The Cambodia Daily
08th-4-2022

អនុប្រធាន​​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បញ្ជា​ទៅ​កងកម្លាំង​តាម​ព្រំដែន​ឱ្យ​ចាប់ និង​បណ្ដេញ​ជនជាតិ​បរទេស​ណា ​ដែល​បាន​ឆ្លងដែន​ចូល​កម្ពុជា​ ដោយ​គ្មាន​លិខិត​ស្នាម ឬ​ស្នាក់នៅ​ ដោយ​គ្មាន​ច្បាប់​ទម្លាប់​ចេញពី​កម្ពុជា ហើយ​មិន​ត្រូវ​ទុក​បញ្ហា​នេះ​ ឲ្យ​គរ​ពិបាក​ដោះស្រាយ​ទៀត​នោះ​ទេ។

ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ ​ឆ្នាំ​២០២១ និង​លើក​ទិសដៅ​បន្ត​របស់​ អគ្គនាយកដ្ឋាន​អន្តោ​ប្រវេសន៍​ នៅ​រសៀល​ថ្ងៃ​ទី​០៦ ខែ​មេសា ឆ្នាំ​២០២២ លោក ស ខេង បាន​ថ្លែង​នៅ​ចំពោះ​មុខ​មន្ត្រី​នគរបាល​អន្តោប្រវេសន៍​ជាច្រើន​ថា មន្ត្រី​សមត្ថកិច្ច​អន្តោ​ប្រវេសន៍​ ត្រូវតែ​គ្រប់គ្រង​ជនអន្តោ​ប្រវេសន៍​ ដែល​មាន​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ក្នុង​ប្រទេស​កម្ពុជា ​ឲ្យ​បាន​ម៉ត់ចត់ និង​ម៉ឺងម៉ាត់ ដោយ​មិន​ទុក​ឲ្យ​មាន​អ្នក​ដែល​ចូល​មក​រស់នៅ​មិន​ស្របច្បាប់ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ

លោក ស ខេង អះអាង​ថា អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ បាន​អនុវត្ត​ការងារ​ដកហូត​ឯកសារ​ខុសច្បាប់ ​ដែល​កាន់កាប់​ដោយ​មិន​ប្រក្រតី​ ពី​ជនបរទេស​ដោយ​ជោគជ័យ។ ករណី​នេះ​លោក​ថា ការ​ស្នាក់នៅ​ដោយ​ខុសច្បាប់ មិន​​ត្រូវ​​ឱ្យ​​កើត​មាន​​ឡើង​វិញ​ទៀត​ទេ។

លោក​ថា នេះ​ជា​បញ្ហា​សំខាន់​ណាស់ ដូច្នេះ​បើសិនជា​អ្នក​ដែល​ចូល​មក​កម្ពុជា ហើយ​គ្មាន​ក្រដាស​ស្នាម ពោល​គឺ​ខុសច្បាប់​នោះ សមត្ថកិច្ច​ត្រូវ​ចាប់​បណ្ដេញ​ចេញ​តាម​ច្បាប់​កម្ពុជា​ភ្លាមៗ។

ជាមួយ​គ្នា​នេះ លោក ស ខេង បាន​ណែនាំ​ទៅ​មន្ត្រី​ទាំងនោះ​ មិន​ត្រូវ​ទុក​បញ្ហា​នៅ​គរ​ រហូត​នាំ​ឱ្យ​មាន​ផល​លំបាក​ក្នុង​ការ​ដោះស្រាយ​នោះ​ទេ ខណៈ​ការ​ចាប់ និង​បណ្ដេញ​ចេញ​ត្រូវ​អនុវត្ត​ស្មើៗ​គ្នា ​គ្រប់​ជនជាតិ​ទាំងអស់ ពោល​ឲ្យ​តែ​ខុសច្បាប់ គឺ​ត្រូវ​អនុវត្ត​ច្បាប់​តែ​មួយ​ដូចៗ​គ្នា ដោយ​សមត្ថកិច្ច​ទាំងអស់​ មិន​ត្រូវ​ឃុបឃិត​ជាមួយ​ជន​អន្ដោ​ប្រវេសន៍​ខុសច្បាប់​ទាំងអស់​នោះ​ទេ។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​រូប​នេះ​ថា សមត្ថកិច្ច​នៅ​តាម​ព្រំដែន ស្នងការ​នគរបាល​តាម​ព្រំដែន អធិការ​ប៉ុស្តិ៍​នគរបាល​តាម​ព្រំដែន ត្រូវ​ក្ដាប់​គោលការណ៍​ទាំងអស់​នេះ​ ឱ្យ​ជាប់​ដើម្បី​ឲ្យ​ដឹង​ថា នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ​មាន​ជន​បរទេស​​ប៉ុន្មាន​នាក់​ ដែល​រស់នៅ​ស្របច្បាប់ ហើយ​បើ​ពួកគេ​រស់នៅ​ខុសច្បាប់ ត្រូវតែ​ដោះស្រាយ​តាម​វិធានការ​​បណ្ដេញ​ពី​ប្រទេស​កម្ពុជា​តាម​នីតិវិធី​ជា​ធរមាន។

