The Cambodia Daily
17-01-2023
ក្រុមអ្នកតស៊ូមតិនៅក្រៅស្រុក រិះគន់ថា តំណែងជានាយករដ្ឋមន្ត្រី ៣៨ឆ្នាំរបស់លោក ហ៊ុន សែន គឺជាតំណែងដែលបានមកពីការប្លន់អ្នកដទៃ ដោយមានការជួយជ្រោមជ្រែងពីរដ្ឋាភិបាលវៀតណាម ជាថ្នូរនឹងការបម្រើមហិច្ឆតាឈ្លានពានរបស់ពួកគេ។
អនុប្រធានវេទិកាពលរដ្ឋ លោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៦ មករា នេះថា ក្រោមការជ្រោមជ្រែងរបស់កងទ័ពវៀតណាម លោក ហ៊ុន សែន បានដណ្តើមអំណាចពីលោក ប៉ែន សុវណ្ណ និងលោក ចាន់ ស៊ី ដើម្បីឡើងកាន់កាប់អំណាចជានាយករដ្ឋមន្ត្រីរបស់កម្ពុជា នៅឆ្នាំ១៩៨៥។
លោកបន្ថែមថា ទង្វើនេះគឺជាសញ្ញាមួយបញ្ជាក់ទៅកាន់ពលរដ្ឋខ្មែរគ្រប់រូបថា លោក ហ៊ុន សែន មិនមែនជាមេដឹកនាំ ដែលមានគុណសម្បត្តិជាអ្នកបង្រួបបង្រួមរកការឯកភាពជាតិ ជាជាងការថែរក្សាអំណាចរបស់គាត់នោះឡើយ។
លោក ម៉ែន ណាត លើកឡើងថា ក្រោយចាញ់ការបោះឆ្នោតឆ្នាំ១៩៩៣ ដែលរៀបចំឡើងដោយអ៊ុនតាក់ (UNTAC) លោក ហ៊ុន សែន ក៏មានប្រវត្តិប្លន់អំណាចពីសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែរ ដែលទ្រង់ជានាយករដ្ឋមន្ត្រីទី១ នាពេលនោះ ដោយបានបង្កើតព្រឹត្តិការណ៍រដ្ឋប្រហារបង្ហូរឈាម កាលពីថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ១៩៩៧។ ក្រោយបានអំណាចពេញដៃ លោក ហ៊ុន សែន បានលួចកែច្បាប់គ្រប់បែបយ៉ាង ក្នុងនោះក៏មានទាំងការកែប្រែរដ្ឋធម្មនុញ្ញកម្ពុជា ថែមទៀត ដើម្បីថែរក្សាអំណាចបន្តទៅវង្សត្រកូលរបស់ខ្លួន។
អនុប្រធានវេទិកាពលរដ្ឋ រូបនេះរិះគន់ថា ការកាន់កាប់តំណែងជានាយករដ្ឋមន្ត្រីរបស់លោក ហ៊ុន សែន រយៈពេល ៣៨ឆ្នាំ មិនបានជួយឱ្យពលរដ្ឋខ្មែរ ទទួលបាននូវសុភមង្គលពីការដឹកនាំរបស់គាត់នោះទេ គឺមានតែធ្វើឱ្យបែកបាក់សាមគ្គីជាតិ និងពោរពេញទៅដោយទឹកភ្នែករបស់ពលរដ្ឋរងគ្រោះ រហូតធ្វើឱ្យកម្ពុជាប្រឈមទៅនឹងការធ្លាក់ចុះទៅក្នុងការគ្រប់គ្រងរបស់បរទេសទៅថ្ងៃអនាគតថែមទៀត។
លោក ម៉ែន ណាត អំពាវនាវឱ្យលោក ហ៊ុន សែន ងាកទៅរកការចរចា និងបើកលំហសេរីភាពសម្រាប់អ្នកនយោបាយ ដែលមាននិន្នាការផ្ទុយពីខ្លួន ដើម្បីរកការផ្សះផ្សា និងការឯកភាពជាតិ មុនពេលដែលគាត់អស់អំណាច ចៀសវាងកុំឱ្យកម្មពៀរទាំងនោះធ្លាក់ទៅលើគាត់ និងក្រុមគ្រួសាររបស់គាត់វិញ។
កាលពីថ្ងៃសៅរ៍សប្តាហ៍កន្លងទៅនេះ លោក ហ៊ុន សែន អះអាងថា ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ គឺជាថ្ងៃខួបទី ៣៨ឆ្នាំនៃការកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់លោក ចាប់តាំងពីថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ មក។
មេដឹកនាំមុខដដែលៗរូបនេះ អួតថា លោកបានឡើងធ្វើជានាយករដ្ឋមន្ត្រី ដែលមានវ័យក្មេងជាងគេបំផុតនៅក្នុងពិភពលោក ដែលពលរដ្ឋគោរពស្រឡាញ់ និងគាំទ្រខ្លាំង ហើយអាចរក្សាតំណែងជានាយករដ្ឋមន្ត្រីបានយូរជាងគេបំផុត នៅក្នុងពិភពលោកផងដែរ។
លោក ហ៊ុន សែន អះអាងថា រយៈពេល ៣៨ឆ្នាំកន្លងទៅនេះ កម្ពុជាបានឆ្លងកាត់មហាឧបសគ្គធំៗរាប់មិនអស់ ប៉ុន្តែក្រោមការដឹកនាំដ៏វៃឆ្លាត និងមានបទពិសោធន៍បំផុតរបស់លោក កម្ពុជាបានអភិវឌ្ឍឲ្យមានការរីកចម្រើនលើគ្រប់វិស័យ និងមានមុខមាត់លើឆាកអន្តរជាតិមកទល់នឹងសព្វថ្ងៃនេះ។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៦ មករា នេះថា ពលរដ្ឋដែលគោរពស្រឡាញ់លោក ហ៊ុន សែន ខ្លាំងបំផុតនោះ គឺសម្រាប់តែអ្នកដែលគាំទ្រគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ ខណៈពលរដ្ឋដែលស្នេហាប្រជាធិបតេយ្យ សកម្មជនសិទ្ធិមនុស្ស សកម្មជនសង្គម សកម្មជនព្រៃឈើ និងសកម្មជនបរិស្ថាន ជាដើម នៅតែត្រូវបានរងនូវការរឹតត្បិតសេរីភាព និងការចាប់ខ្លួន នៅពេលដែលពួកគេសម្ដែងមតិពីបញ្ហាដែលកើតមាននៅក្នុងសង្គមកម្ពុជា នាពេលបច្ចុប្បន្ន៕

.