អត្ថបទ៖ The Cambodia Daily
04th-2-2022
បញ្ញវន្តខ្មែរនៅក្រៅស្រុក រិះគន់ថា ប្រសិនបើមេដឹកនាំបក្សកាន់អំណាច នៅតែដឹកនាំរំលោភច្បាប់ដូចសព្វថ្ងៃនេះបន្តទៀត កម្ពុជានឹងជួបគ្រោះមហន្តរាយធំៗចំនួន ៤ រួមមាន ការបាត់បង់បូរណភាពទឹកដី បញ្ហាជនអន្តោប្រវេសន៍វៀតណាមខុសច្បាប់ បញ្ហាបាត់បង់ដែនសមុទ្រ និងបញ្ហានៅតំបន់ត្រីកោណអភិវឌ្ឍន៍ ដែលនឹងបង្កឡើងដោយភាគីវៀតណាម។
ប្រធានក្រុមប្រឹក្សាភិបាលនៃ ចលនាពលរដ្ឋដើម្បីលទ្ធិប្រជាធិបតេយ្យ (PMD) លោក ម៉ែន ណាត បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីថ្ងៃទី២ ខែកុម្ភៈ នេះថា មេដឹកនាំនយោបាយខ្មែរគ្រប់និន្នាការទាំងអស់ មិនត្រូវបណ្តែតបណ្តោយ ឬចូលដៃជាមួយមេដឹកនាំបក្សកាន់អំណាច បន្តរំលោភច្បាប់របស់កម្ពុជាដូចសព្វថ្ងៃនេះបន្តទៀតទេ ព្រោះអ្នករងគ្រោះពីទង្វើនេះពិតប្រាកដ គឺប្រទេសជាតិ និងពលរដ្ឋប៉ុណ្ណោះ។
លោក ម៉ែន ណាត អះអាងថា ក្នុងចំណោមមេដឹកនាំនយោបាយកំពូលៗនៅកម្ពុជា មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ជាមេខ្លោងក្នុងការរំលោភច្បាប់ បំផ្លាញលទ្ធិប្រជាធិបតេយ្យខ្លាំងក្លាជាងគេ ចំណែកអតីតមេដឹកនាំប្រឆាំង លោក សម រង្ស៊ី និងប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា មិនត្រូវចូលរួមលេងល្បែងនយោបាយរបស់លោក ហ៊ុន សែន បន្តទៀតឡើយ ព្រោះវាជាឈ្នាន់សម្រាប់លោក ហ៊ុន សែន រំលោភច្បាប់តាមទំនើងចិត្តបន្ថែមទៀត។
ប្រធានចលនាពលរដ្ឋ PMD រូបនេះ បញ្ជាក់ថា មេដឹកនាំខ្មែរដែលវៀតណាមលើកបន្តុប លោក ហ៊ុន សែន បានរំលោភច្បាប់ធ្ងន់ធ្ងរ ដូចជាការធ្វើសន្ធិសញ្ញាបំពេញបន្ថែម ការកែប្រែផែនទីថ្មី ការធ្វើវិសោធនកម្មឲ្យមានមាត្រាធម្មនុញ្ញបន្ថែម ការបំពានអំណាចព្រះមហាក្សត្រ និងការធ្វើច្បាប់សម្បទានទឹកដីឲ្យរដ្ឋាភិបាលវៀតណាម ជាដើម។
លោក ម៉ែន ណាត បញ្ជាក់ថា ដោយឡែកមេដឹកនាំក្រុមប្រឆាំង ទាំងលោក សម រង្ស៊ី និងលោក កឹម សុខា បានប្រព្រឹត្តខុសធ្ងន់ធ្ងរ ដែលបានចូលរួមរំលោភច្បាប់ ជាមួយលោក ហ៊ុន សែន ក្រោមការចរចាដោយខុសច្បាប់កាលពីឆ្នាំ២០១៤ ដើម្បីចូលរដ្ឋសភាជាតិ ក្នុងពេលដែលបក្សប្រឆាំងចោទថា ជារដ្ឋសភាមិនគ្រប់ទឹកនៅពេលនោះ។
កម្ពុជាក្រោមការដឹកនាំរបស់លោក ហ៊ុន សែន ចាប់តាំងពីឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី ឆ្នាំ១៩៨៥ មក ត្រូវគេមើលឃើញថា លោក ហ៊ុន សែន បានប្រើអំណាចហួសដែនកំណត់ ដែលបានរំលោភលើសិទ្ធិមូលដ្ឋានរបស់ពលរដ្ឋ បំពានរដ្ឋធម្មនុញ្ញ រំលោភព្រះមហាក្សត្រ និងរំលោភលើច្បាប់អន្តរជាតិនានា ដូចជាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ជាដើម។ ជាងនេះទៀត លោក ហ៊ុន សែន បានរំលោភច្បាប់កម្ពុជា ដោយចុះហត្ថលេខាខុសច្បាប់ ជាមួយរដ្ឋាភិបាលឈ្លានពានវៀតណាមជាច្រើនទៀត ដូចជា ការកំណត់ព្រំដែនរដ្ឋខុសច្បាប់ ឆ្នាំ១៩៨៥, ការចេញសារាចរឲ្យជនជាតិវៀតណាមខុសច្បាប់ មករស់នៅលើទឹកដីកម្ពុជា ឆ្នាំ១៩៨៦, ការចុះកិច្ចព្រមព្រៀងលើសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ និងឆ្នាំ២០១៩, ព្រមទាំងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងខុសច្បាប់កំណត់ដែនសមុទ្រ ឆ្នាំ១៩៨២ ជាដើម។
ដោយឡែកអតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី ត្រូវគេមើលឃើញថា ជាមេបក្សដែលរំលោភច្បាប់កម្ពុជា និងប្រមាថព្រះមហាក្សត្រខ្មែរ មិនចាញ់លោក ហ៊ុន សែន ប៉ុន្មានឡើយ ដូចជាការចូលដៃជាមួយបក្សកាន់អំណាចកែប្រែរដ្ឋធម្មនុញ្ញពី ២ភាគ៣ (២/៣) មកជា ៥០ភាគរយបូក១ (៥០% បូក ១) ជាដើម។ លើសពីនេះ លោក សម រង្ស៊ី ក៏បានប្រមាថព្រះមហាក្សត្រខ្មែរបច្ចុប្បន្នផងដែរ។
រីឯប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បើទោះជាលោកមិនបានប្រមាថព្រះមហាក្សត្រ ឬបំពានច្បាប់ខ្លាំងក្លាដូចលោក សម រង្ស៊ី និងលោក ហ៊ុន សែន ប៉ុន្តែការព្រមចូលរដ្ឋសភាបង្គ្រប់ភាពស្របច្បាប់ ឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន និងការទទួលយកការបោះឆ្នោតជាកញ្ចប់ ធ្វើជាប្រធានទី១ នៃរដ្ឋសភាជាតិ កាលពីឆ្នាំ២០១៤ ក៏ត្រូវគេចាត់ទុកថា ការចូលរួមរំលោភច្បាប់របស់កម្ពុជា ជាមួយបក្សកាន់អំណាចផងដែរ៕
