បញ្ចូលអត្ថបទដោយលោក ម៉ែន ណាត នៃ ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា

ព្រះរាជសារអតីតព្រះមហាក្សត្រ នរោត្តម សីហនុ ចុះថ្ងៃទី ១៦ តុលា ២០០៤ ពីរ​ថ្ងៃ​ក្រោយ​​ពេល​​ព្រះ​រាជបុត្រ​​របស់​ព្រះអង្គ គឺ​​សម្តេច​ព្រះ នរោត្តម សីហមុនី ឡើង​គ្រងរាជ្យ។ អតីតព្រះ​មហាក្សត្រ បាន​រំលឹក​ឡើង​វិញ​អំពី​ទឹកដី​កម្ពុជា​ក្រោម និង កោះត្រល់ ជា​របស់​ខ្មែរ ដែល​ព្រះអង្គ​បាន​បញ្ជាក់​ថា «ខ្ញុំមិន​ដែល​សុខចិត្ត ​ផ្ទេរ​កម្ពុជា​ក្រោម កោះត្រល់ ឲ្យ​ទៅ​​បារាំង និង​​វៀត​ណាម​ម្តង​ណា​ទេ»។ (សូម​ទាញ​យក ព្រះរាជសារ – Download)។

នរោត្តម សីហនុ នៃកម្ពុជា

ប៉េកាំង ថ្ងៃទី១៦ ខែតុលា ឆ្នាំ​២០០៤

ខ្ញុំមានកិត្តិយស សូមជម្រាប​ជូននូវការពិត អំពី​កម្ពុជា​ក្រោម​ម្តង​ទៀត និង​​អំពី​​កោះ​ត្រល់ ព្រម​ទំាង​បន្ទាត់​​​ប្រវីយេ (Ligne Brevie) Brévié ជា​ឈ្មោះ​លោក​​​អគ្គ​ទេសាភិបាល បារាំង ដែល​​ត្រួត​ត្រា​​ឥណ្ឌូចិន​-​បារាំង​​សែស (ខ្មែរ វៀតណាម និង​លាវ)។

១. អំពីកម្ពុជាក្រោម ៖ ខ្ញុំបានជម្រាប​ច្រើន​លើក​មក​ហើយ នូវ​ការ​ពិត​ជា​ប្រវត្តិសាស្រ្ត អំពី​បញ្ហា​​កម្ពុជា​​​ក្រោម។ តែ​ដោយ​នៅ​ពេល​នេះ មាន​មារ​សត្រូវ នរោត្តម សីហនុ នៅ​ក្រៅ​ប្រទេស និង​ក្នុង​ប្រទេស បាន​ចោទ​ប្រកាន់​ខ្ញុំ​ថា ក្បត់ជាតិ លក់​ទឹកដី​ឲ្យ​បារាំង និង​​វៀត​ណាម ខ្ញុំ​សូម​បន្ថែម នូវ​សេចក្តី​ដូច​ខាង​​ក្រោម​នេះ ៖

