The Cambodia Daily
16-9-2022

អ្នក​ឃ្លាំមើល​សង្គម​ព្រមាន​ថា ការ​ប្រកាស​ទទួល​យក​តួនាទី​ ជា​លេខាធិការដ្ឋាន​ [នៃ] កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ ដែល​ហៅ​កាត់​ថា អាសិប (RCEP) របស់​បុរស​ខ្លាំង លោក ហ៊ុន សែន គ្រាន់តែ​ដើម្បី​បំពេញ​មហិច្ឆតា​មហាអំណាច​កុម្មុយនីស្ត​ចិន ដើម្បី​ដោះដូរ​នូវ​ការ​គាំទ្រ​ពី​ចិន ក្នុង​ផែនការ​ផ្ទេរ​អំណាច​របស់​ខ្លួន​តែប៉ុណ្ណោះ ខណៈ​កម្ពុជា​ខ្លួនឯង​ គ្មាន​សមត្ថភាព​បំពេញ​ភារកិច្ច​នេះ។

អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៥ កញ្ញា នេះ​ថា ប្រសិនបើ​កម្ពុជា​ ធ្វើជា​លេខាធិការដ្ឋាន​របស់ ​អាសិប (RCEP) ប្រទេស​ដែល​អាច​ទទួល​បាន​ផលប្រយោជន៍​ធំធេង​ ពី​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់​នេះ គឺ​មាន​តែ​ចិន​ប៉ុណ្ណោះ ហើយ​ការ​ប្រកាស​ខ្លួន​ទទួលយក​តួនាទី​នេះ ក៏​ទំនង​ជា​ដើម្បី​ដោះដូរ​នូវ​ការ​គាំទ្រ​ពី​ចិន ​ក្នុង​ផែនការ​ផ្ទេរ​អំណាច​របស់​ខ្លួន​ដែរ។

លោក ម៉ែន ណាត អះអាង​ថា មាន​លក្ខខណ្ឌ​ធំៗ​ពីរ ​ដែល​កម្ពុជា​ មិន​ស័ក្តិសម​នឹង​ទទួល​យក​តួនាទី​ ជា​លេខា​ធិការដ្ឋាន​របស់​អាសិប (RCEP) នេះគឺ ៖

  • ទី​១ កម្ពុជា​ខ្លួនឯង​នៅ​មិនទាន់​ជម្រះ​ខ្លួន ​ឱ្យ​ជ្រះស្រឡះ​ពី​អំពើពុករលួយ និង​ ការ​រំលោភ​សិទ្ធិមនុស្ស​ ជាដើម ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​សហគមន៍​អឺរ៉ុប និង ​សហរដ្ឋ​អាមេរិក​ផ្តាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA និង GSP បាន​នៅ​ឡើយ ដែល​បង្ហាញ​ថា កម្ពុជា​នៅតែ​ជា​ប្រទេស​ ដែល​មាន​កេរ្តិ៍ឈ្មោះ​មិន​ល្អ​នៅឡើយ មិន​ស័ក្តិសម​នឹង​ដឹកនាំ​​លេខា​ធិការដ្ឋាន​នេះ​ទាល់តែសោះ។
  • ចំណែក​ទី​២ កម្ពុជា​មិនទាន់​មាន​ការ​ទទួល​ខុសត្រូវ​គ្រប់គ្រាន់ ​សម្រាប់​ដឹកនាំ​លេខាធិការដ្ឋាន​អាសិប (RCEP) នេះ​បាន​នៅឡើយ​ទេ។ ជាក់ស្តែង ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន ​ក្នុង​ឆ្នាំ​២០២២ នេះ កម្ពុជា​មិន​ត្រឹមតែ​ដឹកនាំ​អាស៊ាន ​មិន​បាន​ល្អ ​ក្នុង​ការ​ដោះស្រាយ​វិបត្តិ ​នៅ​ប្រទេស​ភូមា ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ធ្វើ​ឱ្យ​ខូច​នយោបាយ​ការទូត​របស់​អាស៊ាន ​ថែម​ទៀត ដែល​ជា​មូលហេតុ​ធ្វើ​ឱ្យ​បែកបាក់​ផ្ទៃក្នុង​របស់ ​អាស៊ាន ​យ៉ាង​ធ្ងន់ធ្ងរ​សព្វថ្ងៃ​នេះ។

