បញ្ចូលអត្ថបទ៖ ចលនាពលរដ្ឋ PMD
ចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ (The Poeple Movement for Democracy – PMD) ដែលមានមូលដ្ឋានពីសហរដ្ឋអាមេរិក បានអំពាវនាវឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ទម្លាក់ចោលសេចក្តីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញ។ នេះបើតាមសេចក្តីថ្លែងការណ៍ ដែលចុះហត្ថលេខាដោយលោក ទូច វិបុល ប្រធានប្រតិបត្តិនៃចលនាពលរដ្ឋនេះ ចេញផ្សាយនៅថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២១។ សូមអាន ឬទាញត្រង់នេះនូវសេចក្តីថ្លែងការណ៍។
សេចក្ដីថ្លែងការណ៍
ប្រឆាំងវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលដាក់ឈ្មោះថា «សេចក្ដីព្រាងច្បាប់ធម្មនុញ្ញ»
ចលនាពលរដ្ឋដើម្បីប្រជាធិបេយ្យ សូមប្រកាសជំហរ ប្រឆាំងជាចំហនិងដាច់ខាតនឹង «សេចក្ដីព្រាងច្បាប់ធម្មនុញ្ញ» ដែលបិទសិទ្ធិជនជាតិពូជឈាមខ្មែរ មានសញ្ជាតិពីរ ឬលើសពីពីរ មិនឱ្យធ្វើជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ប្រធានព្រឺទ្ធសភា ប្រធានរដ្ឋសភា និង នាយករដ្ឋមន្ត្រី។
ច្បាប់នេះ កើតក្នុងកាលៈទេសៈនេះ ៖
១. គឺជារឿងឥតប្រយោជន៍ចំពោះប្រជាពលរដ្ឋ និងរំខានប្រជាពលរដ្ឋ ពីព្រោះ ប្រជាពលរដ្ឋខ្មែរត្រូវការជីវភាពប្រសើរ និង សេរីភាពបញ្ចេញមតិ ហើយមិនត្រូវការច្បាប់បិទឱកាសជនជាតិដើមកំណើតខ្មែរបែបនេះទេ។
២. គឺជាការបំពានសិទ្ធិប្រជាពលរដ្ឋខ្មែរ ពីព្រោះ ជាវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរ ទាំងក្នុង និងក្រៅប្រទេស មិនពេញចិត្តច្រើនលើសលប់ ប៉ុន្តែ មិនបានធ្វើប្រជាមតិត្រឹមត្រូវ ដើម្បីសួរយោបល់ប្រជាពលរដ្ឋ។
៣. កើតក្នុងស្ថានភាពវិបត្តិនយោបាយធ្ងន់ធ្ងរ នៅពេលរដ្ឋសភា និងរដ្ឋាភិបាលសព្វថ្ងៃ មិនស្របនឹងឆន្ទៈប្រជាពលរដ្ឋម្ចាស់ប្រទេស ដូច្នេះ មិនមានយុត្តាធិការធ្វើវិសោធនកម្មច្បាប់ និងធ្វើច្បាប់ថ្មី ជាតំណាងបុព្វហេតុជាតិទេ។
៤. គឺជារឿងឥតបានការចំពោះប្រទេសជាតិ ពីព្រោះ ជាតិកម្ពុជាបច្ចុប្បន្ន ត្រូវការការបង្រួបបង្រួមផ្សះផ្សាគ្នា ហើយមិនត្រូវការហែកចែកទស្សនៈគំនិតគ្នា ករណីសញ្ជាតិមួយ ឬលើសពីមួយឡើយ។
៥. បំពានលើគោលការណ៍ប្រជាធិបតេយ្យសេរីពហុមតិ ដែលមានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ និងរដ្ឋធម្មនុញ្ញកម្ពុជា ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ពីព្រោះ ស្មារតីដើមនៃច្បាប់កំពូលទាំងពីរនេះ បើកឱកាសឲ្យពលរដ្ឋខ្មែរគ្រប់រូប ទោះសញ្ជាតិប៉ុន្មាន មានសិទ្ធិជាម្ចាស់ប្រទេស និងប្រកួតគ្នាដោយសេរីបើកចំហ និងត្រឹមត្រូវ។
៦. ប្រមាថ និង ព្រមានដោយចំពោះ ទៅលើព្រះករុណា ព្រះមហាក្សត្រ និង ព្រះរាជបល្ល័ង្ក នៅពេលព្រះករុណា ព្រះមហាក្សត្រ មានសញ្ជាតិលើសពីមួយ។
ចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ ទទូចដាច់អហង្ការឲ្យអ្នកមានអំណាចកំពូលនៅកម្ពុជា ត្រូវតែទម្លាក់ចោល នូវដំណើរការ«សេចក្ដីព្រាងច្បាប់ធម្មនុញ្ញ»នេះជាបន្ទាន់៕
សហរដ្ឋអាមេរិក ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១
ទូច វិបុល (ហត្ថលេខា)
ប្រធានប្រតិបត្តិ

.