The Cambodia Daily
08-3-2022

ក្រុម​អ្នក​តស៊ូ​មតិ​នៅ​ក្រៅ​ស្រុក យល់ស្រប​ជាមួយ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិបតេយ្យ ដែល​សម្រេច​មិន​ចូលរួម​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ ឆ្នាំ​២០២២ នេះ ក្រោម​ហេតុផល​បរិយាកាស​នយោបាយ​នៅ​មាន​ការ​រឹតត្បិត​ពី​បក្ស​កាន់​អំណាច និង​ភាព​មិន​ឯករាជ្យ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប)។

ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (PMD – People Movement for Democracy, Cambodia) លោក ម៉ែន ណាត បាន​ប្រាប់​សារ​ព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៧ មីនា នេះ​ថា ស្ថានការណ៍​​នយោបាយ​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ ​មិន​អំណោយ​ផល​ល្អ​សម្រាប់​គណបក្ស ដែល​ចូលរួម​ការ​បោះ​ឆ្នោត​នោះ​ទេ ព្រោះ​ជា​ដំណើរការ​ វា​កំពុង​ស្ថិត​ក្រោម​សម្ពាធ​របស់​បក្ស​កាន់​អំណាច ហើយ​ដំណើរការ​នៃ​ការ​បោះឆ្នោត ​មិន​អាច​ធានា​បាន​នូវ​យុត្តិធម៌​នោះ​ទេ។

លោក ម៉ែន ណាត បញ្ជាក់​ថា គណបក្ស​ក្រៅ​រដ្ឋាភិបាល​ មិន​គួរ​ចូល​រួម​ការ​បោះ​ឆ្នោត​ ដែល​កម្ពុជា​កំពុង​មាន​វិបត្តិ​នយោបាយ​ធ្ងន់ធ្ងរ​នោះ​ឡើយ ត្បិត​គណបក្ស​កាន់​អំណាច​ រំលោភ​ច្បាប់ រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​យ៉ាង​អយុត្តិធម៌។ ដូច្នេះ ពួកគេ​គួរតែ​ជំរុញ​ឱ្យ​បក្ស​កាន់​អំណាច​ រក​ដំណោះស្រាយ​សមស្រប​ជា​មុន​សិន ព្រោះ​ការ​ធ្វើ​ដូច្នេះ ​ក៏​ជា​ការ​ព្រមាន​កុំ​ឱ្យ​បក្ស​កាន់​អំណាច ​រំលោភ​ច្បាប់​ រំលាយ​គណបក្ស​ផ្សេងៗ​ទៀត​ទៅ​ថ្ងៃ​ក្រោយ។

កាលពី​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០២២ កន្លង​ទៅ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិប​តេយ្យ បាន​ចេញ​សេចក្តី​ជូនដំណឹង​ស្ដីពី​ការ​មិន​ចូលរួម​ឈរ​ឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ អាណត្តិ​ទី​៥ ក្រោម​ហេតុផល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បាន​រឹតត្បិត​ខ្លាំង​នូវ​លទ្ធភាព​របស់​គណបក្ស​នយោបាយ ​ក្នុង​ដំណើរការ​នៃ​ការ​បោះឆ្នោត​នេះ។

ប្រភព​ដដែល​អះអាង​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ​មិន​ផ្តល់​ទម្រង់ ១១០២ (ដប់​មួយ​សូន្យ​ពីរ) ដល់​ភ្នាក់ងារ​គណបក្ស​នយោបាយ ​នៅ​តាម​ការិយាល័យ​បោះឆ្នោត​ឃុំ​-​សង្កាត់​ ដូច​ពេល​មុន​នោះ​ឡើយ ដែល​ជា​នីតិវិធី មិន​គួរ​ឱ្យ​ទុកចិត្ត​បាន​ សម្រាប់​បក្ស​នយោបាយ​ដែល​ចូលរួម​ការបោះឆ្នោត​នេះ។

