អត្ថបទ CWCI Cambodia / 07th-11-2020

ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត បាន​ចាត់ទុក​រដ្ឋាភិបាល​​លោក ហ៊ុន សែន ថា​​បន្ត​​ជួយ​ប្រទេស​​វៀតណាម ក្នុង​ការឈ្លានពាន​​បូរណភាព​ទឹកដី​ខ្មែរ។ ខាង​ក្រោម​នេះ ជាខ្លឹមសារ​អត្ថបទ​ទាំងស្រុង ៖

យើងខ្ញុំសូមផ្តាំផ្ញើជនរួមជាតិ រឿង«រដ្ឋាភិបាល ហ៊ុន សែន ធ្វើកំហុស​មិនព្រម​កែ ជុំវិញ​ករណី​​ព្រំដែន​ជាមួយ​វៀតណាម»

មន្ត្រីព្រំដែន​រដ្ឋាភិបាល​នៃ​លោក ហ៊ុន សែន បោះបង្គោល​ព្រំដែន​ជាមួយ​វៀតណាម បាន​​រួចរាល់​មួយ រាប់​ថាជាជោគជ័យ​មួយ ហើយ​នាំគ្នា​សប្បាយ​ចិត្ត តាម​បំណង​របស់​វៀត​ណាម ហើយ​លោក ហ៊ុន សែន ជាមេគំនិត​ធ្វើតាម​បំណងឈ្លានពាន​​របស់​វៀត​ណាម។ ពួកគេ​នាំគ្នាគិត​ថា ពួកគេ​អាច​បញ្ចប់​ភាពចម្រូងចម្រាស​រឿង​ព្រំដែន​នេះ ទាំង​ផ្ទៃក្នុង​កម្ពុជា​ខ្លួន​ឯង និង​ទាំង​ជាមួយ​វៀតណាម។

យើងខ្ញុំកត់សម្គាល់​ឃើញ​ថា រឿងរ៉ាវ​ព្រំដែន រឿង​បូរណភាព​ទឹកដី​នេះ មិន​អាច​បញ្ចប់​ទៅ​ដោយ​ភាពអយុត្តិធម៌ ដោយ​រំលោភ​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​​កិច្ច​ព្រម​ព្រៀង​​ទីក្រុង​ប៉ារីស ​ឆ្នាំ​១៩៩១ ព្រមទាំង​គោលការណ៍​ច្បាប់​អន្តរជាតិ​របៀបនេះ​បាន​ទេ។ សន្ធិ​សញ្ញា​​​ព្រំដែន​​រដ្ខ ឆ្នាំ​១៩៨៥ ជាមួយ​​វៀតណាម ជា​សន្ធិសញ្ញា​ខុសច្បាប់ ទាំង​ផ្ទៃក្នុង​ជាតិ និង​ទាំង​ក្នុង​ឆាក​អន្តរជាតិ ដែល​ភាគី​វៀតណាម គីជាភាគី​ឈ្លានពាន​កម្ពុជា តម្រូវ​ឲ្យ​​រដ្ឋាភិបាល​​នៃ​លោក ហ៊ុន សែន យក​មក​​អនុវត្ត​​ឡើង​វិញ តាម​​សន្ធិសញ្ញា​​បំពេញ​បន្ថែម​ថ្មីៗ ដូចជា​ សន្ធិសញ្ញា​បំពេញ​បន្ថែម ឆ្នាំ​២០០៥, ឆ្នាំ​២០១៩ និង​ច្បាប់​ពិធីសារ​ខណ្ឌសីមា​ព្រំដែន ឆ្នាំ​២០២០ ព្រមទាំង​ផែនទី​ថ្មី ខ្នាត ១លើ​២៥ពាន់ (១/២៥.០០០) ផង។ នោះសុទ្ធតែ​ជារឿង​ធាក់ថយ​ក្រោយ​ខាង​ផ្លូវច្បាប់ បង្កើត​ភាពមិនប្រក្រតី​នានា ក្នុង​យន្តការ​អនុវត្ត​ជាក់ស្តែង និង​ធ្វើឲ្យ​ពលរដ្ឋ​ខ្មែរ នៅ​តាម​ព្រំដែន បាត់បង់​ដីស្រែ​ចំការ​របស់​ខ្លួន។

ទង្វើរបស់រដ្ឋាភិបាល​លោក ហ៊ុន សែន ទាំងអស់នេះ គឺជាការបង្កើត​កំហុស​ប្រវត្តិ​សាស្ត្រ​កម្ពុជា​ដដែលៗ ដើម្បី​ប្តូរយក​អំណាច​តែ​ក្នុង​មួយរយៈពេល​ប៉ុណ្ណោះ។ ហើយ​អំណាច​នេះ នឹង​បញ្ចប់​ទៅវិញ នៅ​ពេល​កំណត់​មួយ​យ៉ាង​ជាក់លាក់ ដែល​មិនអាច​ធានា​បាន​នូវ​តុល្យភាព​របស់វា។

យើងខ្ញុំសូម​រំលឹកជូនពលរដ្ឋខ្មែរ​ថា រឿងរ៉ាវព្រំដែន​ជាមួយ​វៀតណាម រឹតតែ​​មិន​​អាច​​បញ្ចប់​ដោយ​ការបាត់បង់​​បូរណភាព​ទឹកដី​ខ្មែរ​យ៉ាង​នេះ​បាន​ទេ។ រដ្ឋាភិបាល​ក្រោយ និង​អ្នក​ជំនាន់​ថ្មី ចាំបាច់​ត្រូវតែ​សើរើ​ឡើង​វិញ​ជា​ដាច់ខាត ដើម្បី​ការពារ​មូលដ្ឋាន​ជាតិ​ដ៏​រឹង​មាំ ​ការពារ​ច្បាប់​រដ្ឋធម្មនុញ្ញ​ខ្មែរ ឆ្នាំ​១៩៩៣ ការពារ​ខ្លឹមសារ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស និង​ស្របតាម​ច្បាប់​អន្តរជាតិ​ដ៏រឹងមាំ ក្នុង​ការផ្តល់​យុត្តិធម៌​ដល់​ប្រជាជាតិ​ខ្មែរ និង​ផល​ប្រយោជន៍​ខ្មែរ គ្រប់​ជំនាន់​ទៅ​មុខ​ទៀត។

ទីក្រុងគ្រីស្ទានសាន់ (ប្រទេសន័រវេស៍) ០៦ វិច្ឆិកា ២០២០

ម៉ែន ណាត
ប្រធាន​ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា


ខាងក្រោមនេះ សូមភ្ជាប់អត្ថបទរបស់លោកស្រី កុយ ពីសី អនុប្រធាន​គណៈ​កម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន នៃ​រដ្ឋាភិបាល​កម្ពុជា។

.

.