The Cambodia Daily
25-9-2021
បញ្ញវន្តខ្មែរនៅឯនាយសមុទ្រ បានព្រមានរដ្ឋាភិបាលកម្ពុជាថា ត្រូវតែដកខ្លួនចេញពីគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍ (Development Triangle Area) ជាដាច់ខាត ព្រោះគម្រោងនេះគ្រាន់តែជាផែនការរបស់វៀតណាម ដើម្បីឈ្លានពានព្រំដែន សេដ្ឋកិច្ច និងនយោបាយប្រជាសាស្ត្រលើកម្ពុជា ដូច្នេះកម្ពុជាមិនទទួលបានផលចំណេញពីគម្រោងនេះទេ គឺមានតែខាតបង់ប៉ុណ្ណោះ។
ប្រធានក្រុមប្រឹក្សាភិបាលនៃចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ (PMD) លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៤ កញ្ញា ថា ខេត្តខ្មែរដែលស្ថិតក្នុងតំបន់ត្រីកោណនេះរួមមាន ខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ និងស្ទឹងត្រែង ពុំមានការរីកចម្រើនទេ ប៉ុន្តែព្រៃឈើប្រណិតរបស់ខ្មែរនៅខេត្តទាំងនោះមានតែហិនហោចទៅៗប៉ុណ្ណោះ។
លោកបារម្ភយ៉ាងខ្លាំងចំពោះធនធានធម្មជាតិរបស់កម្ពុជា ដែលនឹងត្រូវបាត់បង់មិនត្រឹមតែធនធានរ៉ែ និងព្រៃឈើដែលមានតម្លៃមហាសាលប៉ុណ្ណោះទេ ប៉ុន្តែដីធ្លីរបស់ខ្មែរក៏នឹងត្រូវបាត់បង់ផងដែរនៅពេលដែលជនជាតិវៀតណាម អាចចូលទៅរស់នៅរហូតមានសិទ្ធិកាន់កាប់ស្របច្បាប់ពេញលេញ បន្ទាប់ពីពួកគេបានរស់នៅអស់ជាច្រើនជំនាន់ទៅនោះ។
លោក ម៉ែន ណាត បញ្ជាក់ថា ក្នុងគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍នេះ មានតែជនជាតិវៀតណាមប៉ុណ្ណោះ ដែលបានដើរតួជាឈ្មួញកាន់គម្រោងអភិវឌ្ឍន៍ធំៗ លើទឹកដីកម្ពុជា ស្របពេលដែលរដ្ឋាភិបាលខ្មែរ បានសម្បទានដីរាប់ពាន់ហិកតារឱ្យពួកគេ ខណៈដីរបស់វៀតណាម ដែលបានដាក់ជាចំណុះក្នុងតំបន់ត្រីកោណនេះ មិនទាន់មានជនជាតិខ្មែរណាម្នាក់មានសិទ្ធិគ្រប់គ្រង ឬសម្បទានដីឱ្យឈ្មួញខ្មែរណាម្នាក់ ដើម្បីអភិវឌ្ឍលើដីរបស់ពួកគេឡើយ។
ការបារម្ភរបស់លោក ម៉ែន ណាត កើតមាន បន្ទាប់ពីគណៈកម្មាធិការបរទេសនៃសភាកម្ពុជា ឡាវ និងវៀតណាម បានចេញសេចក្តីប្រកាសរួមគ្នាមួយក្នុងសន្និសីទលើកទី៨ ស្ដីពីការជំរុញភាពជាដៃគូសភា ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព និងការឆ្លើយតបចំពោះវិបត្តិ Covid-19 ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម ឬហៅថា CLV (Cambodia, Laos, Vietnam) កាលពីថ្ងៃទី២៣ ខែកញ្ញា ម្សិលមិញនេះ។
ប្រភពដដែលអះអាងថា សន្និសីទនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងភាពជាដៃគូទំនាក់ទំនងមិត្តភាពជាប្រពៃណី នៃសភាប្រទេសទាំងបី ដើម្បីពន្លឿនការស្ដារឡើងវិញនូវសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ពលរដ្ឋ កំពុងរស់នៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ ដែលទទួលរងផលប៉ះពាល់ដោយសារជំងឺ Covid-19។
សេចក្តីប្រកាសខាងលើបញ្ជាក់ថា អង្គសន្និសីទបានស្នើឱ្យទាំងអាជ្ញាធរថ្នាក់ជាតិ និងថ្នាក់មូលដ្ឋានក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍នេះ ត្រូវតែប្ដេជ្ញាចិត្តខ្ពស់ ក្នុងការថែរក្សាទំនាក់ទំនងមិត្តភាព ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាសន្តិសុខ អស្ថិរភាពតាមព្រំដែន នៅតំបន់ដែលមិនទាន់ឯកភាពគ្នា ដែលអាចនឹងកើតមានជម្លោះជាយថាហេតុនៅថ្ងៃណាមួយ។
តំបន់អភិវឌ្ឍន៍ត្រីកោណ ឬហៅថា CLV បានព្រមព្រៀងបង្កើតឡើងកាលពីឆ្នាំ១៩៩៩ ដោយរដ្ឋាភិបាលកម្ពុជា ឡាវ និងវៀតណាម។ ក្នុងនោះមានខេត្តចំនួន ១៣ ដែលភាគីនីមួយៗ បានដាក់បញ្ចូលក្នុងងតំបន់អភិវឌ្ឍន៍ត្រីកោណនេះ រួមមាន៖
- ខាងភាគីកម្ពុជា បានដាក់ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី
- រីឯភាគីឡាវ បានដាក់ខេត្ត ៤ ដែរ ដូចជាខេត្តចំប៉ាសាក់ សាលវ៉ាន់ សេកុង និងខេត្តអាតាពើ
- ចំណែកភាគីវៀតណាម សម្រេចដាក់ខេត្ត ៤ ដូចគ្នា គឺខេត្តយ៉ាឡាយ កនតុម ដាក់ឡាក់ និងខេត្តប៊ិញភឿក។
ខេត្តទាំង ៤ របស់កម្ពុជា មានចំនួនប្រជាជនសរុបប្រមាណ ៥០ ម៉ឺននាក់ ខណៈខេត្តទាំង ៤ របស់ប្រទេសឡាវ មានប្រជាជនប្រមាណ ៧០ ម៉ឺននាក់ រីឯខេត្តទាំង ៤ របស់ប្រទេសវៀតណាម មានប្រជាជនសរុបប្រមាណជាង ៧ លាននាក់ឯណោះ។
ក្រុមអ្នកឃ្លាំមើលសង្គមរិះគន់ថា ប្រសិនបើប្រទេសវៀតណាម គ្រាន់តែបញ្ជូនប្រជាជនរបស់ខ្លួនត្រឹមតែ ១ លាននាក់ចូលមកធ្វើការ និងរកស៊ីក្នុងខេត្តទាំង ៤ របស់កម្ពុជា ដែលមានពលរដ្ឋខ្មែរសរុបត្រឹមតែ ៥០ ម៉ឺននាក់នោះ ក៏ជនជាតិវៀតណាម មានចំនួនច្រើនជាងពលរដ្ឋខ្មែរ ដល់ទៅពាក់កណ្ដាលទៅហើយ។ ដូច្នេះពិតជាគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់កម្ពុជា ខណៈបរទេសជិតខាងមួយនេះ នៅតែចិញ្ចឹមមហិច្ឆតារំលោភកាន់កាប់កម្ពុជាជាប់មិនដាច់មកទល់នឹងពេលនេះ។
ទាក់ទិននឹងករណីនេះ មន្ត្រីសង្គមស៊ីវិល និងក្រុមអ្នកឃ្លាំមើលកម្ពុជា ជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ដកខ្លួនចេញពីគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍នេះជាបន្ទាន់ ដើម្បីអភិវឌ្ឍខ្លួនឯងឱ្យរឹងមាំជាមុនសិន ចាំគិតគូរពិចារណារឿងការអភិវឌ្ឍរួមគ្នានេះឡើងវិញ ដើម្បីបញ្ចៀសហានិភ័យនានា ឬគ្រោះថ្នាក់ ធ្វើឱ្យបាត់បង់ព្រំដែនកម្ពុជា ទៅថ្ងៃក្រោយបន្ថែមទៀត៕

.
.