អត្ថបទសារព័ត៌មាន The Cambodia Daily / 08th-4-2021
ក្រុមអ្នកតស៊ូរមតិប្រតិកម្មថា ការលើកឡើងរបស់បវរកញ្ញាកម្ពុជា លីវ ជីលី អំពីបញ្ហានយោបាយក្នុងស្រុក ដែលសារព័ត៌មានបរទេសបានចុះផ្សាយនោះ គឺជាបង្ហាញពីកម្រិតនៃការយល់ដឹងរបស់នាង ដែលវាជាការឆ្លុះបញ្ចាំង អំពីកម្រិតនៃការយល់ដឹងរបស់អ្នកដឹកនាំខ្មែរ និងអ្នកគ្រប់គ្រងកម្មវិធីបវរកញ្ញារូបនេះផង។
ប្រធានក្រុមប្រឹក្សាភិបាលនៃ ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia daily នៅថ្ងៃនេះថា បវរកញ្ញាកម្រិតពិភពលោក ដែលតំណាងឲ្យកម្ពុជា បានបង្អាប់កិត្តិយពលរដ្ឋខ្មែរ មួយប្រទេសលើឆាកអន្តរជាតិ ដែលនឹងអាចធ្វើឲ្យពិភពលោក មានការភ័ន្តច្រឡំលើជនជាតិខ្មែរថា ជាជនជាតិដែលមិនខ្វល់ខ្វាយពីសង្គម និងមិនចេះជួយជាតិសាសន៍ខ្លួនឯង។
លោក {ម៉ែន ណាត} បញ្ជាក់ថា បញ្ហានេះប្រហែលអាចបណ្តាលមកពី ការអប់រំ និងកម្រិតនៃការចេះដឹងរបស់នាងនៅទាបពេក មិនសាកសមនឹងធ្វើជាមនុស្សឯក តំណាងឲ្យកម្ពុជា ដើម្បីឡើងទៅបង្ហាញពីភាពអស្ចារ្យរបស់កម្ពុជា ទៅកាន់ពិភពលោក ផ្ទុយទៅវិញ នាងបែរជាបង្ហាញពីគំនិតដ៏ក្មេងខ្ចី ដែលនាំឲ្យពិភពលោក សើចចំអកទៅវិញ។
ដោយឡែក បវរកញ្ញាប្រទេសភូមា {នាង ហាន់ ឡេ (Han Lay)} ឆ្លៀតពេលដែលពិភពលោក កំពុងដាក់ភ្នែកមើលនាង នាងបានធ្វើឲ្យពិភពលោកស្គាល់ និងចាប់អារម្មណ៍កាន់តែខ្លាំងលើទុក្ខវេទនា របស់ប្រជាជនភូមា ទោះក្រោយការនិយាយរបស់នាង នឹងត្រូវរងការធ្វើទារុណកម្ម ពីពួកយោធានៅពេលនាងត្រឡប់ទៅប្រទេសវិញក៏ដោយ។
ការរិះគន់នេះ ធ្វើឡើងបន្ទាប់ពីបវរកញ្ញាកម្ពុជា គឺនាង ជីវ ជីលី បានប្រកាសតាមបណ្ដាញសង្គម Facebook កាលពីពាក់កណ្តាលខែមីនា កន្លងទៅ ដោយអំពាវនាវឲ្យពលរដ្ឋខ្មែរ កុំពាក់ព័ន្ធនឹងរឿងនយោបាយ។
សារព័ត៌អន្តរជាតិ BBC បានចុះផ្សាយ កាលពីថ្ងៃទី ៥ ខែមេសា ឆ្នាំ២០២១ នេះ ពីភាពក្លាហានរបស់បវរកញ្ញាតំណាងឲ្យប្រទេសភូមា ថាជាបវរកញ្ញាដែលមានសម្រស់ស្អាត គឺកញ្ញា ហាន់ ឡេ ដែលហ៊ានប្រកាសជំហរតតាំងជាមួយយោធាភូមា បានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើល។ សារព័ត៌មានមួយនេះ ក៏បានលើកឡើងដែរ អំពីបវរកញ្ញាកម្ពុជា ដែលអំពាវនាវឲ្យអ្នកគាំទ្រខ្លួន កុំពាក់ព័ន្ធនឹងរឿងនយោបាយទៅវិញ។
ប្រធានក្រុមអ្នកវិភាគវ័យក្មេង កញ្ញា លី ស្រីស្រស់ បានប្រាប់សាព័ត៌មាន The Cambodia Daily ថា បញ្ហានេះអាចប្រហែលជាបណ្តាលមកពីកត្តាអប់រំ ដែលធ្វើឲ្យនាងមិនយល់ថា អ្វីទៅជានយោបាយ ហើយវាមានឥទ្ធិពលយ៉ាងណា និងមានអត្ថន័យដូចម្តេចនោះ។
កញ្ញា លី ស្រីស្រស់ អះអាងថា មានយុវជនកម្ពុជាច្រើនណាស់ ដែលមានការភ័ន្តច្រឡំពីអត្ថន័យនៃពាក្យថា «នយោបាយ» ដូច្នេះបវរកញ្ញារូបនេះ ក៏មិនខុសពីយុវជនក្នុងប្រទេសកម្ពុជាទាំងនោះដែរ៕


.