វិទ្យុអាស៊ីសេរី RFA
31-7-2023
ពលរដ្ឋមិនរំពឹងថា កូនប្រុសច្បងរបស់លោក ហ៊ុន សែន គឺ លោក ហ៊ុន ម៉ាណែត ឡើងកាន់ដំណែងជានាយករដ្ឋមន្ត្រីបន្តពីឪពុក អាចដោះស្រាយបញ្ហាសង្គមបានទេ ខណៈដែល លោក ហ៊ុន សែន កាន់អំណាចជិត ៤០ឆ្នាំ បានប្រើអំណាចរបស់ខ្លួន រំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ ការលើកឡើងបែបនេះគឺបន្ទាប់ពីលោក ហ៊ុន ម៉ាណែត មិនបានបង្ហាញពីសក្ដានុពលរបស់ខ្លួន ដើម្បីដោះស្រាយបញ្ហាជូនពលរដ្ឋ និងសូម្បីតែឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រី ក៏លោក ហ៊ុន សែន ឈរឈ្មោះជំនួស។
បើទោះជាការបោះឆ្នោតជាតិ នៅអាណត្តិទី៧ ទើបតែកន្លងផុតទៅ ដោយរងការរិះគន់ពីសហគមន៍អន្តរជាតិ និងប្រជាពលរដ្ឋក្ដី ក៏លោក ហ៊ុន សែន នៅតែជម្នះលើកបន្តុបកូនរបស់លោក គឺលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដើម្បីរក្សាអំណាចតពូជរបស់ខ្លួន។ ថ្វីត្បិតលោក ហ៊ុន សែន តែងតាំងលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មី បន្ទាប់ពីលោកយ៉ាងនេះក្ដី ប៉ុន្តែពលរដ្ឋមួយចំនួន ដែលកំពុងរងការគាបសង្កត់ និងរំលោភសិទ្ធិមនុស្សពីរបបលោក ហ៊ុន សែន មិនរំពឹងថា លោក ហ៊ុន ម៉ាណែត នឹងអាចដឹកនាំប្រទេស ឆ្ពោះទៅរកនីតិរដ្ឋពិតប្រាកដឡើយ។
កូដករណាហ្គាវើលដ៍ (Naga World) ដែលរងភាពអយុត្តិធម៌ ពីការរំលោភសិទ្ធិការងារ លោកស្រី ម៉ម សុវឌ្ឍិន ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៣០ កក្កដា ថា លោកស្រី មិនរំពឹងខ្ពស់ចំពោះនាយករដ្ឋមន្ត្រីថ្មីនេះទេ ពីព្រោះក្រុមកូដករណាហ្គាវើល ដ៍ធ្លាប់ស្នើសុំកិច្ចអន្តរាគមន៍ពីលោក ហ៊ុន ម៉ាណែត ដើម្បីជួយដោះស្រាយវិវាទការងារ ប៉ុន្តែបែរជាមិនទទួលបានយុត្តិធម៌ទៅវិញ។ លោកស្រីបារម្ភថា កម្មករសហជីព និងពលរដ្ឋផ្សេងទៀតនឹងត្រូវរងការរំលោភសិទ្ធិជាបន្តបន្ទាប់ ប្រសិនបើលោកនាយករដ្ឋមន្ត្រីថ្មី ដើរតាមគន្លងចាស់របស់ឪពុក។
