The Cambodia Daily
25-9-2023

អ្នក​ឃ្លាំមើល និង​មន្ត្រី​បក្ស​ប្រឆាំង ហៅ​ការ​បដិសេធ​របស់​ក្រសួង​មហាផ្ទៃ​ ដែល​ប្រកាស​មិន​ចេញ​លិខិត​បញ្ជាក់​ថ្មី​ ឲ្យ​គណបក្ស​ភ្លើង​ទៀន គឺជា​គំនិត​ទុច្ចរិត​នយោបាយ​របស់​លោក ហ៊ុន សែន ដោយ​ដឹង​ថា លោក ហ៊ុន ម៉ាណែត ដែល​ជា​កូនប្រុស​របស់​លោក ​គ្មាន​សមត្ថភាព​ប្រកួត​ឈ្នះ​គណបក្ស​ភ្លើង​ទៀន។

ការ​លើកឡើង​នេះ បន្ទាប់ពី​ក្រសួង​មហាផ្ទៃ កាលពី​ថ្ងៃទី​២១ ខែ​កញ្ញា បាន​ប្រកាស​មិន​ចេញ​លិខិត​បញ្ជាក់​ថ្មី​ ឲ្យ​គណបក្ស​ភ្លើង​ទៀន​ទេ។ ការ​បដិសេធ​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រសួង​មហាផ្ទៃ​ អនុញ្ញាត​ឱ្យ​តំណាង​គណបក្ស​ភ្លើង​ទៀន ចំនួន ៥​រូប​ចូល​ជួប​ជជែក​នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ​ នៅ​ថ្ងៃ​ដដែល​នោះ។

តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន លើកឡើង​ថា បើ​បាត់​សំបុត្រ​កំណើត អត្តសញ្ញាណ​ប័ណ្ណ ប័ណ្ណ​បើកបរ លិខិត​ឆ្លងដែន ជាដើម អាច​ធ្វើ​ថ្មី​បាន រឿង​អី​ក្រសួង​មហាផ្ទៃ​ មិន​អាច​ចេញ​លិខិត​បញ្ជាក់​ថ្មី ឬ​សំបុត្រ​កំណើត​ថ្មី​ ឲ្យ​គណបក្ស​ភ្លើង​ទៀន​បាន​នោះ។

ប្រភព​ដដែល​បាន​អះអាង​ថា ការ​ដែល​ក្រសួង​មហាផ្ទៃ​ បដិសេធ​សំណើ​គណបក្ស​ភ្លើង​ទៀន ដោយសារ​តែ​លោក ហ៊ុន សែន ដឹង​ថា លោក ហ៊ុន ម៉ាណែត គ្មាន​សមត្ថភាព​ប្រកួត​ឈ្នះ​គណបក្ស​ភ្លើង​ទៀន ទើប​លោក​បិទ​ផ្លូវ​គណបក្ស​ភ្លើង​ទៀន ​មិន​ឲ្យ​ចូលរួម​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ នា​ពេល​ខាងមុខ​ឲ្យ​ហើយ។

លោក​ថា ការ​បដិសេធ​របស់​ក្រសួង​មហាផ្ទៃ​នេះ ធ្វើ​ឲ្យ​គណបក្ស​ភ្លើង​ទៀន​មិន​អាច​ចូលរួម​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​នា​ពេល​ខាងមុខ​បាន​ទៀត​ទេ។

ចំណែក​អនុប្រធាន​វេទិកា​ពលរដ្ឋ​ លោក ម៉ែន ណាត ចាត់ទុក​ការ​បដិសេធ​របស់​ក្រសួង​មហាផ្ទៃ ថា​ជា​គំនិត​ទុច្ចរិត​នយោបាយ​របស់​លោក ហ៊ុន សែន។ លោក​កត់សម្គាល់​ថា គណបក្ស​ភ្លើង​ទៀន​នេះ​ ក៏​មាន​សក្ដានុពល​យក​ឈ្នះ​គណបក្ស​ប្រជាជន​កម្ពុជា​ នៅ​ពេល​បោះឆ្នោត ​ខាងមុខ​បាន ដូច្នេះ​លោក​ថា ​គណបក្ស​កាន់​អំណាច​នៅតែ​មាន​ចេតនា​មិន​ចង់​ឲ្យ​គណបក្ស​ភ្លើង​ទៀន ​មាន​ឱកាស​ចូលរួម​ប្រកួត​ប្រជែង​ស្មើ​មុខ​ស្មើ​មាត់ ​ជាមួយ​ខ្លួន​តាម​បែប​ប្រជាធិបតេយ្យ​ ស្រប​តាម​រដ្ឋធម្មនុញ្ញ​កម្ពុជា។