  • កើត​មក​ជា​ខ្មែរ គ្មាន​អ្នកណា​ម្នាក់ ដែល​មិន​ស្រលាញ់​ជាតិ ស្រលាញ់​កម្ពុជា​ក្រោម និង​ ​កោះត្រល់​ នោះ​​ទេ។ ខ្ញុំ​មិន​ដែល​បាន​ចោទ​ប្រកាន់​អ្នក​ណា​ម្នាក់ ថា​មិន​ចេះ​ស្រលាញ់​​ជាតិ នោះ​ទេ។ ខ្ញុំ​សូម​លើក​មក​ជម្រាប​អំពី​គ្រួសារ​ខ្ញុំ៖
  • – នៅ​សតវត្សរ៍​ទី​២០ គ្រួសារ​ខ្ញុំ ទទួល​រង​នូវ​ទុក្ខវេទនា​ដោយសារ​កម្ពុជា​ក្រោម។ ខ្មែរ​​កម្ពុជា​ក្រោម​​ជា​ច្រើន បាន​សុំ​ឲ្យ​មា​ខ្ញុំ (ឪពុកមា) តស៊ូ​ទាមទារ​កម្ពុជា​ក្រោម មក​បញ្ចូល​ជាមួយ​កម្ពុជា​លើ​វិញ។ លោក​មាន​ត្រកូល​ នរោត្តម ហើយ​ព្រះអង្គ​សុគត ដោយ​ធ្វើ​អត្តឃាត​ចង​ព្រះសុរង (ចងក)។ មូល​ហេតុ​នៃ​ការ​ធ្វើ​អត្តឃាត​នេះ គឺ​បណ្តាល​មក​ពី​ព្រះអង្គ មាន​ការ​ឈឺ​ចាប់​ក្នុង​ហរទ័យ និង​ការ​​អៀន​​​ខ្មាស ដោយសារ​ការ​ខិតខំ​ទាមទារ​កម្ពុជា ពី​បារាំង​សែស មិន​ទទួល​បាន​ជោគជ័យ។ ព្រះអង្គ​សុចិត្ត​​ធ្វើ​ព​លីកម្ម​រហូត​ដល់​ជីវិត។
  • – ខ្មែរ​កម្ពុជាក្រោម ឡើង​ចុះ​ដំនាក់​ជីតា​ខ្ញុំ​ផ្ទាល់ ព្រះនាម ព្រះនរោត្តម សុធារស ហើយ​សុំ​ឲ្យ​ព្រះ នរោត្តម ​សុធារស សន្យា​ថា នៅ​​ពេល​​ព្រះអង្គ​ឡើង​គ្រង​រាជ្យ​សម្បត្តិ ព្រះអង្គ ត្រូវ​ទាមទារ​កម្ពុជា​ក្រោម ពី​បារាំង​សែស មក​ឲ្យ​កម្ពុជា​លើ​វិញ កុំ​​ឲ្យ​បាន​​ទៅ​វៀតណាម។ ព្រះនរោត្តម សុធារស បាន​សន្យា​ជាមួយ​ខ្មែរ​កម្ពុជា​​ក្រោម​ទំាង​នោះថា បើ​បារាំង​ថ្វាយ​ព្រះរាជ សម្បត្តិ​មក​ឲ្យ​ព្រះអង្គ ក្រោយ​ពី​ព្រះករុណា ព្រះបាទ​ ស៊ីសុវត្ថិ ចូល​ទិវង្គត ព្រះអង្គ នឹង​ទាមទារ​ពី​បារាំង ឲ្យ​ទាល់​តែ​បាន​កម្ពុជា​ក្រោម មក​ភ្ជាប់​​ជាមួយ​នឹង​កម្ពុជា​លើ​វិញ ដូច​បុរាណ​សម័យ។ ពេល​នោះ បារាំង​សែស គិត​គូរ​ថ្វាយ​រាជប​ល័ង្គ​មក​​សាខា​ច្បង​ នរោត្តម វិញ បាន​សេចក្តី​ថា ក្រោយ​ពី​ព្រះបាទ ស៊ីសុវត្ថិ នឹង​ថ្វាយ​ព្រះនរោត្តម ម្នាក់​ឡើង​​គ្រង​រាជ្យ​សម្បត្តិ។ បារាំង បាន​ប៉ាន​(គូរ) ព្រះឆាយា​លក្ខណ៍ ព្រះនរោត្តម​ សុធារស ដើម្បី​ដាក់​តាំង នៅ​ពេល​ព្រះ​អង្គ​ឡើង​គ្រងរាជ្យ។ ដោយ​ទទួល​​បាន​ព័ត៌មាន ពី​ភ្នាក់ងារ​សម្ងាត់​ថា នៅ​ពេល​ព្រះអង្គឡើង​សោយ​​រាជ្យ ព្រះអង្គ​ នឹង​ទាមទារ​កម្ពុជា​ក្រោម ពី​បារាំង​វិញ​ភ្លាម បារាំង​សែស​ក៏​សម្រេច​​ឈប់​ថ្វាយ ព្រះ​នរោត្តម ​សុធារស សោយ​រាជ្យ ហើយ​យក​ព្រះឆាយា​លក្ខណ៍​ព្រះអង្គ ដែល​ប៉ាន​រួច​ហើយ ទៅ​ទម្លាក់​​នៅ​ក្នុង​ទន្លេ​ចតុ​(បួន)​មុខ។ ព្រះនរោត្តម សុធារស ក៏​អស់​រាជ្យ​សម្បត្តិ ដោយ​សេចក្តី​ស្នេហា​ជាតិ​​របស់​ព្រះអង្គ។

(… )

