អត្ថបទ​៖ វេទិកាពលរដ្ឋ

អនុប្រធាន​វេទិកាពលរដ្ឋ លោក ម៉ែន ណាត បានចុះ​ហត្ថលេខា​លើក​លិខិតចំហ​ ជូន​លោក​​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ ស្តីពី​ការបើកផ្លូវ​ឲ្យ​ពលរដ្ឋ​ខ្មែរ ​ចុះ​ពិនិត្យ​ព្រំដែន​វៀតណាម​បាន {មានវីដេអូ}។ លិខិត​​នេះ ចេញ​ផ្សាយ​នៅ​ថ្ងៃទី​​២៣ ខែ​ឧសភា ឆ្នាំ​២០២២។ សូម​ទាញ​យក​«លិខិតចំហ / Download» ឬ​អាន​អត្ថបទ​ខាង​ក្រោម។

លិខិតចំហ
ជូនសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី

វេទិកាពលរដ្ឋ កត់​សម្គាល់​ឃើញ​ថា កន្លង​មក មាន​តែ​​ប្រជា​ពលរដ្ឋ​​វៀតណាម និង​ សិស្ស​សាលា​វៀតណាម​ប៉ុណ្ណោះ ដែល​ត្រូវ​បាន​អាជ្ញាធរ​​វៀតណាម បើក​​ទូលាយ ដឹកនាំ​ទៅ​​មើល​​បង្គោល​ព្រំដែន។ យើង​ខ្ញុំ​​ទាម​​ទារ​​ថា ប្រជា​ពលរដ្ឋ​​ខ្មែរ​​យើង ក៏​ត្រូវ​តែ​​បាន​​ឱកាស​​នេះ​​ដូច​គ្នា​​ដែរ ចាប់​​ពី​ពេល​នេះ​ទៅ។

យើង​ខ្ញុំ​មាន​​សេចក្តី​អំណរ ដែល​​បាន​​ស្ដាប់​​ឮ​​ការ​ថ្លែង​​របស់​​សម្ដេច​​នាយក​រដ្ឋមន្ត្រី នៅ​​ទីក្រុង​ដាវ៉ូស ប្រទេស​​ស្វីស យប់​ថ្ងៃទី​​២១ ខែ​ឧសភា ឆ្នាំ​២០២២ ប្រាប់​​ពលរដ្ឋ​​ខ្មែរ​​នៅ​អឺរ៉ុប ថា «… គេ​និយាយ​​ពី​​រឿង​​បាត់​​ទល់​ដែន បាត់​ដី មួយ​​ថ្ងៃៗ លក់​​ដី​​​ឲ្យ វៀតណាម​​ប៉ុន្មាន អី​ប៉ុន្មាន ឲ្យ​​គាត់​​[ក្នុង​​ប្រទេស] ទៅ​​ទល់​​ដែន​​ទៅ ហើយ​​ឲ្យ​​គាត់​​បញ្ចាំង​​វីដេអូ​ខល (Video Call) ឲ្យ​​យើង [ក្រៅ​​ប្រទេស] មើល​​បាន​​តើ មាន​​ស្អី ធ្វើ​​ឡាយ​​ហ្វេសប៊ុក (Live Facebook) ចេញ​​ពី​​ទល់​ដែន​ហ្នឹង​​មក ដី​​ត្រង់​​ណា​​ទល់​​ដែន? ត្រង់​ណា​​មិន​​ទល់​ដែន? … »។

វេទិកាពលរដ្ឋ សូម​ស្វាគមន៍​ចំពោះ​ប្រសាសន៍​នេះ​របស់​សម្ដេច។ ផ្អែក​​តាម​​ប្រសាសន៍​​របស់​​សម្ដេច ប្រជា​ពលរដ្ឋ​ខ្មែរ​​គ្រប់​និន្នាការ ទាំង​ក្នុង និង​ក្រៅ​ប្រទេស មាន​សិទ្ធិ​សេរីភាព​ពេញលេញ ក្នុង​ការ​ចុះ​ទៅ​មើល​ខ្សែ​បន្ទាត់​ព្រំដែន និង បង្គោល​ព្រំដែន ដែល​​បោះ​រួច​ហើយ ជាមួយ​ប្រទេស​ជិត​ខាង​ទាំង​អស់ ដោយ​​មិន​​មាន​​ភាព​​តឹង​តែង​​ហួស​ហេតុ​ពេក រហូត​​ដល់​​គំរាម​​កំហែង​​ធ្ងន់ៗ និង ចាប់​​ដាក់​គុក​​ទាំង​បំពាន ដូច​ករណី​មុនៗ​ទៀត​ឡើយ។

​ដើម្បីបញ្ជាក់ថា សេចក្ដីថ្លែង​របស់​​សម្ដេច អាច​យក​ជាការ​បាន ក្នុង​រឿង​ចុះ​មើល​ព្រំដែន​នេះ វេទិកាពលរដ្ឋ ស្នើ​សុំ​ចំណារ​​អនុញ្ញាត​ដោយ​ផ្ទាល់​ពីសម្ដេច​នាយក​រដ្ឋមន្ត្រី យល់​ព្រម​ឲ្យ​យើង​ខ្ញុំ អាច​ចាត់​តំណាង​ទៅ​ពិនិត្យមើល​ខ្សែ​បន្ទាត់​​ព្រំដែន និង បង្គោល​ទាំង​ឡាយ ដែល​រដ្ឋាភិបាល​នៃ​សម្ដេច បាន​សម្រេច​ជា​​ផ្លូវការ​កន្លង​មក ជាមួយ​ប្រទេស​​ជិត​ខាង។

​ដោយសារ​បញ្ហា​ទឹកដី​​ព្រំដែន ជា​រឿង​​ជាតិ​​នៃ​​​យើង​​ទាំង​អស់​​គ្នា ដែល​យើងត្រូវ​រួមគ្នា​ទទួលខុស​ត្រូវ​នោះ វេទិកា​ពលរដ្ឋ សង្ឃឹម​ថា សម្ដេច នឹង​មិន​បដិសេធ​សំណើ​របស់​យើង​ខ្ញុំ​ឡើយ។ នេះ​​គឺ​​ជា​ស្មារតី​ជាតិ ស្រប​តាម​កិច្ច​ព្រម​ព្រៀង​​សន្តិភាព​​ក្រុង​ប៉ារីស៍ ២៣ តុលា ១៩៩១ និង រដ្ឋធម្មនុញ្ញ​កម្ពុជា។

​សហរដ្ឋអាមេរិក ថ្ងៃទី​២៣ ខែ​ឧសភា ឆ្នាំ​២០២២

ម៉ែន ណាត (ហត្ថលេខា)
អនុប្រធាន​ វេទិកាពលរដ្ឋ

………………………..
ខាងក្រោមនេះ គឺសម្លេងទាំងស្រុងរបស់លោក ហ៊ុន សែន

……………………….
ក្រុមអ្នកឃ្លាំមើល៖ ការបោះបង្គោលព្រំដែនពាមួយ​វៀតណាម ៩០% ជា​ឧក្រិដ្ឋកម្ម​ជាតិ – អ៊ុំ សំអាន​, ម៉ែន ណាត