង យល់ព្រម ​«ធ្វើ​អត្តឃាត​ខ្លួន​ឯង» ដោយទទួលស្គាល់ សូម្បី​តែ​នៅ​ចំពោះមុខច្បាប់​​អន្តរជាតិ​ថា ប្រទេស​កម្ពុជា គ្មានព្រំដែន​ច្បាស់លាស់ទេ»

– សន្ធិសញ្ញាព្រំដែន ឆ្នាំ​ ២០០៥ និងសន្ធិសញ្ញាព្រំដែន ឆ្នាំ ​២០១៩ គឺ​គ្រាន់​​តែ​​បន្ថែម​​ខ្លឹមសារ​​ទៅ​​លើ សន្ធិសញ្ញា​​កំណត់​​ព្រំដែន​រដ្ឋ ឆ្នាំ​​១៩៨៥ គឺ​ថា​​វា​សុទ្ធ​តែ​​​យក​​​មូលដ្ឋាន​គ្រឹះ​​នៃ សន្ធិសញ្ញា​កំណត់​​​ព្រំដែន​រដ្ឋ (ខុស​ច្បាប់) ថ្ងៃ ២៧ ធ្នូ ១៩៨៥ (ចុះ​ហត្ថលេខា​​ដោយ​​លោក ហ៊ុន សែន និង ង្វៀន កូថាច់) ដែល​​ជា​សន្ធិសញ្ញា ធ្វើឡើង​​ក្រោម​ការ​ត្រួត​ត្រា របស់​វៀតណាម ដែលបង្ក​ឲ្យ​​មាន​ទំនាស់​​ផ្លូវ​ច្បាប់ ត្រូវ​បាន​​ប្រឆាំង​ងជំទាស់​ដោយ​​ក្រុមអ្នក​ជំនាញព្រំដែន​ខ្មែរ និង​​សម្តេចឪ នរោត្តម សីហនុ ព្រមទាំង​​សកម្មជន​ព្រំដែន​​ផង។ សន្ធិសញ្ញា​​ទាំងឡាយ​ណា ដែល​​យក​មូលដ្ឋាន​សន្ធិញ្ញា ១៩៨៥ គឺបាន​ន័យថា «មិន​ស្របច្បាប់​ទេ»។ វាផ្ទុយ​​ពី​មាត្រា២ និង​​មាត្រា៥៥ នៃ​រដ្ឋធម្មនុញ្ញ ឆ្នាំ​១៩៩៣ ហើយ​​ផ្ទុយ​​នឹង​​កិច្ចព្រមព្រៀង​​ទីក្រុង​ប៉ារីស ១៩៩១ ចំណុច ២.ឃ។

– កំណត់ហេតុប្រជុំ​នៃ​គណៈកម្មាធិការព្រំដែនខ្មែរ (លោក វ៉ា គឹមហុង ប្រធាន) និង​​វៀត​ណាម (លោក វូ យុង) ថ្ងៃទី ០៤-០៧ មេសា ២០០៧ គឺថា«សុំ​អ្នក​បច្ចេកទេស​​វៀតណាម, បោះ​បង្គោល​​ព្រំដែន​ តាម​ផែនទីយូធីអឹម ខ្នាត 1/50.000 (ផែន​ទី​​អាមេរិកាំង ផ្ទុយ​ពីមាត្រា២ រដ្ឋធម្មនុញ្ញ) និង​​ប្រើ ផែនទីបោន 1/100.000 (បោះពុម្ព​ឡើងវិញ​​នៅ​​វៀតណាម ​បើ​តាម​​លោក វ៉ា គឹមហុង ថ្លែងថ្ងៃទី ០២ កក្កដា ២០១៥)។ ហើយ​​ឯកសារ​នានា រឿង​ព្រំដេន ត្រូវ​​រក្សា​​ជា​ការសម្ងាត់»

ប្រវត្តិបោះបង្គោលព្រំដែនគោក (៣ លើក)

