The Cambodia Daily
22-6-2026
ប្រធានខាងផ្នែកប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មាន The Cambodia Daily ជាភាសាខ្មែរ ដែលមានមូលដ្ឋានក្នុងរដ្ឋធានីវ៉ាស៊ីនតោន លោក តាំង សារ៉ាដា កាលពីព្រឹកថ្ងៃចន្ទ (ថ្ងៃទី១៩ មិថុនា) ដើមសប្តាហ៍នេះ ត្រូវបានសមាជិកបក្សកាន់អំណាច ដែលស្និទ្ធនឹងក្រុមគ្រួសារលោក ហ៊ុន សែន គឺលោក ផែង វណ្ណៈ គំរាមសម្លាប់ដោយពុះក្បាលនឹងពូថៅ ប្រសិនបើលោកហ៊ានមកជាន់ទឹកដីខ្មែរ នៅថ្ងៃណាមួយ ហើយថា គេក៏មានមនុស្សនៅសហរដ្ឋអាមេរិក ដែលមិនចូលចិត្តលោក តាំង សារ៉ាដា ដែរ។
លោក ផែង វណ្ណៈ បានផ្ញើសារជាសំឡេងទៅកានទំព័រហ្វេសប៊ុក របស់លោក តាំង សារ៉ាដា កាលពីថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោងប្រមាណជា ១០ព្រឹកម៉ោងនៅសហរដ្ឋអាមេរិក ដោយគំរាមផ្តាច់ជីវិតប្រធានផ្នែកប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មាន The Cambodia Daily ជាភាសាខ្មែររូបនេះ ស្របពេលដែលលោក តាំង សារ៉ាដា មិនដែលមានទំនាក់ទំនង ឬឈ្លោះប្រកែកជាពាក្យសម្ដី ជាមួយលោក ផែង វណ្ណៈ នោះឡើយ។
លោក ផែង វណ្ណៈ ដែលឧស្សាហ៍ជេរប្រមាថមាក់ងាយអ្នកដទៃជាសាធារណៈ បានគំរាមនៅក្នុងសារសំឡេងនោះថា «សូមលោក តាំង សារ៉ាដា ប្រយ័ត្នខ្លួន ព្រោះនៅទឹកដីសហរដ្ឋអាមេរិកក៏មាន “គេ” ដែលលោកចង់សំដៅដល់សមាជិករបស់ គណបក្សប្រជាជនកម្ពុជា ក៏មិនចូលចិត្តលោក តាំង សារ៉ាដា ហើយ “គេ” ក៏អាចធ្វើបាបលោក តាំង សារ៉ាដា តាមវិធីណាក៏បាននៅគ្រប់ពេលវេលាទាំងអស់»។
ជាងនេះទៀត លោក ផែង វណ្ណៈ ក៏បានគំរាមថា ប្រសិនបើថ្ងៃណាមួយលោក តាំង សារ៉ាដា ហ៊ានមកជាន់ទឹកដីខ្មែរ លោកនឹងចេញមុខសម្លាប់ប្រធានផ្នែកប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មាន The Cambodia Daily ជាភាសាខ្មែររូបនេះ ដោយផ្ទាល់ដៃរបស់លោកតែម្តង។
ក្រៅពីគំរាមសម្លាប់ជីវិតលោក តាំង សារ៉ាដា ហើយ លោក ផែង វណ្ណៈ ក៏បានជេរប្រមាថលើក្រុមគ្រួសារ ដូចជាម្តាយ និងភរិយារបស់លោក ដោយការប្រើពាក្យអសុរោះជាទីបំផុត ហើយដែលមនុស្សមានសីលធម៌ មិនអាចនិយាយទៅកើត។
ការគំរាមសម្លាប់នេះ ធ្វើឡើងបន្ទាប់ពីប្រធានផ្នែកប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មាន The Cambodia Daily ជាភាសាខ្មែរ លោក តាំង សារ៉ាដា បានអញ្ជើញវាគ្មិន ឱ្យចូលរួមកិច្ចសម្ភាសន៍ក្នុងកម្មវិធី Idea Talk របស់សារព័ត៌មាន The Cambodia Daily ដែលបានលើកឡើងពាក់ព័ន្ធនឹងការគ្រប់គ្រងអំណាច នៃក្រុមគ្រួសារត្រកូល «ហ៊ុន» ដែលញាំញីទៅដោយការរំលោភអំណាច ការប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ ការបំផ្លាញធនធានធម្មជាតិ និងជម្លោះផ្ទៃក្នុង របស់បក្សប្រជាជនកម្ពុជា ក្នុងបំណងលើកស្ទួយលោក ហ៊ុន ម៉ាណែត ឱ្យស្នងអំណាចពីលោក ហ៊ុន សែន ទៅថ្ងៃមុខ។
ការគំរាមសម្លាប់ផ្តាច់ជីវិតលោក តាំង សារ៉ាដា ពីសំណាក់លោក ផែង វណ្ណៈ នេះ មិនមែនជាលើកទីមួយទេ ព្រោះថា បុគ្គលរូបនេះ ធ្លាប់បានប្រព្រឹត្តអំពើអសីលធម៌បែបនេះ ទៅលើអ្នកដទៃទៀតជាច្រើនលើករួចមកហើយ ប៉ុន្តែគ្មានស្ថាប័នមានសមត្ថកិច្ចណាមួយ ចាត់វិធានការច្បាប់លើបុគ្គលរូបនេះឡើយ រហូតមានពេលខ្លះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ក៏បានជួយ Like និង Share ដែលជាការបង្ហាញនូវការគាំទ្រទង្វើអសីលធម៌របស់បុគ្គលនោះថែមទៀត។
ទាក់ទិននឹងបញ្ហានេះ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ក្នុងកម្មវិធីផ្សាយផ្ទាល់ លើបណ្ដាញសង្គមហ្វេសប៊ុក លោក ផែង វណ្ណៈ ធ្លាប់បានគំរាមថា ខ្លួននឹងជេរប្រមាថលោក តាំង សារ៉ាដា រហូតទាល់តែម្តាយរបស់លោក តាំង សារ៉ាដា ធ្លាក់ខ្លួនឈឺដោយការជេរប្រមាថរបស់ខ្លួន ក្នុងនោះ លោក ផែង វណ្ណៈ បានហៅម្តាយលោក តាំង សារ៉ាដា ថាជាស្រីសំផឹងកប់ៗមាត់តែម្តង។
ក្នុងកម្មវិធីផ្សាយផ្ទាល់នៅពេលនោះ បុគ្គលដែលតែងប្រើពាក្យគ្មានសីលធម៌រូបនេះ បានគំរាមថា ខ្លួននឹងឱ្យភ្នាក់ងារតាមដានលោក តាំង សារ៉ាដា ដើម្បីឱ្យដឹងថា ប្រធានផ្នែកប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មាន The Cambodia Daily ជាភាសាខ្មែររូបនេះចូលស្រុកខ្មែរនៅពេលណា ប៉ុន្តែការគំរាមទាំងនេះ គ្មានអាជ្ញាធរមានសមត្ថកិច្ចណាម្នាក់ ឬស្ថាប័នណាមួយហៅបុគ្គលនេះទៅអប់រំណែនាំ ឬដើម្បីធ្វើការស៊ើបអង្កេតនៅឡើយ រហូតដល់ពេលនេះ។
សារព័ត៌មាន The Cambodia Daily ដែលមានលោក តាំង សារ៉ាដា ជាប្រធានផ្នែកប្រព័ន្ធផ្សព្វផ្សាយជាភាសាខ្មែរ តែងអញ្ជើញវាគ្មិននានា មកបកស្រាយ លាតត្រដាងពីការពិត ដែលបានកើតមានក្នុងសង្គមខ្មែរ តាមរយៈកម្មវិធី Idea Talk ដើម្បីផ្តល់ជាព័ត៌មានដល់ប្រជាពលរដ្ឋខ្មែរ នៅជុំវិញពិភពលោក ក្នុងគោលដៅលើកស្ទួយសិទ្ធិមនុស្ស លើកស្ទួយលទ្ធិប្រជាធិបតេយ្យ ស្របតាមរដ្ឋធម្មនុញ្ញរបស់កម្ពុជា និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ទៅតាមវិជ្ជាជីវៈជាអ្នកសារព័ត៌មាន គ្រប់កម្មវិធីផ្សាយទាំងអស់។
ជាងនេះទៀត ក្នុងកិច្ចសម្ភាសន៍តាមរយៈកម្មវិធី Idea Talk រហូតមក ទាំងវាគ្មិនដែលបានចូលរួម និងលោក តាំង សារ៉ាដា ដែលជាអ្នកសម្របសម្រួលកម្មវិធីផ្ទាល់ មិនដែលបានប្រើពាក្យអសុរោះ ពាក្យអសីលធម៌ ឬប្រើភាសាលាបពណ៌ មួលបង្កាច់បុគ្គលណា ឬស្ថាប័នណាឡើយ គឺគ្រាន់តែទម្លាយនូវហេតុការណ៍ទាំងឡាយ ដែលសារព័ត៌មានក្នុងស្រុក មិនអាចនិយាយបាន ដោយសារមានការគំរាមកំហែងពីរដ្ឋាភិបាល ឬដោយសារពួកគេ មិនបានដឹងរឿងសម្ងាត់ ដែលបានកើតមានក្នុងរង្វង់គ្រួសារអ្នកមានអំណាច