(ដោយលោក ហេង រស្មី /RFA Khmer /20-5-2020)
ពលរដ្ឋនៅខេត្តប៉ៃលិន ព្រួយបារម្ភខ្លាចបាត់បង់ទឹកដីមួយចំនួន នៅតំបន់ព្រំដែន ក្នុងក្រុងប៉ៃលិន ក្លាយទៅជាកម្មសិទ្ធិរបស់ប្រទេសថៃ ដោយសារតែទាហានថៃជាច្រើននាក់ បានចូលទៅសង់រោងស្នាក់នៅលើដីខ្មែរ នៅតំបន់ព្រំដែន ខេត្តប៉ៃលិនម្ដងហើយម្ដងទៀត។
ពលរដ្ឋម្នាក់នៅតំបន់ព្រំដែនខេត្តប៉ៃលិន ថ្លែងសុំមិនឱ្យបញ្ចេញឈ្មោះ និងសំឡេង ឱ្យដឹងនៅរសៀលថ្ងៃទី ២០ ឧសភា ២០២០ ថា ផ្ទៃដីទំហំជាង ៣ ពាន់ម៉ែត្រការ៉េ (៣.២០០) នៅតំបន់ព្រំដែន ភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ប្រឈមនឹងការបាត់បង់ទឹកដី ទៅឱ្យភាគីថៃ នៅពេលខាងមុខ ពីព្រោះទាហានថៃជាច្រើននាក់ បានចូលទៅកាន់កាប់ដីតំបន់នោះជាបន្តបន្ទាប់។ លោកបញ្ជាក់ថា កាលពីថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០១៩ ទាហានថៃ ចូលមកកាប់ឆ្ការព្រៃ និងបំផ្លាញផលដំណាំរបស់ពលរដ្ឋ នៅលើដីដែលមានបញ្ហាប្រមាណ ១ សប្ដាហ៍ ហើយដកថយទៅវិញ។ ក្រោយមកទៀត នៅដើមខែឧសភា {ឆ្នាំ២០២០} នេះ ទាហានថៃប្រមាណ ១០ នាក់ បានចូលទៅសង់រោងស្នាក់នៅ ដោយមានដាក់ទង់ជាតិថៃ នៅលើដីនោះជាថ្មីទៀត ហើយទើបតែរុះរើរោងនោះចេញ កាលពីថ្ងៃទី ១៨ ឧសភា។
ទាក់ទងនឹងបញ្ហានេះ អាជ្ញាធរខេត្តប៉ៃលិន អះអាងថា តំបន់ដែលទាហានថៃ ចូលមកធ្វើរោងស្នាក់នៅនោះ ជាដីតំបន់ស។ អភិបាលរងខេត្តប៉ៃលិន លោក ធូ ភា ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី ២០ ឧសភា ថាទាហានថៃ បានយល់ព្រមរុះរើរោងចេញពីដីតំបន់នោះអស់ហើយ បន្ទាប់ពីកម្ពុជា បានយល់ព្រមកាយដីធ្វើផ្លូវ ដែលធ្លាក់ចូលមាត់អូរព្រំដែនប្រទេសទាំង ២ ចេញតាមការស្នើសុំរបស់ភាគីថៃ៖ «ភាគីទាំង២ បានឯកភាពគ្នារួចហើយ ហើយក៏បានឯកភាពគ្នា អនុវត្តភ្លាមៗ កាលពីថ្ងៃសុក្រកន្លងទៅ។ នៅពេលដែលយើងកាយចប់ ភាគីថៃ ក៏គេបានរុះរើរោងរួចរាល់ហើយដែរ។ អីចឹងបញ្ហាដែលយើងវិវាទគ្នាបន្តិចបន្តួចនៅទីនោះ ត្រូវបានដោះស្រាយចប់ជាស្ថាពរហើយ ស្ថិតក្នុងស្ថានភាពដដែលឡើងវិញ នេះគឺជាកិច្ចសហប្រតិបត្តិការល្អមួយ រវាងខេត្តចាន់បូរី និងខេត្តប៉ៃលិន»។
