អត្ថបទដោយលោក ម៉ែន ណាត
ខ្លឹមសារសំណេរខាងក្រោមនេះ គឺជាអត្ថបទឆ្លើយបំភ្លឺតបទៅកាន់អាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន។
សូមរំឭកជូន អាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន នៃរដ្ឋាភិបាល ហ៊ុន ម៉ាណែត ដែលបានធ្វើសេចក្តីប្រកាសព័ត៌មាន អះអាងពីភាពត្រឹមត្រូវរបស់ខ្លួន ទៅលើការកំណត់ព្រំដែន នៅព្រែកកំពង់ស្នាយ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងនោះ នោះគឺជាការផ្អែកលើមូលដ្ឋានកំហុសឆ្គង និង លើសន្ធិសញ្ញាមិនត្រឹមត្រូវ ដូចខាងក្រោម៖
១. សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ឆ្នាំ២០០៥ ដែលអនុលោមតាមសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋខុសច្បាប់ រវាងកម្ពុជា-វៀតណាម ឆ្នាំ១៩៨៥។
=> ១.១. ដូច្នេះ ការបកស្រាយរបស់អាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន គឺជាកំហុសបច្ចេកទេស និង បំភាន់មតិមហាជនខ្មែរ ខណៈរដ្ឋាភិបាល ហ៊ុន សែន និង ហ៊ុន ម៉ាណែត បានធ្វើសម្បទានទឹកដីជាតិជាបន្តបន្ទាប់ ទៅឲ្យវៀតណាម។
=> ១.២. អាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន នៃរដ្ឋាភិបាល ហ៊ុន ម៉ាណែត ជាស្ថាប័នបំផ្លើសព័ត៌មាន និង ធ្វើការងារតាមការចង្អុលបង្ហាញ ដែលកំណត់ក្នុងសន្ធិសញ្ញាខុសច្បាប់ និងការប្រើផែនទីមិនត្រឹមត្រូវ វាផ្ទុយពីខ្លឹមសារមាត្រា២ នៃរដ្ឋធម្មនុញ្ញ។ ជាងនេះទៀត វាផ្ទុយពីស្មារតីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ ស្តីពីបូរណភាពទឹកដីកម្ពុជា ព្រមទាំងមាត្រា៥៥ នៃរដ្ឋធម្មនុញ្ញកម្ពុជា។
២. អាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន ធ្វើការបំពាន និងគាបសង្កត់ទៅលើសិទ្ធិពលរដ្ឋតាមព្រំដែនខ្មែរ ដែលជាសាក្សីរស់ និង ជាម្ចាស់ស្រែចម្ការជាប់ព្រំដែន។
៣. អាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន នៃរដ្ឋាភិបាល ហ៊ុន ម៉ាណែត បន្តជួយលាក់កំបាំង និងការពារមហិច្ឆតារបស់ប្រទេសជិតខាង ដែលតែងតែរំលោភឈ្លានពានបូរណភាពទឹកដីខ្មែរ។
ដំណោះស្រាយ ៖
១. អាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន ត្រូវហ៊ានស្នើឲ្យរដ្ឋាភិបាល សើរើសន្ធិសញ្ញា និងកិច្ចព្រមព្រៀងមិនប្រក្រតីនានា (រួមទាំងផែនទីព្រំដែន) ដែលហៅថា «ជាការទទួលខុសត្រូវខាងបច្ចេកទេស និង ភាពត្រឹមត្រូវលើឧត្តមគតិជាតិ»។
២. រដ្ឋាភិបាល និងរដ្ឋសភា ត្រូវសើរើ រួចធ្វើនារាករណ៍ នូវសន្ធិសញ្ញា និងកិច្ចព្រមព្រៀងមិនប្រក្រតីនានា (រួមទាំងផែនទីព្រំដែន) ដែលហៅថា «ជាការទទួលខុសត្រូវផ្នែកនយោបាយជាតិ»។
៣. បន្ទាប់ពីធ្វើនារាករណ៍រួចហើយ រដ្ឋាភិបាលត្រូវហ៊ានប្តឹងផ្តល់ ប្រទេសដែលឈ្លានពានកម្ពុជា តាមយន្តការច្បាប់អន្តរជាតិ និង ភាគីអន្តរជាតិ ដែលហៅថា «ជាការទទួលខុសត្រូវផ្នែកនយោបាយជាតិ និង ការទូត»។
អត្ថបទដោយ ម៉ែន ណាត
នៃវេទិកាពលរដ្ឋ និង ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា
ប្រទេសន័រវែស ថ្ងៃទី២៨ សីហា ២០២៣

សូមអានសេចក្តីប្រកាសព័ត៌មានពីភាគីរដ្ឋាភិបាល ហ៊ុន ម៉ាណែត ដើម្បីឆ្លុះបញ្ជាំងអត្ថបទខាងលើ។
អត្ថបទភ្ជាប់ដែលនាំឲ្យអាជ្ញាធរជាតិទទួលបន្ទុកិច្ចការព្រំដែន មានប្រតិកម្មគឺ៖ => ព្រែកខ្មែរមួយខ្សែ បាត់បង់ទៅវៀតណាម ក្រោយបោះបង្គោលព្រំដែន