កាលពី​ថ្ងៃ​ទី​២៧ ខែ​មករា កន្លងទៅ គណបក្ស​នយោបាយ​ចំនួន​ ៦ ក្នុង​នោះ​រួម​មាន ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គណបក្ស​កម្ពុជា​និយម គណបក្ស​កែទម្រង់​កម្ពុជា គណបក្ស​កម្លាំង​ប្រជាធិបតេយ្យ គណបក្ស​បំណង​ពលរដ្ឋ និង​គណបក្ស​ភ្លើង​ទៀន ក៏​បាន​ធ្វើ​ញត្តិ​រួមគ្នា​ទាមទារ​ឲ្យ គ.ជ.ប រក្សាទុក​ទម្រង់​កំណត់ហេតុ​នៃ​ការ​រាប់​សន្លឹកឆ្នោត ១១០២ ឲ្យ​នៅ​ដដែល។

ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​​ប្រជា​ធិប​តេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បាន​ប្រាប់​សារ​ព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៧ មីនា នេះ​ថា ការ​សម្រេច​ចូលរួម​បោះឆ្នោត ឬ​មិន​ចូលរួម​បោះ​ឆ្នោត គឺ​ជា​សេរីភាព​របស់​គណបក្ស​នយោបាយ​នីមួយៗ។ បណ្ឌិត យ៉ង សាំងកុមារ លើកឡើង​ថា ការ​ទាមទារ​ឱ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ​ចេញ​ទម្រង់ ១១០២ ភ្លាមៗ​ដល់​ភ្នាក់ងារ​គណបក្ស​នយោបាយ គឺជា​ការ​ចង់បាន​របស់​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ទាំងអស់ ជាក់ស្តែង​គណបក្ស​របស់​លោក​ បាន​ចូលរួម​ទាមទារ​កែសម្រួល​បញ្ហា​នេះ​បាន​ខ្លះ​ហើយ ដូច្នេះ​ដំណើរការ​នៃ​ការ​ផ្តល់​ទម្រង់ ១១០២ នេះ គឺ​ស្ថិត​ក្នុង​លទ្ធភាព​ដែល​គណបក្ស​របស់​លោក ​អាច​គ្រប់គ្រង​បាន។

អ្នកជំនាញ​ខាង​ផ្នែក​ច្បាប់​អន្តរជាតិ កញ្ញា សេង ធារី ធ្លាប់​បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ពេល​ថ្មីៗ​នេះ​ថា គណបក្ស​នយោបាយ​ទាំងអស់​ គួរតែ​នាំគ្នា​កែប្រែ​ច្បាប់​ ដើម្បី​ធានា​នូវ​ឯករាជភាព​របស់ ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ជា​មុន​សិន ត្បិត​នៅ​ពេលនេះ ស្ថាប័ន​អាជ្ញាកណ្ដាល​មួយ​នេះ​ ស្ថិតនៅ​ក្រោម​ការ​បញ្ជា​របស់​បក្ស​កាន់​អំណាច​នៅឡើយ។

កាលពី​ឆ្នាំ​២០១៧ រដ្ឋសភា​ឯក​បក្ស​របស់​លោក ហ៊ុន សែន បាន​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ជាច្រើន​មាត្រា និង​ជាច្រើន​ជំពូក ក្នុង​នោះ​មាត្រា ៤៤ ​ថ្មី​នៃ​ច្បាប់​នេះ​បាន​ចែង​ថា គណបក្ស​នយោបាយ​ ដែល​ប្រព្រឹត្ត​ល្មើស​នឹង​មាត្រា​៦ និង​មាត្រា​៧ តុលាការ​អាច​សម្រេច​ផ្អាក​សកម្មភាព​គណបក្ស​នោះ​រយៈពេល ៥ ​ឆ្នាំ និង​ត្រូវ​រំលាយ​ចោល​ផង​ដែរ។

សូម​ជម្រាប​ថា នៅ​ថ្ងៃ​ដំបូង ​នៃ​ការ​ដាក់​បញ្ជី​បេក្ខភាព​ឈរ​ឈ្មោះ​​បោះ​ឆ្នោត​ឃុំ​-​សង្កាត់ ​កាល​ពី​ថ្ងៃ​សុក្រ ទី​៤ ខែ​មីនា មាន​គណបក្ស​នយោបាយ​ចំនួន​ ១១ ​ហើយ ​បាន​ដាក់​បញ្ជី​បេក្ខភាព ដើម្បី​ចូលរួម​ប្រកួត​ប្រជែង​ សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ ឆ្នាំ​២០២២ ខាងមុខ។ ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​នេះ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ ទី​៥ ខែ​មិថុនា ឆ្នាំ​២០២២៕

.