សារព័ត៌មាន The Cambodia Daily
19-8-2021
ក្រុមអ្នកឃ្លាំមើល ថ្កោលទោសចំពោះសាលាដំបូងរាជធានីភ្នំពេញ ដែលបានកាត់ទោសតំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន ឲ្យជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំ ថាជាការប្រតិដ្ឋភស្តុតាងមួលបង្កាច់លើរូបគាត់ និងជាការបង្ហាញពីទង្វើអយុត្តិធម៌ ដែលកំពុងកើតមាននៅក្នុងប្រព័ន្ធយុត្តិធម៌មួយនេះ អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃ ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៨ សីហា ថា ផ្អែកតាមមាត្រានៃរដ្ឋធម្មនុញ្ញស្ដីពីសិទ្ធិពលរដ្ឋ អាចឆ្លុះបញ្ចាំងឲ្យឃើញថា លោក រ៉ុង ឈុន ជាសកម្មជនល្អ ស្អាតស្អំ និងឈឺឆ្អាលរឿងទឹកដីព្រំដែនដែលគួរតែត្រូវបានលើកទឹកចិត្តពីរដ្ឋាភិបាលកម្ពុជា ប៉ុន្តែការកាត់ទោសនេះ គឺជាការបំបិទសិទ្ធិពលរដ្ឋមិនឲ្យនិយាយ ឬតវ៉ាពីរឿងទឹកដីរបស់ខ្លួនទៅវិញ។
លោកអះអាងថា ការសម្រេចរបស់តុលាការក្រោមខ្សែញាក់ របស់អ្នកមានអំណាចនៅកម្ពុជានេះ បានបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ថា រដ្ឋាភិបាលលោក ហ៊ុន សែន កំពុងបម្រើ និងសម្បទានឲ្យរដ្ឋាភិបាលវៀតណាម នូវការឈ្លានពានព្រំដែន និងទឹកដីកម្ពុជា តាមបំណងរបស់រដ្ឋាភិបាលកុម្មុយនីស្តវៀតណាម ជាយូរអង្វែងតទៅមុខទៀត។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជារូបនេះ បញ្ជាក់ថា ករណីរដ្ឋាភិបាលលោក ហ៊ុន សែន ចេះតែឃាត់ឃាំងមិនឲ្យពលរដ្ឋខ្មែរ ចុះពិនិត្យ និងនិយាយអំពីរឿងព្រំដែន គឺដោយសារតែគាត់ព្យាយាមលាក់បាំងពីពលរដ្ឋដែលជាម្ចាស់ប្រទេសចំពោះកិច្ចព្រមព្រៀងរវាងរូបលោក និងមេដឹកនាំវៀតណាម លើសន្ធិសញ្ញាព្រំដែនថ្មីៗស្របតាមសន្ធិសញ្ញាខុសច្បាប់ជាច្រើន ដែលពួកគេបានឃុបឃិតគ្នាតាំងពីឆ្នាំ១៩៨៥ មកនោះ។
លោកថា ការសម្បទានរបស់កម្ពុជា នៅតែបន្តធ្វើជានិច្ចតាមរយៈកិច្ចព្រមព្រៀងខុសច្បាប់ ជាមួយវៀតណាម រួមមាន សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ឆ្នាំ២០១៩ និងការបង្កើតផែនទីថ្មី ខ្នាត ១ លើ ២៥០០០ នៅឆ្នាំ២០២០ ជាដើម ប្រសិនបើរដ្ឋាភិបាលខ្មែរ នៅតែដឹកនាំដោយលោក ហ៊ុន សែន និងបក្ខពួករបស់គាត់បន្តទៀតនោះ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីសាលាដំបូងក្រុងភ្នំពេញ បើកសវនាការលើតំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានសហភាពសហជីពកម្មករ រួមជាមួយសកម្មជនសិទ្ធិមនុស្សផ្សេងទៀត នៅថ្ងៃពុធ សប្តាហ៍នេះ។
សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ បានសម្រេចផ្ដន្ទាទោសតំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន ឲ្យជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំ និងផ្ដន្ទាទោសសកម្មជនពីរនាក់ទៀត គឺកញ្ញា ស កន្និកា និងលោក តុន និមល ឲ្យជាប់ពន្ធនាគារម្នាក់ៗ រយៈពេល ២០ ខែ ពីបទញុះញង់ តាមបញ្ញត្តិមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។
ក្រៅពីផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ អ្នកទាំងបីក៏ត្រូវតុលាការពិន័យឲ្យបង់ប្រាក់ ២ លានរៀលក្នុងម្នាក់ៗ និងត្រូវរួមគ្នាបង់ប្រាក់ជូនទៅដើមបណ្តឹងរដ្ឋប្បវេណី ដែលជាគណៈកម្មាធិការកិច្ចការព្រំដែន សម្រាប់ការខូចខាតផ្សេងៗ និងជាសំណងជំងឺចិត្តនូវទឹកប្រាក់ចំនួន ៤០០ លានរៀលថែមទៀត ដូច្នេះអ្នកទាំងបីត្រូវផាកពិន័យក្នុងរឿងនេះ អស់ទឹកប្រាក់សរុបប្រមាណ ១៣៥ លានរៀល ឬស្មើនឹងជាង ៣ ម៉ឺនដុល្លារសហរដ្ឋអាមេរិកក្នុងម្នាក់ៗ។
តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីខែកក្កដា ឆ្នាំ២០២០ ជុំវិញការធ្វើអត្ថាធិប្បាយទាក់ទងនឹងបញ្ហាព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តត្បូងឃ្មុំ។ ដោយឡែកកញ្ញា ស កន្និកា ត្រូវសមត្ថកិច្ចចាប់ខ្លួនអំឡុងខែសីហា ក្នុងឆ្នាំ២០២០ ក្នុងពេលតវ៉ាដោយអហិង្សាសុំឱ្យមានការដោះលែងតំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា រូបនេះ។
ចំណែកអតីតបេក្ខជនក្រុមប្រឹក្សាឃុំនៃ គណបក្សសង្គ្រោះជាតិ លោក តុន និមល ត្រូវអាជ្ញាធរក្រុងភ្នំពេញ ចាប់ខ្លួនផងដែរអំឡុងពេលដែលលោក ជួបជុំគ្នាតស៊ូមតិនៅខាងមុខស្ថានទូតចិន កាលពីខែតុលា ឆ្នាំ២០២០ ហើយអ្នកទាំង ៣ ត្រូវបានឃុំខ្លួនក្នុងមណ្ឌលកែប្រែ «ម១» និង «ម២» ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំសវនាការតាំងពីពេលនោះមក។
របាយការណ៍អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្សលីកាដូ បានបង្ហាញថា សកម្មជនដីធ្លី សិល្បករ និងអ្នកការពារសិទ្ធិមនុស្សយ៉ាងតិច ២៤ នាក់ហើយ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ ដោយសារការប្រើប្រាស់សិទ្ធិរបស់ពួកគេ ដោយអ្នកទាំងនោះភាគច្រើន ប្រឈមមុខនឹងការចោទប្រកាន់ពីបទញុះញង់ បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
ក្រោយការកាត់ទោសលោក រ៉ុង ឈុន អង្គការសមាគមជាច្រើន ដូចជាសហព័ន្ធសហជីពកម្ពុជា CATU ជាដើម នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ បាននាំគ្នាបង្ហោះសារដូចៗគ្នា និងព្រមៗគ្នាលើបណ្ដាញសង្គម Facebook ថា «សុំឱ្យដោះលែងសកម្មជន និងអ្នកការពារសិទ្ធិមនុស្សទាំងនោះឲ្យមានសេរីភាពឡើងវិញ»៕

អត្ថបទដើមរបស់លោក ម៉ែន ណាត៖ សូមកត់សម្គាល់ពីកំហុសរបស់រដ្ឋាភិបាល លោក ហ៊ុន សែន ដែលកាត់ទោសលោក រ៉ុង ឈុន ជុំវិញរឿងព្រំដែន និងក្រុមសកម្មជន ÷
ទី១. បើតាមរដ្ឋធម្មនុញ្ញស្តីពីសិទ្ធិពលរដ្ឋ លោក រ៉ុង ឈុន ជាសកម្មជនល្អ ស្អាតស្អំ និងឈឺឆ្អាលរឿងទឹកដីព្រំដែន ដែលគួរតែត្រូវបានគោរព និងលើកទឹកចិត្ត។ ប៉ុន្តែនេះជារឿងអយុត្តិធម៌បំផុត ដែលតុលាការនយោបាយនៃលោក ហ៊ុន សែន កាត់ទោសគាត់ ឲ្យជាប់ពន្ធនាគារ ២ ឆ្នាំ ក្រោមការប្រតិដ្ឋភស្តុតាងមូលបង្កាច់លើគាត់ ក៏ដូចសកម្មជនដទៃទៀតដែរ។
រដ្ឋាភិបាលលោក ហ៊ុន សែន ធ្វើរបៀបនេះក៏ជាការបំបិទសិទ្ធិ និងបំបាក់ស្មារតីពលរដ្ឋខ្មែរ មិនឲ្យហ៊ាននិយាយ ឬតវ៉ារឿងទឹកដីជាតិកម្ពុជាផងដែរ។
ទី២. ការសម្រេចនេះ បញ្ជាក់ថារដ្ឋាភិបាលលោក ហ៊ុន សែន លើកទឹកចិត្ត បម្រើ និងធ្វើសម្បទាន ឲ្យរដ្ឋាភិបាលវៀតណាម កាន់តែគឃ្លើនបន្តឈ្លានពានព្រំដែន និងទឹកដីកម្ពុជា តាមបំណងរបស់វៀតណាម ជាយូរអង្វែង។
ទី៣. ករណីរដ្ឋាភិបាលលោក ហ៊ុន សែន មិនឲ្យពលរដ្ឋខ្មែរ ចុះពិនិត្យ និងនិយាយអំពីរឿងព្រំដែន ជាមួយប្រទេសជិតខាង ជាពិសេសវៀតណាមនេះ គឺដោយសាររដ្ឋាភិបាលលោក ហ៊ុន សែន បន្តធ្វើសន្ធិសញ្ញាព្រំដែនថ្មីៗ តាមសន្ធិសញ្ញាខុសច្បាប់ឆ្នាំ១៩៨៥ ដូចជាសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ និង ឆ្នាំ២០១៩ ជាមួយវៀតណាម រួចហើយបន្តធ្វើផែនទីថ្មី ខ្នាត ១ លើ ២៥.០០០ នៅឆ្នាំ២០២០ តាមដែលវៀតណាម បានចង្អុលបង្ហាញ និងបង្គាប់បញ្ជា។
ម៉ែន ណាត
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា