អត្ថបទដោយ CWCI Cambodia / 18-11-2020

នៅលើទំព័រ​ហ្វេសប៊ុក​របស់ខ្លួន លោក ម៉ែន ណាត ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ ចលនា​និស្សិត​ដើម្បី​លទ្ធិ​ប្រជា​ធិប​តេយ្យ នៅ​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០២០ «បាន​​រំឭក​​ដាស់​​តឿន​​រដ្ឋាភិបាល​​​លោក ហ៊ុន សែន ជា​ថ្មី​ទៀត» ដោយ​ភ្ជាប់​រូបថត​ពីរ​សន្លឹក នៃ​​សកម្មភាព​យោធា​​វៀត​ណាម បោះ​តង់ ឬ​​បោះ​ជំរំ ​នៅ​តាម​ព្រំដែន​កម្ពុជា។ លោក ម៉ែន ណាត បាន​​សរសេរ​ថា៖ «{រូបថត}​​ទើប​​ទទួល​​បាន ​អំពី​ករណី​ទាហាន​វៀតណាម បោះ​តង់​នៅ​​ភូមិ​ពោធិ ឃុំមេស​ថ្ងក ស្រុក​ចន្រ្ទា ខេត្ត​ស្វាយរៀង»

គួរកត់សម្គាល់ថា យោធា​វៀតណាម បាន​បោះតង់​ចំនួន ២៨៧ កន្លែង នៅ​តាម​ព្រំដែន​ខ្មែរ ក្នុង​នោះ​បាន​ប្រែក្លាយ​ទៅ​ជាសំណង់​រឹងមាំ ចំនួន ១៦ កន្លែង នៅ​ខេត្ត​កណ្តាល, ចំនួន ១ កន្លែង នៅ​ស្រុក​បុរីជលសារ ខេត្ត​តាកែវ និង ១ កន្លែង នៅ​ស្រុក​កំពង់ត្រាច ខេត្ត​កំពត។ កាបោះ​តង់​ទាំង​នេះ វៀតណាម​បាន​ធ្វើ​ឡើង​តាំង​ពី​ខែ មេសា ឆ្នាំ​២០២០ មកម៉្លេះ ក្រោម​ហេតុផល​ថា​ បង្កា​ការ​រីករាល​ដាល​ជំងឺ​កូវីដ-១៩។ នេះបើ​តាម​ការ​ផ្សព្វ​ផ្សាយ​​របស់​បណ្តាញ​ព័ត៌មាន​នានា ជា​ភាសា​ខ្មែរ និង​អង់គ្លេស​នា​​ពេល​កន្លង​​ទៅ។

ខាងក្រោមនេះ គឺជា​ខ្លឹមសារ​អត្ថបទ​ដើម​ទាំង​ស្រុង​របស់លោក ម៉ែន ណាត

យើងខ្ញុំ​បាន​ជូន​យោបល់​ទៅ​មន្រ្តី​ទទួល​ខុសត្រូវ​នានា នៃ​រដ្ឋាភិបាល​លោក ហ៊ុន សែន តាម​រយៈ​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន និង​តាម​រយៈ​សេចក្តីថ្លែងការណ៍​ជា​ហូរហែ ដើម្បី​ក្រើន​រំឭក​ទៅ​ក្រុម​មេដឹកនាំ​កម្ពុជា ឲ្យ​ស្វាហាប់​ក្នុង​ការ​តវ៉ា លើ​ករណី​ទាហាន​វៀត​ណាម ​បោះ​តង់ ឬ​បោះ​ជំរំ នៅ​តាម​ព្រំដែន​ខ្មែរ តាំង​តែ​ពី​ដំបូង នៅ​ខែ​មេសា ឆ្នាំ​២០២០ ពីព្រោះ​ជា​សញ្ញា​បង្ហាញ​ការ​ឈ្លានពាន មក​លើ​បូរណភាព​ទឹកដី​ខ្មែរ ដែល​រំលោភ​គោល​​ការណ៍​​ច្បាប់​ជាតិ និង​អន្តរជាតិ​នានា

ជុំវិញក​រណីនេះ យើង​ឃើញ​ការឆ្លើយ​តប​របស់​រដ្ឋាភិបាល​នៃ​លោក ហ៊ុន សែន មានចំណុច​ធំៗ ដែល​គួរ​ឲ្យ​កត់​សម្គាល់​ថា ÷
– ទី១. ឆ្លើយដាក់គ្នា ក្នុងចំណោម​មេដឹកនាំ​ក្រសួង​ការបរទេស, គណៈ​កម្មាធិការ​ព្រំដែន នៃ​លោក វ៉ា គឹមហុង និងក្រុមអភិបាលខេត្តមួយចំនួន ដើម្បី​​ជា​​លេស​ដោះសា គេច​​វេស​​ពី​​ការ​​ទទួល​​ខុស​ត្រូវ។
– ទី២. ខំព្យាយាមសម្រាលរឿងទាហានវៀតណាម បោះតង់ទាំងនោះថា ជា​រឿង​តូច​តាច កំប៉ិក​កំប៉ុក ដែល​ផ្ទុយ​ពី​ការ​អះអាង​របស់​ខ្លួន ក្នុង​រឿង​ជម្លោះ​ជាមួយ​ថៃ នៅ​តំបន់​ប្រាសាទ​ព្រះវិហារ ឆ្នាំ​២០០៨ និង​ជាមួយ​លាវ ឆ្នាំ​២០១៧។
– ទី៣. ធ្វើ​សន្ធិសញ្ញា​ព្រំដែន​បំពេញ​បន្ថែម​ថ្មីៗ ធ្វើ​ផែនទី​ថ្មី​ខុស​ច្បាប់ និង​ធ្វើ​ច្បាប់​ថ្មីៗ ជាមួយ​​វៀត​​ណាម ផ្អែក​តាម​សន្ធិសញ្ញា​ខុស​ច្បាប់ ឆ្នាំ​១៩៨៥ ដែល​ជា​ការ​ធ្វើ​សម្បទាន​ថ្មី​ទៀត ក្នុង​ការ​កាត់​ឆ្វៀល​បូរាណភាព​ទឹកដី​ខ្មែរ ទៅ​ឲ្យ​វៀតណាម។

ទោះបី​យ៉ាងណា​ក៏ដោយ យើង​ខ្ញុំ​នៅ​តែ​បន្ត​ដាស់​តឿន និង​អំពាវនាវ​ឲ្យ​រដ្ឋា​ភិបាល​​​នៃ​​លោក ហ៊ុន សែន ឲ្យ​ធ្វើ​មោឃភាព ឬ​នារាករណ៍​ទៅ​​លើ​​សន្ធិ​សញ្ញា និង​​ឯក​សារ​​មិន​​ស្រប​​ច្បាប់​​នានា មិន​​ស្រប​រដ្ឋធម្មនុញ្ញ ឆ្នាំ​១៩៩៣ និង​​មិន​​ស្រប​​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស ឆ្នាំ​​១៩៩១ ដើម្បី​បើក​ផ្លូវ​ក្នុង​ការ​ប្តឹង​ប្រទេស​​វៀត​ណាម ទៅ​តាម​យន្តការ​អន្តរ​ជាតិ​​ជា​ធរមាន។

ទីក្រុង​គ្រីស្ទានសាន់ (ប្រទេស​ន័រវេស៍) ថ្ងៃទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០២០

ម៉ែន ណាត
ប្រធាន​ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា

.

.