ឯកសារព្រំដែន​ដោយ​លោក ម៉ែន ណាត ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា

កោះត្រល់ មានផ្ទៃ ៥៧៤ គីឡូម៉ែត្រក្រឡា (សឹងប៉ុន​ប្រទេស សាំងហ្កាពួរ) មាន​​ផ្ទៃ​​ដី​ខ្ពង់​រាប​បាត​​​សមុទ្រ ជាប់​​នឹង​ឆ្នេរ​សមុទ្រខ្មែរ ខេត្ត​ព្រះសីហនុ និង​​ខេ​ត្ត​កំពត។ កោះ​នេះ មាន​​ចម្ចាយ ១៥ គីឡូ​ម៉ែត្រ ពី​​ខេត្ត​កំពត ហើយ​​​មាន​ចម្ងាយ ៤៥ គីឡូ​ម៉ែត្រ ពី​តំបន់​ហាតៀង (Ha Tien) ប្រទេស​​​វៀតណាម (កម្ពុជា​ក្រោម)។

ដើមហេតុ​អាណានិគម​បារាំង នៅ​កម្ពុជា ភ្ជាប់​រឿង«​កោះត្រល់»

ព្រះមហាក្សត្រខ្មែរ អង្គដួង នៅឆ្នាំ ១៨៥៦ បាន​ទាក់ទង​ជាសម្ងាត់ ជាមួយ​ព្រះ​ចៅ​​អធិ​រាជ​​បារាំង ណាប៉ូលេអុង ទី៣ តាមរយៈ​បេសកជន​បារាំង ឈ្មោះ Monseigneur Miche ដើម្បី​ឲ្យ​ជួយ​ទប់ទល់ ជាមួយ​​ព្រះ​រាជា​​អាណាម (វៀតណាម) ដែលវាយ​លុក​លុយ​ទឹកដី​កម្ពុជា (កម្ពុជា​ក្រោម សព្វថ្ងៃ) និង​ទ​ប់ទល់​ជាមួយ​​​ប្រទេស សៀម ផង។ នៅឆ្នាំ ១៨៥៨ ស្តេច​ណាប៉ូលេអុង ទី៣ បាន​បញ្ជា​ឱ្យឧត្តមនាវី Admiral Doudard De La Grandiere ធ្វើតាមសំណើ​របស់ស្តេច អង្គឌួង។ ស្តេច អង្គឌួង បាន​សុគតនៅឆ្នាំ ១៨៦០ គឺ​មុន​ពេល​បារាំង ​ទទួល​យល់ព្រម​​សំណូម​​ពរ​​របស់​​ព្រះអង្គ។

នៅឆ្នាំ ១៨៦៤ ព្រះបាទ នរោត្ដម ជាព្រះរាជបុត្រា​របស់ស្តេច អង្គឌួង ទើប​ឡើង​គ្រង​​រាជ្យ បាន​​​យាង​​ទៅ​ជួប La Grandiere ម្តងទៀត នៅ​ទីក្រុង​ព្រៃនគរ (សៃហ្គន ឬក្រុង​ហូ​ជី​មិញ) ដើម្បី​បញ្ជាក់​បារាំង តាម​ការស្នើ​សុំ។ លុះដល់ឆ្នាំ ១៨៦៧ មាន​ចលនាខ្មែរមួយ​ក្រុម ដែល​គាំទ្រ​ដោយ វៀតណាម បានតវ៉ា​ប្រឆាំង​មិន​ចង់​ឲ្យទឹកដី​កូសាំងស៊ីន (កម្ពុជា​ក្រោម) ធ្លាក់​ក្នុងដៃ​កម្ពុជា របស់​ស្តេច រនរោត្តម ទេ។

