The Cambodia Daily
13-5-2022

លោក ហ៊ុន សែន ថ្លែង​ថា កម្ពុជា-វៀតណាម​បោះ​បង្គោល​ព្រំដែន​កើន​ដល់ ៩០% ហើយ​ដោយ​នៅសល់ ១០% ទៀត កំពុង​ចរចា​បោះ​បញ្ចប់។

ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ពលរដ្ឋ​ខ្មែរ​រស់នៅ​សហរដ្ឋ​អាមេរិក និង​កាណាដា នា​ព្រឹក​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០២២ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ថា ក្នុង​ឆ្នាំ​២០១៩ កម្ពុជា-វៀតណាម​ បោះ​បង្គោល​ព្រំដែន​បាន​តែ ៨៤% ប៉ុន្តែ​រយៈពេល ២ ​ឆ្នាំ​មក​នេះ ប្រទេស​ទាំង​ពីរ ​បាន​បោះ​បង្គោល​ព្រំដែន​បាន​ចំនួន ៦% ទៀត។

លោក​បញ្ជាក់​ថា បង្គោល​ព្រំដែន ៦% ដែល​បាន​បោះ​រួច​នេះ ភាគី​ទាំង​ពីរ​​បាន​​ឯកភាព​​គ្នា​ ​នឹង​​ចុះហត្ថលេខា​ទទួលស្គាល់​​នៅ​ឆ្នាំ​​២០២២ ហើយ​នៅ​សល់ ១០% ទៀត កំពុង​ចរចា​គ្នា​ដើម្បី​ឈាន​បោះ​បញ្ចប់។ ព្រំដែន​ដែល​នៅ​សល់ ១០% នៅ​តំបន់​ដាក់ដាំ និង​ដាក់ហ៊ូត ខេត្ត​មណ្ឌលគិរី។

លោក ហ៊ុន សែន អះអាង​ថា រូបលោក​មិន​បាន​លក់​ដី​ឱ្យ​វៀតណាម ​ដូច​​​ការ​​ចោទ​ប្រកាន់​​ឡើយ ដោយ​ថា​បើសិនជា​លោក​លក់​ដី​មែន​នោះ ការ​បោះ​បង្គោល​ព្រំដែន​មិន​ចាំបាច់​ចរចា​យូរ​ឆ្នាំ​ជាមួយ​វៀតណាម​ឡើយ។

អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ (PMD – The People Movement for Democracy) លោក គឹម សុខ ចាត់ទុក​ការ​លើកឡើង​របស់​លោក ហ៊ុន សែន ពាក់ព័ន្ធ​នឹង​រឿង​បោះ​បង្គោល​ព្រំដែន​ ជាមួយ​វៀតណាម ដោយ​បង្ហាញ​ស្មារតី​ស្មោះ ​នឹង​ប្រយោជន៍​វៀតណាម និង​មិន​ខ្វល់​ពី​ប្រយោជន៍​ទឹកដី​ខ្មែរ​ឡើយ។ លោក​បន្ត​ថា គ្រប់​ពេល​ដែល​បោះ​បង្គោល អាជ្ញាធរ​លោក ហ៊ុន សែន បើក​ចំហ​ជាមួយ​វៀតណាម ទាំង​ជាមួយ​អាជ្ញាធរ​រដ្ឋាភិបាល​វៀតណាម និង​ប្រជាជន​វៀតណាម ឱ្យ​ដឹង​ឮ​គ្រប់​ជ្រុងជ្រោយ ប៉ុន្តែ​លាក់​បាំង​ប្រជាពលរដ្ឋ​ខ្មែរ ខណៈ​ប្រជាពលរដ្ឋ​ខ្មែរ​ ដែល​បាន​ដឹង​ត្រឹមតែ​លទ្ធផល​នៃ​ទិន្នន័យ​បោះ​បង្គោល​រួច​ហើយ​ជា​ចំនួន​ភាគរយ​ពី​មាត់​លោក ហ៊ុន សែន ប៉ុណ្ណោះ ហើយ​ក៏​មិន​បាន​ដឹង​ថា វៀតណាម និង​លោក ហ៊ុន សែន បោះ​បង្គោល​របៀប​ណា និង​មាន​បង្កប់​អ្វី​ខ្លះ​ក្នុង​បង្គោល​ព្រំដែន​នោះ​ទេ។

អ្នកវិភាគ​រូប​នេះ​ថា ជំនួប​រវាង​លោក ហ៊ុន សែន និង​ក្រុម​មេដឹកនាំ​​វៀតណាម គ្រប់​ពេល​​វា​​ហា​ក់ដូចជា​​បង្ហាញ​​នូវ​ប្រពៃណី​​ដែល​លោក ហ៊ុន សែន ទៅ​ទទួល​យក​ទិន្នន័យ​នៃ​បញ្ហា​ព្រំដែន និង​ជនអន្តោប្រវេសន៍​ពី​ភាគី​វៀតណាម ដើម្បី​ផ្សព្វផ្សាយ​ប្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ ទៅ​តាម​ផែនការ​របស់​វៀតណាម។

លោក គឹម សុខ សម្គាល់​ឃើញ​ថា ទាំង​ករណី​ព្រំដែន និង​រឿង​អន្តោប្រវេសន៍ លោក ហ៊ុន សែន និង​ក្រុម​គាត់ ​មិន​ដែល​ហ៊ាន​និយាយ​មុន​ទិន្នន័យ​ ដែល​វៀតណាម​ទម្លាយ​នោះ​ទេ។

ចំណែក​ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ​នៅ​ប្រទេស​ន័រវែស លោក ម៉ែន ណាត បាន​ចាត់ទុក​ការ​បោះ​បង្គោល​ព្រំដែន​បច្ចុប្បន្ន​ ធ្វើឡើង​ផ្ទុយ​ពី​មាត្រា​២ និង​មាត្រា​៥៥ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា រួម​ទាំង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ផង​ដែរ។

មាត្រា​២ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា ចែង​ថា «បូរណភាព​ទឹកដី​របស់​ព្រះរាជាណាចក្រ​កម្ពុជា មិន​អាច​រំលោភ​បាន​ដាច់​ខាត​​ក្នុង​ព្រំដែន​របស់​ខ្លួន ដែល​មាន​កំណត់​លើ​ផែនទី​ មាត្រដ្ឋាន​ខ្នាត ១/១០០០០០ ដែល​ធ្វើ​នៅ​ចន្លោះ​ឆ្នាំ​១៩៣៣​-​១៩៥៣ ហើយ​ត្រូវ​បាន​ទទួលស្គាល់​ជា​អន្តរជាតិ ​នៅ​ចន្លោះ​ឆ្នាំ​១៩៦៣-១៩៦៩»។ ចំណែក​មាត្រា​៥៥ ចែង​ថា «សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​ទាំងឡាយ​ណា ​ដែល​មិន​ស្រប​នឹង​ឯករាជ្យ អធិបតេយ្យ បូរណភាព​ទឹកដី អព្យាក្រឹតភាព និង​ឯកភាព​ជាតិ​របស់​កម្ពុជា ត្រូវ​លុប​ចោល»។

កម្ពុជា​មាន​ផ្ទៃដី​សរុប​ទំហំ ១៨១០៣៥​ គីឡូម៉ែត្រ​ការ៉េ ដែល​មាន​ព្រំដែន​គោក​ជាប់​ប្រទេស​វៀតណាម ​ប្រវែង ១២៧០​គីឡូម៉ែត្រ៕

.