វិទ្យុអាស៊ីសេរី RFA /ដោយ យ៉ង ចាន់តារា
15-10-2023
អ្នកវិភាគថា លោក ហ៊ុន ម៉ាណែត បង្កើតគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃគោរមងារឧកញ៉ា ដើម្បីងាយស្រួលបន្តអនុវត្តវប្បធម៌អញជួយឯង ឯងជួយអញពីឪពុក។ ពួកគេថា ដោយសារតែការអនុវត្តច្បាប់នៅកម្ពុជាទន់ខ្សោយ ដូច្នេះគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃគោរមងារឧកញ៉ា មិនអាចធ្វើការប្រកបដោយប្រសិទ្ធភាពបានឡើយ។
អ្នកវិភាគនយោបាយលើកឡើងថា លោក ហ៊ុន ម៉ាណែត គ្មានសមត្ថភាព លើកកម្ពស់គោរមងារឧកញ៉ាឡើយ ខណៈការបង្កើតគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃគោរមងារឧកញ៉ា ធ្វើឡើងដើម្បីប្រមូលប្រាក់ពីក្រុមឧកញ៉ា ទៅឱ្យត្រកូល ហ៊ុន ឱ្យកាន់តែមានប្រសិទ្ធភាពតែប៉ុណ្ណោះ។
អ្នកវិភាគនយោបាយ លោក គឹម សុខ មានប្រសាសន៍ថា ដោយសារតែលោក ហ៊ុន ម៉ាណែត បានតួនាទីជានាយករដ្ឋមន្ត្រីដោយការបោះឆ្នោត ដោយគ្មានការទទួលស្គាល់ពីសហគមន៍អន្តរជាតិ និង រំលោភសិទ្ធិមនុស្ស ដូច្នេះលោក ហ៊ុន ម៉ាណែត គ្មានសមត្ថភាពលើកកម្ពស់កិត្តិយសគោរមងារឧកញ៉ាឡើយ។ លោកបន្ថែមថា ការបង្កើតគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃគោរមងារឧកញ៉ា គឺដើម្បីឱ្យលោក ហ៊ុន ម៉ាណែត កាន់តែមានភាពងាយស្រួលដើម្បីគ្រប់គ្រងក្រុមឧកញ៉ា ដើម្បីបន្តវប្បធម៌អញជួយឯង ឯងជួយអញ ដែលជាវប្បធម៌ឪពុករបស់លោក។
លោក គឹម សុខ៖ «កាលណានាយករដ្ឋមន្ត្រីធំក្លិនស្អុយហើយ ឧកញ៉ាក៏ធំក្លិនស្អុយដែរ រកស៊ីស៊ុមគ្រលុំ លាងលុយកខ្វក់ ជាមួយនឹងបក្ខពួកនាយករដ្ឋមន្ត្រីហ្នឹង ទោះបីជាបង្កើតគណៈកម្មការប៉ុន្មានទៀត ក៏មិនហ៊ានវាយតម្លៃឧកញ៉ាទាំងអស់ហ្នឹងដែរ»។
ប្រតិកម្មរបស់អ្នកវិភាគបែបនេះ គឺក្រោយពេលព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យស្ដីពី គោរមងារឧកញ៉ា កាលពីថ្ងៃទី១១ ខែតុលា ក៏ប៉ុន្តែត្រូវបានលោក ហ៊ុន ម៉ាណែត ផ្សព្វផ្សាយនៅក្នុងតេឡេក្រាមរបស់លោក នៅថ្ងៃទី១៣ ខែតុលា។ ព្រះរាជក្រឹត្យ ដែលមាន ១១ជំពូក និង ២៦មាត្រានេះ បានចែងឱ្យរដ្ឋាភិបាលបង្កើតគណៈកម្មការអន្តរក្រសួងដើម្បីពិនិត្យ និងវាយតម្លៃលើសំណើសុំ និងបញ្ចប់គោរមងារឧកញ៉ា ហើយគណៈកម្មការនេះ មានអគ្គនាយកដ្ឋានឥស្សរិយយស និងគោរមងារនៃទីស្ដីការគណៈរដ្ឋមន្ត្រី ជាលេខាធិការដ្ឋាន។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី១៤ ខែតុលា។
ជុំវិញរឿងនេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ប្រចាំនៅប្រទេសន័រវែស (Norway) លោក ម៉ែន ណាត មានប្រសាសន៍ថា ដើម្បីលើកកម្ពស់គោរមងារឧកញ៉ា លុះត្រាតែលោក ហ៊ុន ម៉ាណែត ហ៊ានដកគោរមងារ និងមានវិធានការផ្លូវច្បាប់ ទៅលើក្រុមឧកញ៉ាណា ដែលរកស៊ីខុសច្បាប់ និងរំលោភសិទ្ធិមនុស្ស។