– តាមអនុសញ្ញាបារាំង កម្ពុជា និង កូសាំងស៊ីន ឆ្នាំ១៨៧៣ (សម័យ​​អាណានិគម​​បារាំង) បោះ​​បង្គោល​​ព្រំដែន ១២៤ បង្គោល ជាមួយ​​វៀតណាម។ វាគឺជា​មូលដ្ឋាន​គ្រឹះ​យ៉ាង​សំខាន់ ដែល​​ទទួល​ស្គាល់​​ដោយ​​សន្និសីទ​ នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស៊្វីស ឆ្នាំ​ ១៩៥៤ ក្នុង​នោះ​ក៏​មាន​​វៀតណាម ឡាវ ចូល​រួម​​ទទួល​ស្គាល់​​ដែរ។ ហើយ​រឿងនេះ ត្រូវ​បាន​​រំលឹក​ឡើង​វិញ​​ជាថ្មី នៅ​​ក្នុង​កិច្ចព្រម​ព្រៀង​​ទីក្រុង​ប៉ារីស ឆ្នាំ​​១៩៩១។

– តាម​​សន្ធិសញ្ញា​​កំណត់​ព្រំដែនរដ្ឋ ជាមួយ​​វៀតណាម ១៩៨៥ ជា​សន្ធិសញ្ញា​​ខុស​ច្បាប់ ដែល​ភាគី​​ទាំង​ពីរ បាន​​បោះ​​បង្គោល​​ព្រំដែន ៧២ បង្កោល។ ក្រុម​អ្នក​ជំនាញ​​កិច្ចការ​​ព្រំដែន និង​​សម្តេចតា នរោត្តម សីហនុ ថា «វៀតណាម បោះ​បង្គោល​​ព្រំដែន រំកិល​ចូល​​ក្នុង​ទឹកដីខ្មែរ»

– តាម​សន្ធិសញ្ញា​ព្រំដែន​បំពេញបន្ថែម ឆ្នាំ ២០០៥ រវាង​​កម្ពុជា និង​​វៀតណាម ត្រូវ​បោះ​​បង្គោល ៣៧៥ បង្គោល ជា​បង្គោល​ថ្មី ដ៏ចម្រូង​​ចម្រាស ដែល​រងការ​ចោទ​​ប្រកាន់​បន្ថែម​​ថា «ធ្វើ​ឲ្យ​​បាត់បង់​​បូរណភាព​​ទឹកដី​បន្ថែម ទៅ​​វៀតណាម»។ ប្រទេស​​ទាំង​ពីរ បោះ​​បង្គោលបាន ៨៤% (បោះ​​បាន ៣១៥ បង្គោល) មក​ដល់​​ដំណាច់​​ឆ្នាំ ២០១៩។ រួម​ជាមួយ​​គ្នា​នេះ ​ប្រទេស​​ទាំង​ពីរ ធ្វើ​​សន្ធិសញ្ញា​​បំពេញ​បន្ថែម​​ថ្មី ហៅថា សន្ធិសញ្ញា​ព្រំដែន​​បំពេញ​បន្ថែម ឆ្នាំ ​២០១៩ គឺ​បន្ថែម​​ខ្លឹមសារ​​ទៅលើ សន្ធិសញ្ញា​ព្រំដែន ១៩៨៥ និង ២០០៥។

ជុំវិញរឿង កោះត្រល់ និង​ចង្កោម​កោះ​ក្រចកេសះ

– កោះត្រល់ និង​ប្រជុំកោះខ្មែរ នៅតែត្រូវ​​បានសរសេរ​​ក្នុង​សៀវសិក្សា «ភូមិវិទ្យា» ថ្នាក់​​ទី​​៧ ឆ្នាំ​​១៩៨៥ នៃ​​របប​សាធារណរដ្ឋ​ប្រជា​មានិត​កម្ពុជា របស់​​លោក ហ៊ុន សែន ជា​សម័យ​វៀត​ណាម ត្រួតត្រា​​កម្ពុជា។

– លោក ស៊ាន ប៉េងសែ អ្នកជំនាញ​ផែនទីព្រំដែន​ខ្មែរ ថ្ងៃទី ២២ កុម្ភៈ ២០១៦ បញ្ជាក់​​ថា បើតាម​​ខ្សែ​​បន្ទាត់​​ប្រេវីយេ (Brévié) គឺ​ កោះត្រល់ (មានផ្ទៃ ៥៧៤ គ.ម.ក្រឡា) ត្រូវ​ស្ថិត​នៅ​​ក្រោម​​​ការគ្រប់គ្រង​​​របស់​​ប្រទេស​​​កម្ពុជា ពីព្រោះ​វា មានផ្ទៃ​ដីខ្ពង់រា​ប​បាត​​សមុទ្រ ជាប់​​​និង​ឆ្នេរ​​សមុទ្រ​ខ្មែរ ខេត្ត​កំពត។ វា​មាន​​ចម្ចាយ ១៥ គីឡូម៉ែត្រ ពី​​ខេត្ត​កំពត ហើយ​​​​មានចម្ងាយ ៤៥ គីឡូម៉ែត្រ ពីតំបន់​ហាទៀង ប្រទេស​​វៀតណាម (កម្ពុជា​ក្រោម)។

