«បើសិនលោក ហ៊ុន សែន មេដឹកនាំកម្ពុជា នៅតែច្របូកច្របល់ជាមួយវៀតណាម គឺថា កម្ពុជាយើងនឹងរួញទឹកដីតូចបន្ថែមទៀត ខណៈគាត់នៅដឹកនាំប្រទេស»។ នេះជាការលើកឡើងរបស់លោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា នៅក្នុងកិច្ចពិភាក្សាពិសេសជាមួយសារព័ត៌មាន ឌីខេមបូឌា ដេលី (The Cambodia Daily) នាថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០២០ នៅកម្ពុជា។
កិច្ចពិភាក្សាពិសេសនេះ កើតមានឡើងបន្ទាប់ពីទាហានវៀតណាម ចូលបោះតង់ ៩ កន្លែងផ្សេងគ្នាដោយរំលោភឈ្លានពានទឹកដីខ្មែរ នៅតំបន់មានជម្លោះព្រំដែន «តំបន់ស» ក្នុងស្រុកកោះធំ ខេត្តកណ្តាល កាលពីថ្ងៃទី ២៦ មេសា ក្រោមហេតុផលទប់ស្កាត់ជំងឺកូរ៉ូណា ឬកូវីដ១៩។
ឆ្លើយសំណួររបស់លោក តាំង សារ៉ាដា អ្នកសម្របសម្រួលកម្មវិធីដែលថា «តើរួញទឹកដី និងរួញអំណាច {លោក ហ៊ុន សែន} យកមួយណាទៅ?»។ លោក ម៉ែន ណាត បានឆ្លើយថា «ក្នុងចិត្តលោក ហ៊ុន សែន បច្ចុប្បន្ននេះ អត់មានការពិចារណាអីច្រើនទេថា ទឹកដីកម្ពុជា ត្រូវតែពង្រីក ឬរក្សាទំហំ ១៨១.០៣៥ គីឡូម៉ែត្រក្រឡាហ្នឹងបានទេ។ លោក ហ៊ុន សែន អត់សូវខ្វល់រឿងហ្នឹងទេ។ តែបើសិនជាគាត់ខ្វល់ គាត់មិនមែនទៅចុះហត្ថលេខាថ្មី {សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ឆ្នាំ២០១៩ } ជាមួយវៀតណាមទេ»។
លោក ម៉ែន ណាត បន្តថា «បើសិនជាលោក ហ៊ុន សែន {ធ្វើ}ដើម្បីចង់រក្សាអំណាចតកូនចៅ និងបក្ខពួក នោះគាត់ត្រូវតែពឹងប្រទេសចិន ពីព្រោះចិន ផ្តល់ប្រយោជន៍ច្រើនសម្រាប់គាត់»។ ជាមួយគ្នានេះ លោកបន្ថែមថា កម្ពុជាត្រូវសម្លឹងមើលឲ្យបានវែងឆ្ងាយ និងត្រូវតែបើកចិត្តទូលាយ សហប្រតិបត្តិការជាមួយប្រទេសលោកសេរី។
លោក ទូច វិបុល ប្រធានក្រុមពលរដ្ឋនិយម បានផ្តល់យោបល់ក្នុងកិច្ចពិភាក្សាពិសេសនេះដែរថា កម្ពុជាគប្បីសហប្រតិបត្តិការជាមួយប្រទេសលោកសេរី មានអាមេរិក អឺរ៉ុប ដើម្បីស្តារសិទ្ធិមនុស្ស និងលិទ្ធិប្រជាធិបតេយ្យ ព្រមទាំងរកចំណុចឯកភាពជាតិ ក្នុងការដោះស្រាយបញ្ហាបូរណភាពទឹកដី ដែលមានប្រវត្តិមិនល្អជាមួយវៀតណាម រួមទាំងរឿងទឹកដីកម្ពុជាក្រោមផង។
ចំពោះលោក ម៉ែន ណាត មានសុទិដ្ឋិនិយមផ្តល់យោបល់ថា កម្ពុជាគួរត្រូវប្រើយន្តការអន្តរជាតិ ដោះស្រាយបញ្ហាព្រំដែនជាមួយវៀតណាម គឺមានតែរដ្ឋាភិបាលខ្លួនឯង ត្រូវមានឯករាជ្យម្ចាស់ការ មានឯកភាពជាតិ ហើយបង្កើតក្រុមការងារសិក្សាច្បាប់ ដើម្បីប្តឹងទៅសហប្រធានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ និងទៅតុលាការអន្តរជាតិ។
