ខណៈពេលលោក ហ៊ុន ម៉ាណែត ប្រាប់កងទ័ពជើងគោករបស់លោក ឱ្យការពាររបប ហ៊ុន សែន ជាមរតកផ្តាច់ការរបស់ឪពុកលោក ដើម្បីប្រឆាំងនឹងក្រុមអ្នកមានទស្សនៈផ្ទុយ ភ្លាមនោះក៏មានប្រតិកម្មជាច្រើនតបទៅលោក ហ៊ុន ម៉ាណែត វិញ។ ក្នុងនោះមានលោក ម៉ែន ណាត បានប្រាប់ទៅវិទ្យុអាស៊ីសេរី RFA ឲ្យលោក ហ៊ុន ម៉ាណែត គួរកុំដើរតាមរបៀបដឹកនាំរបស់ឪពុកលោក ដែលជាការដោះស្រាយបញ្ហាជាតិ និងពលរដ្ឋរួមគ្នា។
លោក ម៉ែន ណាត ថ្លែងថា «យើងជាខ្មែរ យើងមានវប្បធម៌ខ្មែរដូចគ្នា យើងគោរពពុទ្ធសាសនាដូចគ្នា យើងអត់ពិបាកទេ ហើយយើងធ្វើការកែតម្រូវទៅ កុំស្តីបន្ទោសពួកអ្នកប្រឆាំង។ គេប្រឆាំងយើងដោយសារឃើញយើងដឹកនាំមិនល្អ ហើយគេប្រឆាំងហ្នឹង គឺជាការផ្តល់យោបល់ (ដូច្នេះ) យើងកែទម្រង់ទៅ។ ហើយអ្វីដែលសហភាពអឺរ៉ុប អង្គការសហប្រជាជាតិ ឬសហរដ្ឋអាមេរិក គេផ្តល់យោបល់ឱ្យយើង ត្រូវតែស្តារលិទ្ធិប្រជាធិបតេយ្យឡើងវិញ យើងនាំគ្នាស្តារទៅ។ យើងទៅព្រមានគេធ្វើស្អី? កាលណាយើងព្រមានកាន់តែខ្លាំង វាធ្វើឱ្យគេប្រឆាំងកាន់តែខ្លាំង។ ដូច្នេះ (ហ៊ុន) ម៉ាណែត ក៏ដោយ លោក ហ៊ុន សែន ក៏ដោយ គួរតែពិចារណាឡើងវិញដែរ។ ករណីកម្ពុជាហ្នឹង យើងត្រូវតែដោះស្រាយដោយខ្លួនឯង»។
លោក ហ៊ុន ម៉ាណែត ប្រាប់កងទ័ពឱ្យការពាររបបឪពុកលោក ប្រឆាំងនឹងក្រុមអ្នកមានទស្សនៈផ្ទុយ
(RFA Khmer, 21-11-2018)
កូនប្រុសច្បងលោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ប្រាប់កងទ័ពឱ្យការពាររបបដឹកនាំរបស់ឪពុកលោក និងប្រឆាំងតបត ចំពោះសកម្មភាពរបស់ក្រុមអ្នកប្រឆាំងនៅក្រៅប្រទេស។ អ្នកឃ្លាំមើលសង្គម យល់ថាលោក ហ៊ុន ម៉ាណែត កំពុងបង្ហាញពីចរឹតកាងកាចដូចឪពុករបស់លោកដែរ ដែលនេះមិនមែនជាបច្ច័យល្អ សម្រាប់ជីវិតនយោបាយរបស់លោក ទៅថ្ងៃអនាគតឡើយ។
អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក លោក ហ៊ុន ម៉ាណែត ហៅក្រុមអ្នកប្រឆាំងនៅក្រៅប្រទេស ថាជាក្រុមជនអគតិ ជនក្បត់ជាតិ និងជាក្រុមវង្វេងជាតិ បម្រើបរទេស។ លោកបានណែនាំកងទ័ពឱ្យប្រឆាំងដាច់ខាត រាល់អំពើរំលោភបំពានច្បាប់ ដែលក្រុមនេះបង្កឡើង និងមិនត្រូវទុកឱ្យក្រុមនេះបន្តបំផ្លាញជាតិតទៅទៀតឡើយ។