– សម្តេចតា រោត្តម សីហនុ ផ្ញើព្រះរាជសារ​​ពី​ទី​ក្រុងប៉េកាំង ថ្ងៃទី ១៦ តុលា ២០០៤ ថា «ចំពោះ​​​ខ្ញុំ ក្រោយ​ពីបារាំង​សែស ថ្វាយ​​រាជសម្បត្តិ​​ឲ្យខ្ញុំ ខ្ញុំ​បាន​​រារាំង​ប្រទេស​ថៃ ប្រទេស​​វៀត​ណាម ដែល​ខ្លាំង​​ជាង​យើង កុំឲ្យ​មក​​លេប​ត្របាក់​​ពង្រួញ​​ទំហំ​ទឹកដី​ខ្មែរ​​យើង​​តទៅ​ទៀត​​បាន»។ «កើត​មក​ជាខ្មែរ គ្មាន​​អ្នក​ណា​ម្នាក់ ដែល​​មិន​ស្រលាញ់​ជាតិ ស្រលាញ់​កម្ពុជា​ក្រោម និង កោះត្រល់ នោះ​ទេ»។ «ដូច្នេះ ខ្ញុំសូម​​ជនរួមជាតិ មេត្តា​​បែង​ចែក​ឲ្យ​ច្បាស់លាស់​​ពី៖ {គឺថា} នរោត្តម សីហនុ មិន​ដែល​​ទទួល​ស្គាល់​ថា ស្របច្បាប់ និង​​សមហេតុផល​​អំពី ​កម្ពុជា​ក្រោម កោះត្រល់ បាន​​ទៅ​បារាំង ឬ វៀតណាម នោះ​ទេ»។ ((សូមទាញយក ព្រះរាជសារ – Download))

– លោក ប្រេវីយេ (Brévié, ឬឈ្មោះពេញ Jules Brévié) ជាអាណាព្យាបាល​​​របស់​​បារាំង​ ប្រចាំ​​​​នៅ​​​ឥណ្ឌូចិន ថ្ងៃទី ៣១ មករា ១៩៣៩ ត្រូវបាន​​​បក​ប្រែ​​​ក្រៅ​ផ្លូវការ​ថា កោះត្រល់ ត្រូវបាន​​ដាក់​ឲ្យ​​​ខាង​​កូសាំងស៊ីន «គ្រប់គ្រង​​ខាង​ផ្នែក​​រដ្ឋបាល និង​​ប៉ូលីស»​ប៉ុណ្ណោះ ប៉ុន្តែ​​កោះ​នេះ នៅ​​តែ​​ជា​កម្មសិទ្ធិ​​​របស់​​ខ្មែរ។ លោក ប្រេវីយេ បញ្ជាក់យ៉ាង​​ច្បាស់ថា «ខ្ញុំសូម​ជម្រាប​លោក ​ {ព្រះបាទ ស៊ីសុវត្ថិ មុនីវង្ស មហាក្សត្រខ្មែរ}ថា ខ្ញុំទើប​នឹង​​បាន​​​ពិនិត្យ​មើល​​សារ​ជាថ្មី ម្តង​ទៀត នៅលើចំណោម​រឿងចង្កោម​កោះ ដែល​នៅក្នុង​​ឈូងសមុទ្រ សៀម ដែល​មាន​​ការទាស់ទែង​គ្នា រវាង​ប្រទេស​​​​កម្ពុជា និង កូសាំងស៊ីន។ ស្ថានភាពនៃ ចង្កោម​កោះ​នេះ ដែល​មានរាយ នៅតាម​បណ្តោយ ឆ្នេរ​សមុទ្រ​ខ្មែរ ហើយ​ដែល​​មានខ្លះ ស្ថិត​​នៅ​សែនជិត​​ឆ្នេរសមុទ្រ របស់ខ្មែរ ដែលដី(ល្បាប់) ដែល​កំពុងដុះ និង​ចេះ​តែ​បន្ត​ដុះនេះ នឹងភ្ជាប់​កោះទំាងនេះ ទៅនឹង​ឆ្នេរសមុទ្រ របស់​ប្រទេស​កម្ពុជា ក្នុង រយៈពេល​ដ៏ខ្លីខាង​មុខ។ តាម​ការ​សមហេតុសមផល និង តាមរបៀប​ភោគម្ពសាស្រ្ត ជាការចាំបាច់ ត្រូវ​តែ​ដាក់កោះទំាងនេះ ឲ្យនៅក្រោម​ការ​ត្រួតត្រា នៃរាជការ​របស់​​ប្រទេសកម្ពុជា»((សូម​ទាញ​យក ជាអង់គ្លេស – English និង បារាំង – French ហើយ​និង​បក​ប្រែ​ក្រៅ​ផ្លូវការ​ជា ភាសាខ្មែរ – Khmer))