លោកស្រី ម៉ម សុវឌ្ឍិន៖ «ប្រសិនជាគាត់ មិនអាចដោះស្រាយបាន មិនមានឥទ្ធិពលច្បាស់ណាស់ថា ការដឹកនាំហ្នឹង វាទៅបែបណាហើយ វាជះឥទ្ធិពល រឹតតែធ្វើឱ្យរឿងអយុត្តិធម៌ ក្នុងសង្គម រាលដាលទៅកន្លែងផ្សេងថែមទៀត អ៊ីចឹងអ្នកដែលរងផលប៉ះពាល់ មិនត្រឹមតែកម្មករទេ តែប៉ះពាល់ដល់សង្គមទាំងមូលតែម្ដង ឥឡូវវាបង្ហាញហើយថា ក្រុមហ៊ុនណាហ្គា មិនទាន់បញ្ឈប់បានសម្រេច ដោយសារពួកខ្ញុំ នៅតវ៉ាច្បាស់ណាស់ ប្រសិនជាមិនមានវត្តមានពួកខ្ញុំតវ៉ាទៀតទេ គេប្រើវិធីសាស្ត្រដើម្បីកម្ទេចសហជីពផ្សេងៗទៀត ឬក៏ធ្វើទុក្ខបុកម្នេញកម្មករ»។
លោក ហ៊ុន ម៉ាណែត ជាកូនប្រុសច្បងរបស់លោក ហ៊ុន សែន និងជាមេទ័ពពាក់ផ្កាយ ៤ លោកនឹងក្លាយជានាយករដ្ឋមន្ត្រីថ្មី របស់រដ្ឋាភិបាលក្រុងភ្នំពេញ នៅថ្ងៃទី២២ ខែសីហា ខាងមុខនេះ។ ប៉ុន្តែលោក ហ៊ុន ម៉ាណែត ដែលត្រៀមស៊ីកេរពីឪពុកនេះ នៅមិនទាន់បង្ហាញពីសមត្ថភាព ស្នាដៃ និងការប្ដេជ្ញាចិត្តដឹកនាំកម្ពុជា ឆ្ពោះទៅអនាគតដ៏រុងរឿង ដើរតាមគន្លងប្រជាធិបតេយ្យ និងបញ្ចប់ជម្លោះនយោបាយឡើយ។
ស្រដៀងគ្នានេះដែរ ពលរដ្ឋម្នាក់ទៀត នៅខេត្តកោះកុង លោកស្រី អ៊ុំ ស្រីអូន ថ្លែងថា បើទោះបីលោក ហ៊ុន ម៉ាណែត ក្លាយជានាយករដ្ឋមន្ត្រីថ្មី ក៏ការដឹកនាំមិនខុសពីឪពុកលោក ដែលពីព្រោះលោក ហ៊ុន ម៉ាណែត ឡើងកាន់អំណាច គឺដោយសារមានឪពុក ជាអ្នកជួយជ្រោមជ្រែង។
លោកស្រី គ្មានជំនឿថា នាយករដ្ឋមន្ត្រីថ្មីនេះ នឹងជួយដោះស្រាយវិវាទដីធ្លីជូនសហគមន៍លោកស្រីបាននោះទេ។
លោកស្រី អ៊ុំ ស្រីអូន៖ «មិនដឹងធ្វើម៉េច បើយើងចង់យ៉ាងម៉េចក៏នៅតែទោះថា ឪធ្លាក់ក៏នៅតែកូនឡើងដដែល ហើយវានៅតែដដែលៗ ហ្នឹងរកយុត្តិធម៌ វាមិនឃើញដដែល ហ្នឹងព្រួយបារម្ភដែល ហ្នឹងព្រួយបារម្ភរកយុត្តិធម៌ វាមិនឃើញទេ មិនទាន់មានសង្ឃឹមកន្លែងណាមួយនៅឡើយទេ គឺវាត្រូវអស់សង្ឃឹមអ៊ីចឹងហ្មង»។
សកម្មជនចលនាមាតាធម្មជាតិលោក លី ចាន់ដារ៉ាវុធ កត់សំគាល់ថា ការឡើងកាន់ដំណែងរបស់លោក ហ៊ុន ម៉ាណែត គឺមិនធ្វើឱ្យប្រព័ន្ធយុត្តិធម៌សង្គម មានភាពប្រសើរឡើងនោះទេ ពីព្រោះលោក ហ៊ុន សែន នៅតែជាអ្នកបញ្ជាពីក្រោយដដែល។ លោកបន្តថា រដ្ឋាភិបាលថ្មី គួរតែគិតឡើងវិញ ពីការដណ្ដើមអំណាចគ្នានេះ ពីព្រោះអ្នកដែលខាតបង់ និងរងគ្រោះ គឺពលរដ្ឋនៅមានទណ្ឌកម្ម ឬការសម្ពាធផ្សេងទៀត ពីសហគមន៍អន្តរជាតិ។
