The Cambodia Daily
29-9-2021
ក្រុមអ្នកតស៊ូមតិខ្មែរមួយក្រុម រិះគន់អំពីជំនួបមេដឹកនាំកម្ពុជា វៀតណាម និងឡាវ ថាទំនាក់ទំនងកម្ពុជា-វៀតណាម មិនមែនជាជំនួបបែបការទូតនោះទេ ប៉ុន្តែជាជំនួបក្នុងរូបភាពជាកូនចៅ និងចៅហ្វាយនាយប៉ុណ្ណោះ ហើយជំនួបនេះក៏ជាការរំឭកពីមេដឹកនាំវៀតណាម ទៅលោក ហ៊ុន សែន ឱ្យបន្តសហប្រតិបត្តិការបន្ថែមទៀត និងត្រូវស្ថិតក្រោមការចង្អុលបង្ហាញរបស់ក្រុងហាណូយ គ្រប់បែបយ៉ាង។
ប្រធានក្រុមប្រឹក្សាភិបាលនៃ ចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ ហៅកាត់ថា PMD លោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៨ កញ្ញា ថា កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលបក្សកាន់អំណាចបានប្រកាសនេះ គឺបង្ហាញឱ្យឃើញពីវិសាលភាពកាន់តែធំធេងរបស់វៀតណាម ដែលរៀបផែនការរំលោភបំពានលើបូរណភាពទឹកដី របស់កម្ពុជាបន្តទៀត។
លោកអះអាងថា កិច្ចសហប្រតិបត្តិការនេះ គឺសំដៅលើការបន្តអនុវត្តកិច្ចព្រមព្រៀង សន្ធិសញ្ញា និងឯកសារខុសច្បាប់នានា ដែលលោក ហ៊ុន សែន បានចុះហត្ថលេខាយល់ព្រមជាមួយវៀតណាម កន្លងមក ដូចជាសារាចរឆ្នាំ១៩៨៦ អនុញ្ញាតឱ្យជនអន្តោប្រវេសន៍វៀតណាមខុសច្បាប់ អាចទៅរស់នៅលើទឹកដីកម្ពុជា, ការកែប្រែផែនទីបោនខ្នាត ១/១០០.០០០ (១ លើ ១០០ពាន់) ទៅជាផែនទីខុសច្បាប់ថ្មីខ្នាត ១/២៥.០០០ (១ លើ ២៥ពាន់) តាមការចង់បានរបស់វៀតណាម។
ជាងនេះទៀត នៅមានការចុះហត្ថលេខាប្រគល់ទឹកដីកម្ពុជា ឱ្យវៀតណាម គ្រប់គ្រងដោយខុសច្បាប់បន្ថែមទៀត ដូចជាកិច្ចព្រមព្រៀងស្ដីពីព្រំដែនទឹកឆ្នាំ១៩៨២ កិច្ចព្រមព្រៀងស្ដីពីលក្ខន្តិកៈព្រំដែនឆ្នាំ១៩៨៣ និងសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ ជាដើម ដែលអាចឱ្យវៀតណាម មានសិទ្ធិកាន់កាប់ដែនទឹករបស់កម្ពុជា ដូចជាកោះត្រល់ និងចង្កោមកោះក្រចកសេះ រហូតដល់សព្វថ្ងៃនេះ។
លោក ម៉ែន ណាត បញ្ជាក់ថា ក្នុងខ្លឹមសារនៃសេចក្តីប្រកាសព័ត៌មានរបស់បក្សកាន់អំណាចនេះ គឺមានន័យថា លោក ហ៊ុន សែន ត្រូវតែបន្តសហការ និងសម្បទានគ្រប់យ៉ាង តាមការចង់បានរបស់ក្រុងហាណូយ ទោះក្នុងតម្លៃណាក៏ដោយ ដែលការសហការបែបនេះ បង្ហាញឱ្យឃើញថា ពួកគេបានអនុវត្តផ្ទុយនឹងស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងខ្លឹមសាររដ្ឋធម្មនុញ្ញ របស់កម្ពុជាទាំងស្រុង។
កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ គណៈកម្មាធិការកណ្តាលរបស់គណបក្សកាន់អំណាច បានចេញសេចក្តីប្រកាសព័ត៌មានថា ប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន អគ្គលេខាបក្សប្រជាជនបដិវត្តន៍ឡាវ លោក ថងលួន ស៊ីស៊ូលីត (Thongloun Sisoulith) និងអគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក ង្វៀង ភូជុង បានបើកកិច្ចប្រជុំពិសេសមួយ នៅទីស្នាក់ការកណ្តាលគណបក្សកុម្មុយនីស្តវៀតណាម ដើម្បីពិភាក្សាអំពីការបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសទាំងបី។
ប្រភពដដែលអះអាងថា មេដឹកនាំនៃប្រទេសទាំងបី បានឯកភាពរួមគ្នាអំពីសារសំខាន់នៃ ទំនាក់ទំនងជាប្រពៃណី សាមគ្គីភាព មិត្តភាពស្អិតល្មួតរវាងបក្សទាំងបី នៃប្រទេសទាំងបី ដើម្បីផលប្រយោជន៍នៃប្រជាជន ក្នុងគោលដៅរក្សាបាននូវសន្តិភាព ស្ថិរភាព សហប្រតិបត្តិការ និងអភិវឌ្ឍក្នុងតំបន់ និងលើពិភពលោកផងដែរ។