– លោក ប្រេវីយេ បញ្ជាក់ក្នុង​លិខិតថា កោះ​​ទំាងឡាយ ដែល​ស្ថិត​​នៅ​​ខាង​ត្បូង ខ្សែ​បន្ទាត់​នេះ សរុប​ទំាង កោះ​ហ្វូកុក​ (កោះត្រល់) ទំាង​​មូល ត្រូវ​នៅ​​ក្រោម​​​ការគ្រប់គ្រង​របស់ កូសាំងស៊ីន តទៅទៀត។ ត្រូវដឹងថា ខ្សែបន្ទាត់​ខណ្ឌ​សីមា ដែល​​​​បាន​​កំណត់នេះ ព័ទ្ធ​កោះហ្វូកុក តាម​ភាគ​​ខាង​ជើង ដោយ​​​​នៅចម្ងាយ ៣ គីឡូម៉ែត្រ ពីចំណុច​​​នានា ដែល​នៅ​​ខាងជើង​បំផុត នៃកោះនេះ។ ក៏ប៉ុន្តែ នេះគ្រាន់តែជា​ការគ្រប់គ្រង​ផ្នែករដ្ឋបាល និង​​ប៉ូលីស​ប៉ុណ្ណោះ ចំណែក​​​បញ្ហា​​អនិស្សរភាព (ក្រោមចំណុះ) (De pendanco) នៃដែនដី នៃកោះទំាងនេះ នៅទុក​ដោយ​ឡែកដដែល

– មានមតិមួយយល់ច្រឡំថា កោះត្រល់ ត្រូវបានវៀតណាម កាន់កាប់​តាំង​ពីថ្ងៃទី ២៧ កញ្ញា ១៩៤៩ បន្ទាប់ពី​​អាណានិគម​បារាំង ផ្ទេរ ប្រគល់ទឹកដី​កម្ពុជាក្រោម (ឬ ​កូសាំងស៊ីន) ទៅឲ្យ​​វៀតណាម។ ហើយ​រដ្ឋាភិបាល​លោក ហ៊ុន សែន ក៏ខំ​និយាយ​តាមគេ ជាពិសេស​គឺ​និយាយតាម​​វៀតណាម ដើម្បី​តម្រូវ​ចិត្តរបស់​វៀតណាម។

– លោក ស៊ាន ប៉េងសែ អ្នកជំនាញ​ផែនទី​កម្ពុជា ថ្ងៃទី២២ កុម្ភៈ ២០១៦ បានស្តីបន្ទោស​លោក ហ៊ុន សែន ថា​«មិន​ចេះ​​ស្រឡាញ់​ជាតិ» បាន​កាត់​កង​​ខ្សែបន្ទាត់​ព្រំដែន និង​ដែនសមុទ្រ​មួយភាគ ទៅឲ្យ​វៀតណាម។ លោក ប៉េងសែ បញ្ជាក់ថា កោះត្រល់ ត្រូវបាន​វៀតណាម ចាប់ផ្តើម​កាន់កាប់ បន្ទាប់​ពីមាន​សន្ធិសញ្ញា ឬ ​កិច្ចព្រមព្រៀង​ដែនទឹក​ប្រវត្តិសាស្រ្ត ឆ្នាំ១៩៨២ (ថ្ងៃទី ៧ ខែកក្កដា ១៩៨២) ធ្វើឡើងក្នុងសម័យ វៀតណាម ត្រួតត្រាកម្ពុជា។ កាល​នោះ​លោក ហ៊ុន សែន ជារដ្ឋមន្រី្ត​ក្រសួង​ការបរទេស នៃសាធារណរដ្ឋ​​ប្រជា​មានិត​កម្ពុជា ដែល​ត្រូវបាន​លើក​បន្តុប​​ដោយ​​វៀតណាម។

