បញ្ចូលអត្ថបទដោយលោក ម៉ែន ណាត នៃ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា
ព្រះរាជសារអតីតព្រះមហាក្សត្រ នរោត្តម សីហនុ ចុះថ្ងៃទី ១៦ តុលា ២០០៤ ពីរថ្ងៃក្រោយពេលព្រះរាជបុត្ររបស់ព្រះអង្គ គឺសម្តេចព្រះ នរោត្តម សីហមុនី ឡើងគ្រងរាជ្យ។ អតីតព្រះមហាក្សត្រ បានរំលឹកឡើងវិញអំពីទឹកដីកម្ពុជាក្រោម និង កោះត្រល់ ជារបស់ខ្មែរ ដែលព្រះអង្គបានបញ្ជាក់ថា «ខ្ញុំមិនដែលសុខចិត្ត ផ្ទេរកម្ពុជាក្រោម កោះត្រល់ ឲ្យទៅបារាំង និងវៀតណាមម្តងណាទេ»។ (សូមទាញយក ព្រះរាជសារ – Download)។
នរោត្តម សីហនុ នៃកម្ពុជា
ប៉េកាំង ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០០៤
ខ្ញុំមានកិត្តិយស សូមជម្រាបជូននូវការពិត អំពីកម្ពុជាក្រោមម្តងទៀត និងអំពីកោះត្រល់ ព្រមទំាងបន្ទាត់ប្រវីយេ (Ligne Brevie) Brévié ជាឈ្មោះលោកអគ្គទេសាភិបាល បារាំង ដែលត្រួតត្រាឥណ្ឌូចិន-បារាំងសែស (ខ្មែរ វៀតណាម និងលាវ)។
១. អំពីកម្ពុជាក្រោម ៖ ខ្ញុំបានជម្រាបច្រើនលើកមកហើយ នូវការពិតជាប្រវត្តិសាស្រ្ត អំពីបញ្ហាកម្ពុជាក្រោម។ តែដោយនៅពេលនេះ មានមារសត្រូវ នរោត្តម សីហនុ នៅក្រៅប្រទេស និងក្នុងប្រទេស បានចោទប្រកាន់ខ្ញុំថា ក្បត់ជាតិ លក់ទឹកដីឲ្យបារាំង និងវៀតណាម ខ្ញុំសូមបន្ថែម នូវសេចក្តីដូចខាងក្រោមនេះ ៖
- កើតមកជាខ្មែរ គ្មានអ្នកណាម្នាក់ ដែលមិនស្រលាញ់ជាតិ ស្រលាញ់កម្ពុជាក្រោម និង កោះត្រល់ នោះទេ។ ខ្ញុំមិនដែលបានចោទប្រកាន់អ្នកណាម្នាក់ ថាមិនចេះស្រលាញ់ជាតិ នោះទេ។ ខ្ញុំសូមលើកមកជម្រាបអំពីគ្រួសារខ្ញុំ៖
- – នៅសតវត្សរ៍ទី២០ គ្រួសារខ្ញុំ ទទួលរងនូវទុក្ខវេទនាដោយសារកម្ពុជាក្រោម។ ខ្មែរកម្ពុជាក្រោមជាច្រើន បានសុំឲ្យមាខ្ញុំ (ឪពុកមា) តស៊ូទាមទារកម្ពុជាក្រោម មកបញ្ចូលជាមួយកម្ពុជាលើវិញ។ លោកមានត្រកូល នរោត្តម ហើយព្រះអង្គសុគត ដោយធ្វើអត្តឃាតចងព្រះសុរង (ចងក)។ មូលហេតុនៃការធ្វើអត្តឃាតនេះ គឺបណ្តាលមកពីព្រះអង្គ មានការឈឺចាប់ក្នុងហរទ័យ និងការអៀនខ្មាស ដោយសារការខិតខំទាមទារកម្ពុជា ពីបារាំងសែស មិនទទួលបានជោគជ័យ។ ព្រះអង្គសុចិត្តធ្វើពលីកម្មរហូតដល់ជីវិត។
