អត្ថបទ៖ វេទិកាពលរដ្ឋ
វេទិកាពលរដ្ឋ បានចេញសេចក្តីថ្លែងការណ៍ ហៅការបោះឆ្នោតឃុំសង្កាត់ថា ជាឧក្រិដ្ឋកម្មប្រជាធិបតេយ្យ បានចុះផ្សាយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២។ សេចក្តីថ្លែងការណ៍នេះ ចុះហត្ថលេខាដោយលោក គឹម សុខ ប្រធានវេទិកាពលរដ្ឋ។ សូមទាញយក«សេចក្តីថ្លែងការណ៍ / Download» ឬអានអត្ថបទខាងក្រោម។
គួរបញ្ជាក់ថា វេទិកាពលរដ្ឋនេះ ត្រូវបានផ្លាស់ប្តូរឈ្មោះពី ចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែឧសភា ថ្មីៗនេះ។ ចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ ក៏ត្រូវបានផ្លាស់ប្តូឈ្មោះពី ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបេតេយ្យ កាលពីឆ្នាំ២០២១ កន្លងទៅ។
សេចក្តីថ្លែងការណ៍
ស្តីពី «ការបោះឆ្នោត ៥ មិថុនា ២០២២ ជាឧក្រិដ្ឋកម្មប្រជាធិបតេយ្យ»
វេទិកាពលរដ្ឋ មានការសោកស្ដាយយ៉ាងខ្លាំង ដែលគណបក្សនានាចូលរួមបោះឆ្នោត ដោយមិនបានបង្ហាញសេចក្ដីក្លាហានតវ៉ាជាសាធារណៈ ទាមទារឲ្យមានការកែទម្រង់ដំណើរការនៃការបោះឆ្នោតជាមុន ពិតមែនតែការចូលរួមនៅក្នុងការបោះឆ្នោតខាងមុខ គឺជាសិទ្ធិ សេរីភាព ការជ្រើសរើស និង ការសម្រេចចិត្តរបស់គណបក្សនយោបាយ។ គណបក្សទាំងឡាយ សមណាស់តែមានសេចក្ដីក្លាហាន ក្នុងសកម្មភាពនយោបាយរបស់ខ្លួន ឲ្យស័ក្ដិសមជាអង្គការ នៃអ្នកនយោបាយបម្រើពលរដ្ឋ នៅក្នុងចលនាតស៊ូនយោបាយ ដើម្បីលទ្ធិប្រជាធិបតេយ្យ។
ការបោះឆ្នោតឃុំសង្កាត់ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ គឺជាព្រឹត្តិការណ៍ ដែលគណបក្សប្រជាជនកម្ពុជា ចាត់ចែងទាំងស្រុង ដើម្បីប្លន់យកអំណាចនៅមូលដ្ឋាន ដោយទាញគណបក្សផ្សេងៗទៀតឲ្យចូលរួមកំដរ ឲ្យឃើញមានរូបភាពបោះឆ្នោតគគ្រឹកគគ្រេង។ រូបភាពគគ្រឹកគគ្រេងទាំងនោះ មិនខុសអ្វីពីធ្វើសកម្មភាពបោកបញ្ឆោតសកម្មជន អ្នកគាំទ្រ និង ប្រជាពលរដ្ឋម្ចាស់ឆ្នោត ឲ្យគណបក្សប្រជាជនកម្ពុជា យកទៅប្រើប្រាស់ ដើម្បីបិទបាំងមុខមាត់ខុសច្បាប់ នៃរដ្ឋាភិបាលបច្ចុប្បន្នរបស់លោក ហ៊ុន សែន ដូចដែលលោក ហ៊ុន សែន ប្រកាសនៅទីក្រុងដាវ៉ូស ប្រទេសស្វីស យប់ថ្ងៃទី២១ ឧសភា បំភ័ន្ដយកចំណេញមុខ សម្រាប់គណបក្សខ្លួនរួចទៅហើយ ថា យុទ្ធនាការបោះឆ្នោត «ដែលត្រូវធ្វើឡើង ១៧គណបក្សចូលរួម នោះហើយជាទិដ្ឋភាពនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស»។
