អត្ថបទដោយលោក ម៉ែន ណាត នៃ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា / ចលនិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ
ព្រះរាជសារជាភាសាបារាំង របស់អតីតព្រះមហាក្សត្រ នរោត្តម សីហនុ ដែលចុះផ្សាយក្នុងព្រឹត្តិបត្រ BMD របស់ព្រះអង្គ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០០៥ ត្រូវបានបកប្រែជាភាសាខ្មែរ និងភាសាអង់គ្លេស បានរំលឹករដ្ឋាភិបាល លោក ហ៊ុន សែន និងអ្នកនយោបាយខ្មែរថា «បាត់បង់ព្រំដែនពេញសិទ្ធិ និងស្របច្បាប់ ហើយនិងបាត់បង់បូរណភាពទឹកដី គឺបាត់បង់នូវព្រលឹងរបស់ខ្លួន ជាប្រទេស ជារដ្ឋ ជាប្រជាជាតិ ជាប្រជារាស្ត្រ និងជាពូជសាសន៍ (មួយនឹងគេ)»។
ភ្ជាប់ជាមួយសេចក្តីបារម្ភក្នុងខ្លឹមសារនៃព្រះរាជសារ សម្តេចតា នរោត្តម សីហនុ មានបំណងឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន រួមសហការជាមួយគណបក្សនយោបាយ ដែលមានអាសនៈក្នុងរដ្ឋសភា និងអ្នកជំនាញព្រំដែន លោក ស៊ាន ប៉េងសែ នៅប្រទេសបារាំង រួមគ្នាបង្កើតក្រុមការងារ ដើម្បីការបូរណភាពទឹកដីខ្មែរ។
ក្រោយការផ្សព្វផ្សាយព្រះរាជសារនេះភ្លាមៗ ភាគីនយោបាយ និងអ្នកជំនាញព្រំដែនទាំងអស់ បានរៀបចំបង្កើតក្រុមការងារទទួលបន្ទុកកិច្ចការព្រំដែន ដោយស្នើឲ្យអតីតព្រះមហាក្សត្រ នរោត្តម សីហនុ ធ្វើជាប្រធាន រួចដាក់ឈ្មោះស្ថាប័នថ្មីនេះថា «ឧត្តមក្រុមប្រឹក្សាជាតិជាន់ខ្ពស់ទទួលបន្ទុកកិច្ចការព្រំដែន»។ ឧត្តមក្រុមប្រឹក្សានេះ បានកោះប្រជុំជាលើកដំបូង និងលើកចុងក្រោយរបស់ខ្លួន ក្រោមអធិបតីភាពសម្តេចតា នរោត្តម សីហនុ នៅទីក្រុងប៉េកាំង ប្រទេសចិន នាថ្ងៃទី ១១-១២ ខែឧសភា ឆ្នាំ ២០០៥។
សមាសភាពក្នុងកិច្ចប្រជុំកំពូលនេះ មាន៖
១. អតីតព្រះមហាក្សត្រ នរោត្តម សីហនុ ជាប្រធានឧត្តមក្រុមប្រឹក្សា
២. លោក ជា ជេត តំណាងព្រឹទ្ធសភា ជាអនុប្រធានឧត្តមក្រុមប្រឹក្សា
៣. ព្រះអង្គម្ចាស់ក្សត្រី នរោត្តម វិជ្ជរ៉ា តំណាងរដ្ឋសភាជាតិ ជាអនុប្រធានឧត្តមក្រុមប្រឹក្សា
៤. លោក សុខ អាន រដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តី និងតំណាងរដ្ឋាភិបាល ជាសមាជិកឧត្តមក្រុមប្រឹក្សា
៥. លោក សាយ ឈុំ តំណាងគណបក្សប្រជាជនកម្ពុជា ជាសមាជិកឧត្តមក្រុមប្រឹក្សា
៦. លោក យូ ហុកគ្រី តំណាងគណបក្សហ្វ៊ុនស៊ិនប៉ិច ជាសមាជិកឧត្តមក្រុមប្រឹក្សា
៧. លោក សម រង្ស៊ី តំណាងគណបក្សសមរង្ស៊ី ជាសមាជិកឧត្តមក្រុមប្រឹក្សា
សមាជិកកិត្តិយសក្នុងកិច្ចប្រជុំកំពូលនោះដែរ រួមមាន៖
១. លោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន នៃរដ្ឋាភិបាលកម្ពុជា
២. លោក ឡុង វិសាឡូ អនុប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន
៣. លោក ស៊ាន ប៉េងសែ ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា នៅប្រទេសបារាំង
ខ្លឹមសារសំខាន់ៗនៃលទ្ធផលកិច្ចប្រជុំកំពូល មាន៖
១. ទទួលយកមរតកព្រំដែនពីអាណានិគមបារាំង គឺព្រំដែនមិនកែប្រែ នៅពេលដែលកម្ពុជា បានឯករាជ្យ។
២. ការពារបូរណភាពទឹកដី ស្របតាមឧត្តមប្រយោជន៍ពលរដ្ឋកម្ពុជា ដោយផ្អែកលើផែនទី (បោន) ខ្នាត ១/១០០.០០០ ដែលទទួលស្គាល់ជាអន្តរជាតិ និងតម្កល់នៅអង្គការសហប្រជាជាតិ (អ.ស.ប.)។
៣. ធានាទំហំផ្ទៃក្រឡា ១៨១.០៣៥ គ.ម.ក្រឡា។
៤. ផ្ទៀងផ្ទាត់ផែនទី ត្រូវផ្ទៀងផ្ទាត់ ជាមួយផ្ទៃដីជាក់ស្តែង។
នៅក្រោយកិច្ចប្រជុំកំពូលនេះរួចមក ឧត្តមក្រុមប្រឹក្សាជាតិជាន់ខ្ពស់ទទួលបន្ទុកកិច្ចការព្រំដែន ក៏ត្រូវបានរំលាយខ្លួនទៅវិញ បន្ទាប់ពីមានប្រតិកម្មធ្ងន់ៗពីប្រទេសវៀតណាម ដែលស្តែងចេញតាមរយៈលោក ហ៊ុន សែន ថាមិនចាំបាច់មានឧត្តមក្រុមប្រឹក្សាជាតិព្រំដែននេះទេ។ លោក ហ៊ុន សែន បានប្រកាសរក្សាបន្តការងាររបស់គណៈកម្មាធិការព្រំដែនចម្រុះនៃរដ្ឋាភិបាលរបស់លោក ដែលដឹកនាំដោយលោក វ៉ា គឹមហុង។
ចាប់តាំងពីពេលនោះមក ភាគីវៀតណាម បានជំរុញឲ្យរដ្ឋាភិបាល លោក ហ៊ុន សែន យល់ព្រមធ្វើសន្ធិសញ្ញាព្រំដែនបំពេញបន្ថែមថ្មី ដោយទទួលស្គាល់សន្ធិសញ្ញាព្រំដែនខុសច្បាប់ ឆ្នាំ ១៩៨៥។ សន្ធិសញ្ញាព្រំដែនបំពេញបន្ថែមនេះ ត្រូវបានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅចុះហត្ថលេខា ជាមួយលោក ផាន់ វ៉ាន់ខៃ នាយករដ្ឋមន្ត្រីវៀតណាម នៅទីក្រុងហាណូយ នាថ្ងៃទី ១០ តុលា ២០០៥។ ក្រោយមក ព្រះមហាក្សត្រ នរោត្តម សីហមុនី បានឡាយព្រះហត្ថលេខា ទៅលើសន្ធិសញ្ញាព្រំដែនបំពេញបន្ថែមនេះ នៅថ្ងៃទី ៣០ វិច្ឆិកា ២០០៥ បន្ទាប់រដ្ឋសភា និងព្រឹទ្ធសភា បានផ្តល់សច្ចាប័នដ៏ចម្រូងចម្រាសបំផុត រួចមក។
ខាងក្រោមនេះ គឺជាខ្លឹមសារទាំងស្រុងនៃ ព្រះរាជសាររបស់សម្តេចព្រះ នរោត្តម សីហនុ ថ្ងៃទី១៨ មីនា ២០០៥។ សូមទាញយកឯកសារ ជាភាសាបារាំង ខ្មែរ និងអង់គ្លេស។
BMD:
នរោត្តម សីហនុ
(ពីទីក្រុងប៉េកាំង ថ្ងៃទី១៨ មិនា ឆ្នាំ២០០៥)
«បាត់បង់ព្រំដែនពេញសិទ្ធិនិងស្របច្បាប់ និងបាត់បង់បូរណភាពទឹកដី គឺបាត់បង់នូវព្រលឹងរបស់ខ្លួន ជាប្រទេស ជារដ្ឋ ជាប្រជាជាតិ ជាប្រជារាស្ត្រ និងជាពូជសាសន៍ (មួយនឹងគេ)»។
ព្រំដែនរបស់យើង ដែលត្រឹមត្រូវតាមច្បាប់ ត្រូវបានគូសយ៉ាងច្បាស់ នៅលើផែនទី ដែលរៀបចំ និងបោះពុម្ព ដោយសហរដ្ឋអាមេរិក សម្រាប់សេចក្តីត្រូវការរបស់គេ នៅក្នុងសង្គ្រាមវៀតណាម នៅក្នុងទសវត្សរ៍ ១៩៦០ និង ១៩៧០។ ខ្ញុំដៅពិសេសចំពោះផែនទី នៃអគ្គសេនាធិការយោធាអាមេរិក ដែលនៅលើនោះ គេបានគូសយ៉ាងច្បាស់លាស់ នៅក្នុងមាត្រដ្ឋានយ៉ាងធំគ្រប់គ្រាន់ នូវព្រំប្រទល់ រវាងប្រទេសថៃទ្បង់ ប្រទេសកម្ពុជា ប្រទេសវៀតណាម និងប្រទេសទ្បាវ។ នៅលើផែនទី