នៅកម្ពុជាប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ លោក ផែង វណ្ណៈ ក៏ធ្លាប់ត្រូវសមត្ថកិច្ចចាប់ខ្លួន ដាក់ពន្ធនាគារដែរ កាលពីឆ្នាំ២០១៩ ប៉ុន្តែមិនមែនដោយសារបុគ្គលរូបនេះ គំរាមអ្នកដទៃនោះទេ គឺដោយសារការនិយាយរបស់គាត់លើបណ្ដាញសង្គមហ្វេសប៊ុក ធ្វើឱ្យប៉ះពាលដល់មេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន ក្នុងជម្លោះរបស់បុគ្គលរូបនោះ ជាមួយអគ្គនាយកសារព័ត៌មាន Fresh News ដែលជាអង្គភាពមួយបម្រើឱ្យគ្រួសារត្រកូលហ៊ុន ដោយឥតងាករេប៉ុណ្ណោះ។
ក្រោយចេញពីពន្ធនាគារ គេសង្កេតឃើញថា ពិតមែនតែលោក ផែង វណ្ណៈ កែប្រែលែងហ៊ាននិយាយអ្វី ដែលនាំឱ្យប៉ះពាល់ដល់លោក ហ៊ុន សែន ប៉ុន្តែបុគ្គលរូបនេះ នៅតែបន្តប្រើអត្តចរិតព្រហើនកោងកាច ព្រៃផ្សៃ យង់ឃ្នង អសីលធម៌ ជេរប្រមាថអ្នកដទៃដូចមុនដដែល ដោយមានមតិខ្លះលើកឡើងថាមានលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ជាអ្នកការពារពីក្រោយខ្នង។
ជាក់ស្តែង កាលពីពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៣ លោក ផែង វណ្ណៈ បានជេរប្រមាថទៅលើស្ត្រីអ្នកសារព័ត៌មានម្នាក់ គឺកញ្ញា ប៉ា សុខេង ដែលជាបុគ្គលិកសារព័ត៌មាន វីអូឌី យ៉ាងធ្ងន់ធ្ងរ ពាក់ព័ន្ធនឹងការបរិហារកេរ្តិ៍ភេទរបស់ស្ត្រី ក្នុងនោះអង្គការក្រៅរដ្ឋាភិបាលជាច្រើន បានទាមទារឱ្យលោក ផែង វណ្ណៈ សុំទោសលើសម្ដីរបស់ខ្លួនដែលបានប្រមាថលើស្ត្រីអ្នកសារព័ត៌មាននោះផងដែរ ប៉ុន្តែត្រូវបានលោក ហ៊ុន សែន ចេញមុខអន្តរាគមន៍លើករណីនេះ។
ជាងនេះទៅទៀត លោក ផែង វណ្ណៈ មិនមែនទើបតែជេរប្រមាថ និងគំរាមសម្លាប់មនុស្សនៅពេលនេះនោះទេ គឺបុគ្គលរូបនេះ ធ្លាប់បានគំរាមសម្លាប់អ្នកដទៃទៀត តាំងពីយូរមកហើយ។ ជាក់ស្តែង កាលពីឆ្នាំ២០១៣ លោក ផែង វណ្ណៈ បានគំរាមសម្លាប់មេដឹកនាំគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដោយសរសេរលើគណនីហ្វេសប៊ុករបស់ខ្លួនថា ខ្លួននឹងទុកគ្រាប់កាំភ្លើងចំនួន ៧ គ្រាប់ឱ្យលោក កឹម សុខា ក្នុងនោះគ្រាប់ទី១ បាញ់យកដៃឆ្វេង គ្រាប់ទី២ បាញ់យកដៃស្តាំ គ្រាប់ទី៣ បាញ់ជើងឆ្វេង គ្រាប់ទី៤ បាញ់ជើងស្តាំ គ្រាប់ទី៥ បាញ់ពោះ គ្រាប់ទី៦ បាញបេះដូង និងគ្រាប់ទី៧ បាញ់ឱ្យចំក្បាលលោក កឹម សុខា តែម្តង។
ក្រោយពីលោក ផែង វណ្ណៈ បង្ហោះសារបែបនេះ សមត្ថកិច្ចបានហៅលោក ផែង វណ្ណៈ មកសួរនាំដែរ ប៉ុន្តែបានដោះលែងឲ្យរួចខ្លួនវិញ ដោយគ្មានការស៊ើបអង្កេត និង គ្មានចំណាត់ការផ្លូវច្បាប់អ្វីទាំងអស់ បន្ទាប់ពីបុគ្គលរូបនោះបានបដិសេធថា ហ្វេសប៊ុករបស់ខ្លួនត្រូវគេលួចយកទៅប្រើ ប៉ុន្តែនៅមុនសមត្ថកិច្ចហៅទៅសាកសួរ លោក ផែង វណ្ណៈ មិនដែលបានប្រកាសពីការបាត់គណនីហ្វេសប៊ុករបស់ខ្លួនថា មានគេលួចប្រើនោះឡើយ៕