ប្រធានប្រតិបត្តិនៃចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ លោក ទូច វិបុល បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី២៨ ខែកញ្ញា ជុំវិញបញ្ហានេះថា ពលរដ្ឋខ្មែរនឹងក្លាយខ្លួនជាជនជាតិភាគតិច រស់នៅលើទឹកដីខ្លួនឯងទៅថ្ងៃអនាគតជាមិនខាន បើរដ្ឋាភិបាលលោក ហ៊ុន សែន មិនអនុវត្តឱ្យបានពេញលេញ នូវគោលការណ៍ដើមនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា ១៩៩១ និងអនុវត្តតាមរដ្ឋធម្មនុញ្ញរបស់កម្ពុជាដូចសព្វថ្ងៃនេះបន្តទៀតនោះ។
បែបនេះក្តី វិទ្យុបារាំង RFI បានស្រង់សម្ដីអ្នកនាំពាក្យបក្សកាន់អំណាច លោក សុខ ឥសាន កាលពីពេលថ្មីៗនេះថា ជំនួបនេះគឺគ្រាន់តែដើម្បីរឹតចំណងមេដឹកនាំបក្សកាន់អំណាច នៃប្រទេសទាំងបី ឱ្យកាន់តែល្អប្រសើរបន្ថែមទៀតប៉ុណ្ណោះ។
ជុំវិញបញ្ហានេះ មេដឹកនាំដែលត្រូវបក្សកុម្មុយនីស្តវៀតណាម លើកបន្តុប គឺលោក ហ៊ុន សែន ធ្លាប់បានអះអាងថា ក្នុងនាមគណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាល ប្រជាពលរដ្ឋខ្មែរ និងរូបលោកផ្ទាល់ តែងយកចិត្តទុកដាក់ដល់ការថែរក្សានូវចំណងមិត្តភាព សាមគ្គីភាព និងរួមសុខរួមទុក្ខជាមួយគ្នា នៅគ្រប់កាលៈទេសៈទាំងអស់ ស្របតាមទិសស្លោកថា «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង»៕

…………………..
បណ្តុំឯកសារសំខាន់ៗ ពាក់ព័ន្ធរឿងព្រំដែនគោក និងកោះត្រល់ រវាងកម្ពុជា-វៀតណាម៖
- – សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ឆ្នាំ ២០១៩ សូមទាញយកខ្លឹមសារទាំងស្រុង (ទាញយក / Download)។ អត្ថបទនេះវិញ គឺព្រះរាជក្រឹត្យព្រះមហាក្សត្រ លើសន្ធិសញ្ញានេះ (Download)។
- – សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ឆ្នាំ ២០០៥ លើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ ឆ្នាំ១៩៨៥ (សូមទាញយក Download)
- – សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ រវាងកម្ពុជា និងវៀតណាម ឆ្នាំ ១៩៨៥ ភ្ជាប់ជាមួយបញ្ជីស្ថិតិ ផែនទីព្រំដែន ឆ្នាំ ១៩៨៥ (ច្បាប់ដើម) Download
- – សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ រវាងកម្ពុជា និងវៀតណាម ឆ្នាំ ១៩៨៥ (សូមទាញយក Download)
- – កិច្ចព្រមព្រៀង ស្តីពីលក្ខន្តិកៈព្រំដែនគោក ថ្ងៃទី ២០ កក្កដា ១៩៨៣ Download
- – កំណត់ហេតុប្រជុំ ជាឯកសារសម្ងាត់ ឆ្នាំ ២០០៧ ស្តីពីការបោះបង្គោលព្រំដែន កម្ពុជា-វៀតណាម Download
- – សារាចរណែនាំ ថ្ងៃទី ២៦ កុម្ភៈ ឆ្នាំ១៩៨៦ ដោយលោក ហ៊ុន សែន បានផ្តល់សិទ្ធិ និងការពារពលរដ្ឋវៀតណាម នៅកម្ពុជា – សូមទាញយក (Download)
- – លិខិតលោក ប្រេវីយេ (Brévié) អំពីកោះត្រល់ ថ្ងៃ ៣១ មករា ១៩៣៩ (សូមទាញយក ជាអង់គ្លេស – English និង បារាំង – French ហើយនិងបកប្រែក្រៅផ្លូវការជា ភាសាខ្មែរ – Khmer)
- – កិច្ចព្រមព្រៀងតំបន់ទឹកប្រវត្តិសាស្រ្ត ថ្ងៃ ៧ កក្កដា ១៩៨២ រវាងលោក ហ៊ុន សែន និងលោក ង្វៀង កូថាច់ (សូមទាញយក «ច្បាប់ដើម» Download ឬទាញយក «ចម្លង» Download)
- – សន្ធិសញ្ញា មិត្តភាព និងសហប្រតិបត្តិការ កម្ពុជា-វៀតណាម ១៩៧៩ Download
- – កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ Download
- – ច្បាប់អន្តោប្រវេសន៍ ឆ្នាំ១៩៩៤ Download
- – ច្បាប់ស្តីពីសញ្ជាតិខ្មែរ ឆ្នាំ១៩៩៦ Download
- – ព្រះរាជសារសម្តេច នរោត្តម សីហនុ ថ្ងៃ ១៧ កក្កដា ២០០៣ ថាជនជាតិវៀតណាម រាប់លាននាក់ រស់នៅកម្ពុជា (Download)
- លិខិតលោក ហ៊ុន សែន ទូលថ្វាយព្រះមហាក្សត្រ នរោត្តម សីហនុ ថ្ងៃទី ៣១ កក្កដា ឆ្នាំ ២០០០ (សូមទាញយក Download)
.
.