– កិច្ចព្រមព្រៀង​ដែន​ទឹក​ប្រវត្តិសាស្ត្រ​ជាមួយ​វៀតណាម ថ្ងៃ​ទី​ ៧ កក្កដា ១៩៨២ (សូម​​ទាញ​យក​ «ច្បាប់​ដើម» Download ឬ​ទាញ​​យក​ «ចម្លង»​ Download) ធ្វើ​ឡើង​រវាង​​លោក ហ៊ុន សែន និង​វៀតណាម យល់ព្រមប្រគល់ កោះត្រល់ (កោះ​ហ្វូកុក) និង ចង្កោមកោះក្រចកសេះ (ចង្កោម​កោះ​ថូជូ) ជា​របស់​វៀតណាម​ និង​ដាក់​ដែន​សមុទ្រ​ខ្មែរ ១០០០០ គ.ម.ក្រឡា ជា​តំបន់​រួមគ្នា ជាមួយ​​វៀតណាម មក​ទល់​ឆ្នេរ​ខេត្ត​កំពត។ កិច្ច​ព្រម​ព្រៀង​​ដែនទឹក​នេះ វាផ្ទុយនឹង​មាត្រា១​ ចំណុច ២.ឃ​ នៃ​កិច្ចព្រមព្រៀង​ទីក្រុងប៉ារីស ឆ្នាំ១៩៩១, វាផ្ទុយ​ពីមាត្រា​២ និង​មាត្រា៥៥ នៃ​រដ្ឋធម្មនុញ្ញ ឆ្នាំ​១៩៩៣។

– អនុសញ្ញាស្តី​អំពី​ច្បាប់​សមុទ្រ​​ឆ្នាំ​១៩៨២ ជំពូកទី​២​ ផ្នែក​២​ មាត្រា​៣​ ចែង​ថា​ «រាល់​រ​ដ្ឋ​​​ទាំង​អស់ មា​ន​សិទ្ធិ​​បង្កើត​​​ប្រវែង​ នៃ​​ដែន​​សមុទ្រ​​​របស់​​ខ្លូន​​​រហូត​​ដល់​​ដែន​​កំណត់​​​​មិន​​លើស​​ពី​ ​ចម្ងាយ​ ១២​ ម៉ាយល៍​ ស្មេី​​​នឹង​ ២២,២២៤ ​គីឡូ​ម៉ែត្រ​ ដែល​​វាស់​ពី​ខ្សែ​​បន្ទាត់​​​មូលដ្ឋាន​ ​ដែន​​កំណត់​​អនុលោម​តាម ​អនុសញ្ញា​​នេះ»(សូម​​ទាញ​យក​ «ភាសា​អង់គ្លេស» Download ឬ​ទាញ​​យក​ «ភាសាខ្មែរ»​ Download)។ តាម​​លក្ខខណ្ឌ​​ភូមិ​សាស្ត្រ​​​ជាក់​​ស្ដែង​ កោះ​ត្រល់​​ មាន​​រយៈ​​ចម្ងាយ​​​ត្រឹម​តែ​ ១៥ គីឡូម៉ែត្រ​ ពី​​ខេត្ត​កំពត​ ​ប្រទេស​​កម្ពុជា​ ហើយ ​មាន​រយៈ​​ចម្ងាយ​ ​៤៥ គីឡូ​ម៉ែត្រ​ ពី​តំបន់ហាទៀង នៃខេត្តកៀនយ៉ាង​ ​ប្រទេស​​វៀត​ណាម។

តាមច្បាប់សមុទ្រ ឆ្នាំ​១៩៨២ នេះ បញ្ជាក់យ៉ាងច្បាស់ថា កោះត្រល់ គឺ​ជា​កម្មសិទ្ធិ​របស់​ខ្មែរ ដោយ​​កោះ​​នេះ​​ស្ថិត​​នៅ​​ចម្ងាយ​តែ ១៥ គីទ្បូម៉ែត្រ ពីឆ្នេរ​​ខេត្ត​កំពត​​នៃ​ប្រទេស​កម្ពុជា គឺ​តិច​​​ជាង ២២,២២៤ គីទ្បូម៉ែត្រ  ដែល​​កំណត់​​ដោយ​​ច្បាប់​សមុទ្រ​​នេះ។

……………….

.