ឯកសារកាលប្បវត្តិ អីពីដំណើររឿង កោះត្រល់

ឆ្នាំ ១៨៥៦ ព្រះរាជា អង្គឌួង បាន​យាង​ទៅ​ជួប​ប្រេសិត​របស់​បារាំង ឈ្មោះ Monseigneur Miche ធ្វើ​​​ទស្សន​កិច្ច នៅ​​ទីក្រុង​បាងកក ឲ្យ​ទូល​ថ្វា​យ​ព្រះចៅ ណាប៉ូលេអុង ទី៣ ដើម្បី​ជួយ​​អន្តរាគមន៍ ទប់ទល់​ការឈ្លានពាន​របស់ប្រទេស​អាណាម ទៅ​លើទឹកដី​ព្រៃនគរ (កម្ពុជា​ក្រោម) រួមទាំង កោះត្រល់ ផង។

ឆ្នាំ ១៨៦៣ បារាំង ដាក់ណាព្យាបាល មក​លើកម្ពុជា។ បារាំង បញ្ចូល​ទឹកដី​កម្ពុជា​ក្រោម ធ្វើជា​​អាណា​និគម​របស់ខ្លួន ហើយ​បាន​ដាក់ឈ្មោះថ្មីថា «កូសាំងស៊ីន (Cochinchine)»។

ថ្ងៃទី ២៥ ឧសភា ១៨៧៤ កោះត្រល់ (យួនហៅ កោះភូកុក «Phu Quoc») ដែល​ជាកម្ម​សិទ្ធិ​​របស់​កម្ពុជា (ក្នុងរជ្ជកាល​ស្តេច អង្គឌួង) ត្រូវបាន​ដាក់នៅ​ក្រោម​រដ្ឋបាល របស់អភិបាល​កូសាំងស៊ីន ដែលគ្រប់គ្រងដោយ​បារាំង ជាអាណាព្យាបាលផ្ទាល់។

ថ្ងៃទី ១៦ មិថុនា ១៨៧៥ កោះត្រល់ បានភ្ជាប់នឹងស្រុកហាតៀង ដែល​ត្រួត​ត្រា​ដោយ​អាណា​និគម បារាំង។ គួររម្លឹកនៅឆ្នាំ ១៨៥៥ ព្រះរាជា អង្គឌួង បានបញ្ជាក់​ក្នុង​ព្រះ​រាជសារ ទៅ​ព្រះចៅ​អធិរាជ ណាប៉ូលេអុង ទី៣ ថា​ទឹកដីដែល​ប្រទេស​អាណាម ឈរជើង នៅខាង​លិច ដង​ទន្លេ​មេគង្គ ទល់នឹង​ឈូងសមុទ្រសៀម (តំបន់ហា​តៀង) គឺជា​ទឹកដី​របស់​កម្ពុជា (សៀវភៅ៖ cf. A. Dolphin​-​Dauphin​-​Meunier – “History of Cambodia”, pg. 99)។ «កោះត្រល់ គឺជា កោះ របស់ប្រទេសកម្ពុជា ទោះបីស្ថិតនៅក្រោមការគ្រប់គ្រង របស់អាណានិគមបារាំង»

ថ្ងៃទី ៣១ មករា ១៩៣៩ ខ្សែបន្ទាត់ប្រេវីយេ (Brévié line) បាន​កំណត់​ចម្ចាយ ៣ គីឡូ​ម៉ែត្រ ហ៊ុំព័ទ្ធខាងជើង កោះត្រល់ ត្រូវបាន​បែង​ចែក​ការគ្រប់​គ្រង រវាង​ប្រទេស​កម្ពុជា និង​បារាំង នៅ​​កូសាំងស៊ីន។ ក្នុងលិខិត​របស់​លោកប្រេវីយេ ចុះថ្ងៃទី ៣១ មករា ដដែលនោះ បាន​បញ្ជាក់ថា «បារាំង គ្រប់គ្រងកោះត្រល់ តែផ្នែកប៉ូលីស និង រដ្ឋបាល​ប៉ុណ្ណោះ។ ក្រៅពីនេះ កោះត្រល់ គឺជារបស់កម្ពុជា»

