អត្ថបទ៖ វេទិកាពលរដ្ឋ
ប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ បានចេញសេចក្តីថ្លែងការណ៍ ដោយហៅស្ថាប័ន គ.ជ.ប ជាស្ថាប័នអធម្មនុញ្ញភាព បន្ទាប់ពីការបោះឆ្នោតឃុំសង្កាត់ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ថ្មីៗនេះ។ សេចក្តីថ្លែងការណ៍នេះ ផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែមិថុនា។ សូមទាញយក«សេចក្តីថ្លែងការណ៍ Download» ឬអានអត្ថបទខាងក្រោម។
សេចក្ដីថ្លែងការណ៍
គ.ជ.ប. បង្ហាញស្មារតីជាស្ថាប័នអធម្មនុញ្ញភាព
ដោយពិនិត្យពិចារណាលើសេចក្ដីថ្លែងការណ៍របស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.) «សូមទាញយក Download» នៅថ្ងៃទី១៣ មិថុនា ឆ្នាំ២០២២ ព្រមានចាត់វិធានការផ្លូវច្បាប់ លើគណបក្សនយោបាយ និង អ្នកទាំងឡាយណា ដែលរិះគន់ការបោះឆ្នោតឃុំ/សង្កាត់
វេទិកាពលរដ្ឋ យល់ឃើញថា គ.ជ.ប. ខ្លួនឯង ធ្វើឲ្យបាត់សេចក្ដីថ្លៃថ្នូរ និង តម្លៃជាស្ថាប័នអនុវត្តន៍ច្បាប់បោះឆ្នោតដោយខ្លួនឯង ហើយសូមកុំមានពុតត្បុតនយោបាយបន្ទោសអ្នកដទៃ ពីព្រោះ ៖
១. គ.ជ.ប. បានប្រកាសព្រមានធ្វើទុក្ខបុកម្នេញលើអ្នកគ្រប់គ្នាណា ដែលលើកហេតុផលចង់បានយុត្តិធម៌ក្នុងការបោះឆ្នោតទៅវិញ។ ជាក់ស្ដែង គឺស្ថាប័នថ្នាក់ក្រោមរបស់ គ.ជ.ប. ដែលបានរំលោភលើខ្លឹមសាររដ្ឋធម្មនុញ្ញ ដូចជា បិទទ្វារការិយាល័យរាប់សន្លឹកឆ្នោត មិនឲ្យប្រជាពលរដ្ឋម្ចាស់ឆ្នោតបានឃើញនិងដឹងឮ។ ការមិនបង្ហាញតម្លាដល់ប្រជាពលរដ្ឋ គឺជាអំពើបំពានសិទ្ធិពលរដ្ឋ ឬ បំពានខ្លឹមសារនៃរដ្ឋធម្មនុញ្ញរបស់ប្រទេសជាតិ។
២. គ.ជ.ប. បានចេញសេចក្ដីថ្លែងការណ៍ព្រមានប្រើវិធានការផ្លូវច្បាប់ បំពានលើក្រុមអ្នករិះគន់បែបនេះ គឺតែប៉ុន្មានម៉ោង ក្រោយការថ្លែងមិនសប្បាយចិត្តរបស់លោក ហ៊ុន សែន ប៉ុណ្ណោះ។ គ.ជ.ប. ពុំមានលក្ខណៈសម្បត្តិ ជាស្ថាប័នធម្មនុញ្ញភាពឡើយ ប៉ុន្តែ ស័ក្ដិសមជាអង្គភាពបំពេញគោលដៅនយោបាយអំណាច របស់លោក ហ៊ុន សែន ក្នុងផែនការប្លន់លទ្ធផលបោះឆ្នោត។
វេទិកាពលរដ្ឋ ពិនិត្យឃើញថា អ្នកដែលត្រូវប្រឈមវិធានការផ្លូវច្បាប់ មុនអ្នកណាៗទាំងអស់ គឺ ប្រធាន គ.ជ.ប. ហើយ ស្ថាប័នដែលត្រូវកែទម្រង់ជាបឋម និងជាបន្ទាន់ ក៏គឺ គ.ជ.ប.ដែរ។
វេទិកាពលរដ្ឋ មើលឃើញថា មានជម្រើសតែមួយគត់ ដើម្បីទប់ទល់នឹងស្ថាប័នអធម្មនុញ្ញភាព ដូច គ.ជ.ប. សព្វថ្ងៃ គឺគណបក្សនយោបាយក្រៅរដ្ឋាភិបាល គួរឆាប់ប្រញាប់រកវិធីបង្កើតគោលការណ៍រួម ក្នុងចលនានយោបាយរួបរួមជាកម្លាំងធំ។
សហរដ្ឋអាមេរិក ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២
គឹម សុខ (ហត្ថលេខា)
ប្រធាន វេទិកាពលរដ្ឋ
.