អគ្គនាយក​នៃ​​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ លោក គៀត ច័ន្ទថារិទ្ធ បញ្ជាក់​ក្នុង​ពិធី​នោះ​ថា បញ្ហា​ប្រឈម​មួយ​ចំនួន​ ដែល​ធ្វើ​ឱ្យ​រដ្ឋាភិបាល ​ត្រូវ​ដាក់​ចេញ​យុទ្ធសាស្ត្រ ផែនការ​សកម្មភាព និង​ដោះស្រាយ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ក្នុង​ការ​ផ្ដល់​សេវា​អន្តោប្រវេសន៍ និង​ការ​គ្រប់គ្រង​ជនបរទេស​នៅ​កម្ពុជា ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ចូលរួម​រក្សា​សន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព​សង្គម និង​ការ​រួម​ចំណែក​អភិវឌ្ឍ​ប្រទេស​ជាតិ។

អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ចាត់ទុក​ការ​បញ្ជា​របស់​ថ្នាក់​ដឹកនាំ​របស់​ក្រសួង​មហាផ្ទៃ មិនមែន​ជា​រឿង​ថ្មី​ទេ ប៉ុន្តែ​មូលហេតុ​ដែល​នាំ​ឱ្យ​បទបញ្ជា​នេះ​ គ្មាន​ប្រសិទ្ធភាព ដោយសារ​ជន​បរទេស​​ទាំងនោះ​ មាន​អ្នក​មាន​អំណាច​នៅ​ពីក្រោយ​ខ្នង និង​ការ​គប់គិត​រវាង​មន្ត្រី​ជាមួយ​ និង​ជនបរទេស។

តែ​យ៉ាងណា លោក​ បង្ហាញ​ការ​គាំទ្រ​ចំពោះ​វិធានការ​ចាប់ និង​បណ្ដេញ​ជនបរទេស​ ចូល​មក​កម្ពុជា​ខុសច្បាប់ ដោយ​ថា ​កន្លងមក ជនបរទេស​ទាំងនោះ​ មិន​ត្រឹមតែ​ចូល​មក​ស្នាក់នៅ​កម្ពុជា ​ដោយ​ខុសច្បាប់​ទេ ពួកគេ​មួយ​ចំនួន ​ក៏​បាន​នាំគ្នា​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ បង្ក​បញ្ហា និង​បំផ្លាញ​ធនធាន​ធម្មជាតិ​ថែម​ទៀត។ លោក​ថា​ ជាក់ស្ដែង​​ដូចជា ​ជនជាតិ​វៀតណាម បាន​ប្រើប្រាស់​ឧបករណ៍​​ខុស​ច្បាប់ ​ដើម្បី​ឆក់​ត្រី​នៅ​បឹង​ទន្លេសាប​កម្ពុជា។