២- ចំពោះខ្ញុំ ក្រោយ​ពី​បារាំងសែស ថ្វាយ​រាជ​សម្បត្តិ​ឲ្យ​ខ្ញុំ ខ្ញុំ​បាន​រារាំង​ប្រទេស​​ថៃ ប្រទេស​​វៀត​ណាម ដែល​ខ្លាំង​​ជាង​​យើង កុំ​ឲ្យ​​មក​លេប​​ត្របាក់​​ពង្រួញ​​ទំហំ​ទឹកដី​​ខ្មែរ​យើង តទៅ​​ទៀត​បាន។ ហេតុដូច្នេះ​ហើយ បាន​ជា​ខ្ញុំ​សុំ​ឲ្យ​បណ្តា​ប្រទេស​នានា ទទួល​ស្គាល់​ជា​ផ្លូវការ នូវ​ព្រំដែន​​កម្ពុជា​នា​បច្ចុប្បន្នកាល។ ខ្ញុំ​​សូម​បញ្ជាក់​ថា នេះ មិន​មែន​មាន​ន័យ​ថា ខ្ញុំ​សុខចិត្ត​ផ្ទេរ​​កម្ពុជាក្រោម កោះត្រល់ ឲ្យ​ទៅ​បារាំង និង​វៀតណាម​ទេ

ការពិត គឺសុំគេ កុំ​ឲ្យ​លេប​ត្របាក់​ជា​បន្ត​ទៅ​ទៀត​នូវ ទឹកដី​កម្ពុជា ដែល​តូច​ណាស់​ទៅ​ហើយ គឺ​សុំ​ឲ្យ​ឈប់​ត្រឹម​ហ្នឹង​ហើយ ត្បិត​នៅ​ពេល​នោះ ង៉ោ ឌិនយៀម (ប្រធានាធិបតី​វៀតណាម​​​ខាង​ត្បូង) ទាមទារ​​យក​ ​កោះសេះ កោះ​អន្តតាយ និង​កោះ​ដែល​នៅ​ជិត​កែប ពី​កម្ពុជា

ដូច្នេះ ខ្ញុំ​សូម​ជន​រួមជាតិ មេត្តា​បែង​ចែក​ឲ្យ​ច្បាស់​លាស់​ពី ៖
ក. នរោត្តម សីហនុ មិន​ដែល​ទទួល​ស្គាល់​ថា ស្រប​ច្បាប់ និង​សម​ហេតុផល​អំពី កម្ពុជាក្រោម កោះ​ត្រល់ បាន​ទៅ​បារាំង ឬ​វៀតណាម​នោះ​ទេ។
ខ. យើង​មិន​ភ្លេច​ភ្លាំង​ថា យើង​ខ្សោយ កងទ័ព​យើង​មាន​ចំនួន​តិច​ជាង​គេ ហើយ​យើង ត្រូវ​បញ្ឈប់​​ប្រ​ទេស​​​ធំៗ​ទំាង​អស់​ហ្នឹង កុំ​ឲ្យ​វា​ទទន្រ្ទាន​យក​ទឹកដី​យើង​សព្វថ្ងៃ​នេះ​ទៀត​ទេ។ យើង​ខ្លាច​ទឹកដី​យើង កាន់​តែ​រួញ​តូច​ទៅៗ។

នៅសតវត្សរ៍ទី២១ នេះ ទឹកដី​យើង​បាន​បាត់​បង់​រួច​ទៅ​ហើយ។ ប្រជារាស្រ្ត ដែល​​ធ្លាប់​តែ​​ធ្វើ​ស្រែ​​ចម្ការ ពី​ដូន​តា​មក​នៅ​លើ​ទឹកដី​របស់​ខ្លួន បាន​ត្រូវ​វៀតណាម ប្រកាស​ថា ជា​ទឹកដី​របស់​​គេ។ លោក​មេធាវី Michel BUISSON របាយការណ៍​របស់​ឥស្សរជន និស្សិត​ជា​ច្រើន សុទ្ធ​​តែ​​បាន​​បង្ហាញ​នូវ​ការ​បាត់បង់​​ទឹកដី។ ចំណែក​​រដ្ឋអំណាច​នៅ​តាម​ព្រំដែន​វិញ គ្នា​ពុំ​ហ៊ាន​​ធ្វើ​​អត្ថា​ធិប្បាយ​អ្វីទេ។ ដូច្នេះ នា​បច្ចុប្បន្នកាល​នេះ យើង​​បែក​បាក់​គ្នា​ទៅ​ហើយ រវាង​អ្នក​​ដែល​​និយាយ​ថា កម្ពុជា​ចំណេញ​​ទឹកដី (រហូត​ចំណេញ​ទឹក​ជូន​ប្រជារាស្រ្ត​ប្រើ​ប្រាស់​ទៀត) និង​​អ្នក​ដែល​យល់​ឃើញ​ថា ទឹកដីក​ម្ពុជា បាន​ត្រូវ​គេ​លេប​ត្របាក់​ជា​ច្រើន​ណាស់​ទៅ​ហើយ។ ការពិត វាយ៉ាង ណាទៅ​(?)។