លោក លី ចាន់ដារ៉ាវុធ៖ «ខ្ញុំយល់ថា បើលោក ហ៊ុន ម៉ាណែត មានចំណេះ មានជំនាញមែន ការបោះឆ្នោតនៅក្នុងឆ្នាំ២០២៣ ហ្នឹង វាគួរតែធ្វើឡើងដោយស្មើភាព គួរតែមានដៃគូចូលរួមប្រកួត អាហ្នឹង ទើបគេបញ្ចេញសមត្ថភាព លោក ហ៊ុន ម៉ាណែត ឱ្យប្រជាជនឃើញ ប៉ុន្តែផ្ទុយទៅវិញ ខ្ញុំឃើញការបោះឆ្នោតឆ្នាំ២០២៣ ធ្វើឡើងដោយការក្រឡេចក្រឡុច ជាការបោកប្រាស់ ហេតុអី? ដោយសារមុនការបោះឆ្នោត បេក្ខភាពនាយករដ្ឋមន្ត្រី គឺលោក ហ៊ុន សែន បេក្ខភាពនៅថ្ងៃអនាគត គឺលោក ហ៊ុន ម៉ាណែត ប៉ុន្តែក្រោយការបោះឆ្នោតលោក ហ៊ុន សែន មិនទាន់បានឡើងធ្វើជានាយករដ្ឋមន្ត្រីផង លោក ហ៊ុន ម៉ាណែត ឡើងបាត់»។
ការឡើងរបស់ពលរដ្ឋនេះបន្ទាប់ពីលោក ហ៊ុន សែន ប្រកាសថា លោកនឹងមិនធ្វើជានាយករដ្ឋមន្ត្រីក្នុងរដ្ឋាភិបាលថ្មី ខាងមុខនោះទេ។ កូនប្រុសច្បងរបស់លោក គឺ លោក ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រីក្នុងរដ្ឋាភិបាលអាណត្តិថ្មីនេះ។ ចំណែក លោក ហ៊ុន សែន ដែលត្រូវបានគេចាត់ទុកជា មេដឹកនាំផ្ដាច់ការគ្រួសារនិយម និងពុករលួយ នឹងទៅក្ដោបយកតួនាទីសំខាន់ៗរបស់ជាតិ ដូចជា ប្រធានព្រឹទ្ធសភា ប្រធានឧត្ដមក្រុមប្រឹក្សាព្រះមហាក្សត្រ និងជាប្រធានបក្ស ដើម្បីនៅជួយជ្រោមជ្រែងការពារកូនរបស់លោក។
ឆ្លើយតបបញ្ហានេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន យល់ឃើញថាការលើកឡើងរបស់ពលរដ្ឋនេះ គឺគ្រាន់តែជាក្រុមមួយ ដែលមិនឆ្លុះបញ្ចាំងពីស្មារតីប្រជាពលរដ្ឋ ១៧ លាននាក់តែប៉ុណ្ណោះ។
លោក សុខ ឥសាន ចាត់ទុកពលរដ្ឋដែលរងការរំលោភសិទ្ធិមនុស្ស និងរងផលប៉ះពាល់ ពីការបំផ្លាញធនធានធម្មជាតិថា មិនយល់ពីការអភិវឌ្ឍប្រទេសជាតិ។
លោក សុខ ឥសាន៖ «អាហ្នឹង មនុស្សដែលគេចាត់ចោលក្រៅសង្គមទៅហើយ ដល់អ៊ីចឹងទៅ ដោះស្រាយឯណា គេមិនដោះស្រាយឱ្យទេ គេដោះស្រាយតាមគោលការណ៍ច្បាប់ ហើយបើដោះស្រាយតាមគោលការណ៍ច្បាប់ហើយ យើងមិនទទួល ហើយយើងចេះតែបង្ខូច តាមចិត្តយើង ប្រទេសមួយគេដឹកនាំប្រទេសមួយស្របតាមគោលការណ៍ច្បាប់ គេមិនដែលដឹកនាំតាមស្របទៅតាមគំនិតចង់បាន របស់ក្រុមតូចមួយចំនួនតូចនោះទេ»។
ជុំវិញបញ្ហានេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា នៅប្រទេសន័រវែស (Norway) លោក ម៉ែន ណាត មានប្រសាសន៍ថា លោកគាំទ្រការលើកឡើងរបស់ប្រជាពលរដ្ឋ ពីព្រោះមេដឹកនាំ ដែលគិតពីគ្រួសារនិយម បក្ខពួកនិយម មិនអាចដឹកនាំប្រទេសឱ្យមានស្ថិរភាព និងរីកចម្រើនបាននោះទេ។