ថ្ងៃទី ០៤ មិថុនា ១៩៤៩ ទឹកដីកូសាំងស៊ីន (កម្ពុជាក្រោម) ត្រូវ​បាន​បារាំង បោះ​ឆ្នោតអនុម័ត ផ្ទេរ​ទៅ​ឲ្យ​​វៀត​ណាម ជាផ្លូវការ។ ប៉ុន្តែបារាំង មិនបាន​បញ្ជាក់​ឈ្មោះ កោះត្រល់ ជាមួយ​ការផ្ទេរនោះទេ។ ដូច្នេះ​​លិខិត​រ​បស់​លោក ប្រេវីយេ នាខែមករា ១៩៣៩ គឺជាឯកសារ​សំខាន់​បំផុត ក្នុងរឿង​ក្តី​កោះត្រល់។ គួរបញ្ជាក់ថា នៅពេលបារាំង ផ្ទេរទឹកដីកូសាំងស៊ីន ទៅឲ្យវៀតណាម គឺមាន​ការតវ៉ាខ្លះដែរ ពីភាគីកម្ពុជា ហើយក្រុមចលនាខ្មែរជាតិនិយម ក៏តវ៉ាពីរឿងបាត់បង់ទឹកដីកម្ពុជាក្រោម។

ថ្ងៃទី ២៤ មេសា ១៩៥៤ នៅឯសន្និសីទក្រុងហ្សឺណែវ ភាគីប្រទេសកម្ពុជា នៅ​តែបន្ត​ធ្វើ​បាតុ​កម្ម​ប្រឆាំង នឹង​ការផ្ទេរដីកូសាំងស៊ីន ទៅប្រទេស​វៀតណាម ដោយ​អយុត្តិធម៌ និងរក្សា​សិទ្ធិក្នុងការប្តឹងតវ៉ា​ករណីនេះ។

ថ្ងៃទី ០៧ មិថុនា ១៩៥៧ សម្តេចតា នរោត្តម សីហនុ ប្រធាន​ទីស្តីការ​គណៈរដ្ឋមន្រ្តី បាន​ផ្ញើ​ព្រះរាជសារ ជូន​ទៅលោក លន់ នល់ ដែល​ពេលនោះ​ជារដ្ឋមន្រ្តីក្រសួងការពារជាតិ ដើម្បី​ធានា​ការការពារ​កោះ​ទាំងអស់ ដែល​មាន​ទីតាំង តាម​បណ្តោយឈូង​សមុទ្រ ថៃ (រួមទាំង កោះត្រល់) ផង និង ចង្កោមកោះ កោះក្រចកសេះ (Poulo-Pangjang) ដែល​​វៀតណាម​ហៅ កោះ Tho Chu, កោះ​អាចម៍សេះ (Koh PouloWai) និង​កោះតាង (Koh Tang)។

ថ្ងៃទី ៣០ ធ្នូ ១៩៥៧ ព្រះរាជក្រឹត្យ លេខ៦៦២ របស់សម្តេច នរោត្តម សុរាម្រិត ទាក់ទងនឹងការកំណត់ព្រំដែន​នៃ ដែនសមុទ្រ​កម្ពុជា ទ្រង់បានបញ្ជាក់ថា «កោះត្រល់ ឬ​កោះ​ភូកុក ជាឈ្មោះតែមួយ ជាកោះដែលនៅក្នុង​ដែន​អធិបតេយ្យភាពខ្មែរ យ៉ាងជ្រៅ។ គ្មានជំនាន់ណា ហ៊ានកាត់ទៅឲ្យ យួន នោះទេ» (ប្រការ ៦ និងប្រការ ៧)។

ឆ្នាំ ១៩៦៣ នៅក្នុងសៀវភៅ «ភូមិសាស្ត្រកម្ពុជា» បោះពុម្ពផ្សាយក្នុងឆ្នាំ ១៩៦៣ ដោយលោក តាន់ គឹមហួន ជាវិស្វករ​កសិកម្ម និង​ជាអ្នកជំនាញ​ខាង​ព្រៃឈើ [គាត់​បាន​បង្ហាញ​ថា កោះត្រល់ ពិតជាកោះ​របស់​កម្ពុជា (ផែនទីលេខ ៣, ១២, និង ១៩)។