ប្រភព​ដដែល​លើកឡើង​ថា គណបក្ស​កាន់​អំណាច​ កំពុង​រក​វិធី​ដើម្បី​បិទ​គណបក្ស​ភ្លើង​ទៀន​ មិន​ឲ្យ​ធ្វើ​សកម្មភាព​បន្ត​ទៀត ទាំង​ដែល​ការ​បដិសេធ​នេះ​ធ្វើឡើង​ផ្ទុយ​ពី​ស្មារតី​រដ្ឋធម្មនុញ្ញ។ តែ​យ៉ាង​ណា លោក​ជំរុញ​ឲ្យ​គណបក្ស​ភ្លើង​ទៀន ​កុំ​បោះបង់​ការ​ព្យាយាម និង​ការ​តស៊ូ ទោះបីជា​ក្រសួង​មហាផ្ទៃ​បដិសេធ​ក៏ដោយ ត្រូវតែ​រក​មធ្យោបាយ​គ្រប់​វិធី ដោយ​ធ្វើ​យ៉ាង​ណា​ដើម្បី​បាន​ចូលរួម​ការ​បោះឆ្នោត ​នា​ពេល​ខាងមុខ​នេះ។

សារព័ត៌មាន The Cambodia Daily មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នក​នាំពាក្យ​គណបក្ស​ភ្លើង​ទៀន លោក គីមសួរ ភីរិទ្ធ ជុំវិញ​រឿង​នេះ​បាន​នៅឡើយ​ទេ។

ការ​បន្ត​សុំ​លិខិត​បញ្ជាក់​ពី​ក្រសួង​មហាផ្ទៃ​នេះ ធ្វើឡើង​ បន្ទាប់ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) មិន​ទទួលស្គាល់ និង​មិន​អនុញ្ញាត​ឲ្យ​គណបក្ស​ភ្លើង​ទៀន ចូលរួម​ក្នុង​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ កាលពី​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ ក្រោម​ហេតុផល​ថា ឯកសារ​ដែល​គណបក្ស​នេះ​ ដាក់​សុំ​ចុះបញ្ជី​មិន​មែន​ជា​ឯកសារ​ច្បាប់​ដើម បើ​ទោះបីជា​ក្រសួង​មហាផ្ទៃ​ ជា​អ្នក​ចេញ​ឲ្យ​គណបក្ស​ភ្លើង​ទៀន​ក៏ដោយ។

គណបក្ស​ភ្លើង​ទៀន​ បាន​អះអាង​ថា គណបក្ស​បាន​បាត់​ឯកសារ​ដើម​ នៃ​ការ​ចុះបញ្ជី​គណបក្ស​នយោបាយ ​នៅ​ក្រសួង​មហាផ្ទៃ អំឡុង​ពេល​នៃ​ការ​ចម្រូងចម្រាស​គ្នា​ រវាង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​អាជ្ញាធរ​គណបក្ស​កាន់​អំណាច ដោយ​គណបក្ស​ភ្លើង​ទៀន ​បាន​ជ្រក​ក្រោម​ដំបូល​ជាមួយ​គ្នា​នោះ​ផង​ដែរ។

ក៏ប៉ុន្តែ លោក ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា មិន​បាន​ជឿ​ទៅ​លើ​ការ​លើកឡើង​របស់​គណបក្ស​ភ្លើង​ទៀន​នេះ​ទេ ដោយ​លោក​បាន​ដាក់​ការ​សង្ស័យ​ថា ការ​ធ្វើ​ឲ្យ​បាត់បង់​ឯកសារ​ចុះ​បញ្ជី​​ច្បាប់​ដើម​ របស់​គណបក្ស​ភ្លើង​ទៀន ហើយ​មិន​អាច​ឲ្យ​គណបក្ស​នេះ ​ចុះបញ្ជី​ឈរ​ឈ្មោះ​បោះឆ្នោត​ជ្រើស​តាំង​​តំណាងរាស្ត្រ​នីតិកាល​ទី​៧ បាន​នោះ គឺជា​ឧបាយកល​ធ្វើ​ឲ្យ​បរទេស​ ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា៕

រូបថតលោក ហ៊ុន ម៉ាណែត លោក អ៊ុំ សំអាន និង​លោក ម៉ែន ណាត
រូបថតលោក ហ៊ុន ម៉ាណែត លោក អ៊ុំ សំអាន និង​លោក ម៉ែន ណាត