លោក តាំង សារ៉ាដា សួរទៀតថា តើលោក ហ៊ុន សែន អាចចិត្តសឿងហ៊ានប្តឹងឬទេ? លោក ម៉ែន ណាត ឆ្លើយថា «យើងអត់ជឿថា គាត់ហ៊ាន{ប្តឹង}ទេ។ លោក ផ្តល់យោបល់ថា «មុននឹងគាត់ធ្វើកិច្ចការហ្នឹងបាន {ប្តឹង} លុះត្រាតែគាត់ {រដ្ឋាភិបាល} ធ្វើមោក្ខភាព {លុបចោល} នូវឯកសារខុសច្បាប់ចោលសិន»។
គួរបញ្ជាក់ថា ឯកសារខុសច្បាប់ គឺជាប្រភេទឯកសារទាំងឡាយណា ដូចជាសន្ធិសញ្ញាព្រំដែន និងកិច្ចព្រមព្រៀងនានា ដែលកម្ពុជាបានធ្វើជាមួយវៀតណាម នៅមុនទសវត្សរ័ទី៩០ ដែលផ្ទុយពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ និងផ្ទុយពីរដ្ឋធម្មនុញ្ញកម្ពុជា ឆ្នាំ១៩៩៣ ត្រង់មាត្រា២ និងមាត្រា៥៥។ សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ឆ្នាំ២០០៥ និងសន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ឆ្នាំ២០១៩ ដែលបានអនុលោមតាមសន្ធិសញ្ញាព្រំដែនខុសច្បាប់ ឆ្នាំ១៩៨៥ ក៏គ្មានភាពស្របច្បាប់ដែរ ដូចបានបញ្ចាក់ជូនខាងលើ។
លោក ម៉ែន ណាត ក្នុងនាមក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ជំរុញឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ត្រូវតែលើកយកបញ្ហាជម្លោះព្រំដែននេះ ដោះស្រាយតាមយន្តការអន្តរជាតិ។ លោក ថ្លែងថា ដើម្បីធ្វើកិច្ចការនេះបាន ចាំបាច់ត្រូវតែមានក្រុមការងារឯករាជ្យ ចូលរួមពិភាក្សា ដែលមានក្រុមអង្គការសង្គមស៊ីវិល អ្នកជំនាញព្រំដែនឯករាជ្យ និងអ្នកជំនាញពីប្រទេសបារាំង នៃអតីតប្រទេសអាណានិគម។
ដោយឡែកកាលពីថ្ងៃទី ២៩ មេសា រដ្ឋមន្រ្តីការបរទេសកម្ពុជា លោក ប្រាក់ សុខុន ថ្លែងថា កម្ពុជាគ្រោងធ្វើលិខិតកំណត់ទូត តវ៉ាទៅប្រទេសវៀតណាម ករណីដែលទាហានវៀតណាម រំលោភចូលមកបោះតង់ ក្នុងតំបន់មានជម្លោះ «តំបន់ស» នៅព្រំដែនក្នុងស្រុកកោះធំ។
គួររំលឹកថា អតីតរដ្ឋមន្រ្តីការបរទេសកម្ពុជា លោក ហោ ណាំហុង ក្នុងឆ្នាំ២០១៥ និងដើមឆ្នាំ ២០១៦ បានធ្វើលិខិតកំណត់ទូត តវ៉ាទៅវៀតណាមជាច្រើនលើក ករណីវៀតណាម ឆ្លងព្រំដែនចូលមកជីកស្រះ ៧ កន្លែង នៅខេត្តរតនគីរី និង សាងសង់ប៉ុស្តិ៍ព្រំដែន ១ កន្លែងក្នុងទឹកដីខ្មែរ នៅឃុំសំពៅពួន ស្រុកកោះធំ ខេត្តកណ្តាល។ ប៉ុន្តែលិខិតកំណត់ទូត តវ៉ាទៅវៀតណាមទាំងនោះ គ្មានបានទទួលលទ្ធផលផ្លែផ្ការទេ៕
(CWCI Cambodia /អត្ងបទដោយ នគរ / ០៣ ឧសភា ២០២០)

.
អត្ថបទល្អ។