នៃអគ្គសេនាធិការយោធាអាមេរិកនេះ (ដែលធ្វើទ្បើង មិនមែនសម្រាប់ “ផ្គាប់ចិត្ត” ប្រទេសកម្ពុជា នៃ “នរោត្តម សីហនុ” ទេ) មានចុះ រហូតដល់ឈ្មោះភូមិតូចៗ តាមកូនព្រែកតូចៗ បឹងបួរ អណ្តូង ឬក៏កន្លែង ដែលមានទឹក ព្រមទាំងផ្លូវលំ ផ្លូវថ្មើរជើង ទាំងកូនភ្នំ ទាំងដំបូក អ្វីទាំងអស់ ដោយហេតុថា កងទ័ពអាមេរិក និងផ្កាយរណប ដែលគេប្រើ ក្នុងកិច្ចប្រតិបត្តិការនានានោះ ត្រូវការស្គាល់ចំណុចល្អិតល្អន់ទាំងនេះ។
ដូចនេះ បញ្ហាពុំមែនថិតនៅលើ ការគូសបន្ទាត់ព្រំដែនថ្មីមួយទៀត រវាងប្រទេសថៃទ្បង់ វៀតណាម ទ្បាវ និងកម្ពុជា នោះទេ ប៉ុន្តែ (ជាការមួយដែលស្រប ទៅតាមច្បាប់អន្តរជាតិ និងនៅក្នុងទំនៀមទំលាប់ទំនាក់ទំនងគ្នាល្អ រវាងប្រទេសនានា) គឺការសុំឲ្យប្រទេសជិតខាងយើង ទាំង ៣ (ប្រទេសថៃទ្បង់ សាធារណរដ្ឋសង្គមនិយមវៀតណាម សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យទ្បាវ) គោរពកិច្ចការធ្វើ “លើទីកន្លែង” («on the ground», «sure le terrain meme») នូវគំនូសព្រំដែនដីគោក និងលើផ្ទៃសមុទ្រ រវាងថៃទ្បង់ និងកម្ពុជា, រវាងវៀតណាម និងកម្ពុជា, និងរវាងទ្បាវ និងកម្ពុជា។ គំនូសព្រំដែននោះ ជាគំនូស ដែលមានតាំងពីឆ្នាំ ១៩៦៣ រហូតដល់ ១៩៦៩ ដោយគេបានបញ្ជាក់យ៉ាងច្បាស់លាស់ នៅក្នុងផែនទី នៃអគ្គសេនាធិការយោធាអាមេរិក (ដែលមិនចូលចិត្តនឹង សីហនុ ទេ) នៅក្នុងទសវត្សរ៍ ១៩៦០ និង ១៩៧០។
តើនរណាខាងខ្មែរ ដែលត្រូវតែងតាំងជាផ្លូវការ ដោយរាជរដ្ឋាភិបាលនៃ ប្រទេសកម្ពុជា និងដោយសភាជាតិ នៃរាជាណាចក្រកម្ពុជាទី២ ដើម្បីនឹងទៅពិនិត្យ លើទីកន្លែង ពីគីទ្បូម៉ែត្រមួយ ទៅគីទ្បូម៉ែត្រមួយទៀត នូវគំនូសព្រំដែន ដែលគេទុកសម្គាល់ ឬគេបានផ្លាស់ប្តូរ (ដែលខ្មែរយើង មិនយល់ព្រម) នៅតាមកន្លែងនិមួយៗ? ដោយមិនគិតពីបុគ្គលិករដ្ឋបាល ប៉ូលីស និងកងទ័ព ដែលត្រូវមានចំនួនច្រើននោះ ហើយនិយាយតែពី “ថ្នាក់ដឹកនាំ” ដែលត្រូវទៅនៅធ្វើការ និងបោះជំរំុ នៅផ្ទាល់ទីកន្លែង យើងត្រូវតែងតាំងដោយព្រះរាជក្រិត្យ នូវអ្នកដឹកនាំ ដូចមានយ៉ាងនេះ៖ អ្នកតំណាងគណបក្សប្រជាជនម្នាក់ អ្នកតំណាងគណបក្សហ្វ៊ុនសិនប៉ិចម្នាក់ អ្នកតំណាងគណបក្សសម-រង្សុីម្នាក់ និងបើអាចធ្វើទៅបាន លោក ស៊ាន ប៉េងសែ (ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា ដែលជាអ្នកលន់-នល់និយម – ជាអ្នកសាធារណរដ្ឋខ្មែរ ពុំមែនជាអ្នក សីហនុ និយមទេ)។
ប្រទេសជិតខាងយើងទាំង ៣ ប្រហែលនឹងច្រានចោល នូវវិធីនេះ ដែលជាដំណោះស្រាយមួយ នៃបញ្ហាព្រំដែន ដែលពុំត្រូវមានទាល់តែសោះនោះ។ ប្រសិនបើប្រទេសទាំងនេះ ច្រានចោលមែន នោះបង្ហាញឲ្យឃើញថា ប្រទេសទាំងនេះ មានបំណងពិតប្រាកដ ក្នុងការសម្លាប់ប្រទេសកម្ពុជាយើង ហើយដែលគេនឹងធ្វើឲ្យប្រទេសយើង រលាយបាត់ នៅក្នុងអនាគតកាលមិនយូរទេ៕

.