The Cambodia Daily
26-2-2022

នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី និង​នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ឯកភាព​គ្នា​អនុវត្ត​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​ទាំង ៥​ចំណុច​​របស់​អាស៊ាន ក្នុង​នោះ​នាយករដ្ឋមន្ត្រី​ប្រទេស​ម៉ាឡេស៊ី បញ្ជាក់​ថា លោក​កំពុង​ទន្ទឹង​រង់ចាំ​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន ​ទៅកាន់​ប្រទេស​មីយ៉ាន់ម៉ា នៅ​ពេល​ខាងមុខ​នេះ។

នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក អ៊ីស្មាឯល សាប្រ៊ី យ៉ាកុប (Ismail Sabri Yaakob) និង​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន កាលពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២២ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម ​បន្ទាប់ពី​ជួប​ពិភាក្សា​គ្នា​អំពី និង​​អន្តរជាតិ​ថា ពួកគេ​នឹង​ពង្រឹង​សហគមន៍​អាស៊ាន​ ដើម្បី​ដោះស្រាយ​បញ្ហា​ក្នុង​តំបន់ និង​អន្តរជាតិ ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន និង​យន្តការ​ពហុភាគី​នានា​ក្នុង​គោលដៅ​រួម​គ្នា ថែរក្សា​អព្យាក្រឹត្យ​អាស៊ាន ការ​រួបរួម​គ្នា​រក្សា​សន្តិភាព ស្ថិរភាព និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចិរភាព វិបុលភាព​នៅ​ក្នុង​តំបន់ និង​ពិភពលោក។

សេចក្តី​ថ្លែងការណ៍​រួម​ដដែល​អះអាង​ថា មេដឹកនាំ​ប្រទេស​ម៉ាឡេស៊ី មាន​ក្តី​កង្វល់​យ៉ាង​ខ្លាំង ​អំពី​បញ្ហា​ដែល​កំពុង​ប្រឈម​នៅ​ប្រទេស​ភូមា បញ្ហា​សមុទ្រ​ចិន​ខាងត្បូង និង​ការប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ​ ក្នុង​ចំណោម​ប្រទេស​មហាអំណាច ដែល​ក្នុង​នោះ​ពាក់ព័ន្ធ​យ៉ាង​ខ្លាំង ​ទៅ​នឹង​សេចក្តី​ថ្លែងការណ៍​ស្ដីពី​ការប្រតិបត្តិ​របស់​បណ្ដា​ភាគី ​នៅ​សមុទ្រ​ចិន​ខាងត្បូង (DOC) និង​ក្រម​ប្រតិបត្តិ (COC) ដែល​ត្រូវតែ​បញ្ចប់​វិបត្តិ​នេះ​ឲ្យ​បាន​ឆាប់។

ប្រភព​ដដែល​បញ្ជាក់​ថា នាយករដ្ឋមន្ត្រី​ប្រទេស​ម៉ាឡេស៊ី បាន​អះអាង​ថា ដើម្បី​បញ្ចប់​នូវ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង កម្ពុជា​ត្រូវតែ​ជំរុញ​ឲ្យ​បណ្តា​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ អនុវត្ត​តាម​ច្បាប់​សមុទ្រ​ឆ្នាំ​១៩៨២ ឬ UNCLOSE 1982 ដែល​ជា​អនុសញ្ញា​របស់​អង្គការ​សហប្រជាជាតិ ក្នុង​នាម​កម្ពុជា​ ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​ នៅ​ឆ្នាំ​២០២២ នេះ។

ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ថា ម៉ាឡេស៊ី​មិន​ទុកចិត្ត​លើ​នយោបាយ​ការទូត​របស់​កម្ពុជា​ឡើយ ដោយសារ​បារម្ភ​ប្រេសិត​អាស៊ាន លោក ប្រាក់ សុខុន មិន​លើកឡើង​ឲ្យ​បាន​ច្បាស់លាស់​អំពី​សេចក្តី​សម្រេច​កាលពី​ខែ​មេសា ឆ្នាំ​២០២១ របស់​អាស៊ាន ទៅកាន់​មេ​របប​សឹក ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅកាន់​ប្រទេស​ភូមា នៅ​ខែ​មីនា ឆ្នាំ​២០២២ ខាងមុខ​នេះ។