លោក ហ៊ុន ម៉ាណែត បានប្រាប់ទៅនាយទាហាន នាយទាហានរង និងពលទាហាននៅក្នុងពិធីបិទវគ្គយោធា មួយកាលពីថ្ងៃទី ១៩ វិច្ឆិកាថា យោធាត្រូវស្វែងយល់ពីការរីកចម្រើនរបស់ជាតិ និងអនុវត្តដោយម៉ឺងម៉ាត់តាមការដឹកនាំរបស់ឪពុកលោក ព្រមទាំងត្រូវការពាររបបថ្មីដែលកើតចេញពីការបោះឆ្នោតបែបបង្គ្រប់កិច្ច កាលពីចុងខែកក្កដា កន្លងទៅ នោះផងដែរ។ ជាពិសេស លោកបានប្រាប់ទៅកងទ័ពថា ទោះក្នុងតម្លៃណាក៏ដោយ គឺត្រូវការពារនូវអ្វីដែលឪពុករបស់លោក គឺលោក ហ៊ុន សែន ហៅថាជា សុខសន្តិភាព និងការអភិវឌ្ឍនោះ ឱ្យបានជាដាច់ខាត ដោយមិនត្រូវឱ្យជនណាម្នាក់មកបំផ្លាញសមិទ្ធិផលទាំងនេះឡើយ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ប្រចាំប្រទេសន័រវេស (Norway) លោក ម៉ែន ណាត ថ្លែងថា លោក ហ៊ុន ម៉ាណែត ជាបញ្ញវន្តបញ្ចប់ការសិក្សាពីសាលាយោធាជាន់ខ្ពស់របស់អាមេរិក និងមានការរំពឹងទុកច្រើនថា ជាអ្នកអាចជួយកែទម្រង់របៀបដឹកនាំរបស់ឪពុកលោកបាន។ ក៏ប៉ុន្តែបន្តិចម្តងៗ លោក ហ៊ុន ម៉ាណែត បែរជាបានបង្ហាញថា លោកមានចរឹតកោងកាច និងសាហាវឃោរឃៅ មិនខុសពីពួកខ្មែរក្រហម និងឪពុករបស់លោកឡើយ។
លោក ម៉ែន ណាត ថាលោក ហ៊ុន ម៉ាណែត កំពុងតែសម្លាប់ជីវិតនយោបាយរបស់ខ្លួន នៅថ្ងៃអនាគត នៅពេលលោកបង្ហាញថា អ្នកមានទស្សនៈខុសពីរបបដឹកនាំបច្ចុប្បន្ន គឺជាក្រុមក្បត់ជាតិ និងបម្រើបរទេសបែបនេះ។ ម្យ៉ាងវិញទៀត ការថ្លែងបែបនេះ ក៏រំលោភលើអព្យាក្រឹត្យភាពរបស់កងទ័ព រដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ផងដែរ «អ្វីដែល ហ៊ុន ម៉ាណែត លើកឡើង ឆ្លុះបញ្ចាំងអំពីការការពារទ្រព្យសម្បត្តិឪពុកគាត់ កេរដំណែលឪពុកគាត់ទាំងអំណាច និងទ្រព្យសម្បតិ្តទាំងអស់ ដែលគាត់បានរាប់ពាន់លានដុល្លារ ពីការកេងប្រវ័ញ្ចជាតិហ្នឹង។ នេះជាការលើកឡើងរបស់គាត់បែបផ្តាច់ការ ដូចប្រទេសកូរ៉េខាងជើងអ៊ីចឹង បើនិយាយពីប្រទេសក្នុងតំបន់។ ហ៊ុន ម៉ាណែត ថាត្រូវតែការពារអ្វីដែលកម្ពុជា កំពុងមានបច្ចុប្បន្ន ដោយគាត់មិនខ្វល់ថា តើរបបហ្នឹងអ្នកណាទទួលស្គាល់ ឬមិនទទួលស្គាល់នោះ គឺអត់សំខាន់ទេ។ សំខាន់គាត់ត្រូវតែបន្តអំណាច ហើយប្រើអំណាចយោធាហ្នឹង ដើម្បីគ្រប់គ្រងប្រទេស»។