- – ខ្មែរកម្ពុជាក្រោម ឡើងចុះដំនាក់ជីតាខ្ញុំផ្ទាល់ ព្រះនាម ព្រះនរោត្តម សុធារស ហើយសុំឲ្យព្រះ នរោត្តម សុធារស សន្យាថា នៅពេលព្រះអង្គឡើងគ្រងរាជ្យសម្បត្តិ ព្រះអង្គ ត្រូវទាមទារកម្ពុជាក្រោម ពីបារាំងសែស មកឲ្យកម្ពុជាលើវិញ កុំឲ្យបានទៅវៀតណាម។ ព្រះនរោត្តម សុធារស បានសន្យាជាមួយខ្មែរកម្ពុជាក្រោមទំាងនោះថា បើបារាំងថ្វាយព្រះរាជ សម្បត្តិមកឲ្យព្រះអង្គ ក្រោយពីព្រះករុណា ព្រះបាទ ស៊ីសុវត្ថិ ចូលទិវង្គត ព្រះអង្គ នឹងទាមទារពីបារាំង ឲ្យទាល់តែបានកម្ពុជាក្រោម មកភ្ជាប់ជាមួយនឹងកម្ពុជាលើវិញ ដូចបុរាណសម័យ។ ពេលនោះ បារាំងសែស គិតគូរថ្វាយរាជបល័ង្គមកសាខាច្បង នរោត្តម វិញ បានសេចក្តីថា ក្រោយពីព្រះបាទ ស៊ីសុវត្ថិ នឹងថ្វាយព្រះនរោត្តម ម្នាក់ឡើងគ្រងរាជ្យសម្បត្តិ។ បារាំង បានប៉ាន(គូរ) ព្រះឆាយាលក្ខណ៍ ព្រះនរោត្តម សុធារស ដើម្បីដាក់តាំង នៅពេលព្រះអង្គឡើងគ្រងរាជ្យ។ ដោយទទួលបានព័ត៌មាន ពីភ្នាក់ងារសម្ងាត់ថា នៅពេលព្រះអង្គឡើងសោយរាជ្យ ព្រះអង្គ នឹងទាមទារកម្ពុជាក្រោម ពីបារាំងវិញភ្លាម បារាំងសែសក៏សម្រេចឈប់ថ្វាយ ព្រះនរោត្តម សុធារស សោយរាជ្យ ហើយយកព្រះឆាយាលក្ខណ៍ព្រះអង្គ ដែលប៉ានរួចហើយ ទៅទម្លាក់នៅក្នុងទន្លេចតុ(បួន)មុខ។ ព្រះនរោត្តម សុធារស ក៏អស់រាជ្យសម្បត្តិ ដោយសេចក្តីស្នេហាជាតិរបស់ព្រះអង្គ។
(… )
២- ចំពោះខ្ញុំ ក្រោយពីបារាំងសែស ថ្វាយរាជសម្បត្តិឲ្យខ្ញុំ ខ្ញុំបានរារាំងប្រទេសថៃ ប្រទេសវៀតណាម ដែលខ្លាំងជាងយើង កុំឲ្យមកលេបត្របាក់ពង្រួញទំហំទឹកដីខ្មែរយើង តទៅទៀតបាន។ ហេតុដូច្នេះហើយ បានជាខ្ញុំសុំឲ្យបណ្តាប្រទេសនានា ទទួលស្គាល់ជាផ្លូវការ នូវព្រំដែនកម្ពុជានាបច្ចុប្បន្នកាល។ ខ្ញុំសូមបញ្ជាក់ថា នេះ មិនមែនមានន័យថា ខ្ញុំសុខចិត្តផ្ទេរកម្ពុជាក្រោម កោះត្រល់ ឲ្យទៅបារាំង និងវៀតណាមទេ។
ការពិត គឺសុំគេ កុំឲ្យលេបត្របាក់ជាបន្តទៅទៀតនូវ ទឹកដីកម្ពុជា ដែលតូចណាស់ទៅហើយ គឺសុំឲ្យឈប់ត្រឹមហ្នឹងហើយ ត្បិតនៅពេលនោះ ង៉ោ ឌិនយៀម (ប្រធានាធិបតីវៀតណាមខាងត្បូង) ទាមទារយក កោះសេះ កោះអន្តតាយ និងកោះដែលនៅជិតកែប ពីកម្ពុជា។
ដូច្នេះ ខ្ញុំសូមជនរួមជាតិ មេត្តាបែងចែកឲ្យច្បាស់លាស់ពី ៖
ក. នរោត្តម សីហនុ មិនដែលទទួលស្គាល់ថា ស្របច្បាប់ និងសមហេតុផលអំពី កម្ពុជាក្រោម កោះត្រល់ បានទៅបារាំង ឬវៀតណាមនោះទេ។