ឆ្នាំ ១៩៦៩ កោះត្រល់ (កោះ​ភូគុក) ត្រូវបានបញ្ចូលក្នុង​បញ្ជីផ្លូវការ​នៃ ចង្កោម​កោះ​របស់កម្ពុជា ដែល​បោះពុម្ព​ផ្សាយ​ដោយ ក្រសួង​ឧស្សាហកម្ម និង​ធនធានរ៉ែ នូវចំនួនកោះ ៦១ ក្នុង​ចំណោមកោះទាំងអស់ ចំនួន ៦៤ កោះ

ថ្ងៃទី ០១ កក្កដា ១៩៧២ ក្រឹត្យច្បាប់របស់ រដ្ឋាភិបាល​សាធារណរដ្ឋខ្មែរ បាន​បញ្ជាក់​ជំហរ​ជា​ថ្មី នូវ​ការ​ការពារ​ដែនអធិបតេយ្យ​ជាតិ​របស់​ខ្លួន ស្តីអំពី «ដែនកោះ» ហើយ​​បាន​ព្រមានក្រុមហ៊ុន​រុករក​រ៉ែប្រេងកាត​នានា {ក្នុង​ឈូង​សមុទ្រ} ជំនះ​​នឹង​​ផលវិបាក​​នៃ​​សកម្ម​ភាព​ណា​មួយ​​របស់​ពួកគេ ដែល​​បាន​​អនុវត្ត​​នៅ​​ក្នុង​តំបន់នេះ។ «កោះត្រល់ នៅ​តែ​ជារបស់​ខ្មែរ»។

ឆ្នាំ ១៩៧៥ កងទ័ពខ្មែរក្រហម បានចូលកាន់កាប់ «កោះត្រល់» រយៈ​ពេលខ្លី បាន​រក​ឃើញ​ថា «គ្មាន​វត្តមាន​ពលរដ្ឋ​វៀតណាម រស់នៅ​លើកោះ​នេះទេ»

ថ្ងៃទី ០៧ កក្កដា ១៩៨២ កិច្ចព្រមព្រៀងទឹកប្រវត្តិសាស្ត្រ រវាងរដ្ឋមន្រ្តី​ការបរទេស​​វៀត​​ណាម និង​​កម្ពុជា គឺលោក ង្វៀន កូថាច់ និងលោក ហ៊ុន សែន បានដាក់បញ្ចូល កោះត្រល់ (Phu Quoc) និងកោះក្រចកសេះ (Poulo-Pangjang ដែលវៀតណាម ហៅថា Tho Chu) ទៅក្នុងតំបន់​ទឹកប្រវត្តិសាស្រ្ត​រួមគ្នា។ ក្រោយពេល​​វៀតណាម ចូល​ត្រួតត្រាប្រទេស​កម្ពុជា ឆ្នាំ ១៩៧៩ និង​បន្ទាប់ពី​កិច្ចព្រមព្រៀងព្រំដែនទឹក ឆ្នាំ១៩៨២ មកទល់​សព្វថ្ងៃ គឺមាន​ជន​ជាតិ​​វៀតណាម ប្រមាណ ៨៥០០០ នាក់ (ឯកសារឆ្នាំ ២០១៤) ចូល​ទៅរស់នៅ កោះត្រល់។

ឆ្នាំ ១៩៨៥ កោះត្រល់ និង​ប្រជុំ​កោះខ្មែរ នៅតែត្រូវ​បាន​សរសេរ​​ក្នុង​សៀវសិក្សា «ភូមិ​វិទ្យា» ថ្នាក់​​ទី​​៧ ឆ្នាំ​​១៩៨៥ នៃ​របប​សាធារណរដ្ឋ​​ប្រជា​​មានិត​កម្ពុជា របស់​លោក ហ៊ុន សែន ដែលជា​សម័យ​​វៀតណាម ត្រួតត្រា​កម្ពុជា។