លោក ស៊ឹង សែនករុណា ជំរុញ​ឱ្យ​រដ្ឋាភិបាល​ពង្រឹង​ការ​អនុវត្ត​ច្បាប់​​អន្តោ​ប្រវេសន៍ ដោយ​ថា ​ត្បិត​តែ​កម្ពុជា​មាន​ច្បាប់​ក៏​ពិត​មែន ប៉ុន្តែ​ការ​អនុវត្ត​ជាក់ស្ដែង​មិន​មាន​ឡើយ។ ករណី​នេះ​ បាន​ធ្វើ​ឱ្យ​ជនបរទេស ​ចេះតែ​បន្ត​ចូល​មក​រស់នៅ​កម្ពុជា​ដោយ​សេរី ដែល​បង្ក​ឱ្យ​មាន​ផល​លំបាក​ច្រើន​ ដល់​ពលរដ្ឋ​ខ្មែរ និង​ធ្វើ​ឱ្យ​សមត្ថកិច្ច​ ពិបាក​ក្នុង​ការ​គ្រប់គ្រង ខណៈ​ពួកគេ​មួយ​ចំនួន​បាន​បង្ក​ផល​ប៉ះពាល់​សង្គម និង​ដណ្ដើម​មុខរបរ​របស់​ពលរដ្ឋ​ថែម​ទៀត​ផង​នោះ។

របាយការណ៍​របស់​អគ្គនាយក​នៃ ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ លោក គៀត ច័ន្ទថារិទ្ធ ឱ្យ​ដឹង​ថា ជនបរទេស​អន្តោប្រវេសន៍​ ដែល​បាន​ពាក្យ​សុំ​ប្រកាស​ទទួលស្គាល់ និង​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍ ​គិត​ត្រឹម​បិទ​ឱសានវាទ ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០១៩ នៃ​យុទ្ធនាការ​ជំរឿន​ស្ថិតិ​នោះ សមត្ថកិច្ច​បាន​ដកហូត​ឯកសារ​រដ្ឋបាល​មិន​ប្រក្រតី ​មាន​ចំនួន​ជិត ៣ ​ម៉ឺន​គ្រួសារ (២៨៩៤៥ ​គ្រួសារ) ស្មើ​នឹង​ចំនួន​ជិត ១ ​សែន​នាក់ (៨៩៧៨៦ ​នាក់) ដែល​ភាគច្រើន​ជា​ជន​ជាតិ​​វៀតណាម។

យ៉ាងណា លោក គៀត ច័ន្ទថារិទ្ធ បញ្ជាក់​ថា ជនបរទេស​អន្តោប្រវេសន៍ ​ដែល​កាន់​ឯកសារ​មិន​ប្រក្រតី ត្រូវ​បាន​សមត្ថកិច្ច​ក្រសួង​មហាផ្ទៃ​ ផ្ដល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ ចាប់ពី​អាយុ ១៨​ ឆ្នាំ​ឡើង​ទៅ ​មាន​ជាង ៦ ​ម៉ឺន​នាក់។ ចំណែក​​ជន​បរទេស​​ដែល​ក្រសួង​ ផ្ដល់​ប័ណ្ណ​បន្ត​សុពលភាព​ដែល​មាន​រយៈពេល ២ ​ឆ្នាំ​ម្ដង សរុប​ជិត ២ ​ម៉ឺន​ប័ណ្ណ (១៩៥៦១ ​ប័ណ្ណ) ដែល​ពួកគេ​ទាំងអស់​នេះ ​ជា​ជនជាតិ​វៀតណាម។

កាលពី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០២២ អគ្គលេខាធិការ​នៃ អគ្គលេខាធិការដ្ឋាន​ក្រសួង​មហាផ្ទៃ លោក ប៉ោ ភក្តិ បាន​ជំរុញ​ឱ្យ​ធ្វើ​វិសោធនកម្ម​ច្បាប់​អន្តោប្រវេសន៍​ ឆ្នាំ​១៩៩៤ ជាបន្ទាន់ ដើម្បី​ធានា​ប្រសិទ្ធភាព​គ្រប់គ្រង​ជន​អន្តោ​ប្រវេសន៍។ ការ​ជំរុញ​នោះ ក្រោយពី​រក​ឃើញ​ថា ផ្នែក​មួយ​នៃ​បញ្ហា​នេះ ​គឺ​អាជ្ញាធរ​វៀតណាម​ មិន​ព្រម​ទទួល​យក​ពលរដ្ឋ​ខ្លួន ​ដែល​រស់នៅ​ខុសច្បាប់​នៅ​កម្ពុជា ទោះបី​ពួកគេ​ចង់​ទៅ​វិញ​ក៏ដោយ៕