អ្នកឃ្លាំមើលសង្គមរូបនេះ ថ្លែងថា លោក ហ៊ុន ម៉ាណែត គួរតែកុំបន្តកេរដំណែលផ្តាច់ការរបស់លោក ហ៊ុន សែន បែបនេះទៀត ដោយគួរតែបង្វែរមកគិតរឿង ស្តារស្ថានការណ៍នយោបាយឡើងវិញ ខណៈកម្ពុជាកំពុងប្រឈមនឹងទណ្ឌកម្ម ពីក្រុមប្រទេសប្រជាធិបតេយ្យលោកខាងលិច៖ «មានវប្បធម៌ខ្មែរដូចគ្នា យើងគោរពពុទ្ធសាសនាដូចគ្នា យើងអត់ពិបាកទេ ហើយយើងធ្វើការកែតម្រូវទៅ កុំស្តីបន្ទោសពួកអ្នកប្រឆាំង។ គេប្រឆាំងយើងដោយសារឃើញយើងដឹកនាំមិនល្អ ហើយគេប្រឆាំងហ្នឹង គឺជាការផ្តល់យោបល់ (ដូច្នេះ) យើងកែទម្រង់ទៅ។ ហើយអ្វីដែលសហភាពអឺរ៉ុប អង្គការសហប្រជាជាតិ ឬសហរដ្ឋអាមេរិកគេផ្តល់យោបល់ឱ្យយើងត្រូវតែស្តារលិទ្ធិប្រជាធិបតេយ្យឡើងវិញ យើងនាំគ្នាស្តារទៅ។ យើងទៅព្រមានគេធ្វើស្អី? កាលណាយើងព្រមានកាន់តែខ្លាំង វាធ្វើឱ្យគេប្រឆាំងកាន់តែខ្លាំង ដូច្នេះ (ហ៊ុន) ម៉ាណែត ក៏ដោយ លោក ហ៊ុន សែន ក៏ដោយ គួរតែពិចារណាឡើងវិញដែរ។ ករណីកម្ពុជាហ្នឹង យើងត្រូវតែដោះស្រាយដោយខ្លួនឯង»។
លោក ហ៊ុន ម៉ាណែត ត្រូវបានតែងតាំងជាមេបញ្ជាការកងទ័ពជើងគោក ជំនួសលោក មាស សុភា ដែលជាមនុស្សជំនិតរបស់ លោក ហ៊ុន សែន នៅក្រោយការបោះឆ្នោតបែបបង្រ្គប់កិច្ច។ ក្រសួងការពារជាតិ ថែមទាំងបានផ្ទេរអង្គភាពយោធាសំខាន់ៗ ចំនួន ៥ ដែលធ្លាប់ស្ថិតក្រោមអគ្គបញ្ជាការដ្ឋាននៃ កងយោធោពលខេមរភូមិន្ទ ឱ្យស្ថិតក្រោមបញ្ជាការដ្ឋានកងទ័ពជើងគោកវិញ ដែលនេះគឺជាការផ្តល់អំណាចយ៉ាងច្រើនសម្បើមដល់ លោក ហ៊ុន ម៉ាណែត។ លោក ហ៊ុន សែន បានចេញមុខការពារថា ការតែងតាំងនេះដោយសារកូនរបស់លោកមានសមត្ថភាពគ្រប់គ្រាន់ និងមានសញ្ញាបត្រថ្នាក់បណ្ឌិត។
ទោះជាយ៉ាងណា អ្នកវិភាគ និងអ្នកឃ្លាំមើលសង្គម អះអាងដូចគ្នាថា និន្នាការបែបនេះ គឺជាការប្រមូលផ្តុំអំណាចរបស់ក្រុមគ្រួសារលោក ហ៊ុន សែន និងជាការប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសទាយាទស្នងត្រកូលទៅវិញទេ ព្រោះកូនបង្កើត និងកូនប្រសាររបស់លោក ហ៊ុន សែន សុទ្ធតែត្រូវបានតែងតាំងជាមន្ត្រីៗកំពូលក្នុងជួរកងទ័ព ប៉ូលីស ស្ថាប័នស៊ីវិល និងនៅស្ថាប័ននីតិបញ្ញតិ ខណៈត្រកូល “ហ៊ុន” កំពុងក្តោបក្តាប់ជំនួញជាច្រើនមុខនៅកម្ពុជា៕


.