ថ្ងៃទី ២៣ តុលា ១៩៩១ កិច្ចព្រមព្រៀងទីក្រុងប៉ារីស ឯកសារទី២ មាត្រា១ ចំណុច​ទី​២ «ឃ» បញ្ជាក់​ថា «បញ្ចប់​សន្ធិសញ្ញា និងកិច្ចព្រម​ព្រៀង​ទាំងឡាយ ដែល​មិនស្រ​ប​នឹងអធិបតេយ្យភាព ឯករាជ្យ បូរណភាព និងភាពមិន​អាច​រំលោភ​បាន​នៃ​ដែនដី អព្យាក្រឹតភាព និងឯកភាព​ជាតិ​របស់ខ្លួន»។ កោះត្រល់ និងចង្កោម​កោះ​ក្រចកសេះ ក៏ស្ថិតក្នុងខ្លឹមសារ​​នៃ​កិច្ចព្រម​ព្រៀង​នេះដែរ។ កិច្ចព្រមព្រៀងនេះ បាន​ទទួល​ស្គាល់​​ពីប្រទេស ចំនួន ១៨ ក្នុង​នោះមាន​ប្រទេសជិតខាង របស់កម្ពុជាទាំងអស់។

ឆ្នាំ ១៩៩៣ រដ្ឋធម្មនុញ្ញា មាត្រា២ «បូរណភាព​ទឹកដី​របស់​​ព្រះរាជាណាចក្រ​កម្ពុជា​​​ មិន​​អាច​រំលោភ​​បាន​​ដាច់​​ខាត​ ក្នុង​ព្រំដែន​​របស់​ខ្លួន​ ដែល​​មាន​​កំណត់​​ ក្នុង​​ផែន​ទី​ ​ខ្នាត​ ១/១០០.០០០​ ធ្វើ​នៅ​​ចន្លោះ​ឆ្នាំ ​១៩៣៣​-១៩៥៣ ហើយ​​ដែល​​ត្រូវ​​បាន​​ទទួល​​ស្គាល់​​ជា​អន្តរ​ជាតិ​ នៅ​​ចន្លោះ​ឆ្នាំ ១៩៦៣-១៩៦៩»។

 ថ្ងៃទី ១៦ តុលា ២០០៤ ព្រះរាជសារសម្តេច នរោត្តម សីហនុ បានរំលឹកថា «ចំពោះ​​ខ្ញុំ ក្រោយ​ពី​បារាំង​​សែស ថ្វាយ​​រាជ​សម្បត្តិ​​ឲ្យ​ខ្ញុំ ខ្ញុំ​បាន​​រារាំង​​ប្រទេស​ថៃ ប្រទេស​​វៀមណាម ដែលខ្លាំង​​ជាង​យើង កុំឲ្យ​មក​​លេបត្របាក់​ ​ពង្រួញ​​ទំហំ​ទឹកដីខ្មែរ​​យើង ​តទៅ​ទៀត​បាន។ ដូច្នេះ ខ្ញុំសូម​​ជនរួមជាតិ មេត្តា​​បែងចែក​ឲ្យច្បាស់លាស់​ថា នរោត្តម សីហនុ មិន​ដែល​​ទទួលស្គាល់​ថា ស្របច្បាប់ និង​​សមហេតុផល​​អំពី កម្ពុជាក្រោម កោះត្រល់ បាន​ទៅបារាំង ឬ វៀត​ណាម នោះទេ»

