អត្ថបទ វេទិកាពលរដ្ឋ

វេទិកាពលរដ្ឋ​ ដែល​​​មាន​​មូលដ្ឋាន​​នៅ​​សហ​រដ្ឋ​​​អាមេរិក បាន​​សេចក្តី​​ថ្លែង​ការណ៍​ថា ​​លោក ហ៊ុន ម៉ាណែត​ ជា​នាយក​រដ្ឋមន្ត្រី​​ខុស​​ច្បាប់ មិន​តំណាង​ផល​ប្រយោជន៍​ប្រជា​ពលរដ្ឋ​ខ្មែរ​ឡើយ។ សេចក្តី​ថ្លែង​ការណ៍​នេះ ​ចុះ​​​ហត្ថ​លេខា​​ដោយ​​​លោក គឹម សុខ ប្រធាន​​​​វេទិកា​​​ពលរដ្ឋ ចុះផ្សាយ​កាល​ពី​​ថ្ងៃ​ទី​​២២ ខែ​​សីហា ឆ្នាំ​២០២៣។ សូម​ទាញ​យក ​«សេចក្តី​ថ្លែងការណ៍ (Download)» ឬ​​អាន​អត្ថបទ​ខាង​ក្រោម។

សេចក្តីថ្លែងការណ៍
លោក ហ៊ុន ម៉ាណែត​ ជា​នាយក​រដ្ឋមន្ត្រី​​ខុស​​ច្បាប់ មិន​តំណាង​ផល​ប្រយោជន៍​ប្រជា​ពលរដ្ឋ​ខ្មែរ​ឡើយ

វេទិកាពលរដ្ឋ ប្រឆាំង​​ដាច់​​ខាត​នូវ​​ការ​​តែង​​តាំង​​លោក​ ហ៊ុន​ ​ម៉ាណែត​ ជា​នាយក​រដ្ឋ​មន្ត្រី នៃ​ព្រះ​រាជា​ណាចក្រ​​កម្ពុជា ពី​ព្រោះ វា​ជា​ដំណើរ​ការ ដែល​កើត​ពី​ការ​បោះ​ឆ្នោត​ខុស​ច្បាប់ ជា​ពិសេស​ផ្ទុយ​ពី​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ ដែល​ជា​ច្បាប់​កំពូល​របស់​ប្រទេស​ជាតិ​។ លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ខុស​ច្បាប់ កាល​ពី​ថ្ងៃ​ទី​២៣​ កក្កដា ២០២៣ បង្កើត​បាន​ត្រឹម​តែ​រដ្ឋសភា​ដែល​ខុស​ច្បាប់ ហើយ​រដ្ឋសភា​ខុស​ច្បាប់ បង្កើត​បាន​តែ​រដ្ឋាភិបាល​ខុស​ច្បាប់​ ដែល​ដឹកនាំ​ដោយ​នាយក​រដ្ឋមន្ត្រី និង​គណៈ​រដ្ឋមន្ត្រី​ខុស​ច្បាប់។

ជាក់ស្ដែងណាស់ ​លោក​ ហ៊ុន​ ​ម៉ាណែត គឺ​ជា​នាយក​រដ្ឋមន្ត្រី​ខុស​ច្បាប់ នៃ​រដ្ឋាភិបាល​ខុស​ច្បាប់​ នៅ​ប្រទេស​កម្ពុជា។​

ការបោះឆ្នោត​កាល​ពី​ថ្ងៃទី​២៣ កក្កដា ២០២៣ មិន​អាច​ចាត់​ទុក​ថា ជា​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ ដើម្បី​បង្កើត​រដ្ឋសភា​របស់​ប្រទេស​ជាតិ​ឡើយ ពី​ព្រោះ គ្មាន​ភាព​សេរី មិន​ត្រឹម​ត្រូវ អត់​យុត្តិធម៌ ពុំ​មាន​ភាព​ស្មើភាព និង គំរាម​កំហែង​ភាព​សម្ងាត់ នៅ​ពេល​ក្រុម​អ្នក​នយោបាយ និង គណបក្ស​នយោបាយ​គូ​ប្រជែង ដែល​មាន​សក្ដានុពល​នានា ត្រូវ​បាន​រុញ​ចេញ​ពី​សង្វៀន​ទាំង​អស់ រីឯ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (គ.ជ.ប.)វិញ នៅ​ក្រោម​ឥទ្ធិពល​ផ្តាច់​មុខ របស់​លោក ហ៊ុន​ សែន​។ គឺផ្ទុយ​ស្រឡះ​ពី​ខ្លឹមសារ ស្នូល​នៃ​ច្បាប់​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ មាត្រា​២ និង​មាត្រា៥ និង​ជាពិសេស ស្មារតី​រដ្ឋធម្មនុញ្ញ មាត្រា​៧៦ ​ថ្មី។

កាលណា​ការ​បោះ​ឆ្នោត​ខុស​ច្បាប់ ដែល​បង្កើត​បាន​រដ្ឋសភា និង រដ្ឋាភិបាល​ខុស​ច្បាប់ គឺ​មិន​មែន​ជា​ស្ថាប័ន​ជាតិ​តំណាង​​ផល​ប្រយោជន៍​ប្រជា​ពលរដ្ឋ នោះ​ប្រជា​ពលរដ្ឋ​មិន​អាច​ប្រើ​អំណាច​របស់​ពួក​គាត់ ជា​ម្ចាស់​ប្រទេស​ តាម​រយៈ​រដ្ឋសភា និង​រដ្ឋាភិបាល ដូច​មាន​ចែង​ក្នុង​មាត្រា​៥១ ថ្មី នៃ​រដ្ឋធ​ម្មនុញ្ញ ព្រមទាំង សិទ្ធិ និង ករណីកិច្ច របស់​ប្រជា​ពលរដ្ឋ​ខ្មែរ ត្រង់​ជំពូក​ទី​៣ នៃ​រដ្ឋធម្មនុញ្ញ​ទេ។ ប្រជា​ពលរដ្ឋ​បាត់​បង់​ប្រយោជន៍​ទាំង​ស្រុង ព្រោះ​តែ​រដ្ឋសភា និង​រដ្ឋាភិបាល​ខុស​ច្បាប់ ដែល​ដឹកនាំ​ដោយ​នាយក​រដ្ឋមន្ត្រី​ខុស​ច្បាប់។

វេទិកាពលរដ្ឋ អំពាវ​នាវ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ នៅ​គ្រប់​ទិស​ទី ទូទាំង​ពិភពលោក ស្រុះ​គ្នា​ក្រោក​ឡើង​ ធ្វើ​សកម្មភាព តវ៉ា​ប្រឆាំង​នឹង​នាយក​រដ្ខមន្ត្រី​ខុស​ច្បាប់ ហ៊ុន​ ម៉ាណែត​ និង រដ្ឋាភិបាល​ខុស​ច្បាប់​រប​ស់គាត់។ គឺ​យើង​ធ្វើ​ប្រតិកម្ម​ខ្លាំងៗ តវ៉ា​រហូត​​មាន​កា​រ​​ផ្លាស់​​ប្ដូរ​ជា​វិជ្ជមាន​នៅ​ប្រទេស​កម្ពុជា ឬ​យ៉ាង​ហោច​ណាស់ ក៏​មាន​សញ្ញា​នៃ​ការ​ស្ដារ​ប្រជា​ធិបតេយ្យ​កម្ពុជា​ឡើង​វិញ​ដែរ។

សហរដ្ឋអាមេរិក ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣

​(ហត្ថលេខា)
គឹម សុខ
ប្រធានវេទិកាពលរដ្ឋ