លោក ម៉ែន ណាត អះអាង​ថា ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី មកកាន់​កម្ពុជា​នេះ គឺជា​ការ​បញ្ជាក់​យ៉ាង​ច្បាស់​ក្នុង​ការ​ជំរុញ​ឲ្យ​កម្ពុជា ទាមទារ​ឲ្យ​របប​សឹក​ភូមា ​អនុវត្ត​ដាច់ខាត​នូវ​គោលការណ៍​កុងសង់​ស៊ីស ៥ ​ចំណុច​របស់​អាស៊ាន ព្រោះ​ថា​ម៉ាឡេស៊ី និង​មេដឹកនាំ​អាស៊ាន​ដទៃ​ទៀត ​មិន​ចង់​ឃើញ​កម្ពុជា ​បរាជ័យ​លើ​នយោបាយ​ការទូត​របស់​ខ្លួន​ម្តង​ទៀត ដូច​ដំណើរ​ទស្សនកិច្ច​របស់​ លោក ហ៊ុន សែន កាលពី​អំឡុង​ខែ​មករា ឆ្នាំ​២០២២ កន្លងទៅ​នោះ​ទេ។

ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​រូប​នេះ បញ្ជាក់​ថា មេដឹកនាំ​កម្ពុជា លោក ហ៊ុន សែន គ្មាន​សមត្ថភាព​ដោះស្រាយ​បញ្ហា​ក្រម​ប្រតិបត្តិ COC និង​សេចក្តី​ថ្លែងការណ៍ DOC នៅ​សមុទ្រ​ចិន​ខាងត្បូង​បាន​ទេ ប៉ុន្តែ​លោក​អំពាវនាវ​មេដឹកនាំ​កម្ពុជា ដែល​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​នៅ​ឆ្នាំ​២០២២ នេះ ព្យាយាម​ដោះស្រាយ​វិបត្តិ​នៅ​ប្រទេស​ភូមា​ ឲ្យ​បាន​ត្រឹមត្រូវ​ ស្របតាម​គោលការណ៍ ៥​ ចំណុច​របស់​អា​ស៊ាន ដើម្បី​ស្ដារ​មុខមាត់​កម្ពុជា​ លើ​ឆាក​អន្តរជាតិ​ឡើងវិញ។

ជុំវិញ​បញ្ហា​នេះ កាលពី​ខែ​មករា ឆ្នាំ​២០២២ កន្លងទៅ រដ្ឋមន្ត្រី​ការបរទេស​ម៉ាឡេស៊ី លោក សៃហ្វូឌីន អាប់ឌុល​ឡាហ៍ (Saifuddin Abdullah) បាន​រិះគន់​យ៉ាង​ចាស់ដៃ​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន ទៅកាន់​ប្រទេស​ភូមា​ថា​ជា​ការ​ធ្វើឡើង​ដោយ​ខ្វះ​ការ​ពិគ្រោះ​យោបល់​ជាមួយ​បណ្ដា​រដ្ឋ​សមាជិក​អាស៊ាន​ដទៃ​ទៀត។

ប៉ុន្តែ​មេដឹកនាំ​កម្ពុជា លោក ហ៊ុន សែន បាន​ចាត់ទុក​ការ​រិះគន់​របស់​រដ្ឋមន្ត្រី​ការបរទេស​ម៉ាឡេស៊ី ថា​ជា​ការ​ប្រើ​ពាក្យ​សម្ដី​ព្រហើន ​ដែល​មិន​គប្បី​ចំពោះ​រូបលោក​ ដែល​ជា​ប្រធាន​អាស៊ាន​នៅ​ពេលនេះ។

ជុំវិញ​បញ្ហា​នេះ ក្រុម​អ្នក​ឃ្លាំមើល​លើកឡើង​ថា ជំនួប​រវាង​មេដឹកនាំ​កម្ពុជា និង​ម៉ាឡេស៊ី ក៏​អាច​ជា​ការ​ឈ្វេងយល់​ពី​គ្នា​បន្ថែម​ទៀត​បន្ទាប់ពី​ការ​ប៉ះទង្គិច​គ្នា​រវាង​ប្រមុខ​ការទូត​ម៉ាឡេស៊ី និង​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ដែល​ផ្ដើម​ចេញ​ពី​ដំណើរ​ទស្សនកិច្ច​ដោយ​ឯកតោភាគី​របស់​លោក ហ៊ុន សែន ទៅ​កាន់​ប្រទេស​ភូមា កាលពី​ដើម​ខែ​មករា ឆ្នាំ​២០២២ កន្លងទៅ​នោះ៕