វេទិកាពលរដ្ឋ មើលឃើញថា គណបក្សប្រជាជនកម្ពុជា និង លោក ហ៊ុន សែន ត្រូវការតែរូបភាពឃោសនា និង វត្តមានប្រជាពលរដ្ឋចូលរួមបោះឆ្នោត ដើម្បីបំភ្លៃប្រាប់សហគមន៍អន្តរជាតិ អំពីរបស់ដែលហៅថា សេរីភាពប្រជាធិបតេយ្យ។ ប៉ុន្តែ លទ្ធផលបោះឆ្នោត ត្រូវលោក ហ៊ុន សែន និង គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) កំណត់ទុកជាមុនរួចទៅហើយ។ វាជាការបោះឆ្នោតដ៏អាក្រក់បំផុត ដែលសហគមន៍អន្តរជាតិ និង អង្គការជំនាញបោះឆ្នោតនៅក្នុងកម្ពុជា មិនដាក់អ្នកសង្កេតការណ៍តាមដាន ដើម្បីធ្វើរបាយការណ៍វាយតម្លៃទេ។
គណបក្សប្រជាជនកម្ពុជា និង គ.ជ.ប. អាចបែងចែកអាសនៈខ្លះៗ ឲ្យគណបក្សចូលរួមមួយចំនួន ដើម្បីគ្រាន់តែឲ្យមើលឃើញរូបភាពសម្លេងចម្រុះ លម្អអំណាចរដ្ឋបាលរបស់លោក ហ៊ុន សែន ក្នុងគោលដៅលួងលោមភ្នែកប្រជាពលរដ្ឋ និង សហគមន៍អន្តរជាតិសេរីប្រជាធិបតេយ្យ។ ប៉ុន្តែ តំណែងមេឃុំ និង ចៅសង្កាត់ នៅទូទាំងប្រទេស អាចនឹងត្រូវគណបក្សប្រជាជនកម្ពុជា រៀបចំទិន្នន័យបន្លំយកស្ទើរតែទាំងអស់ ។
ការបោះឆ្នោតឃុំសង្កាត់ខាងមុខនេះ មិនមែនត្រឹមតែជាការលួចសន្លឹកឆ្នោតទេ ប៉ុន្តែ គឺជាឧក្រិដ្ឋកម្មប្លន់លទ្ធផលនៃការបោះឆ្នោតតែម្ដង។ បើជាការលួចសន្លឹកឆ្នោត ដូចការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧ និង ការបោះឆ្នោតជាតិឆ្នាំ២០១៣ គណបក្សក្រៅរដ្ឋាភិបាល ក៏អាចប្រមូលបានអាសនៈប្រដំប្រសងនឹងគណបក្សកាន់អំណាចដែរ ពីព្រោះ គណបក្សកាន់អំណាច និង គ.ជ.ប. បានប្រឹងលួច តែនៅចន្លោះប្រហោង ដែលអាចលួចបានតែប៉ុណ្ណោះ។ ប៉ុន្តែ បើជាករណីប្លន់ ដូចការបោះឆ្នោតជាតិឆ្នាំ២០១៨ និង ឃុំសង្កាត់ឆ្នាំ២០២២ នោះលទ្ធផលនឹងចេញតួលេខ ស្រេចតែគណបក្សកាន់អំណាចកំណត់ចង់បាន ។
វេទិកាពលរដ្ឋ ពុំមានជំហរប្រឆាំងនឹងការសម្រេចចិត្តរបស់ប្រជាពលរដ្ឋម្ចាស់ឆ្នោត ឬ គណបក្សនយោបាយណាឡើយ ប៉ុន្តែ ប្រឆាំងដាច់ខាតនឹងអំពើអយុត្តិធម៌ធ្ងន់ធ្ងរ និងឧក្រិដ្ឋកម្មបោះឆ្នោត។ យើងខ្ញុំយល់ឃើញថា ទោះបីជាប្រជាពលរដ្ឋគ្រប់រូប ចេញទៅបោះឆ្នោតឲ្យគណបក្សក្រៅរដ្ឋាភិបាល នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ក៏ដោយ ក៏នឹងមិនធ្វើឲ្យមានការប្រែប្រួលអ្វីដែរ ពីព្រោះ លទ្ធផលបោះឆ្នោត ត្រូវគណបក្សប្រជាជនកម្ពុជា និង គ.ជ.ប. រៀបចំទុករួចស្រេច តាំងពីមុនការបោះឆ្នោតម៉្លេះ។
សហរដ្ឋអាមេរិក ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២
គឹម សុខ (ហត្ថលេខា)
ប្រធានវេទិកាពលរដ្ឋ
.