លោកបន្តថា លោក ហ៊ុន ម៉ាណែត គ្មានបិទពិសោធន៍ក្នុងការដឹកនាំជាតិនោះទេ ផ្ទុយទៅវិញនឹងធ្វើប្រទេសកម្ពុជា ធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច និងរងការដាក់សម្ពាធពីអន្តរជាតិ ដោយសារតែការមិនគោរពសិទ្ធិមនុស្ស។
លោក ម៉ែន ណាត៖ «ស្វ័យសម្រេចចិត្តយ៉ាងម៉េច គាត់មានសិទ្ធិសម្រេចចិត្តយ៉ាងម៉េច ឱ្យគាត់ធ្វើជានាយករដ្ឋមន្ត្រី គ្រាន់តែជានាយករដ្ឋមន្ត្រីប្រថាប់ត្រា ហ្នឹងលោក ហ៊ុន សែន ចាត់ទុកលោក ហ៊ុន ម៉ាណែត ដូចជាកូនក្មេងរៀនដើរហ្នឹង។ លោក ហ៊ុន សែន គ្រាន់តែចាត់ទុកកូនប្រុសគាត់ ត្រឹមតែជាកូនក្មេងចេះដើរៗអ៊ីចឹង គាត់ត្រូវតែដឹកដៃដើរតទៅទៀត កុំឱ្យវាដួលហើយពាក្យថា ដួល មានរឿងច្រើននៅក្នុងរឿងហ្នឹង បញ្ហា ហ៊ុន សែន មិនទុកចិត្តផ្ទៃក្នុងខ្លួនឯង»។
លោក ហ៊ុន ម៉ាណែត ដែលនឹងឡើងធ្វើនាយករដ្ឋមន្ត្រី ក្នុងខែសីហា ខាងមុខនេះ ប្ដេជ្ញាថា នៅពេលលោកក្លាយជានាយករដ្ឋមន្ត្រី លោកត្រូវតែការពារឱ្យខាងតែបាន នូវសន្តិភាព ដើម្បីធានាដល់ការអភិវឌ្ឍ និងភាពសុខសាន្តរបស់ប្រជាជន។ ការប្ដេជ្ញានេះ ទំនងលោកចង់បង្ហាញពីការអរគុណ ដែលឪពុករបស់លោក ប្រគល់តំណែងសំខាន់មួយនេះ ឱ្យលោកគ្រប់គ្រង។
លោក ហ៊ុន ម៉ាណែត ក្លាយជានាយករដ្ឋមន្ត្រីថ្មី នៅពេលខាងមុខនេះ ក្រោយការបោះឆ្នោតមួយ ដែលគ្មានគណបក្សប្រឆាំង គឺគណបក្សភ្លើងទៀន ចូលរួមប្រកួតប្រជែងការបោះឆ្នោត។ មុននឹងក្លាយជានាយករដ្ឋមន្ត្រីលោក ហ៊ុន សែន តែងចេញមុខការពារកូនប្រុសរបស់លោក និងថែមទាំងដំឡើងឋានៈរហូតជានាយឧត្ដមសេនីយ៍ផ្កាយ ៤ បន្ទាប់ពីលោកកាន់តួនាទី ជាអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងទ័ពជើងគោក មេបញ្ជាការកងកម្លាំងពិសេសប្រឆាំងភេរវកម្ម និងជាមេបញ្ជាការរងកងអង្គរក្ស លោក ហ៊ុន សែន។
ពលរដ្ឋមិនរំពឹងថា លោក ហ៊ុន ម៉ាណែត នឹងដឹកនាំប្រទេសឱ្យមានសន្តិភាព និងប្រជាធិបតេយ្យពិតប្រាកដនោះទេ ព្រោះលោក ហ៊ុន សែន នៅតែកាន់អំណាចជាក្បាលម៉ាស៊ីនដឹកនាំបក្ស និងស្ថាប័នកំពូលដដែល៕
