អត្ថបទ ឌឹ ខេមបូឌា ដេលី (The Cambodia Daily) / 30-1-2021
រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ អួតក្តែងៗថា កម្ពុជាដែលជាប្រទេសសល់ពីផេះផង់នៃភ្លើងសង្គ្រាម ប្រជាជនរកតែអង្ករច្រកឆ្នាំងគ្មាន ហើយត្រូវរស់នៅដោយការភ័យខ្លាចឥតស្រាកស្រាន្តនោះ បានប្រែក្លាយជាប្រទេសមានសន្តិភាពយ៉ាងពេញលេញ។
លោក ទៀ បាញ់ អួតថា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ លោក ហ៊ុន សែន កម្ពុជាបង្កើតក្រោមម្លប់នៃសន្តិភាពសម្រាប់ប្រជាជន និងឆ្ពោះទៅរកការអភិវឌ្ឍលើគ្រប់វិស័យ ព្រមទាំងបានធ្វើឱ្យជីវភាពរស់នៅរបស់ពលរដ្ឋខ្លួន មានភាពសម្បូរសប្បាយប្រសើរឡើងថែមទៀតផង។ លោក អះអាងថា លើសពីនេះ កម្ពុជាក៏មានលទ្ធភាពចូលរួមក្នុងបេសកកម្ម ដើម្បីមនុស្សជាតិជាច្រើនទៀតជាមួយពិភពលោក រួមមានការចូលរួមបេសកកម្មរក្សាសន្តិភាពជាមួយអង្គការសហប្រជាជាតិ (អ.ស.ប.) និងជួយប្រទេសជាមិត្ត ដើម្បីប្រយុទ្ធប្រឆាំងនឹងការចម្លងមេរោគកូវីដ-១៩ ផងដែរ។
ការអះអាងនេះ ធ្វើឡើងតាមរយៈទំព័រហ្វេសប៊ុករបស់លោក កាលពីថ្ងៃម្សិលមិញ ដើម្បីបង្ហាញពីការដឹកនាំរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា ដែលបានកាន់កាប់អំណាចអស់រយៈពេលជាង ៣៦ ឆ្នាំកន្លងមកនេះ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃ ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា ការលើកឡើងរបស់លោក ទៀ បាញ់ មិនមែនជាការពិតជាក់ស្តែងនៅកម្ពុជានោះទេ តែការលើកឡើងនេះ គ្រាន់តែយកចិត្តគ្រួសារលោក ហ៊ុន សែន ដើម្បីការពារតំណែងរបស់ខ្លួនតែប៉ុណ្ណោះ។
លោក អះអាងថា បណ្តាប្រទេសដែលសល់ពីភ្លើងសង្គ្រាមដំណាលកម្ពុជាដែរ ដូចជា កូរ៉េខាងត្បូង ជាដើម ពួកគេអភិវឌ្ឍន៍ខ្លួនក្លាយជាប្រទេសរីកចម្រើនជឿនលឿន ទាំងសេដ្ឋកិច្ចរបស់ជាតិ និងប្រជាជន ជាពិសេស លំហរសេរីភាពបញ្ចេញមតិរបស់ប្រជាជន ដែលជាសិទ្ធិមូលដ្ឋានរបស់ពលរដ្ឋ ខណៈកម្ពុជា ជំពាក់លុយបរទេសកាន់តែច្រើន ជាពិសេសជំពាក់លុយរបស់មហាអំណាចកុម្មុនិសចិន និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។
លោក ម៉ែន ណាត បញ្ជាក់ថា ដោយសារតែបញ្ហានេះ សហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក បានដាក់សម្ពាធសេដ្ឋកិច្ចលើរដ្ឋាភិបាលកម្ពុជា ដោយការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA និង GSP ជាដើម ក្នុងបំណងដើម្បីទាមទាររដ្ឋាភិបាល លោក ហ៊ុន សែន ងាកមកគោរពសិទ្ធិមនុស្ស និងស្តារលទ្ធិប្រជាធិបតេយ្យញ។
ពាក់ព័ន្ធនឹងបញ្ហានេះ កាលពីចុងឆ្នាំ ២០២០ កន្លងទៅ គណៈកម្មាធិការសហភាពអ៊ឺរ៉ុប បានសម្រេចដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើកម្ពុជា ដែលបានដកប្រព័ន្ធអនុគ្រោះពន្ធលើកម្ពុជា ក្នុងការនាំចេញទៅកាន់ទីផ្សារអ៊ឺរ៉ុប ២០% ដែលស្មើប្រាក់ត្រូវបង់ពន្ធប្រមាណ ១០០លានដុល្លារសហរដ្ឋអាមេរិកក្នុង ១ឆ្នាំ។
យ៉ាងនេះក្តីក៏សហភាពអ៊ឺរ៉ុប នៅតែទទូចឲ្យរដ្ឋាភិបាលកម្ពុជា គិតគូរស្តារប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សឡើងវិញ បើស្ថានភាពសិទ្ធិមនុស្សមានការកែប្រែប្រសើរ គួរឲ្យកត់សម្គាល់ នោះសហគមន៍អ៊ឺរ៉ុប នឹងផ្តល់ប្រព័ន្ធអនុគ្រោះពន្ធទាំងស្រុងដល់កម្ពុជាវិញ។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន ធ្លាប់បានប្រកាសជំហរថា រដ្ឋាភិបាលកម្ពុជា នឹងប្ដូរផ្ដាច់ការពារអធិបតេយ្យ និងឯករាជ្យរបស់កម្ពុជា ដោយមិនអាចលុតជង្គត់ ដើម្បីសុំទានគេ ដែលនាំឲ្យបាត់បង់នូវអធិបតេយ្យភាព និងឯករាជ្យជាតិ ជាដាច់ខាត។
ប៉ុន្តែអ្នកវិភាគនយោបាយសង្គម បណ្ឌិត ឡៅ ម៉ុងហៃ លើទំព័រហ្វេសប៊ុករបស់លោកថា អ្នកនយោបាយ បាននាំគ្នាប្តេជ្ញាគោរព បម្រើផលប្រយោជន៍របស់ប្រជារាស្ត្រ ប៉ុន្តែ ពួកគេបែរជាទុកឲ្យសហភាពអ៊ឺរ៉ុប កាត់ប្រព័ន្ធអនុគ្រោះពន្ធ EBA ដែលនឹងធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពលរដ្ឋកម្ពុជារាប់លាននាក់ យ៉ាងធ្ងន់ធ្ងរទៅវិញ៕
.
.