The Cambodia Daily
06th-3-2021
អ្នកឃ្លាំមើលសង្គម រិះគន់ថា បើការបង្កើតគណបក្សនយោបាយមួយ គ្រាន់តែបង្កើតឡើងសម្រាប់ធ្វើតែជាគណបក្សប្រឆាំង មិនមែនជាអ្នកនយោបាយវៃឆ្លាតទេ ហើយក៏មិនអាចទៅដឹកនាំប្រទេសបានដែរ។
អ្នកវិភាគនយោបាយសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរលើគណនីហ្វេសប៊ុករបស់លោក នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ ថា អ្នកនយោបាយដែលឆ្លាត ព្រមទាំងមានទស្សនៈវែងឆ្ងាយក្នុងការដឹកនាំប្រទេស គឺបង្កើតគណបក្សដើម្បីទៅប្រកួតប្រជែងយកអំណាចពីពលរដ្ឋ ឈានទៅគ្រប់គ្រង និងដឹកនាំប្រទេស។ លោក អះអាងថា អ្នកនយោបាយដែលមានគំនិតបែបនេះ គឺជាមនុស្សដែលមានលក្ខណៈជាអ្នកដឹកនាំ ព្រោះគោលដៅរបស់ពួកគេ មិនមែនដើម្បីប្រកួតជាមួយបក្សប្រឆាំង ឬប្រកួតដើម្បីដើរតួជាបក្សប្រឆាំងនោះទេ គឺដើម្បីគោលដៅសេចក្តីសុខរបស់ពលរដ្ឋ និងការរីកចម្រើនរបស់ប្រទេសជាតិ។
កន្លងមក ក្រុមអ្នកតស៊ូមតិ រិះគន់ថា ការនាំគ្នាចេញទៅបង្កើតបក្សថ្មី របស់អតីតមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង បានបង្ហាញយ៉ាងច្បាស់ថា ពួកគេបានបោះបង់ចោលស្មារតីគណបក្សសង្គ្រោះជាតិអស់ទៅហើយ។
បញ្ហានេះអាចបញ្ជាក់ផងដែរថា សកម្មភាពរបស់ក្រុមអ្នករត់ចោលបក្ស ជាការបង្ហាញឲ្យឃើញពីទង្វើអគុណធម៌ ដែលរត់យករួចខ្លួន ហើយទុកឲ្យមេដឹកនាំរបស់ពួកគេ {គឺលោក កឹម សុខា} ដែលកំពុងរងការរឹតត្បិតសេរីភាព កាន់តែរងទុក្ខជាន់លើទុក្ខ និងកាន់តែរងនូវភាពអយុត្តិធម៌។
គិតត្រឹមខែមីនា ឆ្នាំ២០២១ នេះ មន្ត្រីបក្សប្រឆាំងជិត ២០ រូប ហើយ ដែលបានសុំសិទ្ធិធ្វើនយោបាយពីព្រះមហាក្សត្រឡើងវិញ តាមរយៈក្រសួងមហាផ្ទៃ {ផ្អែកតាមច្បាប់អវិជ្ជមាន}។ លើសពីនេះ មានគណបក្សចំនួន ៣ ហើយដែលបានបង្កើតឡើងដោយអតីតមន្ត្រីបក្សប្រឆាំង ដូចជា គណបក្សខ្មែរស្រលាញ់ជាតិ គណបក្សឆន្ទៈខ្មែរ និងគណបក្សខ្មែរអភិរក្សនិយម។ រីឯគណបក្សកំណែទម្រង់កម្ពុជា កំពុងស្ថិតក្នុងដំណើរការនៅឡើយ។
កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តុលាការកំពូល បានប្រកាសរំលាយគណបក្សសង្គ្រោះជាតិ ពាក់ព័ន្ធសំណុំរឿងរបស់លោក កឹម សុខា។ ក្រៅពីរំលាយបក្សសង្រ្គោះជាតិ តុលាការនេះ បានចេញបម្រាមមិនឱ្យមន្ត្រីជាន់ខ្ពស់គណបក្សនេះ ចំនួន ១១៨ រូប ធ្វើនយោបាយរយៈពេល ៥ ឆ្នាំទៀតផង។
បច្ចុប្បន្នគណបក្សនយោបាយ ដែលមានឈ្មោះក្នុងបញ្ជីក្រសួងមហាផ្ទៃ ស្របតាមនីតិវិធីច្បាប់ គឺមានចំនួន ៣៨ គណបក្ស ស្របពេលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នឹងធ្វើឡើងនៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ។
រដ្ឋធម្មនុញ្ញកម្ពុជា មាត្រា៤២ ចែងថា ពលរដ្ឋខ្មែរគ្រប់រូបមានសិទ្ធិបង្កើតសមាគម និងគណបក្សនយោបាយ និងមានសិទ្ធិចូលរួមអង្គមហាជននានាផងដែរ៕

.