លោក ម៉ែន ណាត៖ «ដើម្បីឱ្យគណៈកម្មការវាយតម្លៃប្រសិទ្ធភាពឧកញ៉ាហ្នឹងបាន លុះត្រាតែត្រូវដកសិទ្ធិឧកញ៉ា ហើយផ្ដន្ទាទោសឧកញ៉ាទាំងឡាយណា ដែលប្រព្រឹត្តិបទឧក្រិដ្ឋ ឧទាហរណ៍ដូចជា ហ៊ុន តូ ជឹង សុភាព ហៅយាយភូ ពុង ខៀវសែ ទ្រី ភាព អីនេះ ត្រូវដោះស្រាយអ្នកទាំងអស់គ្នាហ្នឹងសិន។ បើរកឃើញអ្នកទាំងអស់ហ្នឹងថា បានប្រព្រឹត្តិបទឧក្រិដ្ឋហើយ រំលោភដីធ្លីប្រជាពលរដ្ឋ បំពានសមុទ្រ លុបបឹងលុបបួ កាប់បំផ្លាញព្រៃឈើហើយ អ្នកអស់ហ្នឹងត្រូវតែមានទោសតាមច្បាប់ អាហ្នឹង បានអាចលើកកម្ពស់តម្លៃឧកញ៉ាបាន»។
អ្នកសិក្សាផ្នែកច្បាប់ លោក វ៉ន ចាន់ឡូត យល់ឃើញថា ការបង្កើតគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃគោរមងារឧកញ៉ានេះ អាចដើម្បីការពារ និងលើកកម្ពស់ឥទ្ធិពលក្រុមឧកញ៉ាមួយចំនួន ដែលប្រកបអាជីវកម្មរំលោភសិទ្ធិមនុស្សទៅវិញទេ។
លោក វ៉ន ចាន់ឡូត៖ «កន្លងមក អ្នកទាំងអស់ហ្នឹង ហាក់ដូចជានៅមិនទាន់មានឥទ្ធិពលគ្រប់គ្រាន់នៅឡើយទេ ហើយការបង្កើតព្រះរាជក្រឹត្យនេះ គឺដូចជាការបន្ថែមឥទ្ធិពល បន្ថែមអំណាច ទៅឱ្យអ្នកទាំងអស់ហ្នឹងបន្ថែម ហើយការបន្ថែមនេះ វាប្រហែលជាមិនបានលទ្ធផលអីជាវិជ្ជមាន សម្រាប់ប្រជាពលរដ្ឋ សម្រាប់ប្រទេសជាតិទេ អាចធ្វើឱ្យអ្នកទាំងអស់ហ្នឹង កាន់តែមាននូវអំនួត កាន់តែមាននូវអំណាច នៅក្នុងការប្រព្រឹត្តិការរំលោភបំពាន ការកេងប្រវ័ញ្ចដីធ្លី ការឆបោក ឬក៏ការបំពានធនធានធម្មជាតិរបស់កម្ពុជា បន្ថែមទៀត»។
បើទោះបីជាកម្ពុជា មានបុគ្គលដែលមានគោរមងារឧកញ៉ា ប្រមាណ ១ពាន់ ៣រយនាក់ក្ដី (១.២៩៩) ក៏ប៉ុន្តែបុគ្គលដែលមានងារជាឧកញ៉ាមួយចំនួន មិនបានជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្រីក្រនោះទេ ផ្ទុយទៅវិញ ឧកញ៉ាខ្លះថែមទាំងជាឧក្រិដ្ឋជន បំផ្លាញធនធានធម្មជាតិ និងរំលោភសិទ្ធិមនុស្សទៀតផង។ ជាក់ស្ដែងសេដ្ឋីបនល្បែង និងជាសមាជិកព្រឹទ្ធសភាបក្សកាន់អំណាច ដែលមានរឿងអាស្រូវរំលោភសិទ្ធិដីធ្លីប្រជាពលរដ្ឋ លោក លី យ៉ុងផាត់ ក៏ត្រូវបានតែងតាំងជាប្រធានសមាគមឧកញ៉ាកម្ពុជា ថែមទៀតផង។ បន្ថែមពីនេះ របាយការណ៍ឧក្រិដ្ឋកម្មឆ្លងដែនអន្តរជាតិ របស់អង្គការគំនិតផ្ដួចផ្ដើមសាកលប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន គ្លូបល អ៊ីននីហ្សីអេធីវ (Global Initiative Against Transnational Organized Crime) ចេញផ្សាយកាលពីឆ្នាំ២០២២ រកឃើញថា គ្រួសារត្រកូលហ៊ុន បានបង្កើតប្រព័ន្ធជួយគ្នាទៅវិញទៅមក ជាមួយក្រុមឧកញ៉ា ដែលរកស៊ីឈើខុសច្បាប់ បំផ្លាញព្រៃឈើ នៅកម្ពុជា។
ក្រៅពីលោក ហ៊ុន សែន គឺជាប្រធានកិត្តិយសហើយនោះ អនុប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា ៣នាក់ទៀត រួមមានលោក ស ខេង លោក ទៀ បាញ់ និងអ្នកស្រី ម៉ែន សំអន ដែលជាសមាជិកអចិន្ត្រៃយ៍នៃ គណបក្សប្រជាជនកម្ពុជា ក៏ធ្វើជាអនុប្រធានកិត្តិយស សមាគមឧកញ៉ាកម្ពុជា នេះផងដែរ។ ដោយសារតែសម្ពន្ធភាពគណបក្សប្រជាជនកម្ពុជា និង សមាគមឧកញ៉ាកម្ពុជា រឹងមាំដូច្នេះ អ្នកវិភាគនយោបាយលើកឡើងថា លោក ហ៊ុន ម៉ាណែត នឹងមិនចាត់វិធានការច្បាប់ ឬដកគោរមងារឧកញ៉ា ដែលនៅតែស្មោះស្ម័គ្រការពារអំណាចត្រកូល ហ៊ុន នោះឡើយ៕
