The Cambodia Daily
31-3-2023
ក្រុមអ្នកសង្កេតការណ៍លើកឡើងថា ការរំលាយគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) របស់អ្នកស្រី អ៊ុងសាន ស៊ូជី ពីសំណាក់របបសឹកភូមានៅពេលនេះ គឺជាសមិទ្ធផលនៃដំណើរទស្សនកិច្ចរបស់មេដឹកនាំខ្មែរ លោក ហ៊ុន សែន ទៅជួបមេរដ្ឋប្រហារយោធាភូមា កាលពីដើមឆ្នាំ២០២២ ដែលគាត់ធ្វើជាប្រធានអាស៊ានប្តូរវេន នៅពេលនោះ។
អនុប្រធានវេទិកាពលរដ្ឋ លោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៩ មីនា នេះថា ការប្រកាសរំលាយគណបក្សរបស់អ្នកស្រី អ៊ុងសាន ស៊ូជី នេះ គឺជាបង្អែកមួយដែលអាចជួយលោក ហ៊ុន សែន សម្រាប់ដោះសានៅពេលដែលសហគមន៍អន្តរជាតិ ទាមទារឱ្យរដ្ឋាភិបាលរបស់គាត់គោរពសិទ្ធិមនុស្ស និងលើកស្ទួយលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជានៅពេលក្រោយ។
លោកបន្ថែមថា បើមានការទាមទារបន្តទៀត ពីសហគមន៍អន្តរជាតិឱ្យរដ្ឋាភិបាលរបស់គាត់ គោរពសិទ្ធិមនុស្ស និងលើកស្ទួយលទ្ធិប្រជាធិបតេយ្យ លោក ហ៊ុន សែន ក៏អាចនឹងជំរុញឱ្យពួកគេទៅទាមទារឱ្យរបបសឹកភូមា គោរពលទ្ធិប្រជាធិបតេយ្យដែរ ក្នុងនាមភូមា ជាប្រទេសដែលជាសមាជិកអាស៊ាន ដែរនោះ។
លោក ម៉ែន ណាត ព្រមានថា លោក ហ៊ុន សែន នឹងប្រើអំណាចទំនើងចិត្តរបស់គាត់កាន់តែខ្លាំង ដើម្បីបង្ក្រាបអ្នកដែលប្រឆាំងនឹងការដឹកនាំរបស់គាត់ ហើយគាត់នឹងយកប្រទេសភូមា ធ្វើគំរូ ប្រសិនបើរបបសឹកភូមា អនុវត្តទៅហើយ គ្មានការដាក់ទណ្ឌកម្មណាមួយពីប្រទេសលោកសេរីទេ នោះលោក ហ៊ុន សែន នឹងបន្តការរំលោភច្បាប់ រំលោភសិទ្ធិមនុស្ស និងជាន់ឈ្លីលទ្ធិប្រជាធិបតេយ្យកាន់តែខ្លាំងជាងនេះបន្ថែមទៀត ជាពិសេសគឺដើម្បីធានាសុវត្ថិភាពការផ្ទេរអំណាចទៅកូនរបស់គាត់ នៅពេលខាងមុខនេះតែម្តង។
ទីភ្នាក់ងារសារព័ត៌មាន AFP ចុះផ្សាយនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ថា គណៈកម្មការរៀបចំការបោះឆ្នោត ដែលគ្រប់គ្រងដោយរបបសឹកភូមា បានប្រកាសថា គណបក្សរបស់អ្នកស្រី អ៊ុងសាន ស៊ូជី នឹងត្រូវបានរំលាយចោល ដោយសារតែគណបក្សនេះ បរាជ័យក្នុងការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតឡើងវិញ នៅក្រោមច្បាប់បោះឆ្នោតថ្មី របស់របបសឹកភូមា។