អត្ថបទទាក់ទង
– សម្រង់ឯកសារ​អំពីរឿង ព្រំដែន​ខ្មែរ និង កោះត្រល់ ជាមួយ​វៀតណាម
– ឯកសារ៖ លិខិត​ ប្រវីយេ (Brevie) កោះ​ត្រល់ ​​ជា​​កម្មសិទ្ធិ​​​របស់​​​​ខ្មែរ គឺ​ផ្ទុយ​ពី​ការអះអាង​​​របស់​​លោក ហ៊ុន សែន
– ឯកសារ៖ កោះត្រល់ មានឈ្មោះ​ក្នុង​សៀវ​ភៅ​​​សិក្សា ១៩៨៥ ​របស់​ខ្មែរ! តើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ធ្វើ​អ្វី​ខ្លះ​​ក្នុង​រឿង​នេះ?
– ឯកសារ៖ កោះត្រល់ ជាកម្មសិទ្ធិរបស់ខ្មែរ មានបញ្ជាក់ក្នុងឯកសារ​​នៅឆ្នាំ ១៩៥៧ ទសវត្ស​ទី៧០ និង​ឆ្នាំ ១៩៨៥

ឯកសារច្បាប់

  • – សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ២០១៩ សូមទាញយក Download)
  • – សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ២០០៥ លើសន្ធិសញ្ញាកំណត់​ព្រំដែន​រដ្ឋ ឆ្នាំ​១៩៨៥ (សូមទាញយក Download)
  • – សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ រវាងកម្ពុជា និង​វៀតណាម ឆ្នាំ ១៩៨៥ ភ្ជាប់​ជាមួយ​បញ្ជី​ស្ថិតិ ផែន​ទី​​ព្រំដែន ១៩៨៥ (ដើម) Download 
  • – សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ រវាង​កម្ពុជា និង វៀតណាម ឆ្នាំ ១៩៨៥ (សូម​ទាញ​យក Download)
  • – កិច្ចព្រមព្រៀង ស្តីពីលក្ខន្តិកៈព្រំដែនគោក ថ្ងៃ ២០ កក្កដា ១៩៨៣ Download
  • – កំណត់ហេតុ​ប្រជុំ ជាឯកសារ​សម្ងាត់ ឆ្នាំ​២០០៧ ស្តី​ពី​​​ការបោះបង្គោល​​ព្រំដែន​ ​កម្ពុជា​-​វៀតណាម Download
  • – សារាចរណ៍ណែនាំ ថ្ងៃទី ២៦ កុម្ភៈ ឆ្នាំ១៩៨៦ ចុះហត្ថលេខា​ដោយ​លោក ហ៊ុន សែន បានផ្តល់​សិទ្ធិ និងជួយ​ការពារពលរដ្ឋ​វៀតណាម​ខុសច្បាប់ នៅ​កម្ពុជា (Download)
  • – លិខិតលោក ប្រេវីយេ (Brevie) កោះត្រល់ ថ្ងៃ ៣១ មករា ១៩៣៩ (សូមទាញយក ជាអង់គ្លេស និង ជាបារាំង និងបកប្រែក្រៅផ្លូវការ ភាសាខ្មែរ)
  • – សន្ធិសញ្ញាតំបន់ទឹកប្រវត្តិសាស្រ្ត ថ្ងៃ ៧ កក្កដា ១៩៨២ រវាងលោក ហ៊ុន សែន និង ង្វៀង កូថាច់ (សូម​ទាញយក​ «ច្បាប់ដើម» Download ឬទាញ​យក​ «ចម្លង» Download)
  • – សន្ធិសញ្ញា មិត្តភាព និងសហប្រតិបត្តិការ កម្ពុជា-វៀតណាម ១៩៧៩ Download
  • – កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ Download
  • – ច្បាប់អន្តោប្រវេសន៍ ឆ្នាំ១៩៩៤ Download
  • – ច្បាប់ស្តីពីសញ្ជាតិខ្មែរ ឆ្នាំ១៩៩៦ Download
  • លិខិតលោក ហ៊ុន សែន ទូលថ្វាយព្រះមហាក្សត្រ នរោត្តម សីហនុ ថ្ងៃទី ៣១ កក្កដា ឆ្នាំ ២០០០ (សូមទាញយក Download)

References:
– Cambodian Title to Kampuchea Krom and Koh Tral.*
– A Brief History of Koh Tral.
– Koh Tral in Cambodian Sea Platform.

.