អត្ថបទ៖ វេទិកា​ពលរដ្ឋ

ប្រធាន​វេទិកាពលរដ្ឋ​ លោក គឹម សុខ បាន​ចេញ​សេចក្តី​ថ្លែងការណ៍ ដោយ​ហៅ​ស្ថាប័ន គ.ជ.ប ជា​ស្ថាប័ន​អធម្មនុញ្ញភាព បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់ កាល​ពី​ថ្ងៃទី​០៥ ខែ​មិថុនា ឆ្នាំ​២០២២ ថ្មីៗ​នេះ។ សេចក្តី​ថ្លែង​ការណ៍​​នេះ ផ្សព្វ​ផ្សាយ​នៅ​ថ្ងៃទី​១៣ ខែ​​មិថុនា។ សូម​ទាញ​យក​«សេចក្តីថ្លែងការណ៍ Download» ឬ​​អាន​អត្ថបទ​ខាង​ក្រោម។

សេចក្ដីថ្លែងការណ៍
គ.ជ.ប. បង្ហាញ​​ស្មារតី​​ជា​​ស្ថាប័ន​​អធម្មនុញ្ញភាព

ដោយពិនិត្យ​ពិចារណា​លើ​សេចក្ដីថ្លែងការណ៍​របស់ គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​(គ.ជ.ប.) «សូម​ទាញ​យក Download» នៅ​ថ្ងៃទី​១៣ មិថុនា ឆ្នាំ២០២២ ព្រមាន​ចាត់​វិធាន​ការ​​ផ្លូវ​ច្បាប់ លើ​គណបក្ស​នយោបាយ និង អ្នក​ទាំង​ឡាយ​ណា ​ដែល​រិះ​គន់​​ការ​បោះឆ្នោត​ឃុំ/សង្កាត់

វេទិកាពលរដ្ឋ យល់​ឃើញ​ថា គ.ជ.ប. ខ្លួន​ឯង ធ្វើ​ឲ្យ​បាត់​សេចក្ដី​ថ្លៃថ្នូរ និង តម្លៃ​ជា​ស្ថាប័ន​អនុវត្តន៍​ច្បាប់​បោះ​ឆ្នោត​ដោយ​ខ្លួនឯង ហើយ​សូម​កុំមាន​ពុត​ត្បុត​នយោបាយ​បន្ទោស​អ្នកដទៃ ពីព្រោះ ៖

១. គ.ជ.ប. បាន​ប្រកាស​ព្រមាន​ធ្វើ​ទុក្ខ​បុកម្នេញ​លើ​អ្នក​គ្រប់គ្នា​ណា ដែល​លើក​ហេតុ​ផល​ចង់​បាន​យុត្តិធម៌​ក្នុង​ការ​បោះ​ឆ្នោត​ទៅ​វិញ។ ជាក់​ស្ដែង គឺ​ស្ថាប័ន​ថ្នាក់​ក្រោម​របស់ គ.ជ.ប. ដែល​បាន​រំលោភ​លើ​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ ដូចជា បិទ​ទ្វារ​ការិយាល័យ​រាប់​សន្លឹក​ឆ្នោត មិន​ឲ្យ​ប្រជា​ពលរដ្ឋ​ម្ចាស់​ឆ្នោត​បាន​ឃើញ​និង​ដឹង​ឮ។ ការ​មិន​បង្ហាញ​តម្លា​ដល់​ប្រជា​ពលរដ្ឋ គឺ​ជា​អំពើ​បំពាន​សិទ្ធិ​ពលរដ្ឋ ឬ បំពាន​ខ្លឹមសារ​នៃ​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​ជាតិ។

២. គ.ជ.ប. បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ព្រមាន​ប្រើ​វិធានការ​ផ្លូវ​ច្បាប់​ បំពាន​លើ​ក្រុម​អ្នក​រិះគន់​បែប​នេះ គឺ​តែ​ប៉ុន្មាន​​ម៉ោង ក្រោយ​ការ​ថ្លែង​មិនសប្បាយ​ចិត្ត​របស់​លោក ហ៊ុន សែន ប៉ុណ្ណោះ។ គ.ជ.ប. ពុំមានលក្ខណៈ​សម្បត្តិ ជា​ស្ថាប័ន​ធម្មនុញ្ញភាព​ឡើយ ប៉ុន្តែ ស័ក្ដិសម​ជា​អង្គភាព​បំពេញ​គោល​ដៅ​នយោបាយ​អំណាច របស់​លោក ហ៊ុន សែន ក្នុង​ផែនការ​ប្លន់លទ្ធផល​បោះ​ឆ្នោត។

វេទិកាពលរដ្ឋ ពិនិត្យ​ឃើញថា អ្នក​ដែល​ត្រូវ​ប្រឈម​វិធានការ​ផ្លូវ​ច្បាប់ មុនអ្នក​ណាៗ​ទាំង​អស់ គឺ ប្រធាន គ.ជ.ប. ហើយ ស្ថាប័ន​ដែល​ត្រូវ​កែ​ទម្រង់​ជា​បឋម និង​ជា​បន្ទាន់ ក៏គឺ គ.ជ.ប.ដែរ។

វេទិកាពលរដ្ឋ មើល​ឃើញ​ថា មាន​ជម្រើស​តែ​មួយ​គត់ ដើម្បី​ទប់ទល់​នឹងស្ថាប័ន​អធម្មនុញ្ញភាព ដូច គ.ជ.ប. សព្វថ្ងៃ ​គឺ​គណបក្ស​នយោបាយ​ក្រៅ​រដ្ឋាភិបាល គួរ​ឆាប់​ប្រញាប់​រក​វិធី​បង្កើត​គោលការណ៍​រួម ក្នុង​ចលនា​នយោបាយ​រួប​រួម​ជា​កម្លាំង​ធំ។

សហរដ្ឋអាមេរិក ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២

គឹម សុខ (ហត្ថលេខា)
ប្រធាន វេទិកាពលរដ្ឋ

.