ទាក់ទិននឹងបញ្ហានេះ ទូរទស្សន៍ Myawaddy TV របស់ភូមា បានចុះផ្សាយកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ថា គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) របស់អ្នកស្រី អ៊ុងសាន ស៊ូជី ស្ថិតនៅក្នុងចំណោមគណបក្សនយោបាយចំនួន ៤០ ដែលមិនបានបំពេញតាមក្រឹត្យក្រម នៃកាលបរិច្ឆេទចុះបញ្ជីសម្រាប់ការបោះឆ្នោតសកល។
ការរំលាយគណបក្ស ដែលជាគូបដិបក្ខនឹងខ្លួននេះ ធ្វើឡើងដូចគ្នាទៅនឹងការរំលាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងដ៏ធំនៅកម្ពុជា កាលពីឆ្នាំ២០១៧ ដែរ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន ក្នុងនាមប្រធានអាស៊ាន ឆ្នាំ២០២២ ទៅកាន់ប្រទេសភូមា កាលពីអំឡុងខែមករា ឆ្នាំ២០២២ កន្លងទៅនោះ។
ក្នុងជំនួបរវាងលោក ហ៊ុន សែន និងលោក មីន អ៊ុងឡាំង ក្នុងដំណើរទស្សនកិច្ចនៅពេលនោះ ត្រូវគេសង្ស័យថា លោក ហ៊ុន សែន មិនបានសម្រួលឱ្យមានការដោះស្រាយវិបត្តិនៅភូមាទេ ប៉ុន្តែគាត់ទំនងជាផ្តល់មេរៀនដល់របបសឹកភូមា ឱ្យរៀនគ្រប់គ្រងអំណាចឱ្យកាន់តែរឹងមាំ ដូចលោក ហ៊ុន សែន ខ្លួនឯង កំពុងអនុវត្តនៅកម្ពុជាសព្វថ្ងៃនេះទៅវិញ។
អគ្គលេខាធិការវេទិកាពលរដ្ឋ លោក អ៊ាប គឹមសេង ធ្លាប់បានលើកឡើងមុនដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន ទៅជួបមេដឹកនាំរបបសឹកភូមា កាលពីដើមខែមករា ឆ្នាំ២០២២ ថា លោក ហ៊ុន សែន នឹងណែនាំឱ្យមេរដ្ឋប្រហារយោធាភូមា លោក មីង អ៊ុងឡាំង ប្រើល្បិចកល ដែលគាត់ធ្លាប់ធ្វើក្នុងការរំលាយ គណបក្សសង្គ្រោះជាតិ ឱ្យរបបសឹកភូមារំលាយបក្សរបស់អ្នកស្រី អ៊ុងសាន ស៊ូជី ជាមិនខាន។
លោក អ៊ាប គឹមសេង បញ្ជាក់ថា ក្រៅពីណែនាំឱ្យប្រើល្បិចរំលាយគណបក្សរបស់អ្នកស្រី អ៊ុងសាន ស៊ូជី លោក ហ៊ុន សែន ក៏នឹងណែនាំឱ្យមេរដ្ឋប្រហារយោធាភូមា បង្កើតការបោះឆ្នោតមួយដើម្បីបន្លំភ្នែកអន្តរជាតិ ដែលធ្វើឡើងក្រោមការរៀបចំរបស់មេរដ្ឋប្រហារយោធាភូមា ដោយគ្មានវត្តមានគណបក្សរបស់អ្នកស្រី អ៊ុងសាន ស៊ូជី និងបង្កើតបក្សតូចៗ ឲ្យចូលរួមការបោះឆ្នោតលំអសួនផ្ដាច់ការ ដូចដែលលោក ហ៊ុន សែន ធ្វើនៅកម្ពុជាសព្វថ្ងៃនេះដែរ។
ទាក់ទិននឹងបញ្ហានេះ ទីភ្នាក់ងារព័ត៌មាន AFP បានចុះផ្សាយកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ អំឡុងពិធីព្យុហយាត្រាថា មេដឹកនាំផ្ដាច់ការភូមា លោក មីន អ៊ុងឡាំង បានប្រកាសប្ដេជ្ញាថា នឹងមិនបន្ធូរបន្ថយដាច់ខាត ក្នុងការបង្ក្រាបក្រុមចលនាប្រឆាំង ហើយបានសន្យាជាថ្មីថា របបសឹកភូមានឹងរៀបចំឱ្យមានការបោះឆ្នោតសកលមួយ នាពេលខាងមុខនេះ៕
.