បច្ចុប្បន្ននេះ ខ្ញុំមិន​ធ្វើ​ជា​ចៅក្រម​កាត់​សេចក្តី​ថា ខាង​ណា​ខុស ខាង​ណា​ត្រូវ​ទេ។ ដោយ​​ហេតុ​នេះ​ហើយ បាន​​ជា​ខ្ញុំ​មិន​​ត្រឡប់​​ទៅ​កាន់​មាតុ​ប្រទេស​វិញ។ ខ្ញុំ​សុំទោស​​ផង​​ចុះ ពី​ព្រោះ​ការ​ពិត យើង​​មិន​ទាន់​​ដឹង​​ច្បាស់​លាស់​​​នៅ​ឡើយ​ទេ។ ខ្ញុំ​សូម​ដក​ខ្លួន​សិន ហើយ​សុំ​កុំ​ឲ្យ​​ចោទ​​ថា ខ្ញុំ​ក្បត់ជាតិ។ ខ្ញុំ​មិន​ដែល​ក្បត់ជាតិ​ម្តង​​ណា​​ទាល់​តែ​សោះ ក្នុង​មួយ​ជីវិត​ខ្ញុំ​នេះ។ ផ្ទុយ​​ទៅ​វិញ ខ្ញុំ​មាន​តែ​ការពារ​ជាតិ មិន​ដែល​ឈប់ឈរ។

កូនចៅ ចៅទួត ដែល​សព្វថ្ងៃ​រស់នៅ​សហរដ្ឋ​អាមេរិក ប្រទេស​បារាំង អូស្រ្តាលី ។ល។ ហើយ​ដែល​​មាន​​សេរី​ភាព បាន​ផ្ញើ​អ៊ីមេល​មក​ខ្ញុំ កោត​សរសើរ​សម្តេច​ឪ សម្តេច​តា សម្តេច​តា​​ទួត ថា​​ខែង​រែង​មែន មិន​ដែល​លះបង់​ឧត្តម​ប្រយោជន៍​ជាតិ បូរណភាព​ទឹកដី​ទេ។ សម្តេចតា សម្តេចតា​ទួត ជា​អ្នក​ស្នេហា​ជាតិ​​ដ៏​បរិសុទ្ធ ចំណាស់​នៅ​ក្នុង​ប្រវត្តិ​សាស្រ្ត។

ខ្ញុំ​សូមបញ្ចប់ត្រឹម​នេះ​ចុះ បើ​មាន​កិច្ចការ​អ្វី ដែល​អយុត្តិធម៌​ចំពោះ​ខ្ញុំ​ទៀត ខ្ញុំ​នឹង​មិន​នៅ​ស្ងៀម​ទេ គឺ​ខ្ញុំ​តស៊ូ​ជា​ដរាប រហូត​ដល់​អវសាន្ត​នៃ​ជីវិត។ ប៉ុន្តែ ខ្ញុំ​សូម​ជន​រួមជាតិ មេត្តា​យោគយល់ និង​អភ័យ​ទោស ដោយ​ខ្ញុំ​មិន​អាច​ចូល​ទៅ​ក្នុង​ប្រទេស​ជាតិ​វិញ ត្បិត​អយុត្តិធម៌ មាន​ច្រើន​ណាស់​ចំពោះ​ខ្ញុំ។

ខ្ញុំនឹង​​ធ្វើការ​តាម​ព្រះ នរោត្តម យុគន្ធរ ដែល​ការពារ​ឯករាជ្យ ការពារ​បូរណភាព​ទឹកដី ហ៊ាន​ប្រឆាំង​​​ជា​មួយ​បារាំង​សែស ហើយ​ដែល​ត្រូវ​បារាំង​សែស និរទេស​ព្រះអង្គ ទៅ​នៅ​ឯបរទេស រហូត​​ដល់​​ព្រះអង្គ​​សុគត។

សូមអរគុណជាអនេកប្បការ
នរោត្តម សីហនុ

N Sihanouk & HunSen