
យ៉ោងតាមអត្ថបពីគេហទំព័ររីដមី (ReadMe) ដែលបានដកស្រង់ ពីអត្ថបទគេហទំព័ររបស់វៀតណាម ជុំវិញដំណើរទស្សនកិច្ចរបស់មេដឹកនាំវៀតណាម មកកម្ពុជា កាលពីពេលថ្មីៗនេះ មានខ្លឹមសារដដូចខាងក្រោម។
ភ្នំពេញ៖ អំឡុងពេលមកទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០១៩ លោក ង្វៀន ភូជុង (Nguyen Phu Trong) អគ្គលេខាធិការបក្សកុម្មុយនីសវៀតណាម (ឬប្រធានបក្ស បើហៅតាមបរិបទខ្មែរ) បានស្នើព្រះមហាក្សត្រកម្ពុជា ព្រះបាទ នរោត្តម សីហមុនី ឲ្យ «បន្តចង្អុលបង្ហាញឲ្យមានការបង្កើតលក្ខខណ្ឌងាយស្រួលដល់ [ជនជាតិវៀតណាម] ជាពិសេសគឺ ភាពស្របច្បាប់» សម្រាប់ពួកគេ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាមណិត (Vietnam Net)។ មានអត្ថបទទាំងស្រុង ជាភាសាអង់គ្លេស (លំអិត Download) ។
បើតាមប្រភពដដែល លោកប្រមុខរដ្ឋវៀតណាមរូបនេះ ក៏បានថ្លែងអំណរគុណរដ្ឋាភិបាល រដ្ឋសភា និងព្រឹទ្ធសភាកម្ពុជា ដែលបានផ្ដោតអារម្មណ៍ និងជួយសម្រួលដល់សហគមន៍ជនជាតិវៀតណាម នៅប្រទេសកម្ពុជា នាពេលកន្លងមក។
នៅក្នុងជំនួបដដែលនោះ ព្រះមហាក្សត្រកម្ពុជា ក៏បានថ្លែងអំណរគុណ ដល់បក្សកុម្មុយនីសវៀតណាម រដ្ឋវៀតណាម និងប្រជាជនវៀតណាម ចំពោះជំនួយមិនអាចកាត់ថ្លៃបាន ដល់កម្ពុជា នៅអំឡុងពេលរំដោះប្រទេស និងបំបាត់ការប្រល័យពូជសាសន៍។ ព្រះអង្គ ក៏មានព្រះបន្ទូលថា ប្រជាជនវៀតណាម គឺជា«មិត្តល្អណាស់ និងគួរអោយទុកចិត្តបាន» របស់ប្រជាជនកម្ពុជា ហើយប្រជាជនកម្ពុជា នឹងនៅតែជាអ្នកជិតខាងល្អរបស់វៀតណាម។
ក្នុងនោះដែរ ប្រមុខរដ្ឋទាំងពីរ ក៏បានរំលឹកពីការរីកចម្រើនរបស់ទំនាក់ទំនងកម្ពុជា-វៀតណាម នាពេល ៥ ទសវត្សរ៍មកនេះ ហើយនៅចុងបញ្ចប់ លោក ង្វៀន ភូជុង ក៏បានថ្វាយកុំព្យួទ័រចំនួន ១០០ គ្រឿង ដល់ព្រះអង្គ ដើម្បីជាអំណោយសម្រាប់វិស័យអប់រំកម្ពុជា៕
…………………………………