The Cambodia Daily
14-12-2021
បញ្ញវន្តខ្មែរនៅក្រៅស្រុក ព្រមានថា បើមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ប្ដេជ្ញាយកមេយោធាផ្ដាច់ការភូមា មីន អ៊ុងឡាំង មកចូលក្នុងកិច្ចប្រជុំអាស៊ានឱ្យបាន គឺមានន័យថា ឋានៈរដ្ឋាភិបាលឯកបក្សលោក ហ៊ុន សែន មានកម្រិតស្មើត្រឹមតែឋានៈជាមេដឹកនាំផ្ដាច់ការភូមាប៉ុណ្ណោះ ដែលមិនមានតម្លៃធ្វើជារដ្ឋាភិបាលគំរូក្នុងការដឹកនាំអាស៊ាននោះទេ។
ប្រធានក្រុមប្រឹក្សាភិបាលនៃចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ លោក ម៉ែន ណាត បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីចុងសប្ដាហ៍នេះថា លោក ហ៊ុន សែន អាចទៅជួបមេដឹកនាំយោធាផ្ដាច់ការ មីន អ៊ុងឡាំង បាន តែត្រូវធ្វើឡើងជាចំហ ហើយត្រូវតែលើកប្រធានបទពិភាក្សា និងជំរុញឱ្យមានការដោះលែងមេដឹកនាំឈ្នះឆ្នោតដោយស្របច្បាប់ គឺអ្នកស្រី អ៊ុង សានស៊ូជី ឱ្យមានសេរីភាពឡើងវិញ នោះទើបជាកិច្ចការដែលគាត់ត្រូវតែធ្វើក្នុងនាមជាប្រធានអាស៊ាន ដើម្បីជួយផ្តល់យុត្តិធម៌ឲ្យពលរដ្ឋដែលរស់នៅក្នុងប្រទេសជាសមាជិកអាស៊ានទាំងនោះ។
លោកបន្តថា លោក ហ៊ុន សែន ក៏ត្រូវតែដោះស្រាយវិបត្តិរំលោភសិទ្ធិមនុស្ស និងស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឱ្យបានល្អប្រសើរជាមុនផងដែរ មុននឹងទៅដោះស្រាយវិបត្តិនៅភូមា។
កម្ពុជា នឹងធ្វើជាប្រធានអាស៊ាន នៅឆ្នាំ២០២២ ខាងមុខនេះ ហើយលោក ហ៊ុន សែន ប្ដេជ្ញាថានឹងយកមេយោធាផ្ដាច់ការភូមាឱ្យចូលក្នុងកិច្ចប្រជុំអាស៊ានឱ្យបាន។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បណ្ឌិត សេង សារី បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី១២ ធ្នូ ថា គំនិតប្រឆាំងដែលថាភាគីកម្ពុជាក្នុងនាមជាប្រធានអាស៊ាន មិនគួរទៅជួបចរចាជាមួយភាគីរដ្ឋាភិបាលយោធាភូមា ហើយសង្ឃឹមថាវិបត្តិនយោបាយនៅភូមា នឹងត្រូវបានបញ្ចប់ គឺជាការយល់ឃើញមិនត្រឹមត្រូវទាល់តែសោះ។
បណ្ឌិត សេង សារី អះអាងថា ឆ្នាំ២០២២ ជាពេលវេលាដ៏សមស្របបំផុតសម្រាប់កម្ពុជាយកបទពិសោធន៍ចរចាបញ្ចប់ជម្លោះនយោបាយជាង ៣០ឆ្នាំរបស់ខ្លួនទៅប្រើសម្រាប់ដោះស្រាយវិបត្តិនយោបាយនៅប្រទេសភូមា។ លោកថា សូម្បីតែខ្មែរក្រហមដែលបានសម្លាប់រង្គាលប្រជាជនខ្មែរជាង ២ លាននាក់ ក៏ត្រូវបានគេរាប់បញ្ចូលជាភាគីមួយសម្រាប់ការចរចាដែរ។
ប៉ុន្តែអ្នកឃ្លាំមើលខ្លះនិយាយថា ការសម្រេចចិត្តរបស់លោក ហ៊ុន សែន ទៅជួបមេរដ្ឋប្រហារយោធាភូមា ត្រូវគេមើលឃើញថា លោកនឹងផ្តល់មេរៀនផ្ដាច់ការបន្ថែមទៀតឱ្យលោក មីន អ៊ុងឡាំង ដូចដែលគាត់ធ្លាប់បានធ្វើនៅកម្ពុជាកន្លងមក ជាពិសេសការចាប់ខ្លួន និងរឹតត្បិតសិទ្ធិសេរីភាពរបស់លោក កឹម សុខា និងរំលាយគណបក្សសង្គ្រោះជាតិ។
កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ នេះ គម្រោងគណនេយ្យភាពមីយ៉ាន់ម៉ា ឬ Myanmar Accountability Project (MAP) បានដាក់ពាក្យបណ្តឹងអំពាវនាវឱ្យតុលាការទីក្រុងឡាអេ (International Criminal Court, ICC) ក្នុងប្រទេសហុឡង់ដ៍ បើកការស៊ើបអង្កេតករណីព្រហ្មទណ្ឌ លោក មីន អ៊ុងឡាំង ចំពោះការប្រើប្រាស់ទារុណកម្មយ៉ាងព្រៃផ្សៃ និងជាប្រព័ន្ធ ដែលជាផ្នែកមួយនៃការបង្ក្រាបដោយហិង្សាប្រឆាំងនឹងចលនាតវ៉ានៅប្រទេសភូមាកន្លងមក។
កាលពីពេលថ្មីៗនេះ ប្រទេសប្រ៊ុយណេ ម៉ាឡេស៊ី សិង្ហបុរី និងឥណ្ឌូណេស៊ី ជាដើម បានជំទាស់វត្តមានរបស់មេរដ្ឋប្រហារភូមា ក្នុងការចូលរួមជំនួបកំពូលអាស៊ាន ដោយសារមិនព្រមអនុវត្តកិច្ចព្រមព្រៀង ៥ ចំណុច ដែលត្រូវបានអនុម័តដោយជំនួបកំពូលនៃមេដឹកនាំអាស៊ាន នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី កាលពីខែមេសា ឆ្នាំ២០២១ ដែលមានប្រទេសប្រ៊ុយណេ ជាប្រធានអាស៊ាន ដឹកនាំកិច្ចប្រជុំនោះ៕