ទោះជាយ៉ាងណាប្រធានគណបក្សសង្គ្រោះជាតិ ខេត្តប៉ៃលិន ដែលកំពុងភៀសខ្លួន នៅក្រៅប្រទេស អ្នកស្រី វ៉ែន ដារ៉ា ថ្លែងថា ថ្វីត្បិតតែទាហានថៃ យល់ព្រមរើរោងចេញពីតំបន់ព្រំដែននោះក្ដី ក៏ទាហានថៃ អាចនឹងវិលចូលមកកាន់កាប់ដី នៅភូមិបរតាំងស៊ូនោះជាថ្មីទៀត ក្នុងពេលខាងមុខ ប្រសិនបើរដ្ឋាភិបាលខ្មែរ មិនបានដោះស្រាយជាមួយភាគីថៃ ឱ្យបានច្បាស់លាស់នោះ៖ «ខ្ញុំគិតហើយស្រេចថា បើខ្ញុំធ្វើកិច្ចការការងារហ្នឹង បើគណបក្សសង្គ្រោះជាតិជាប់ឆ្នោត ខ្ញុំត្រូវយកប្រជាជន ដាក់តាមព្រំដែនហ្នឹង ធ្វើសាលារៀនធ្វើថ្នល់ឱ្យជាប់ព្រំដែន ឈប់ឱ្យគេរំកិលមកបាន ព្រោះយើងចេះតែដកទៅ គេចេះតែចូលមក ហើយអត់មានការតវ៉ាអីចឹង យើងហ្នឹងខាតរហូត ហើយអាជ្ញាធរ ថែមមិនការពារខ្មែរ ដែលទៅការពារដីហ្នឹង បែរទៅដេញគាត់ចេញពីព្រំដែន ប្រទល់ចាប់ដាក់គុកអីចឹងទៅ ហ្នឹងកន្លងមក ជាពិសេសដីលោកសមាជិកក្រុមប្រឹក្សាខ្ញុំមួយហ្នឹង គឺគាត់កាប់ដីគាត់ត្រឹមព្រំសោះ ហើយយកដីគាត់អស់រលីង»។
ឆ្លើយតបរឿងនេះ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសកិច្ចការព្រំដែនកម្ពុជា លោក វ៉ា គីមហុង ប្រាប់អាស៊ីសេរីថា ទីតាំងដែលទាហានថៃ បោះជំរំស្នាក់នៅទីនោះ ពុំមែនជាការរំលោភបំពានអធិបតេយ្យរបស់កម្ពុជាទេ ពីព្រោះជាតំបន់ដែលប្រទេសទាំង ២ មិនទាន់បានដោះស្រាយនៅឡើយ។ លោក បន្តថា អាជ្ញាធរកម្ពុជា គ្រោងជួបភាគីថៃ ពិភាក្សាគ្នាអំពីបញ្ហាព្រំដែនតំបន់នោះ ពេលឆាប់ៗខាងមុខ៖ «ចុះបើគេដកចេញហើយ តើព្រួយបារម្ភអីឥឡូវហ្នឹង? បើគេរើចេញពីកន្លែងបោះតង់ហ្នឹងអស់ហើយ ក៏ប៉ុន្តែតង់ហ្នឹងមិនមែនសំណង់អីរឹងមាំនោះទេ»។
ទោះជាយ៉ាងណា សមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន កត់សំគាល់ថា នៅតំបន់ព្រំដែនកម្ពុជា និងថៃ ត្រូវបានទាហានថៃ រំលោភចូលក្នុងអធិបតេយ្យកម្ពុជា ស្ទើគ្រប់តំបន់ តាមក្រវាត់ព្រំដែនប្រទេសទាំង ២ ក៏ប៉ុន្តែអាជ្ញាធរកម្ពុជា តែងតែបិទបាំងព័ត៌មានទាំងនេះ ហើយហាមឃាត់ពលរដ្ឋមិនឱ្យចូលទៅពិនិត្យមើលតំបន់ ដែលមានភាពចម្រូងចម្រាសគ្នានោះឡើយ។ លោកថា ការធ្វើបែបនេះ ធ្វើឱ្យកម្ពុជា ប្រឈមនឹងការបាត់បង់ទឹកដី៕
.