ខ. យើងមិនភ្លេចភ្លាំងថា យើងខ្សោយ កងទ័ពយើងមានចំនួនតិចជាងគេ ហើយយើង ត្រូវបញ្ឈប់ប្រទេសធំៗទំាងអស់ហ្នឹង កុំឲ្យវាទទន្រ្ទានយកទឹកដីយើងសព្វថ្ងៃនេះទៀតទេ។ យើងខ្លាចទឹកដីយើង កាន់តែរួញតូចទៅៗ។
នៅសតវត្សរ៍ទី២១ នេះ ទឹកដីយើងបានបាត់បង់រួចទៅហើយ។ ប្រជារាស្រ្ត ដែលធ្លាប់តែធ្វើស្រែចម្ការ ពីដូនតាមកនៅលើទឹកដីរបស់ខ្លួន បានត្រូវវៀតណាម ប្រកាសថា ជាទឹកដីរបស់គេ។ លោកមេធាវី Michel BUISSON របាយការណ៍របស់ឥស្សរជន និស្សិតជាច្រើន សុទ្ធតែបានបង្ហាញនូវការបាត់បង់ទឹកដី។ ចំណែករដ្ឋអំណាចនៅតាមព្រំដែនវិញ គ្នាពុំហ៊ានធ្វើអត្ថាធិប្បាយអ្វីទេ។ ដូច្នេះ នាបច្ចុប្បន្នកាលនេះ យើងបែកបាក់គ្នាទៅហើយ រវាងអ្នកដែលនិយាយថា កម្ពុជាចំណេញទឹកដី (រហូតចំណេញទឹកជូនប្រជារាស្រ្តប្រើប្រាស់ទៀត) និងអ្នកដែលយល់ឃើញថា ទឹកដីកម្ពុជា បានត្រូវគេលេបត្របាក់ជាច្រើនណាស់ទៅហើយ។ ការពិត វាយ៉ាង ណាទៅ(?)។
បច្ចុប្បន្ននេះ ខ្ញុំមិនធ្វើជាចៅក្រមកាត់សេចក្តីថា ខាងណាខុស ខាងណាត្រូវទេ។ ដោយហេតុនេះហើយ បានជាខ្ញុំមិនត្រឡប់ទៅកាន់មាតុប្រទេសវិញ។ ខ្ញុំសុំទោសផងចុះ ពីព្រោះការពិត យើងមិនទាន់ដឹងច្បាស់លាស់នៅឡើយទេ។ ខ្ញុំសូមដកខ្លួនសិន ហើយសុំកុំឲ្យចោទថា ខ្ញុំក្បត់ជាតិ។ ខ្ញុំមិនដែលក្បត់ជាតិម្តងណាទាល់តែសោះ ក្នុងមួយជីវិតខ្ញុំនេះ។ ផ្ទុយទៅវិញ ខ្ញុំមានតែការពារជាតិ មិនដែលឈប់ឈរ។
កូនចៅ ចៅទួត ដែលសព្វថ្ងៃរស់នៅសហរដ្ឋអាមេរិក ប្រទេសបារាំង អូស្រ្តាលី ។ល។ ហើយដែលមានសេរីភាព បានផ្ញើអ៊ីមេលមកខ្ញុំ កោតសរសើរសម្តេចឪ សម្តេចតា សម្តេចតាទួត ថាខែងរែងមែន មិនដែលលះបង់ឧត្តមប្រយោជន៍ជាតិ បូរណភាពទឹកដីទេ។ សម្តេចតា សម្តេចតាទួត ជាអ្នកស្នេហាជាតិដ៏បរិសុទ្ធ ចំណាស់នៅក្នុងប្រវត្តិសាស្រ្ត។
ខ្ញុំសូមបញ្ចប់ត្រឹមនេះចុះ បើមានកិច្ចការអ្វី ដែលអយុត្តិធម៌ចំពោះខ្ញុំទៀត ខ្ញុំនឹងមិននៅស្ងៀមទេ គឺខ្ញុំតស៊ូជាដរាប រហូតដល់អវសាន្តនៃជីវិត។ ប៉ុន្តែ ខ្ញុំសូមជនរួមជាតិ មេត្តាយោគយល់ និងអភ័យទោស ដោយខ្ញុំមិនអាចចូលទៅក្នុងប្រទេសជាតិវិញ ត្បិតអយុត្តិធម៌ មានច្រើនណាស់ចំពោះខ្ញុំ។
ខ្ញុំនឹងធ្វើការតាមព្រះ នរោត្តម យុគន្ធរ ដែលការពារឯករាជ្យ ការពារបូរណភាពទឹកដី ហ៊ានប្រឆាំងជាមួយបារាំងសែស ហើយដែលត្រូវបារាំងសែស និរទេសព្រះអង្គ ទៅនៅឯបរទេស រហូតដល់ព្រះអង្គសុគត។
សូមអរគុណជាអនេកប្បការ
នរោត្តម សីហនុ