អនុប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ ​បញ្ជាក់​ថា លោក​អបអរ​សាទរ ​ប្រសិនបើ​កម្ពុជា​ ទទួល​បាន​តួនាទី​ ជា​លេខា​ធិការដ្ឋាន​អាសិប (RCEP) ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា ​ក៏​មិន​គួរ​ធ្វើ​ឱ្យ​កម្ពុជា ​ទទួល​រង​នូវ​ភាព​អាម៉ាស់​លើ​ឆាក​អន្តរជាតិ ​ដូច​ដែល​ខ្លួន ​ធ្វើ​ជា​ប្រធាន​អាស៊ាន​ នៅ​ឆ្នាំ​២០២២ នេះ​ដែរ។

កាលពី​ថ្ងៃទី​១៤ ខែ​កញ្ញា ឆ្នាំ​២០២២ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន ចូលរួម​បើក​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​ អាស៊ាន ​លើក​ទី​៥៤ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ នៅ​ខេត្ត​សៀមរាប ដែល​លោក​ បាន​ជំរុញ​ឲ្យ​មាន​ការ​បង្កើត​លេខាធិការដ្ឋាន​ កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ (អាសិប-RCEP) មួយ​ដែល​ឯករាជ្យ និង​ម្ចាស់ការ ដើម្បី​ដើរ​តួនាទី​ ក្នុង​ការ​សម្របសម្រួល ជំរុញ និង​ត្រួតពិនិត្យ​ការ​អនុវត្ត​កិច្ចព្រមព្រៀង​នានា។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​ថា កម្ពុជា​មាន​ចំណាប់​អារម្មណ៍ ​ក្នុង​ការ​ទទួល​យក​តួនាទី​ជា​លេខា​ធិការដ្ឋាន​នេះ ដោយ​ឈរ​លើ​គោលការណ៍​សមភាព និង​ការ​ផ្ដល់​ផលប្រយោជន៍​ឱ្យ​គ្នា​ទៅវិញ​ទៅមក តាមរយៈ​ការ​ទាញ​យក​ផល​ប្រយោជន៍​ជា​អតិបរមា ​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​តំបន់​អាស៊ាន និង ​អាស៊ាន​បូក​១ ដែល​មាន​ស្រាប់​សព្វថ្ងៃ​នេះ។

កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ ដែល​ហៅ​កាត់​ថា អាសិប (RCEP) បាន​ចូល​ជា​ធរមាន​ កាលពី​ថ្ងៃទី​ ០១ ខែ​មករា ឆ្នាំ​២០២១ ដែល​ជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏​ធំ ​នៅ​ក្នុង​ពិភពលោក ដោយ​មាន​ប្រជាជន​ប្រមាណ ២២០០ ​លាន​នាក់ ដែល​ស្មើ​នឹង ៣០​ ភាគរយ​នៃ​ប្រជាជន​ពិភពលោក និង​មាន​ទំហំ​ពាណិជ្ជកម្ម ២៨ ​ភាគរយ ​នៃ​ទំហំ​ពាណិជ្ជកម្ម​ពិភពលោក​ទាំងមូល​ផង​ដែរ និង​មាន​ការ​ចូលរួម​ពី​ប្រទេស​ចំនួន ​១៥ រួមមាន​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​ ១០ និង ​ដៃគូ​ពាណិជ្ជកម្ម​សេរី​ចំនួន ៥ ទៀត ដូចជា​អូស្ត្រាលី ចិន ជប៉ុន កូរ៉េ​ខាងត្បូង និង​ នូវែលហ្សេឡង់ ដែល​បាន​ចាប់ផ្តើម​បង្កើត​ឡើង​ នៅ​ឆ្នាំ​២០១២ កន្លងទៅ។

កាលពី​ថ្ងៃទី​២៣ ខែ​ឧសភា ឆ្នាំ​២០២២ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន (Joe Biden) បាន​ប្រកាស​ជា​ផ្លូវការ ​បើក​ឱ្យ​មាន​សេដ្ឋកិច្ច​ឥណ្ឌូ-ប៉ាស៊ីហ្វិក (IPEF) ដែល​មាន​សមាជិក​ចំនួន ១៣ ​ប្រទេស ក្នុង​នោះ​ក៏​មាន​សមាជិក​អាស៊ាន​ ចំនួន ៧​ ប្រទេស​ផង​ដែរ ប៉ុន្តែ​ កម្ពុជា ឡាវ និង​ភូមា មិន​ត្រូវ​បាន​រាប់​បញ្ចូល​ជា​សមាជិក​នៃ​ សេដ្ឋកិច្ច​ឥណ្ឌូ-ប៉ាស៊ីហ្វិក​នេះ​ទេ៕

.