The Cambodia Daily
05th-10-2023
អ្នកឃ្លាំមើល ចាត់ទុកការលុបឈ្មោះទាហានចេញពីក្របខ័ណ្ឌ ដោយមិនស៊ើបអង្កេតរកអ្នកពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀននោះ ថាជាការបំបាត់ភស្តុតាង ក្នុងការស្វែងរកចាប់ខ្លួនមេខ្លោងជួញដូរគ្រឿងញៀនធំ ដែលជំរុញឲ្យបញ្ហានេះបន្តកើតឡើងដដែលៗ។
ក្នុងសេចក្ដីប្រកាសចំនួនពីរដាច់ដោយឡែកពីគ្នា របស់រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ សីហា បានសម្រេចលុបឈ្មោះនាយទាហានចំនួន ៣នាក់ ចេញពីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។
នាយទាហានដែលត្រូវបានក្រសួងការពារជាតិ លុបឈ្មោះចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ ជាគ្រូបច្ចេកទេសថ្មើរជើងនៃ សាលានាយទាហានសកម្ម ដោយសារពួកគេពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន។
នាយទាហានទាំង ៣នាក់ ក្នុងនោះមានឈ្មោះ ពោន ធា និងឈ្មោះ សាន្ត គឹមសៀង រួមទាំងឈ្មោះ យ៉ែន ច័ន្ទវិសាល។
ការលុបឈ្មោះនាយទាហានទាំង ៣នាក់នេះ ធ្វើឡើងបន្ទាប់ពីលោក ទៀ សីហា កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ បានព្រមានចាត់វិធានការច្បាប់ ចំពោះទាហានណាដែលជាប់ពាក់ព័ន្ធ និងប្រើប្រាស់គ្រឿងញៀន ខណៈអ្នកប្រឡងចូលក្របខ័ណ្ឌកងទ័ព ក៏ត្រូវតែធ្វើតេស្ដគ្រឿងញៀនយ៉ាងតិចចំនួនបួនដងផងដែរ។
តែយ៉ាងណា អនុប្រធានវេទិកាពលរដ្ឋ លោក ម៉ែន ណាត យល់ថា ចំណាត់ការរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ លើនាយទាហានតូចតាចនាពេលនេះ គ្រាន់តែចង់បង្ហាញពីស្នាដៃរបស់ខ្លួន ដែលទើបឡើងកាន់តំណែងបន្តពីឪពុកតែប៉ុណ្ណោះ។
លោកថា ការលុបឈ្មោះទាហានចេញពីក្របខ័ណ្ឌ ក្រោយពីរកឃើញមានពាក់ព័ន្ធនឹងគ្រឿងញៀន របស់រដ្ឋមន្ត្រីក្រសួងការពារជាតិនេះ វានៅមិនទាន់គ្រប់គ្រាន់នោះទេ ខណៈបញ្ហាគ្រឿងញៀនបច្ចុប្បន្ន បានក្លាយជាជំងឺមហារីក ទៅហើយនោះ។
លោកជំរុញឲ្យធ្វើការស៊ើបអង្កេតបន្ថែម ដើម្បីស្វែងរកអ្នកពាក់ព័ន្ធ ដែលនៅពីក្រោយខ្នងករណីនេះ ទើបទប់ស្កាត់ការរីករាលដាលបញ្ហាគ្រឿងញៀន នៅក្នុងជួរកងទ័ពមានប្រសិទ្ធភាព ប៉ុន្តែបើគ្រាន់តែលុបឈ្មោះចេញពីក្របខ័ណ្ឌ ដោយមិនធ្វើការស៊ើបអង្កេតទេនោះ លោកថា វាជាការបំបាត់ភស្តុតាង ក្នុងការស្វែងរកចាប់ខ្លួនមេខ្លោងជួញដូរគ្រឿងញៀនធំ ដែលអ្នកមានអំណាច និងមានឥទ្ធិពលនៅក្នុងជួរកងទ័ព ទើបមិនហ៊ានបើកការស៊ើបអង្កេតរកអ្នកនៅពីក្រោយខ្នងនោះ។
រដ្ឋាភិបាលបានបរាជ័យទប់ស្កាត់បទល្មើសគ្រឿងញៀន ចាប់ពីតាំងឆ្នាំ២០១៧ រហូតដល់ឆ្នាំ២០២៣ ខណៈបច្ចុប្បន្ន កម្ពុជាត្រូវបានក្លាយជាទីតាំងផលិត ជួញដូរ ចែកចាយ និងប្រើប្រាស់ ដោយក្នុងមួយឆ្នាំៗ សមត្ថកិច្ចបង្ក្រាប និងរឹបអូសគ្រឿងញៀនកើនឡើង ជាបន្តបន្ទាប់។
ក្រៅពីរឹបអូសគ្រឿងញៀនហើយ សមត្ថកិច្ចក៏ចាប់ខ្លួនយុវជនក្នុងមួយថ្ងៃចន្លោះពី ២០ ទៅ ៧០នាក់នៅទូទាំងប្រទេស ហើយបច្ចុប្បន្ននេះ គ្រឿងញៀនកំពុងក្លាយជាជំងឺមហារីកនៅក្នុងសង្គមកម្ពុជា ដោយជ្រាបចូលទាំងក្នុងជួរកងទ័ព និងមន្ត្រីរាជការ វិស័យឯកជន ជាដើម។
អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក មាស វិរិទ្ធ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ បានលើកឡើងថា ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ច បានបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនទូទាំងប្រទេស បានចំនួនជាង ៥ពាន់ករណី (៥០៦០ករណី) ដោយឃាត់ខ្លួនជនសង្ស័យចំនួនជាង ១ម៉ឺន ២ពាន់នាក់ (១២៣៥៦ នាក់) ក្នុងនោះ សមត្ថកិច្ចដកហូតសារធាតុញៀនជាង ២៦០០គីឡូក្រាម និងកញ្ឆាស្ងួតជិត ៥០គីឡូក្រាម ហើយសារធាតុគីមីជាង ៨០០គីឡូក្រាម។
លោក មាស វិរិទ្ធ បញ្ជាក់ថា តួលេខជនល្មើសប្រព្រឹត្តគ្រឿងញៀន ជាង ១ម៉ឺននាក់នេះ ជាចំនួនដែលអាជ្ញាធរគ្រប់គ្រង និងបង្ក្រាបបាន ខណៈបទល្មើសជាក់ស្ដែងប្រមាណ ៣ម៉ឺនករណីផ្សេងទៀត ដែលធ្វើឲ្យអាជ្ញាធរមិនអាចគ្រប់គ្រងបាន៕